ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​សម្ព័ន្ធ​ភាព​យោធា​នៅ​តែ​រួបរួម​គ្នា​ដដែល


លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​វិមាន​ប្រធានាធិបតី Cheong Wa Dae នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​វិមាន​ប្រធានាធិបតី Cheong Wa Dae នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ជម្លោះ​ពាណិជ្ជកម្ម​ដែល​អាច​នឹង​កើត​ឡើង​អាច​នឹង​បង្ក​ឲ្យ​សម្ព័ន្ធ​យោធា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ការ​ប្រេះស្រាំ។ ប៉ុន្តែ​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នៅ​តែ​អះអាង​ថា ការ​មិន​យល់​ស្រប​គ្នា​លើ​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគេ​នឹង​មិន​ប៉ះពាល់​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ដែល​កំពុង​តែ​បន្ត​របស់​ពួកគេ​នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-in បាន​សន្យា​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ​ថា នឹង​សងសឹក​ត​ទល់​នឹង​គោលនយោបាយ​ពាណិជ្ជកម្ម​ការពារ​ទំនិញ​ក្នុង​ប្រទេស​របស់​សហរដ្ឋអាមេរិក បន្ទាប់​ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ផ្តល់​យោបល់​ឲ្យ​បង្កើន​ពន្ធ​គយ​លើ​ការ​នាំ​ចូល​ដែក​ថែប​ពី​ប្រទេស​ចំនួន ១២ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ចិន ប្រេស៊ីល និង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ លោក Moon Jae In ក៏​នឹង​ឆ្លើយតប​ចំពោះ​ការ​បង្កើន​ពន្ធ​គយ​រហូត​ដល់​ទៅ ៥០ ភាគរយ​ផង​ដែរ ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​នា​ពេល​ថ្មីៗ​នេះ​ទៅ​លើ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​របស់​កូរ៉េ​ខាង​ត្បូង។

លោក​ប្រធានាធិបតី Moon Jae In បាន​និយាយ​ថា «ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​តឹងរ៉ឹង និង​ហ្មត់ចត់ ដើម្បី​ឆ្លើយតប​ចំពោះ​វិធានការ​ការពារ​ទំនិញ​ក្នុង​ប្រទេស​មិន​សមហេតុ​សមផល​របស់​សហរដ្ឋ​អាមេរិក​នេះ ដូច​ជា​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ការ​ពិនិត្យ​មើល​ក្រែង​លោ​មាន​ការ​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង»។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​លើក​ឡើង​ពី​ការ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម​ដែល​មាន​តម្លៃ​ទាប ថា​ជា​ការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក ដោយ​វា​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​នេះ​របស់​សហរដ្ឋ​អាមេរិក​ចុះ​ខ្សោយ។

ក្រសួង​នេះ​ក៏​បាន​ផ្តល់​យោបល់​ផង​ដែរ​ឲ្យ​លោក​ប្រធានាធិបតី Donald Trump ចាត់​វិធានការ​ខាង​ក្រោម​នេះ​លើ​ការ​នាំចូល​ដែក​ថែប៖

  • យក​ពន្ធគយ​ជា​សាកល​ចំនួន ២៤ ភាគរយ​លើ​ការ​នាំចូល​ដែកថែប​ទាំង​អស់។
  • យក​ពន្ធគយ​ថ្មី​ចំនួន ៥៣ ភាគរយ ឬ​ច្រើន​ជាង​នេះ លើ​ប្រទេស​នាំចេញ​ដែកថែប​សំខាន់ៗ​ចំនួន ១២ ដែល​រួម​មាន​ទាំង​ចិន និង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។
  • កំណត់​កូតា​នាំ​ចូល​ដែក​ថែប​ចំនួន​រហូត​ដល់ ៦៣ ភាគរយ​នៃ​កូតា​នាំ​ចូល​ក្នុង​ឆ្នាំ ២០១៧។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​នេះ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ស្រដៀង​គ្នា​នេះ​ដែរ​លើ​ការ​នាំ​ចូល​អាលុយមីញ៉ូម។ លោក​ប្រធានាធិបតី Donald Trump ត្រូវតែ​ឆ្លើយតប​ចំពោះ​ការ​ផ្ដល់​អនុសាសន៍​របស់​ក្រសួង​ពាណិជ្ជកម្ម​នៅ​ត្រឹម​ដើម​ខែ​មេសា​ខាង​មុខ​នេះ ហើយ​អាច​សម្រេច​ចិត្ត​ជ្រើសរើស​ប្រទេស​ណា​ដើម្បី​ដាក់​កំហិត ឬ​លើកលែង​ពន្ធគយ​បាន​ដោយ​ផ្អែក​លើ​តម្រូវការ​សន្តិសុខ​ជាតិ។

