ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​ និង​អឺរ៉ុប​រិះគន់​លោក Trump អំពី​ផែនការ​បង្កើន​ពន្ធ


នាយិកា IMF លោកស្រី Christine Lagarde ចូលរួម​ពិធី​បើក​សន្និសីទ​សេដ្ឋកិច្ច​ ឱកាស​សម្រាប់​គ្រប់​គ្នា នៅ​ក្នុង​ក្រុង Marrakech ប្រទេស​ម៉ារ៉ុក កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF និង​ពួក​មេ​ដឹកនាំ​អឺរ៉ុប​កាល​ពី​ថ្ងៃពុធ​បាន​ប្រឆាំង​នឹង​ផែនការ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Donald Trump ដែល​មាន​គម្រោង​យក​ពន្ធ​លើ​ការ​នាំ​ចូល​ដែក​និង​អាលុយមីញ៉ូម​ ដោយ​ពួកគេ​បាន​និយាយ​ថា​ការណ៍​នេះ​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​សកលលោក​ដ៏​អាក្រក់​មួយ។

នាយិកា IMF លោកស្រី Christine Lagarde បាន​ប្រាប់​ស្ថានីយ​វិទ្យុ​អឺរ៉ុប​មួយ​ថា​«ប្រសិន​បើ​ពាណិជ្ជកម្ម​អន្តរជាតិ​ត្រូវ​បាន​ដោះស្រាយ​ដោយ​មធ្យោបាយ​បែប​នេះ​ វា​នឹង​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​កំណើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ហើយ​នេះ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច។ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្ក​ឡើង​ដោយ​ការ​បង្កើន​ពន្ធ​លើ​ទំនិញ​នោះ​ គឺ​គ្មាន​អ្នកណា​ជា​អ្នកឈ្នះ​ឡើយ»។

លោកស្រី Lagarde បាន​ថ្លែង​បន្ថែម​ទៀត​ថា IMF មិន​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​បង្កើន​ពន្ធ​នាំ​ចូល​ ហើយ​យើង​កំពុង​ជំរុញ​ឲ្យ​ភាគី​នានា​ព្រមព្រៀង​គ្នា​ ចរចាគ្នា​ និង​ប្រជុំ​ពិភាក្សាគ្នា»។

លោក Trump ​កាល​ពី​សប្តាហ៍​មុន​បាន​ប្រកាស​ថា​សង្គ្រាម​ពាណិជ្ជកម្ម «គឺ​ជា​ការណ៍​មួយ​ដែល​ល្អ និង​ងាយស្រួល​ទទួល​ជ័យជម្នះ» បន្ទាប់​ពី​លោក​បាន​ប្រកាស​ពី​ផែនការ​យក​ពន្ធ២៥ភាគរយ​លើ​ការ​នាំ​ចូល​ដែក​ និង១០ភាគរយ​លើ​ការ​នាំចូល​អាលុយមីញ៉ូម

ចូល​ក្នុង​សហរដ្ឋអាមេរិក។ សំណើ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ និង​ប្រទេស​ជា​មិត្ត​របស់​អាមេរិក​ ប៉ុន្តែ​នាំ​ឲ្យ​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​នៅក្នុង​រដ្ឋ​ដែល​មាន​រោងចក្រ​ផលិត​ដែក​ ដែល​ឧស្សាហកម្ម​របស់​ពួកគេ​អាច​ត្រូវ​បាន​ការពារ​ដោយ​ការ​យក​ពន្ធ​នេះ។

លោក Donald Tusk នាយក​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​រិះគន់​លើ​ការ​លើកឡើង​របស់​លោក Trump ទាក់ទិន​នឹង​ជម្លោះ​ពាណិជ្ជកម្ម​ដោយ​លោក​បាន​និយាយ​ថា «ការពិត​គឺ​ផ្ទុយ​ពី​អ្វី​ដែល​លោក Trump បាន​លើក​ឡើង។ សង្គ្រាម​ពាណិជ្ជកម្ម​គឺ​ជា​រឿង​អាក្រក់​ និង​ងាយស្រួល​ចុះចាញ់។ ដោយ​សារ​ហេតុផល​នេះ​ ខ្ញុំ​ជឿជាក់​យ៉ាង​ម៉ុតមាំ​ថា​ពេល​នេះ​គឺ​ជា​ពេល​ដែល​អ្នកនយោបាយ​ទាំង​សងខាង​នៃ​មហាសមុទ្រ​អាត្លង់ទិច​ចាត់​វិធានការណ៍​ដោយ​ការ​ទទួល​ខុសត្រូវ»៕

XS
SM
MD
LG