លោកប្រធានាធិបតីស.រ.អា. Donald Trump នៅតែបន្តគាំទ្រលោក Brett Kavanaugh ដែលលោកបានតែងតាំងឱ្យកាន់តំណែងជាចៅក្រមតុលាការកំពូលស.រ.អា.ដោយលោកបានពណ៌នាលោក Kavanaugh នៅក្នុងការប្រមូលផ្តុំមួយនៅក្រុង Las Vegas កាលពីថ្ងៃព្រហស្បតិ៍ថាជា «សុភាពបុរសដ៏ឆ្នើមម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្អប្រសើរ»។
លោកប្រធានាធិបតីបាននិយាយអំពីលោក Kavanaugh ថា «លោកជាមនុស្សល្អម្នាក់»។ លោក Kavanaugh ប្រឈមនឹងការចោទប្រកាន់ថាលោកបានរំលោភបំពានផ្លូវភេទលើស្ត្រីម្នាក់កាលពី៣៦ឆ្នាំមុននេះ។
ពួកមេធាវីរបស់ស្ត្រីដែលបានចោទប្រកាន់លោកថាបានរំលោភបំពានផ្លូវភេទលើអ្នកស្រីនិយាយថាអ្នកស្រីចង់ឆ្លើយជាកសិណសាក្សីនៅចំពោះមុខគណៈកម្មាធិការមួយរបស់ព្រឹទ្ធសភានៅសប្តាហ៍ក្រោយ ក៏ប៉ុន្តែប្រសិនបើមានការធានារ៉ាប់រងដល់សុវត្ថិភាពអ្នកស្រី។
អ្នកស្រីមេធាវី Debra Katz បាននិយាយថាកូនក្តីអ្នកស្រីគឺអ្នកស្រី Christine Blasey Ford បានទទូលការគំរាមកំហែងដល់ជីវិត ហើយថាអ្នកស្រី និងគ្រួសារអ្នកស្រីបានត្រូវបង្ខំឱ្យចេញពីផ្ទះពួកគេនៅក្នុងរដ្ឋ California។
ក៏ប៉ុន្តែបើតាមរបាយការណ៍នៃបណ្តាញផ្សាយព័ត៌មានស.រ.អា. អ្នកស្រី Katz បាននិយាយនៅក្នុងអ៊ីម៉ែលមួយទៅកាន់គណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាស.រ.អា.ថាអ្នកស្រី Ford នៅតែចង់ឆ្លើយជាកសិណសាក្សី «ប្រសិនបើយើងអាចយល់ស្របគ្នាអំពីលក្ខខណ្ឌដែលមានភាពយុត្តិធម៌ និងដែលធានារ៉ាប់រងអំពីសុវត្ថិភាពអ្នកស្រីផងដែរ»។
លោក Chuck Grassley ប្រធានគណៈកម្មាធិការនេះដែលជាអ្នកសាធារណរដ្ឋបានកំណត់ថានឹងបើកធ្វើសវនាការនេះនៅថ្ងៃចន្ទក្រោយសម្រាប់ឱ្យអ្នកស្រី Ford និងលោក Kavanaugh ចេញបង្ហាញខ្លួនជាសាធារណៈដើម្បីនិយាយរឿងពួកគេ៕