កិច្ចព្រមព្រៀង​ដែល​ធ្វើ​ឲ្យ​បាត់បង់​ការងារ

គោល​នយោបាយ​សេដ្ឋកិច្ច​បែប​ជាតិ​និយម​របស់​លោក Trump ក្នុង​ការ​ផ្ដល់ «អាទិភាព​ដល់​សហរដ្ឋ​អាមេរិក​ជា​មុន» ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​ភាព​ស្មើ​គ្នា និង​ទៅ​វិញ​ទៅ​មក​រវាង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​របស់​ខ្លួន។ លោក​ប្រធានាធិបតី​ក៏​បាន​រិះគន់​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស KORUS ថា​ជា​កិច្ចព្រមព្រៀង​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​លុបបំបាត់​ការងារ​ជាច្រើន។

លោក​បន្ថែម​ថា កិច្ចព្រមព្រៀង​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​កើន​ឡើង​ទ្វេ​ដង​នូវ​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​កើន​ពី ១៣ ពាន់​លាន​ដុល្លារ​អាមេរិក ដល់ ២៧ ពាន់​លាន​ដុល្លារ​អាមេរិក ចាប់តាំង​ពី​កិច្ចព្រមព្រៀង​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ ២០១២ មក។ នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​កំពុងតែ​ចរចា​ឡើង​វិញ​លើ​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នេះ។

ឱនភាព​ពាណិជ្ជកម្ម​ដែល​បណ្ដាល​មក​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម KORUS នេះ ចំនួន​ជិត ៨០ ភាគរយ គឺ​កើត​មាន​ឡើង​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai និង Kia របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​រីកចម្រើន ចំណែក​ឯ​ក្រុមហ៊ុន General Motors របស់​សហរដ្ឋ​អាមេរិក នា​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ពី​គម្រោង​បិទ​រោងចក្រ​ផលិត​រថយន្ត​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយសារ​តែ​ការ​លក់​ធ្លាក់​ចុះ។

ការ​បិទ​រោងចក្រ​របស់​ក្រុមហ៊ុន General Motoers នេះ បាន​បង្កើន​នូវ​ការ​ព្រួយ​បារម្ភ​ដែល​ថា ប្រសិនបើ​មិន​មាន​ការ​រួម​ចំណែក​ថវិកា​ឧបត្ថម្ភ​ណា​មួយ​ពី​រដ្ឋាភិបាល​នោះ​ទេ ក្រុមហ៊ុន​នេះ​អាច​នឹង​ដក​ចេញ​ទាំង​ស្រុង​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​ធ្វើ​ឲ្យ​និយោជិត​ជាង ១ ម៉ឺន ៦ ពាន់​នាក់ រួម​ទាំង​បុគ្គលិក​ជាប់​កិច្ច​សន្យា​រាប់​ពាន់​នាក់​ផ្សេង​ទៀត មិន​មាន​ការងារ​ធ្វើ។

វិធានការ​នា​ពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​យក​ពន្ធ​គយ​រហូត​ដល់ ៥០ ភាគរយ លើ​ម៉ាស៊ីន​បោក​សំលៀកបំពាក់ និង​បន្ទះ​ស្រូប​ថាមពល​ព្រះអាទិត្យ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ការពារ​រោងចក្រ​ផលិតកម្ម​របស់​សហរដ្ឋ​អាមេរិក។ លោក Trump បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង ចិន និង​ជប៉ុន «បាន​រួច​ផុត​ពី​ការ​ដាក់​ទោស​ទណ្ឌ​អស់​រយៈពេល ២៥ ឆ្នាំ​មក​ហើយ» ដោយសារ​តែ​ប្រទេស​ទាំង​នោះ​គេង​ចំណេញ​លើ​គោល​នយោបាយ​ពាណិជ្ជកម្ម​សេរី​របស់​សហរដ្ឋ​អាមេរិក ហើយ​រដ្ឋាភិបាល​របស់​លោក Trump នឹង​ស្វែងរក​ពន្ធ​ពី​ប្រទេស​ទាំង​នេះ​ដើម្បី​សង​ដល់​ការ​ខាត​បង់​នេះ។

ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ចិន​បាន​តវ៉ា​ប្រឆាំង​នឹង​រឿង​ពន្ធ​គយ​នេះ​ថា​ជា​ការ​ការពារ​តែ​ទំនិញ​ក្នុង​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ដែល​មិន​យុត្តិធម៌ និង​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ជម្លោះ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​អាច​នឹង​ពិបាក​ក្នុង​ការ​បដិសេធ​លើ​ការ​ទាមទារ​ឲ្យ​មាន​ការ​លើកលែង​លើ​ផ្នែក​សន្តិសុខ​ជាតិ។

