ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​ វណ្ណ​ មូលីវណ្ណ ​ទទួល​មរណភាព​ក្នុង​​អាយុ​៩០​ឆ្នាំ


រូបថត​លោក វណ្ណ មូលីវណ្ណ នៅក្នុង​ខ្សែភាពយន្ត​ឯកសារ «‍The Man Who Built Cambodia» ឬ​ប្រែ​ជាភាសា​ខ្មែរ​ថា «‍បុរស​ដែល​កសាង​កម្ពុជា»។ (រូបថតដោយ Christopher Rompré and Haig Balian)
រូបថត​លោក វណ្ណ មូលីវណ្ណ នៅក្នុង​ខ្សែភាពយន្ត​ឯកសារ «‍The Man Who Built Cambodia» ឬ​ប្រែ​ជាភាសា​ខ្មែរ​ថា «‍បុរស​ដែល​កសាង​កម្ពុជា»។ (រូបថតដោយ Christopher Rompré and Haig Balian)

ស្ថាបត្យករ​ជើង​ចាស់​របស់​កម្ពុជា​ គឺ​លោក ​វណ្ណ​ មូលីវណ្ណ ​ទទួល​មរណភាព​កាលពី​ព្រឹក​នេះ​នៅ​ក្នុង​វ័យ​៩០ឆ្នាំ។​ មជ្ឈដ្ឋាន​ទូទៅ​សម្តែង​ការ​សោកស្តាយ​ និង​រំលែក​ទុក្ខ​ទៅ​ក្រុម​គ្រួសារ​របស់​លោក ​ក្រោយ​ដំណឹង​មរណទុក្ខ​នេះ។ គេ​ក៏​បាន​លើក​ឡើង ​អំពី​គុណសម្បត្តិ​ជា​ច្រើន​ដែល​លោក​បន្សល់​សម្រាប់​ប្រទេស​កម្ពុជា។

លោក​ វណ្ណ មូលីវណ្ណ​ ស្ថាបត្យករ​កម្ពុជា​ដ៏​ល្បីល្បាញ​មួយ​រូប​ ពី​សម័យ​សង្គម រាស្រ្តនិយម​ បាន​ទទួល​មរណភាព​នៅ​អាយុ​៩០ឆ្នាំ​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ វេលា​ម៉ោង​ ៩​និង​៤៥​នាទី នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ខេត្ត​សៀមរាប។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​លោក។

ក្រុម​គ្រួសារ​បាន​ឲ្យ​ VOA ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក វណ្ណ មូលីវណ្ណ បាន​ទទួល​មរណភាព​ ដោយ​ជំងឺ​ចាស់​ជរា ក្រោយ​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​ឆ្នាំ។

លោក វណ្ណ​ មូលីវណ្ណ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​កំពត។ លោក​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៩២៦​ នៅ​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង។​ លោក ​វណ្ណ មូលីវណ្ណ​ ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​ប៉ារីស ​នៅ​សាលា​ Ecole National Supérieure des Beaux-Arts ជា​ទី​ដែល​ផ្តល់​ឲ្យ​លោក​បាន​ស្គាល់​នូវ​ស្ថាបត្យកម្ម​ទំនើប​របស់​អឺរ៉ុប។

ទិដ្ឋភាព​បរិវេណ​វិទ្យាស្ថាន​ភាសា​បរទេស​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​២៩​ ខែ​សីហា ឆ្នាំ ២០១៧។ អគារ​សិក្សា​នេះ​ជា​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោក​ វណ្ណ​ ម៉ូលីវណ្ណ​ ដែល​ដើម​ឡើយ​ជា​មហាវិទ្យាល័យ​ហ្វឹកហ្វឺន​គ្រូ​បង្រៀន សម្រាប់​និស្សិត​ ចាប់​ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​១៩៦៥។ (នូវ​ ពៅលក្ខិណា​/VOA)
ទិដ្ឋភាព​បរិវេណ​វិទ្យាស្ថាន​ភាសា​បរទេស​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​២៩​ ខែ​សីហា ឆ្នាំ ២០១៧។ អគារ​សិក្សា​នេះ​ជា​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោក​ វណ្ណ​ ម៉ូលីវណ្ណ​ ដែល​ដើម​ឡើយ​ជា​មហាវិទ្យាល័យ​ហ្វឹកហ្វឺន​គ្រូ​បង្រៀន សម្រាប់​និស្សិត​ ចាប់​ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​១៩៦៥។ (នូវ​ ពៅលក្ខិណា​/VOA)

