ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី និង​ប៉ាពួអាស៊ី នូវែលហ្គីណេ​ឯកភាព​គ្នា​បិទ​មជ្ឈមណ្ឌល​ឃុំឃាំង​នៅ​កោះ Manus


រូបឯកសារ៖ អ្នកស្វែងរកសិទ្ធិជ្រកកោន​មើលតាមរបង​មួយ​នៅ​មណ្ឌលឃុំខ្លួនកោះ Manus នៅ​ប្រទេស​ប៉ាពួអាស៊ី នូវែលហ្គីណេ កាល​ពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤។ អូស្ត្រាលី និង​ប៉ាពួអាស៊ី នូវែលហ្គីណេ​ឯកភាព​គ្នា​បិទ​មជ្ឈមណ្ឌល​ឃុំឃាំង​នៅ​កោះ Manus។
រូបឯកសារ៖ អ្នកស្វែងរកសិទ្ធិជ្រកកោន​មើលតាមរបង​មួយ​នៅ​មណ្ឌលឃុំខ្លួនកោះ Manus នៅ​ប្រទេស​ប៉ាពួអាស៊ី នូវែលហ្គីណេ កាល​ពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤។ អូស្ត្រាលី និង​ប៉ាពួអាស៊ី នូវែលហ្គីណេ​ឯកភាព​គ្នា​បិទ​មជ្ឈមណ្ឌល​ឃុំឃាំង​នៅ​កោះ Manus។

រដ្ឋាភិបាល​ប្រទេស​ប៉ាពួអាស៊ី នូវែលហ្គីណេ ( Papua New Guinea) និង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​ក្នុង​ការ​បិទ​មជ្ឈមណ្ឌល​ឃុំឃាំង​សម្រាប់​ដាក់​ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​មួយ​កន្លែង​នៅ​លើ​កោះ Manus ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស Papua New Guinea ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​មិន​បាន​អធិប្បាយ​លម្អិត​អំពី​ថា​តើ​មជ្ឈមណ្ឌល​នោះ​នឹង​ត្រូវ​បិទ​នៅ​ពេល​ណា​នោះ​ទេ។

ការ​ព្រមព្រៀង​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​ប្រទេសប៉ាពួអាស៊ី នូវែលហ្គីណេ លោក Peter O'Neil ដែល​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច​ឡើង​បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​លោក Peter Dutton នៅ​ក្នុង​រដ្ឋធានី Port Moresby ប្រទេសប៉ាពួអាស៊ី នូវែលហ្គីណេ។

តុលាការ​កំពូល​របស់​ប្រទេសប៉ាពួអាស៊ី នូវែលហ្គីណេបាន​សម្រេច​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ​ថា មជ្ឈមណ្ឌល​ឃុំឃាំង​នេះ​គឺ​ខុស​ច្បាប់ ដោយសារតែ​វា​បាន​រំលោភ​សិទ្ធិ​មាន​សេរីភាព​ផ្ទាល់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​អ្នក​ដែល​គេ​ឃុំ​នៅ​ក្នុង​មណ្ឌល​នោះ។

មនុស្ស​ច្រើន​ជាង ៨០០​នាក់​កំពុង​ជាប់​ឃុំ​នៅ​ឯ​មជ្ឈមណ្ឌល​ឃុំឃាំង​លើ​កោះ Manus ហើយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំ​នៅ​ឯ​មជ្ឈមណ្ឌល​មួយ​កន្លែង​ទៀត​នៅ​លើ​កោះ Nauru ដែល​ការ​ដាក់​ឃុំ​នេះ​គឺ​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា (Canberra) ក្នុង​ការ​ចាប់​ខ្លួន​អ្នក​ណា​ដែល​ប៉ុនប៉ង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ចូល​មក​ក្នុង​ប្រទេស​អូស្ត្រាលី​ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រក​កោន។ ជន​ភៀស​ខ្លួន​ទាំង​នោះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​មាន​សិទ្ធិ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោក Dutton បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​បញ្ជាក់​ឡើង​វិញ​អំពី​គោលនយោបាយ​នេះ និង​បាន​សង្កត់​ធ្ងន់​ថា គ្មាន​នរណា​ម្នាក់​ដែល​នៅ​មជ្ឈមណ្ឌល​ឃុំ​ខ្លួន​នៅ​លើ​កោះ Manus អាច​មាន​សិទ្ធិ​បាន​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ជា​ដាច់ខាត៕

XS
SM
MD
LG