តុលាការកំពូលរបស់ ប៉ាពួ នូហ្គីណេ បានសម្រេចកាលពីខែមេសាកន្លងទៅថា ជំរំជនភៀសខ្លួនមួយក្នុងចំណោមជំរំទាំងពីររបស់អូស្ត្រាលីនៅលើកោះ Manus មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងមិនមានលក្ខណៈសមស្របជាមួយច្បាប់រដ្ឋធម្មនុញ្ញប៉ាពួ នូហ្គីណេឡើយ។
ការប្រកាសបិទជំរំជនភៀសខ្លួននៅលើកោះ Manus ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅ តាមរយៈសេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ភីតធើ អូនៀល (Peter O'Neill) ដែលបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្រោយការប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក ភីតធើ ដាត់តុន (Peter Dutton) នៅរដ្ឋធានី Port Moresby ប្រទេសប៉ាពួ នូហ្គីណេ។
មានការចោទជាសំណួរថា តើនឹងមានអ្វីកើតឡើងចំពោះទីលំនៅរបស់ជនភៀសខ្លួនប្រមាណ ៨៥០ នាក់នៅជំរុំនោះ? មន្ត្រីជាន់ខ្ពស់ប្រចាំទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីបាននិយាយថា មជ្ឈមណ្ឌលឃុំឃាំងនឹងមិនត្រូវបានគេបិទភ្លាមៗនោះទេ។ ហើយថា ជនភៀសខ្លួនទាំងអស់នឹងមិនត្រូវបានតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលីឡើយ។ ជនភៀសខ្លួនទាំងនោះភាគច្រើនមកពីប្រទេស អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ អ៊ីរ៉ាក់ និងស៊ីរី ដូច្នេះហើយបានជាក្រុមសិទ្ធិមនុស្សមួយចំនួនយល់ឃើញថា ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តទំនងជាមិនអាចកើតមានឡើយ។
ពួកគេអាចនឹងត្រូវបានផ្ទេរទៅកាន់ជំរំមួយទៀតដែលឧបត្ថម្ភដោយប្រទេសអូស្ត្រាលី មានទីតាំងនៅក្នុងឈូងសមុទ្រនៅលើកោះ Nauru ជាកោះតូចមួយដែលថ្មីៗនេះទើបតែលេចចេញព័ត៌មានជុំវិញការចោទប្រកាន់ទាក់ទិននឹងការរំលោភបំពានអ្នកជាប់ឃុំជាច្រើន ក្នុងនោះមានទាំងកុមារផងដែរ។ កាលពីពេលកន្លងទៅ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា បានស្នើប្រទេសកម្ពុជា និងម៉ាឡេស៊ីឲ្យទទួលយកអ្នកសុំសិទ្ធិជ្រកកោនទាំងនោះ។ ប្រទេសនូវែលហ្សេឡង់ក៏បានស្នើផ្ដល់ជម្រកដល់ជនជាប់ឃុំ ដែលនៅក្នុងជំរំជនភៀសខ្លួននៃប្រទេសទីបីទាំងនោះផងដែរ។
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្រ្តាលី លោក ភីតធើ ដាត់តុន (Peter Dutton) សង្ឃឹមថា គ្រួសារជាច្រើនដែលរស់នៅលើកោះ Manus នឹងសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត ដូចគ្នាទៅនឹងករណីដែលបានកើតឡើងពីអតីតកាល។