ដំណើរការ​ដោះស្រាយ​ជម្លោះ​នេះ​អាច​នឹង​ចំណាយ​ពេល​ច្រើន​ឆ្នាំ ហើយ​គេ​មិន​ច្បាស់​ថា​តើ​រដ្ឋាភិបាល​របស់​លោក Trump នឹង​គោរព​តាម​សេចក្តី​សម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

លោក Jae Yoon Lee អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​សេដ្ឋកិច្ច​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម (KIET) បាន​និយាយ​ថា៖ «សហរដ្ឋអាមេរិក​ជា​ប្រទេស​ដ៏​មាន​អំណាច​មួយ​នៅ​ក្នុង​ពិភពលោក ដូច្នេះ​ទោះ​បី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទទួល​ពាក្យ​បណ្តឹង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ផ្ដល់​យោបល់​ឲ្យ​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​ខ្ញុំ​មិន​ប្រាកដ​ថា​តើ​វា​នឹង​មានឥទ្ធិពល​កម្រិត​ណា​លើ​សហរដ្ឋ​អាមេរិក​នោះ​ទេ»។

ក្នុង​នាម​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​ទី ៧ សម្រាប់​សហរដ្ឋ​អាមេរិក ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​អាច​សងសឹក​ផង​ដែរ ដោយ​ផ្ដោត​លើ​ផលិតផល​កសិកម្ម និង​វិស័យ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក ដែល​ជា​វិស័យ​ពីរ​ដែល​ដែល​ការ​នាំ​ចូល​របស់​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង។ ប៉ុន្តែ​ការ​ចាត់​វិធានការ​បែប​នេះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​បង្ក​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​ប្រទេស​ចិន។

កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ

បន្ថែម​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់ សហរដ្ឋអាមេរិក និង​កូរ៉េ​ខាង​ត្បូង​ក៏​ជា​សម្ព័ន្ធមិត្ត​យោធា​ដ៏​យូរ​អង្វែង​ផង​ដែរ ដែល​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ​ក្នុង​ការ​ដោះស្រាយ​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ដែល​កំពុង​ដែល​កើន​ឡើង​របស់​កូរ៉េ​ខាង​ជើង។

នៅ​ក្នុង​បទ​វិចារណកថា​មួយ​របស់​សារព័ត៌មាន Hankoreh របស់​កូរ៉េ​ខាង​ត្បូង ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ​កន្លង​ទោ​នេះ បាន​រិះគន់​ដល់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​លោក Trump ដែល​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ខ្លួន​នៅ​អាស៊ី និង​បាន​ចោទ​ជា​សំណួរ​ថា៖ «តើ​ទង្វើ​របស់​ប្រទេស​មួយ​ដែល​ធ្វើ​ដូច្នេះ​អាច​ហៅ​ថា​ជា​សម្ព័ន្ធមិត្ត​បាន​ដែរ​ឬ​ទេ?»។

ទាំង​រដ្ឋាភិបាល​របស់​លោក Trump និង​ទាំង​រដ្ឋាភិបាល​របស់​លោក Moon Jae In បាន​បញ្ជាក់​ថា ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​មួយ​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​របស់​ពួកគេ​ក្នុង​ការ​ទប់ទល់ និង​រារាំង​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​ដែល​កំពុង​តែ​កើន​ឡើង​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ។

លោក Bong Young-shik អ្នក​វិភាគ​នយោបាយ​ម្នាក់​នៅ​វិទ្យាស្ថាន​សិក្សា​កិច្ចការ​កូរ៉េ​ខាង​ជើង​របស់​សាកលវិទ្យាល័យ Yonsei នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​សាកល្បង​មីស៊ីល ឬ​ក៏​គ្រាប់​នុយក្លេអ៊ែរ​ដែល​មាន​ការ​គំរាមកំហែង រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នឹង​ផ្ដល់​អាទិភាព​ដល់​កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្នែក​សន្តិសុខ ជាង​លើ​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​ពាណិជ្ជកម្ម។​

លោក Bong Young Shik បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «វា​អាច​ទៅ​រួច​ដែល​ថា កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​ទំនង​ជា​នឹង​ទុក​ជម្លោះ​ពាណិជ្ជកម្ម​របស់​ពួកគេ​មួយ​ឡែក ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ជាង​នេះ​នានា​ដែល​ពួកគេ​ប្រឈម​ជាមួយ​គ្នា»។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​កាត់​បន្ថយ​នូវ​ភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន​នេះ និង​បាន​ធ្វើ​ឲ្យ​មាន​ការ​ចូលរួម​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ដែល​ទើប​នឹង​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​នៅតែ​ប្ដូរផ្ដាច់​គាំទ្រ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​លះបង់​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG