ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI ​បាន​ទាក់​ទង​លោក​ស្រី Deborah Ramirez ​ជា​មនុស្ស​ទី​២​ដែល​​ចោទ​ប្រកាន់​លោក​ Kavanaugh


លោក Brett Kavanaugh បេក្ខជន​ដែល​ត្រូវ​បាន​​តែង​តាំង​ជា​ចៅក្រម​តុលាការ​កំពូល​ ថ្លែង​​នៅ​ព្រឹទ្ធសភា​ កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា ២០១៨។

ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ ​FBI ​បាន​ទាក់​ទងស្រ្តី​ទី២​ដែល​បាន​ចោទ​ប្រ​កាន់​លោក ​Brett Kavanaugh ​ពី​ការ​បៀត​បៀន​ខាង​ផ្លូវភេទ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ថ្មី​នៅ​ក្នុង​ការ​តែងតាំង​បេក្ខជន​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​សេច​ក្តី​រាយការណ៍​របស់កាសែត​ Washington Post ​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​បាន​ដក​ស្រង់​សម្តី​មនុស្ស​ដែល​បាន​ដឹង​អំពី​បញ្ហា​នេះ​មកចុះ​ផ្សាយ។

គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា តើ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI ​បាន​សម្ភាសន៍​លោក​ស្រី​ Deborah Ramirez ​ដែល​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា​ដោយ​ទស្សនាវដ្តី ​The New Yorker ​ថា ​លោក​ស្រី​បាន​នឹក​ឃើញ​ថា ​លោក ​Kavanaugh ​បាន​បញ្ចេញ​ប្រដាប់​ភេទ​របស់​ខ្លួន​នៅ​កន្លែង​ស៊ីផឹក​ស្រវឹង​ក្នុង​អន្តេវេសិកដ្ឋាន ​ហើយ​លោក​ស្រី​បាន​រុញ​លោក​ Kavanaugh ​ឲ្យ​ចេញ​ទៅ​ឆ្ងាយ។​ លោក​ស្រី ​Ramirez ​បាន​និយាយ​ទៀត​ថា ​ការ​ចាប់​រំលោភ​នេះ​បាន​កើត​មាន​ឡើង​នៅ​ឆ្នាំ​សិក្សា​១៩៨៣ ​និង​និង១៩៨៤​ នៅ​ឯសាកល​វិទ្យា​ល័យ ​Yale ​ដែល​នៅ​ទី​នោះ​អ្នក​ទាំង​២​ជា​និស្សិត។

កាសែត ​Washington Post​ បាន​រាយការណ៍​ថា ការិយាល័យ​ស៊ើបអង្កេត​សហ​ព័ន្ធ FBI ក៏​បាន​ស៊ើប​អង្កេតការ​ចោទ​ប្រកាន់​ដោយ​លោកស្រី ​Christine Blasey Ford ជា​ស្រ្តី​ទី​១​ដែល​បាន​ចោទ​ប្រកាន់​លោក​ពី​ការ​បៀត​បៀន​ផ្លូវ​ភេទ​នៅ​ពេល​ដែល​ពួក​គេ​ជា​ក្មេង​ជំទង់​នៅ​ឆ្នាំ​១៩៨២។ អ្នក​ទាំង​២​បាន​ប្រាប់​រឿង​រ៉ាវ​របស់​ខ្លួន​ទៅ​កាន់​គណៈ​កម្មា​ធិការ​តុលាការ​របស់​ព្រឹទ្ធសភា​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ នៅ​ក្នុង​សវនាការ​ដែល​មាន​រយៈ​ពេល​មួយ​សប្តាហ៍។

លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​កាល​ពី​ថ្ងៃ​សុក្រ​ទៅ​តាម​សំណើរ​របស់​គណៈ​កម្មាធិការ​តុលាការ​របស់​ព្រឹទ្ធ​សភា៕

XS
SM
MD
LG