ក្រោយ​សម័យ​អាណានិគម​បារាំង លោក​ វណ្ណ​ មូលីវណ្ណ​ បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​រាជធានី​ភ្នំពេញ​នៅ​ក្នុង​សម័យ​សង្គម​រាស្រ្តនិយម។ ចលនា​ស្ថាបត្យកម្ម​របស់​លោក​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ «ស្ថាបត្យកម្ម​ខ្មែរ​ទំនើប»។ លោក​បាន​កសាង​ស្នាដៃ​សំខាន់ៗ លម្អ​សម្រស់​រាជធានី​ភ្នំពេញ​កាល​ពី​ទសវត្សរ៍​ឆ្នាំ​៦០​ ធ្វើ​ឲ្យ​ទី​ក្រុង​មួយ​នេះជាប់​ឈ្មោះ ​«ទីក្រុង​គជ់​នៃ​តំបន់​អាស៊ី​អាគ្នេយ៍»។​ អគារ​ល្បីៗ​មួយ​ចំនួន​រួម​មាន ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ មហោស្រព​ចតុមុខ​ វិមាន​រដ្ឋ​ចំការមន និង​ វិទ្យាស្ថាន​ភាសា​បរទេស​ ជា​ដើម។

​ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន ​បាន​សម្តែង​ការ​សោក​ស្តាយ​នៃ​ការ​បាត់បង់​រូប​លោក និង​រំឭក​ឡើង​នូវ​គុណ​សម្បត្តិ​ផ្នែក​រៀបចំ​ទីក្រុង​ដ៏​ស្ទើរ​តែ​គ្មាន​គូ​ប្រៀប​របស់​លោក។​ ក្នុង​នោះ​រួម​មាន ​អ្នក​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​លោក ​វណ្ណ មូលីវណ្ណ ​អ្នក​ដែល​ទទួល​បាន​ការ​ជំរុញ​ទឹកចិត្ត​ពី​រូប​លោក​ ​អ្នក​ផលិត​ខ្សែ​ភាពយន្ត​អំពី​ជីវិត​លោក និង​មន្ត្រី​ជាន់​ខ្ពស់នៃ​រាជរដ្ឋាភិបាល​ជាដើម។

​លោក ​ជា ​សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ បាន​ថ្លែង​ប្រាប់ ​VOA ថា​ នេះ​ជា​ការ​បាត់បង់​ដ៏​ធំធេង។

«ចំពោះ​ខ្ញុំ​ណា​ គឺ​មាន​ការ​សោកស្តាយ​ណាស់​ចំពោះ​ការ​បាត់បង់​ស្ថាបត្យករ​ដ៏​ល្បី​ដែល​ចាត់​ទុក​ថា ក្នុង​ទសវត្សរ៍​ហ្នឹង​គាត់​មាន​ស្នាដៃ​ដ៏​ធំធេង​សម្រាប់​ការ​កសាង​ប្រទេស​ជាតិ ជា​ពិសេស​ការ​រៀបចំ​ប្លង់​នៅ​រាជធានី​ភ្នំពេញ។​ ខ្ញុំ​ឃើញ​ថា ​ស្នាដៃ​របស់​គាត់​ជា​ស្នាដៃ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជំនាន់​ហ្នឹង​គឺ​អត់​មាន​ពី​ណា​លើស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជំនាន់​ទសវត្សរ៍​៦០​ ជំនាន់​ព្រះ​ករុណា (សម្តេច​ឪ) ​ហ្នឹង​គឺ​អត់​មាន​ទេ»។

លោក ជា ​សុផារ៉ា ​បាន​លើក​សរសើរ​អំពី​ស្នាដៃ​ស្ថាបត្យករ​ជើង​ចាស់​កម្ពុជា​ គឺ​លោក​ ​វណ្ណ​ មូលីវណ្ណ ថា​ ជា​អ្នក​ដែល​បាន​គិត​គូរ​គ្រប់​ជ្រុងជ្រោយ ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សាងសង់​មួយ ​ដែល​មាន​ប្រយោជន៍​ដល់​បរិស្ថាន​ទីក្រុង។ ​អតីត​អភិបាល​រាជធានី​ភ្នំពេញ​រូប​នេះ​បញ្ជាក់​ថា៖

«ជំនាន់​ហ្នឹង​ការ​សាងសង់ ​[...] ​គឺ​គេ​ប្រើប្រាស់​ចរន្ត​ខ្យល់ គេ​ធ្វើ​ការ​ដោះស្រាយ នៅ​ក្នុង​សំណង់​ឲ្យ​មាន​ផាសុកភាព​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ ជូន​ទៅ​ដល់សាធារណជន ឧទាហរណ៍​ដូច​ជា​ស្តាត​អូឡាំពិក។ល។​ នោះ​គឺ​សុទ្ធ​តែ​ជា​ស្នាដៃ​មួយ​ធំ​ណាស់។ ការ​សាងសង់​គឺ​ផ្សារ​ភ្ជាប់​នឹង​បរិស្ថាន»។

