គណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភាអាមេរិក គ្រោងបោះឆ្នោតនៅព្រឹកថ្ងៃសុក្រនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក ទៅលើសំណើតែងតាំងលោក Brett Kavanaugh ជាចៅក្រមតុលាការកំពូល បន្ទាប់ពីបើកសវនាការស្ដាប់កសិណសាក្សីដ៏រំជួលចិត្តពេញមួយថ្ងៃពីលោកចៅក្រមនៃសាលាឧទ្ធរណ៍រូបនេះ និងពីអ្នកស្រីបណ្ឌិត Christine Blasey Ford ជាស្ត្រីដែលបានចោទប្រកាន់លោកចៅក្រម ពីបទបំពានផ្លូវភេទលើរូបលោកស្រី។
សមាជិកព្រឹទ្ធសភាមកពីខាងគណបក្សសាធារណរដ្ឋចំនួន១១រូប និងខាងគណបក្សប្រជាធិបតេយ្យចំនួន១០រូបនៅក្នុងគណៈកម្មាធិការនេះ នឹងសម្រេចថាតើពួកគេ នឹងស្នើឱ្យព្រឹទ្ធសភាទាំងមូល អនុម័តលើបេក្ខភាពរបស់លោក Kavanaugh ដែរឬអត់។ ព្រឹទ្ធសភាត្រូវគេរំពឹងថា នឹងបើកផ្តើមបោះឆ្នោតលើនីតិវិធីផ្សេងៗនៅថ្ងៃសៅរ៍ ស្អែកនេះ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ សមាគមគណៈមេធាវីអាមេរិកបានទទូចឱ្យគណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភា ព្រមទាំងព្រឹទ្ធសភាអាមេរិកទាំងមូល ពន្យារពេលបោះឆ្នោតរហូតដល់ពេលដែលទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI មានពេលគ្រប់គ្រាន់ ដើម្បីស៊ើបអង្កេតឱ្យបានពេញលេញទៅលើប្រវត្តិរូបរបស់បេក្ខជន ទៅតាមការការអះអាងរបស់អ្នកស្រី Ford និងស្ត្រីផ្សេងទៀត។
លិខិតរបស់គណៈមេធាវីអាមេរិក ផ្ញើជូនថ្នាក់ដឹកនាំគណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភាអាមេរិក បានសរសេរថា «យើងលើកសំណើឱ្យពន្យារពេលបោះឆ្នោតនេះ ដោយសារតែគណៈមេធាវីគោរពនីតិរដ្ឋ និងនីតិវិធីផ្លូវច្បាប់។ រាល់ការតែងតាំងបេក្ខជនណាម្នាក់ឱ្យកាន់តំណែងក្នុងស្ថាប័នតុលាការខ្ពស់បំផុតរបស់ជាតិនេះ មានសារៈសំខាន់មែនទែន រហូតដល់មិនអាចប្រញិបប្រញាប់បោះឆ្នោតភ្លាមៗបាននោះទេ»។
ក្រោយពីអ្នកស្រី Ford និងលោក Kavanaugh បានថ្លែងរៀបរាប់រឿងរ៉ាវរបស់ពួកគេរៀងៗប្រាប់គណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភា ក្នុងពេលសវនាការជិត៩ម៉ោងកាលពីម្សិលមិញ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងប្រាកដទេថាតើសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនិងមានសំឡេងឆ្នោតគ្រប់គ្រាន់ សម្រាប់បេក្ខជនដែលពួកគេបានតែងតាំងនោះដែរឬទេ។
ក្នុងពេលសវនាការកាលពីថ្ងៃព្រហស្បតិ៍ លោក Kavanaugh បានបដិសេធទាំងកំហឹង លើការចោទប្រកាន់ថា រូបលោកបានបំពានផ្លូវភេទអ្នកស្រី Ford នៅឯពិធីជប់លៀងមួយកាលពីឆ្នាំ១៩៨២ នៅពេលដែលអ្នកទាំងពីរនៅក្នុងវ័យជំទង់នោះ៕