ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​​អូស្រ្តាលី​​នាំមុខ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​អាស៊ី

  • Ron Corben

រូប​ឯកសារ៖ រូបថត​ដែល​ផ្តល់​ដោយ​ប៉ូលិស​អូស្ត្រាលី​បង្ហាញ​ពី​កញ្ចប់​ថ្នាំ​ញៀន​ប្រភេទមេតំហ្វេតាមីន នៅ​ក្នុង​ឃ្លាំង​មួយ​ក្នុង​ទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី។ ប៉ូលិស​អូស្ត្រាលី​កាល​ពី​ពេល​កន្លង​ទៅ​បាន​ចាប់​បាន​ថ្នាំ​ញៀន​មេតំហ្វេតាមីន​តម្លៃ​១៩០លាន​ដុល្លារ។

ក្រុមមន្រ្តី​និយាយ​ថា​ ការ​កើន​ឡើង​នៃ​ការ​ផលិត​ថ្នាំ​ញៀន​ប្រភេទអំហ្វេតាមីន​ឬ​ ATS ត្រូវ​បាន​គេ​ឃើញ​មាន​យ៉ាង​ច្បាស់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បើ​ទោះ​បី​ជា​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ដែល​ផលិត​នៅ​ក្នុង​តំបន់​ត្រីកោណ​មាស​ភាគ​ខាង​កើត​នៃប្រទេស​មីយ៉ាន់ម៉ា​ នៅ​តែ​បន្ត​កើន​ឡើង​ក៏​ដោយ។

នៅ​ក្នុង​ឆ្នាំ​ ២០១៥ ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម​ (UNODC) ​បាន​រាយការណ៍​ពី​ការ​រឹប​អូស​ថ្នាំ​គ្រីស្តាល់​អំហ្វេតាមីន​ដែល​មាន​សារធាតុ​ញៀន​ខ្លាំង​ សរុប​ចំនួន​ ២៧.០០០​គីឡូ​ក្រាម​ ដែល​ថ្នាំ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម៉ា​ទឹកកក ​ឬ ​«ទឹកកក» ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ចិន ​ឡាវ​ មីយ៉ាន់ម៉ា ​ថៃ ​និង ​វៀតណាម។

ក្នុង​ពេល​ដូច​គ្នា​នេះ​ដែរ​ ​ក៏មាន​ការ​រឹបអូស​ថ្នាំញឿន​អំហ្វេតាមីន​គ្រាប់​ចំនួន​សរុប ​២៨៦​លាន​គ្រាប់ ​ចំណែក​សារធាតុ​ហេរ៉ូអ៊ីន​ដែល​ផលិត​ពី​ដំណាំ​អាភៀន​នៅ​ភាគ​ខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា ​ត្រូវ​បាន​រឹបអូស​បានជាង​ ១០.០០០​គីឡូក្រាម។ ការ​រឹបអូស​សារធាតុ​គីមី​សំខាន់ៗ​ផ្សេង​ទៀត​សម្រាប់​ផលិត​ថ្នាំ​ញៀន​ ក៏​បាន​កើន​ឡើង​ផង​ដែរ។

លោក​ Jeremy Douglas​ មន្រ្តី​តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​ថា ​ក្រុម​ឧក្រិដ្ឋជន​ផលិត​គ្រឿង​ញៀន​ បាន​ប្តូរ​ទៅផលិត​ថ្នាំ​ម៉ា​ទឹកកកដែល​មាន​ធាតុ​សុទ្ធ​ខ្លាំង។ លោក​បាន​និយាយ​ថា​ អាជ្ញាធរ​កំពុង​ «រឹបអូស​ថ្នាំ​ម៉ាទឹក​កក​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​ នៅ​តាម​ព្រំដែន​ប្រទេស​អូស្ត្រាលី ​ព្រលាន​យន្តហោះ ​កំពង់​ផែ ក្រុមហ៊ុន​ទទួល​បញ្ញើ​ដែល​ថ្នាំ​ញៀន​ទាំង​នោះ​ចូល​មក​តាម​រយៈ​អីវ៉ាន់​បញ្ញើ​ ​និង​ការដឹក​ជញ្ជូន​ទំនិញ​ធំៗ»។

លោក Douglas ​បាន​ប្រាប់​វីអូអេ​ថា៖​ «វាគឺ​ជា​ក្តី​បារម្ភដ៏​ធំមួយ។ បច្ចុប្បន្ន​នេះ​ គ្រឿងញៀន​កំពុង​ហូរហៀរ​ពេញ​ក្នុង​តំបន់​នេះ។ គ្រឿង​ញៀន​នោះ​ គឺជាប្រភេទ​ម៉ាទឹកកក​ដែល​ធ្វើ​ឲ្យ​ញៀន​ខ្លាំង។ ក្តីបារម្ភ​ដ៏​ធំ​មួយ​នេះ​ មិន​មែន​សម្រាប់​តែ​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​អូស្ត្រាលី​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​ក៏​ជា​ក្តី​បារម្ភ​សម្រាប់​ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​នូវែលសេឡង់​ផង​ដែរ ហើយ​តំបន់​អាមេរិក​ខាង​ជើង​ ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើការ​វិវឌ្ឍ​នៃ​បញ្ហា​គ្រឿង​ញៀន​នេះ​ដែរ»។

ប្រទេស​អូស្រ្តាលី ​និង​ប្រទេស​នូវែលសេឡង់ ​គឺ​ជា​គោល​ដៅ​សំខាន់​នៃ​ក្រុម​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​នេះ ​ដោយ​សារ​តែ​ប្រទេស​ទាំង​ពីរ​មាន​ប្រាក់​ចំណូល​ខ្ពស់​ ​ហើយ​អត្រា​នៃ​ការ​ប្រើប្រាស់​ថ្នាំញៀន​ក៏​ខ្ពស់​ដែរ។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥​ មក ​ប៉ូលិស​សហព័ន្ធ​ប្រទេស​អូស្ត្រាលី (AFP) បាន​ចុះ​ហត្តលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​ចិន​ និង​ប្រទេស​ថៃ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​ចូល​ទៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេសចិន​បាន​ភ្ជាប់​ប៉ូលិស​សហព័ន្ធជា​មួយ​គណៈ​កម្មការ​ជាតិ​គ្រប់គ្រង​គ្រឿង​ញៀន​របស់​ប្រទេស​ចិន​ (NNCC) ​ការិយាល័យ​ប្រឆាំង​ការ​រត់​ពន្ធ​របស់​ប្រទេស​ចិន​ (ASB) និង​ការិយាល័យ​សន្តិសុខ​សាធារណៈ​ខេត្ត​ក្វាងទុង​ (GCSB) ។

កិច្ច​ព្រមព្រៀង​បង្កើត​ក្រុមការងារស្រដៀង​គ្នា​នេះ​ជា​មួយអាជ្ញាធរ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​របស់​ប្រទេស​ថៃ​ និង​ទីភ្នាក់ងារ​គ្រប់​គ្រងគ្រឿងញៀន ​ត្រូវ​បាន​ដាក់​រហស្សនាម​ថា «ក្រុម​ការងារ​ខ្យល់​ព្យុះ»។

ប្រធាន​គណកម្មការ​ប៉ូលិស​សហព័ន្ធ​ប្រទេស​អូស្ត្រាលី ​(AFP) ​លោក Andrew Colvin បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​ក្រុម​ការងារ​ទាំង​នេះ​គឺ​«សំខាន់​ណាស់»។

«អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​កាន់​តែ​ច្បាស់​ឡើង ​គឺ​ការ​គំរាម​កំហែង​មក​ពី​បណ្តា​ប្រទេស​នានា​ ដែល​មាន​ផល​ប៉ះពាល់​លើ​ប្រទេស​អូស្ត្រាលី។ ​ដូច្នេះ ​វា​ជាកិច្ចការ​របស់​យើង​ក្នុង​ការ​ធ្វើ​ការ​ថ្នាក់​តំបន់​ ដើម្បី​ជួយ​ធានា​សុវត្ថិភាពក្នុង​តំបន់ ​ហើយវា​ក៏​ជា​បញ្ហា​ដែលមាន​ឥទ្ធិពល​ក្នុង​ស្រុក​ដ៏​សម្បើម​ផង​ដែរ»។

លោក​ Colvin ​បាន​និយាយ​ថា ​ក្រុម​ការងារ​ថ្មី​ដែល​ធ្វើ​ការ​ជាមួយ​ប្រទេស​ថៃ ​«នឹង​ផ្តោត​ខ្លាំង​លើការ​ជួញ​ដូរ​មនុស្ស​ ការលាង​លុយ​កខ្វក់​ ជា​ពិសេស​ការប្រឆាំង​នឹង​គ្រឿង​ញៀន»។

មន្ត្រី​គ្រឿង​ញៀន​ថៃ ​និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ផ្នែក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម ​UNODC ​បាន​និយាយ​ថា ​បទ​ពិសោធន៍របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ប្រតិបតិ្តការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន ​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ជិត​ខាង​របស់​ខ្លួន ​នៅ​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍។ ក្រុម​មន្រ្តី​បាន​ចង្អុល​បង្ហាញ​ថា ​ពាណិជ្ជកម្ម​គ្រឿង​ញៀនបាន​កើនឡើង ​ហើយ​ការ​ការពារ​នៅ​តំបន់​ព្រំដែន​មាន​ការ​ធូរ​រលុង​នៅ​ក្រោយ​ពេល​មាន​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដោយសារសហគមន៍​នេះក៏​បាន​បង្កើត​ឱកាស​សម្រាប់​បទ​ល្មើស​ដែល​មាន​ការ​ចាត់​តាំង​ច្បាស់​លាស់ ក្នុង​ការ​ចល័ត​គ្រឿងញៀន​ និង​សារធាតុ​គីមី​ជាច្រើន​ទៀត ​ឆ្លង​កាត់​ព្រំដែន​បាន​យ៉ាង​ងាយ​ស្រួល។

លោក ​Rachanikorn Sarasin ​អតីត​នាយករង​នៃ​ការិយាល័យ​ក្រុម​ប្រឹក្សាភិបាល​គ្រប់គ្រង​សារធាតុ​ញៀន​ ONCB ​ហើយ​បច្ចុប្បន្ន​ជាទីប្រឹក្សា​អន្តរជាតិ​បាន​ថ្លែង​ថា៖ «ប្រទេស​អូស្រ្តាលី​គួរ​តែ​មក​ចូល​រួម​ជាមួយ​ប្រទេស​អាស៊ាន​ជាធ្លុង​មួយ។ ​អូស្ត្រាលី​គឺ​ជា​មិត្តភក្តិ​ល្អ​របស់​បណ្តា​រដ្ឋ​ជាសមាជិក​អាស៊ាន​ ដូច្នេះ​ ប្រទេស​អូស្រ្តាលី​អាច​ជួយ​អាស៊ាន​នៅ​ក្នុង​ផ្នែកនេះ។ អ្នកមាន​សមត្ថភាព ​និង​បច្ចេកវិទ្យា អ្នក​អាច​ជួយ​ឬ​ផ្តល់​ដំបូន្មាន ​ឬការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាមួយ​អាស៊ាន»។

លោក Rachanikorn​ បាន​បន្ថែម​ថា ​កម្មវិធី​ដែល​ចិន​បាន​ផ្តួច​ផ្តើម​សម្រាប់​តំបន់​មេគង្គ ​បាន​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​ប្រទេសកម្ពុជា ​ចិន​ ឡាវ​ មីយ៉ាន់ម៉ា ​ថៃ ​និង​វៀតណាម។

លោក ​Douglas ​នៃ​អង្គការ​សហប្រជាជន​ផ្នែក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ UNODC បាន​យល់​ស្រប​ថា ការ​អនុវត្ត​ច្បាប់​របស់ប្រទេស​អូស្រ្តាលី​ អាចដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​តំបន់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញ​ដូរ​គ្រឿងញៀន។ លោក​បាន​និយាយ​ថា ​ការ​គាំទ្រ​របស់​អង្គការ​សហប្រជាជាតិ​ អាច​ជួយ​ជម្នះ​លើ​ឧបសគ្គ​ផ្នែក​នយោបាយ​ណា​មួយ​ដែល​អាច​កើត​ឡើង។

«កិច្ច​ព្រមព្រៀងដែល​ប្រទេស​ថៃ​ និង​អូស្រ្តាលី ​បាន​ចូល​រួម​ជាមួយ​គ្នា​នោះ ​ពិត​ជាការ​ល្អ​ណាស់។ យើងលើក​ទឹក​ចិត្ត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​បែប​នេះ​កើត​ឡើង។ ប៉ុន្តែ​វា​ពិតជា​ត្រូវ​ការ​ការ​ចូល​រួម​ពី​ប្រទេស​ជា​ច្រើន​ក្នុង​ពេល​តែមួយ»៕

ប្រែសម្រួល​ដោយ៖ ឆាយ ​គីមហ៊ង

XS
SM
MD
LG