លោក វណ្ណ មូលីវណ្ណ ជា​មនុស្ស​ម្នាក់​ដែល​ស្និទ្ធ​នឹង​អតីត​ព្រះមហាក្សត្រ​ ព្រះ​បាទ​ នរោត្តម សីហនុ ហើយ​លោក​ត្រូវ​បាន​ប្រទាន​សិទ្ធិ​អំណាច​ក្នុង​ការ​កសាង​អគារ​នានា ក្នុង​សម័យ​ដែល​ដឹក​នាំ​ដោយ​ព្រះ​អង្គ។

លោក Christopher Rompre​ អ្នក​ដឹកនាំ​ និង​ផលិត​កុន​ឯកសារ​មួយ​ ដែល​បង្ហាញ​ជីវប្រវត្តិ​របស់​លោក ​វណ្ណ មូលីវណ្ណ ​យ៉ាង​ស៊ី​ជម្រៅ ​ក្រោម​ចំណង​ជើង​ថា «The Man Who Built Cambodia/បុរស​ដែល​កសាង​កម្ពុជា»​ សម្តែង​ភាព​សោកស្តាយ​ចំពោះ​ការ​បាត់បង់​មនុស្ស​មួយ​រូប​ដែល​លោក​គោរព​ស្រឡាញ់។​ លោក​ Rompre បាន​បន្ថែម​ថា​ លោក​ មូលីវណ្ណ​ ជា​បុរស​ដែល​ចូលចិត្ត​ភាព​ឯកជន​ខ្លាំង ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ពេល​នៃ​ការ​ថត​ភាពយន្ត​ឯកសារ​នោះ​ លោក​យល់​ថា ពេល​វេលា​ដែល​ធ្លាប់​បាន​ចំណាយ​ជាមួយ​គ្នា​កន្លង​មក​គឺ​ពិត​ជា​ស្និទ្ធស្នាល​ណាស់។

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​មាន​ឱកាស​បាន​ស្វែង​យល់​អំពី​ជីវិត​របស់​គាត់​ជា​ច្រើន​ជំពូក និង​អំពី​រឿងរ៉ាវ​ដ៏​ផ្ទាល់ខ្លួន​ និង​ដ៏​មាន​អត្ថន័យ​បំផុត​អំពី​លោក។​ ដូចនេះ​ វា​ពិបាក​ក្នុង​ការ​គិត​ថា ​លោក​បាន​ស្លាប់​ទៅ​ហើយ។ ខ្ញុំ​កំពុង​គិត​អំពី​ប្រទេស​កម្ពុជា​ អំពី​ការណ៍​ដែល​ មាន​មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​ឲ្យ​តម្លៃ​យ៉ាង​សុចរិត​ទៅ​លើ​ទស្សន​វិស័យ​របស់​លោក វណ្ណ មូលីវណ្ណ​ ដែល​បាន​បន្សល់​ឲ្យ​ប្រទេស​មួយ​នេះ។ វា​ជា​ការ​សោកស្តាយ​ និង​ការ​បាត់បង់​ដ៏​ធំ​ធេង»។

នៅ​ក្នុង​ភាពយន្ត​ឯកសារ​ «The Man Who Built Cambodia/បុរស​ដែល​កសាង​កម្ពុជា» ​លោក​ វណ្ណ មូលីវណ្ណ​ ធ្លាប់​បាន​និយាយ​អំពី​មូលហេតុ​នៃ​ការ​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ថា ​ទីក្រុង​សៀមរាប​ត្រូវ​បាន​រចនា​ឡើង​ដោយ​រូប​លោក​ កាល​លោក​នៅ​ជា​ប្រធាន​អាជ្ញាធរ​អប្សរា។ ហើយ​នៅ​ទីនោះ​ ភាព​លម្អិត​នៃ​ស្នាដៃ​រចនា​របស់​លោក​ ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទម្រង់​ដើម។​

ផ្ទះ​លោក​ វណ្ណ​ មូលីវណ្ណ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ស្ទឹង​សៀម​រាប​ ក្រុង​សៀមរាប កាល​ពីថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៥​។ លោក​ វណ្ណ​ មូលីវណ្ណ​ ទទួល​បាន​ភាព​ល្បី​ល្បាញ​ដោយ​សារ លោក​ជា​ស្ថាបត្យករ​ខ្មែរ​ម្នាក់ ដែល​បានគូរ​ប្លង់​សំណង់​អគារដ៏​ស្រស់​ស្អាតជា​ច្រើន​ កាល​ពី​សម័យ​សង្គមរាស្រ្ត​និយម (១៩៥៥‍-១៩៧០)។ (នូវ​ ពៅលក្ខិណា​/VOA)
ផ្ទះ​លោក​ វណ្ណ​ មូលីវណ្ណ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ស្ទឹង​សៀម​រាប​ ក្រុង​សៀមរាប កាល​ពីថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៥​។ លោក​ វណ្ណ​ មូលីវណ្ណ​ ទទួល​បាន​ភាព​ល្បី​ល្បាញ​ដោយ​សារ លោក​ជា​ស្ថាបត្យករ​ខ្មែរ​ម្នាក់ ដែល​បានគូរ​ប្លង់​សំណង់​អគារដ៏​ស្រស់​ស្អាតជា​ច្រើន​ កាល​ពី​សម័យ​សង្គមរាស្រ្ត​និយម (១៩៥៥‍-១៩៧០)។ (នូវ​ ពៅលក្ខិណា​/VOA)

លោក​ លឿង ​សកុណា​ បេក្ខជន​អនុបណ្ឌិត​នៃ​សាកលវិទ្យាល័យ​ឈៀងម៉ៃ​ ដែល​សិក្សា​អំពី​ប្រវត្តិ​ស្ថាបត្យកម្ម​កម្ពុជា​សម័យ​ទំនើប បាន​និយាយ​ថា​ លោក ​ វណ្ណ​ មូលីវណ្ណ​ មាន​សមិទ្ធផល​ស្ថាបត្យកម្ម​ជាច្រើន​ បាន​បង្ហាញ​ពី​ការ​រីកចម្រើន​របស់​សង្គម​ខ្មែរ​នា​សម័យ​សង្គមរាស្រ្តនិយម​ និង​មាន​តម្លៃ​សម្រាប់​ប្រវត្តិសាស្រ្ត។

លោក​ថ្លែង​ប្រាប់​ VOA ចំពោះ​ការ​ស្លាប់​របស់​លោក​ វណ្ណ​ មូលីវណ្ណ​ ថា​៖

«យើង​បាត់​បង់​វីរជន​ម្នាក់​ យើង​បាត់បង់​ស្ថាបត្យករ​ មិន​មែន​តែ​ស្ថាបត្យករ​សម្រាប់​តែ​សំណង់​ទេ​ តែ​ជា​ស្ថាបត្យករ​របស់​ប្រទេស​តែ​ម្តង»។

លោក​ សកុណា​ ធ្លាប់​ចូលរួម​ជា​សមាជិក​ស្រាវជ្រាវ​នៃ​គម្រោង​ វណ្ណ​ មូលីវណ្ណ​ កាល​ពី​ដើម​ឆ្នាំ​២០១៥ ដែល​កាល​នោះ​ លោក​បាន​ធ្វើ​គំរូ​ម៉ាកែត​នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

លោក​ វណ្ណ​ មូលីវណ្ណ​ ធ្លាប់​ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​ប្រធាន​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា​ កាល​ពី​ដើម​ទសវត្សរ៍​ទី​៩០ ក្រោយពេល​ដែល​កម្ពុជា​បាន​ចុះ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ បញ្ចប់​សង្គ្រាម​ស៊ីវិល។​

​ស្នាដៃ​មួយ​ចំនួន​របស់​លោក​ត្រូវ​បាន​កម្ទេច​ចោល​ ឬ​ផ្លាស់ប្តូរ​ទម្រង់​ដើម។​ តួ​យ៉ាង​សាល​មហោស្រព​សុរាម្រិត​ ត្រូវ​បាន​វាយ​កម្ទេច​ចោល​កាល​ពី​ឆ្នាំ​២០០៨ ក្រោយ​ពេល​ត្រូវ​ភ្លើង​ឆេះ។​ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ដែល​បរិវេណ​ជា​ច្រើន​ផ្នែក​ត្រូវ​បាន​កែ​ទម្រង់​ទៅ​ជា​អគារ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។

​កាល​ពី​ឆ្នាំ​២០១៤​ ស្ថាបត្យករ​ជើង​ចាស់​រូប​នេះផ្លាស់​ចេញ​ពី​រាជធានី​ភ្នំពេញ​ និង​បាន​ចំណាយ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​សៀមរាប​ នៅ​តាម​បណ្តោយ​ស្ទឹង​សៀមរាប​ ក្នុង​ក្រុង​សៀមរាប៕

XS
SM
MD
LG