ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ថា​ វៀតណាម​លុប​ចោល​គម្រោង​របស់​អូស្ត្រាលី​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ការ​ប្រយុទ្ធ​របស់​ទាហាន​អូស្ត្រាលី​ក្នុង​សង្គ្រាម​វៀតណាម


រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា «រដ្ឋាភិបាល​អូស្ត្រាលី​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​វៀតណាម​នេះ‍»។
រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា «រដ្ឋាភិបាល​អូស្ត្រាលី​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​វៀតណាម​នេះ‍»។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ធ្វើ​ការ​អំពាវនាវ​កម្រិត​ខ្ពស់​ដល់​រដ្ឋាភិបាល​វៀតណាម​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ឲ្យ​ប្រទេស​វៀតណាម​លុបចោល​នូវ​ការ​ហាមឃាត់​ ដែល​ធ្វើ​ឡើង​ភ្លាមៗ​ដោយ​រដ្ឋាភិបាល​វៀតណាម​ចំពោះ​ទាហាន​ជើង​ចាស់​អូស្ត្រាលី​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ការ​ប្រយុទ្ធ​តស៊ូ​របស់​ទាហាន​អូស្ត្រាលី​នៅ​ក្នុង​សង្គ្រាម​វៀតណាម​នៅ​ចន្លោះ​ទសវត្សរ៍​ឆ្នាំ ១៩៥០ និង​ទសវត្សរ៍ឆ្នាំ ១៩៧០។

រដ្ឋាភិបាល​វៀតណាម​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​អំពី​ការ​ហាម​ឃាត់​នេះ​ក្នុង​រយៈពេល​មិន​ដល់ ៤៨ ម៉ោង​ផង នៅ​មុន​ថ្ងៃ​ដែល​គ្រោង​នឹង​ប្រារព្ធ​នូវ​ខួប​លើក​ទី ៥០ នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ពុធ​នេះ។

ទាហាន​ជើង​ចាស់​អូស្ត្រាលី​ច្រើន​ជាង​មួយ​ពាន់​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​ប្រយុទ្ធ​តស៊ូ​នៅ​ក្នុង​សមរភូមិ Long Tan ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នៅ​ជិត​ភូមិ Long Tan ខេត្ត Phuoc Tuy ដែល​នៅ​ទី​នោះ ទាហាន​អូស្ត្រាលី ១៨ នាក់ រួម​ទាំង​ទាហាន​វៀតណាម​ខាង​ជើង និង​ទាហាន​វៀតកុង​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ១៩៦៦។

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «រដ្ឋាភិបាល​អូស្ត្រាលី​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​វៀតណាម​នេះ‍»។

លោក Dan Tehan រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​អតីត​យុទ្ធជន បាន​និយាយ​ថា លោក​មាន​ការ​ខក​ចិត្ត​បំផុត ដែល​រដ្ឋាភិបាល​វៀតណាម​ជូន​ដំណឹង​អំពី​ការ​លុប​ចោល​នូវ​គម្រោង​រំលឹក​ខួប​នេះ បន្ទាប់ពី​បាន​ចរចា​អំពី​គម្រោង​នេះ​អស់​រយៈពេល ១៨ ខែ​កន្លង​មក។

លោកស្រី Julie Bishopរដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បាន​បញ្ជាក់​ថា ទោះបីជា​មាន​ការ​ហាម​ឃាត់​ក៏​ដោយ ក៏​មាន​គណៈ​ប្រតិភូ​ផ្លូវការ​មួយ​ក្រុម​ដែល​រួម​ទាំង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី និង​ឯកអគ្គរដ្ឋទូត​នូវែលសេឡង់​នឹង​ទៅ​ដាក់​កម្រង​ផ្កា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ដែរ៕

XS
SM
MD
LG