លោក ដាត់តុន (Dutton) បាននិយាយថា៖ «យើងផ្ដល់ប្រាក់ជំនួយរាប់ម៉ឺន ដុល្លាររបស់អ្នកជាប់ពន្ធ ដើម្បីផ្ដល់ជាកញ្ចប់ ជួយដល់ជនភៀសខ្លួនទាំងនោះ ឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ហើយជនភៀសខ្លួនរាប់រយនាក់ទទួលយកវិធីនេះរួចទៅហើយ។ ឥឡូវនេះ ដូចករណីប្រជាជនមួយចំនួនមកពី ប្រទេសស្រីលង្កា វៀតណាម និងប្រទេសជាច្រើនទៀតដូចជាឥណ្ឌា ពួកយើងចាត់វិធានការរួចហើយថា ប្រសិនបើអ្នកទាំងនោះត្រូវបានគេរកឃើញថាមិនមែនជាជនភៀសខ្លួនពិតប្រាកដ ហើយពួកគេបដិសេធមិនត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ពួកគេអាចនឹងត្រូវបង្ខំឲ្យត្រឡប់ទៅវិញ។ ឧទាហរណ៍ សម្រាប់ករណីប្រជាជនអ៊ីរ៉ង់ វាមិនដូចគ្នាឡើយ។ ជនភៀសខ្លួនអ៊ីរ៉ង់ព្រមទទួលយកការផ្ដល់ឲ្យនេះដោយស្ម័គ្រចិត្ត មិនបង្ខំ ហើយពួកគេរាប់រយនាក់បានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ។ ប៉ុន្តែឥឡូវនេះប្រជាជននៅលើកោះ Nauru កំពុងតែសម្រេចចិត្តឲ្យអ្នកដែលនៅលើកោះ Manus និយាយថា ពួកគេមិនចង់ត្រឡប់ទៅវិញទេ បើទោះបីជា ពួកគេត្រូវបានគេរកឃើញថាមិនមែនជាជនភៀសខ្លួនពិតប្រាកដក៏ដោយ ហើយនេះជាស្ថានភាពដែលយើងមិនអាចទទួលយក»។
កាលពីខែមេសា ចៅក្រម ប៉ាពួ នូហ្គីណេ បាននិយាយថា ការឃុំឃាំងជនភៀសខ្លួននៅលើកោះ Manus គឺជាអំពើខុសច្បាប់។ នៅក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់នៅរដ្ឋធានី Port Moresby កាលពីថ្ងៃពុធ មានការទទួលស្គាល់មួយធ្វើឡើងដោយភាគីអូស្ត្រាលី និងប៉ាពួ នូហ្គីណេថា សេចក្ដីសម្រេចរបស់តុលាការគឺជាការសម្រេចចុងក្រោយ ហើយជំរំជនភៀសខ្លួននោះនឹងត្រូវបិទ ទោះជាកាលបរិច្ឆេទមិនទាន់ត្រូវបានគេកំណត់ច្បាស់លាស់យ៉ាងណាក៏ដោយ។
អ្នកស្វែងរកសិទ្ធិជ្រកកោនដែលបានមកដល់ដែនទឹកអូស្ត្រាលីដោយទូកត្រូវបានគេបញ្ជូនទៅជំរំជនភៀសខ្លួននៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង ជាកន្លែងដែលសំណើរបស់ជនភៀសខ្លួនត្រូវបានគេត្រួតពិនិត្យ។
រដ្ឋាភិបាលក្រុងកង់បេរ៉ា ទទូចថា គោលនយោបាយរបស់ខ្លួនក្នុងការបញ្ជូនជនភៀសខ្លួនទៅកាន់ប្រទេសទីបី គឺជាគោលបំណងជួយសង្គ្រោះជីវិតជនភៀសខ្លួនតាមដែនសមុទ្រ ដោយកំញើញជនអន្តោប្រវេសន៍ដទៃទៀត។ អ្នកធ្វើយុទ្ធនាការជនភៀសខ្លួនបាននិយាយថា ស្ថានភាពនៅក្នុងជំរំជនភៀសខ្លួនមានសភាពអមនុស្សធម៌ ហើយរដ្ឋាភិបាលអូស្ត្រាលីកំពុងតែព្រងើយកន្តើយនឹងជនងាយរងគ្រោះ និងកំពុងតែស្រែកឃ្លានជំនួយ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា