ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សម្ញែង​តាម​រយៈ​អាពាហ៍ពិពាហ៍​កូន​អ្នក​កាន់​អំណាច​​​ទទួល​បាន​​ប្រតិកម្ម​ចម្រុះ

  • នៅ វណ្ណារិន

ភ្ញៀវអ្នកមានមុខមានមាត់នៅកម្ពុជា ថតរូបជាមួយ​កូន​កំលោះគឺលោក សុខ សូកាន ដែលជាកូនប្រុស​របស់​លោក សុខ អាន និងកូនក្រមុំគឺ​អ្នកនាង សំអាង លក្ខិណា នៅក្នុង​ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ កាលពីខែមិថុនា។ (រូបដកស្រង់)

ជាច្រើន​ឆ្នាំ​មក​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ផលិត​ និង​កត់ត្រា​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ជា​រូបភាព​ និង​វីដេអូ​ឯកសារ​នានា​សម្រាប់​ទុក​ជា​អនុស្សាវរីយ៍ ​ក៏​ប៉ុន្តែ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​គណបក្ស​កាន់​អំណាច ទម្លាប់​នេះ​បាន​ក្លាយ​ជា​ការ​ពេញ​និយម​ក្នុង​ការ​បង្អួត​ពី​ភាព​មាន​បាន​ និង​អំណាច​របស់​ពួក​គេ​ទៅ​វិញ។

អ្នក​វិភាគ​យល់​ថា​ ការ​ព្យាយាម​សម្ញែង​ភាព​មាន​បាន​ និង​អំណាច​របស់​អ្នក​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ជះ​ផល​អាក្រក់​ដល់​ខ្លួន​ពួក​គេ​វិញ។​

រាប់​រយ​ឆ្នាំ​មក​នេះ​ ពលរដ្ឋ​កម្ពុជា​បាន​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ការ​រៀប​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី​ ​ដោយ​មាន​ការ​ហែ​ជំនូន​ពីក្រុម​គ្រួសារ​កូន​កម្លោះ​ ​ដើរ​ជា​ក្បួន​ទៅ​កាន់​ផ្ទះ​កូន​ក្រមុំ​ជាមួយ​នឹង​បណ្ណាការ​ និង​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ដែល​ពួក​គេ​អាច​រក​បាន។​

សព្វថ្ងៃ​នេះ​ពិធី​ហែ​ជំនូន​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ធម្មតា​ ​និង​ផលិត​ឡើង​ជា​វីដេអូ​ហើយ​វា​បាន​ក្លាយ​ជា​សញ្ញា​តំណាង​ឱ្យ​ភាព​ស្តុកស្តម្ភ​របស់​សង្គម​អ្នក​មាន​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​ហេតុ​ថា​ មាន​គ្រួសារ​អភិជន​នៃ​គណបក្ស​កាន់​អំណាច​កាន់​តែ​ច្រើន​ឡើង​ ​បាន​បង្កើត​វា​ជា​វីដេអូ​ ​ដើម្បី​តាំង​បង្ហាញ​ជា​សាធារណៈ​ ​បញ្ជាក់​ពី​ភាព​មាន​បាន​ ​ទ្រព្យសម្បត្តិ​ ​និង​ជោគ​សំណាង​របស់​ពួក​គេ​ ​ដែល​គ្រួសារ​របស់​ពួក​គេ​ភ្ជាប់​សាច់​ឈាម​នឹង​គ្នា។

នៅ​ពេល​ដែល​កូន​ចៅ​ជំនាន់​ក្រោយ​នៃ​គ្រួសារ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​រៀប​អាពាហ៍​ពិពាហ៍​នា​ខែ​មិថុនា​កន្លង​ទៅ​ ​ពួក​គេ​បាន​ផលិត​ខ្សែ​វីដេអូ​ជា​ច្រើន​បង្ហោះ​ទៅ​បណ្តាញ​សង្គម​ ​យូធូប ​(Youtube)​ និង​ ​ហ្វេសប៊ុក​ ​(Facebook)​ ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។​ ​ភ្លាមៗ​នោះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ ​និង​ការ​ជជែក​គ្នា​យ៉ាង​ច្រើន​អំពី​ ​របៀប​រស់​នៅ​របស់​អភិជន​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​ភ្ជាប់​សាច់​ឈាម​របស់​ពួក​គេ។​

ក្នុង​វីដេអូខ្លី​ឈ្មោះ​ ​«ក្តី​ស្រឡាញ់​និង​កត្តិយស​របស់​ ​សូកាន​ ​និង​លក្ខិណា»​ ​សុខ សូកាន​ ដែល​ជា​កូន​ប្រុស​របស់​អតីត​រដ្ឋ​មន្ត្រី​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​សុខ អាន​ ​បាន​បង្ហាញ​ការ​ពាក់​នាឡិកា​ដៃ​ម៉ាក​ ​Pakek Phillipe​ ​ដែល​មាន​តម្លៃ​ថ្លៃ​មុន​នឹង​ឡើង​ជិះ​រថយន្ត​ទំនើប​ ​Range Rover​ ​ចូល​ទៅ​កាន់​វិមាន​ដ៏​ធំ​ស្កឹមស្កៃធ្វើ​ពី​ថ្ម​ក្រានីត​របស់​ ​សំអាង លក្ខិណា​ ​ដែល​ជា​កូន​ស្រី​បង្កើត​របស់​ម្ចាស់​ក្រុមហ៊ុន​វឌ្ឍនៈ។ បន្ទាប់​មក​ ​កាំម៉េរ៉ា​បង្វែរ​ទៅ​រក​សញ្ញា​ប័ត្រ​ ​និង​រូបភាព​នានា​ដែល​អ្នក​ទំាង​ពីរ​ថត​ជាមួយ​ក្រុម​គ្រួសារ​ រួម​ទាំង​តារាង​ប្រាក់​របស់​ក្រុម​ហ៊ុន​វឌ្ឍនៈ។

វីដេអូ​របស់​លោក​ ​សូកាន​ ​និង​លក្ខិណា​ ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ ​ដោយ​សារតែ​គុណ​ភាព​ខ្ពស់​នៃ​វីដេអូ​នោះ។​ ​ពួក​គេ​ទាំង​ពីរ​គឺ​ជា​គូ​ស្វាមី​ដ៏​លេច​ធ្លោ​ចុង​ក្រោយ​បង្អស់​ ​ក្នុង​ការ​បង្ហាញ​ពី​ភាព​មាន​បាន​របស់​ខ្លួន​តាម​រយៈ​វីដេអូ​ខ្លី​ ​ដែល​រៀបរាប់​នូវ​អ្វីៗ​ទាំង​អស់​ ​ចាប់​ពី​ការ​ភ្ជាប់​ពាក្យ​ ​ដល់​ការ​ទទួល​ពរជ័យ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​

វីដេអូ​មួយ​ទៀត​របស់​កូន​លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មហា​ផ្ទៃ​ ​បង្ហាញ​កូន​លោក​និង​គូដណ្តឹង​ សម្តែង​ក្នុង​សម្លៀកបំពាក់​បុរាណ​នៅ​ក្នុង​អង្គរវត្ត​ ​និង​ជិះទូក​បុរាណ​ខ្មែរ​ដែល​មាន​ពណ៌មាស​ ​បន្ទាប់​មក​ពួក​គេ​ក៏​បង្ហាញ​ពី​ការ​ជិះឡាន ​Mercedes​ ​ពណ៌ស​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ ​ហើយ​ផ្លូវ​ធំ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ត្រូវ​បាន​បិទ​ ​សម្រាប់​ពិធី​របស់​ពួក​គេ។

យឹម បូណ៌មី​ ​ចៅ​ស្រី​របស់​ឧបនាយក​រដ្ឋ​មន្ត្រី​ពីរ​រូប​ ​និង​ ​មាស សុភារិទ្ធ​ ​កូន​របស់​ឧត្តម​សេនីយ៍​ ​មាស សុភា​ ​បាន​ធ្វើ​វីដេអូ​ខ្លី​ល្អ​ដាច់​គេ​ ​ដោយ​ពណ៌នា​ស្នេហារបស់​ពួក​គេ​នៅ​យុគសម័យ​ចំនួន​៤​ គឺសម័យ​អង្គរ​ ​សម័យ​លង្វែក​ ​សម័យ​សង្គម​រាស្ត្រ​និយម​របស់​ព្រះបាទ​សម្តេច​នរោត្តម ​សីហនុ​ ​ហើយ​និង​សម័យ​ ​«តេជោ» ​ដែល​សំដៅ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។

ពួក​គេ​ក៏​បាន​បង្ហោះ​វីដេអូ​នៃ​ពិធី​ភ្ជាប់​ពាក្យ​របស់​ខ្លួន​នៅ​ក្នុង​ភោជនីយដ្ឋាន​ដ៏​ថ្លៃ​មួយ​នៅ​ក្រុង​ភ្នំពេញ​ផង​ដែរ​ ​ដោយ​លោក​ផ្កាយ​មួយ​ ​សុភារិទ្ធ​ ​ស្លៀកពាក់​ទាហាន​ លត់​ជង្គង់​ស្នើ​សុំ​កញ្ញា​ ​បូណ៌មី​ ​រៀប​អាពាហ៍​ពិពាហ៍​ ​ដោយ​មាន​ការ​ហែហម​ដោយ​ពល​ទាហាន​នៅ​ឈរ​អម​សង​ខាង​ ​ប្រដាប់​ដោយ​ដាវ។​

ហើយ​នៅពេល​ដែល​កូនៗ​របស់​លោក​សេដ្ឋី​ លី យ៉ុង​ផាត់​ និង​លោក​ កុក អាន​ ភ្ជាប់​ចំណង​អាពាហ៍​ពិពាហ៍​ លោក ​យ៉ុងផាត់ បាន​ផ្សព្វផ្សាយ​ការ​ប្រារព្ធ​ពិធីដ៏​អស្ចារ្យ​នេះ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​ដាក់​ឈ្មោះ​ខ្លួន​លោក​ផ្ទាល់​គឺ​ ​Phat News Network​ ​ឬ​ ​PNN។​

វីដេអូជាច្រើន​ត្រូវ​គេ​ចែក​រំលែក​តៗ​គ្នា​នៅ​តាម​បណ្តាញ​សង្គម​ ​ដោយ​មាន​អ្នក​ខ្លះ​ឌឺដង​ ​អ្នក​ខ្លះ​ស្ញប់ស្ញែង​ ​ដោយ​និយាយ​ថា​ ពួកគេ​សរសើរ​អំពី​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​បង្ហាញ ​ហើយ​គេ​ប្រាថ្នា​ថា ​អាច​មាន​លទ្ធភាព​ដូច​គ្នា។

«ខ្ញុំ​ដឹង​ថា​ វា​ [ពិធី​រៀប​អាពាហ៍​ពិពាហ៍]​ ​គឺ​ជា​ថ្ងៃ​មង្គល​ដ៏ធំ​របស់​ខ្ញុំ​ និង​អ្នក​ទាំង​អស់គ្នា​ ​ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ អ្នក​គួរ​តែ​មើល​មុខ​ជំនួញ​ ​គេហដ្ឋាន​ ​និង​គណបក្ស​នយោបាយ​របស់​ខ្ញុំ​សិន»។​

នេះ​បើតាម​យោបល់​អ្នក​នាង​ Catherine Harry​ ​អ្នក​សរសេរ​ប៊្លុក​ម្នាក់​ ​ដែល​បាន​សរសេរ​នៅ​ខាង​ក្រោម​វីដេអូ​របស់​លោក​សូកាន​ និង​អ្នកនាង​លក្ខិណា។​

អ្នក​លេង​ហ្វេស​ប៊ុក​ម្នាក់​ទៀត​ គឺ​អ្នក​នាង​ លីន ណា​ ​អាយុ​៣២​ឆ្នាំ​ បាន​និយាយ​ថា​ ​អ្នក​នាង​ពិត​ជា​កោត​សរសើរ​ពិធី​ដែល​គេ​បាន​ធ្វើ​ឡើង ​ហើយ​ប្រាថ្នា​ថា​ ​នាង​អាច​រៀបចំ​អាពាហ៍​ពិពាហ៍​របស់​នាង​បែប​នោះ​ដែរ​កាល​ពីរ​ឆ្នាំ​មុន។​

«និយាយ​រួម​រឿង​រៀបការ​ នរណា​ម្នាក់​ក៏​ចង់​បាន​ដែរ​ ចង់​បាន​ល្អ​ ចង់​បាន​អឹក​អធឹក។​ បើ​ឃើញ​គេ​វិញ​ចង់​ណាស់​ ​តែ​លទ្ធភាព​យើង​មិន​ដល់​គេ។​ អីចឹង​ហើយ​យើង​ធ្វើ​តាម​ ​លទ្ធភាព​អ្វី​ដែល​យើង​មាន​ ​បាន​ប៉ុន្មាន​គឺ​ប៉ុណ្ណឹង​ឯង»។​

អ្នក​នាង​ ​លីន ណា​ ​សន្និដ្ឋាន​ថា​ វា​គឺ​ជា​ផល​បុណ្យល្អ​ដែល​គូស្នេហ៍​នោះ​បាន​សាង​ពី​ជាតិ​មុន​ដែល​ធ្វើឲ្យ​ពួកគេ​អាច​រៀបចំ​បាន​នូវ​ពិធី​ដ៏​ទាក់ទាញ​មួយ​នេះ។​ វា​ក៏​អាច​ជា​មូល​ហេតុ​មួយ​ដែរ។​

លោក​ Sebastian Strangio​ ​អ្នក​និពន្ធ​សៀវភៅ​ ​Hun Sen’s Cambodia​ ​បាន​និយាយ​ថា​ ផ្នត់​គំនិតនៃ​ផល​បុណ្យ​គឺ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​វប្បធម៌​នយោបាយ​កម្ពុជា។​ ​ដូច្នេះ​វីដេអូ​នោះ​មាន​គោល​បំណង​ពីរ ​គឺ​ការ​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ឥស្សរជន​ និង​ផល​បុណ្យ​ដែល​គេ​បាន​សាង។​

«ការ​បង្ហាញ​ទ្រព្យ​សម្បត្តិ​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ គឺ​ជា​វិធីសាស្រ្ត​ធម្មតា​មួយ​ដែល​មនុស្ស​ប្រើ​សម្រាប់​បង្ហាញ​ពី​ផលបុណ្យ​ដែល​ពួក​គេ​បាន​សាង​ឡើង​កាលពី​ជាតិ​មុន»​ ​នេះ​ ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោកStrangio។​

«ខ្ញុំ​គិត​ថា​ វីដេអូ​ប្រភេទ​នេះ​បង្ហាញ​សារ​ថា​ ជន​ទាំង​នោះ​មាន​បុណ្យ ហើយ​ពួកគេ​សម​នឹង​ទទួល​ទ្រព្យ​ដែល​ពួកគេ​មាន​ ហើយ​ដោយសារ​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ ពួកគេ​ធ្វើ​អ្វី​ក៏​សម»។​

ដូច​គ្នា​នេះ​ផង​ដែរ​ ​នៅ​ពេល​ដែល​អាពាហ៍​ពិពាហ៍​របស់​កូន​ប្រុស​លោក​ ​ស ខេង​ ​ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​ត្រូវ​បាន​គេ​រិះ​គន់​ដោយ​សារ​បាន​បិទ​ផ្លូវ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​មុន ​ដែល​ជា​ការ​បំពាន​ច្បាប់​ដែរ​នោះ​ ​ខុទ្ទការ​ល័យ​របស់​លោក​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​កាសែត​ The Cambodia Daily ​ដោយ​លើក​ហេតុផល​ថា​ ​ការ​ប្រារព្ធ​អាពាហ៍​ពិពាហ៍​ធំ​គឺ​ជា​រឿង​ធម្មតា​ក្នុង​សង្គម​កម្ពុជា។​ លិខិត​នោះ​បន្ត​ថា​ ​អ្នក​ណា​ដែ​ល​មិន​យល់ស្រប​គឺ​«ចង់​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ស៊ីរី​ថ្មី»។

ប៉ុន្តែ​យុទ្ធ​សាស្រ្ត​ក្នុង​ការ​បង្ហាញ​សក្តានុពល​របស់​ឥស្សរជន​ និង​ភាព​សម្បូរ​បែប​ ​ការ​រីក​ដុះ​ដាល​សណ្តាប់​ធ្នាប់​សង្គម​ដ៏​ខ្លាំង​មួយ​នេះ​អាច​នឹង​មិន​ទទួល​បាន​អ្វី​ច្រើន​មក​វិញ​នោះ​ទេ។ ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ​មិន​ស្មើ​គ្នា​ និង​ការ​ទទួល​បាន​ការ​អប់រំ ​និង​ការងារ​សម្រាប់​ប្រជាជន​ក្រី​ក្រ​នៅ​មាន​កម្រិត​ បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។​ ​អ្នក​វិភាគ​ជាច្រើន​បាន​លើក​ឡើង​ថា​ វា​ជា​គន្លឹះ​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រជា​ប្រិយភាព​របស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​រីក​ឡើង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ។​

«វា​នឹង​ក្លាយ​ជា​បញ្ហា​ ​ប្រសិន​បើ​ផ្នត់​គំនិត​នេះ​ចាប់​ផ្តើម​បង្កើត​ឱ្យ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​បង្ហាញ​ទ្រព្យ​សម្បត្តិ​នេះ»។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ ​Strangio។

ស្រប​គ្នា​នោះ​ដែរ​ ​លោក​ ​អៀ សុផល​ ​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ ​Occidental College ​នៃ​ទីក្រុង​ ​Los Angeles​ ​សហរដ្ឋ​អាមេរិក​ យល់ស្រប​ថា​ វីដេអូ​ដែល​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​ហួស​ប្រមាណ​របស់​ឥស្សរជន​នយោបាយ​នេះ ​អាច​នឹង​មាន​លទ្ធផល​មិន​ល្អ​បក​មក​ពួក​គេ​វិញ។​ ​លោក​បាន​បន្ត​ថា កាលពី​ឆ្នាំ​២០០៦​ ​សាធារណ​ជន​បាន​មាន​ការ​ខឹង​សម្បារ​អំពី​វីដេអូ​បែក​ធ្លាយ​មួយ​របស់​អាពាហ៍​ពិពាហ៍​កូន​ស្រី​របស់​ឧត្តម​សេនីយ៍​មីយ៉ាន់ម៉ា​ លោក​ ​Than Shwe​ ​ដែល​បង្ហាញ​ពី​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច​ដ៏​ហូរហៀរ ស្រា​សំប៉ាញ​ គុជ​ខ្យង​ និង​ពេជ្រ។​ សារព័ត៌មាន​ ​Irrawaddy​ បាន​រាយ​ការណ៍​ពិធី​នេះ​ដោយ​និយាយ​ថា​ ជា​«ទង្វើ​ហ៊ឺហា​មិន​បាន​គិត»​ ​ចំពោះ​មុខ​ភាព​ក្រី​ក្រ​របស់​ប្រទេស​នេះ។​

លោក​សាស្ត្រាចារ្យ​ ​អៀ សុផល​ ​បាន​បញ្ជាក់​ក្នុង​ ​Email​ ​មកកាន់​ ​VOA​ ​យ៉ាង​ដូច្នេះ​ថា៖​

«យើង​សង្ឃឹម​ថា ​កំហឹង​បន្ទាប់​ពី​អាពាហ៍​ពិពាហ៍​របស់​កូន​ស្រី​លោក​ ​Than Shwe​ ​ក្នុង​ប្រទេស​ភូមា​នឹង​មិន​កើត​ឡើង​នៅ​ក្នុង​កម្ពុជា​ទៅ​ចុះ!​ ពិត​ណាស់​ ​បើសិន​ជា​អ្នក​មាន​លុយ​សម្រាប់​ដុត​ចោល​ ​ហើយ​ចង់​បង្កើត​វីដេអូ​ដ៏​អស្ចារ្យ​មួយ​ដែលរំឭកប្រជាជនពី​ភាព​លំបាក​ក្រីក្រ​ ​អ្នក​ពិត​ជា​អាច។​ ​ប៉ុន្តែ​វា​នឹង​ត្រឡប់​មក​រក​អ្នក​វិញ​ ​នៅ​ពេល​ដែល​មាន​ការ​យល់​ឃើញ​ថា ​ វា​មាន​ភាព​អយុត្តិធម៌​ចំពោះ​ការ​បង្អួត​ពី​ទ្រព្យ​ដែល​បាន​ពី​អំពើ​ទុច្ចរិត​ ​អាច​ធ្វើ​ឲ្យ​មនុស្ស​គិត​ខុស»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយាលោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ថតរូបជាមួយ​កូន​កំលោះ សុខ សូកាន កូនប្រុស​របស់​លោក សុខ អាន និង​អ្នកនាង សំអាង លក្ខិណា នៅក្នុង​ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរកាលពីខែមិថុនា។ (រូបដកស្រង់)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយាលោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ថតរូបជាមួយ​កូន​កំលោះ សុខ សូកាន កូនប្រុស​របស់​លោក សុខ អាន និង​អ្នកនាង សំអាង លក្ខិណា នៅក្នុង​ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរកាលពីខែមិថុនា។ (រូបដកស្រង់)

ហានិភ័យ​គឺ​ពិត​ជា​ខ្ពស់​ណាស់​ដោយ​សារ​តែ​ស្លាក​គណបក្ស​ប្រជាជន​ត្រូវ​បាន​បង្ហាញ​ជា​ច្រើន​ឈុតឆាក​នៅ​ក្នុង​វីដេអូ​អាពាហ៍​ពិពាហ៍​ ហើយ​ជា​រ៉ើយៗ​ ​គូស្នេហ៍​ក្នុង​អាពាហ៍​ពិពាហ៍​នោះត្រូវ​បាន​ឲ្យ​ពរជ័យពី​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ និង​មន្រ្តី​ជាន់ខ្ពស់​ផ្សេងៗ​របស់​គណបក្ស​កាន់​អំណាច​ទៀត​ផង។​

វីដេអូ​ ​«The Love and Honor of Sokan and Leakhena»​ ​បង្ហាញ​ពី​លោក​ សុខ សូកាន​ ​កំពុង​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំសង្កាត់​យ៉ាង​សកម្ម​ ​ខណៈ​ដែល​អ្នក​នាង​ លក្ខិណា​ ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​នៃ​អគារ​ Vattanac Tower​ ​មុន​ពេល​ដែល​អ្នក​ទាំង​ពីរ​ជួប​គ្នា។​ ​ស្លាក​សញ្ញា​គណបក្ស​លេច​ចេញ​ជា​រឿយៗ។​ ​វីដេអូ​ហាក់​ដូច​ជា​ចង់​បង្ហាញ​ថា​ មិន​មែន​ត្រឹម​តែ​កូន​ក្រមុំ​ និង​កូន​កម្លោះ​ទេ​ដែល​បាន​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ ​ប៉ុន្តែ​គ្រួសារ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច្នេះ​ដែរ។

លោក​សាស្ត្រាចារ្យ​ ​អៀ សុផល​ ​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«មូលហេតុ​នោះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​របស់​ឥស្សរជន​ ដោយ​ភ្ជាប់​ចំណង​អាពាហ៍​ពិពាហ៍​ដែល​អាច​ធានា​បាន​នូវ​សុវត្ថិភាព​របស់​គ្រួសារ​ឥស្សរជន»។​

ទោះ​បីជាយ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​ច្រាន​ចោល​មតិ​ទាំង​ឡាយ​ណា​ដែល​ថា​ អាពាហ៍​ពិពាហ៍​របស់​កូនចៅ​នៃ​ក្រុម​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ធ្វើឡើង​ដោយ​សារ​មូលហេតុនយោបាយ​ និង​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ។ លោក​បាន​បន្ថែម​ថា​ អាពាហ៍​ពិពាហ៍​ទាំង​នោះ​គឺ​ជា​សុទ្ធ​តែកើត​ឡើង​ពីក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ ​និង​សាមញ្ញ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«សេចក្តី​ស្រឡាញ់​អត់​មាន​ព្រំដែន​ទេ!​ នៅ​ក្នុង​សាច់​រឿង​ខ្មែរ​ គឺ​មាន​រហូត​ដល់​មនុស្ស​ស្រឡាញ់​ពស់ ​រហូត​ដល់​ស្រឡាញ់​យក្ស​ទៅទៀត។​ ​ដូច្នេះ​សេចក្តី​ស្រឡាញ់​គឺ​គ្មាន​ព្រំដែន​នោះ​ទេ។​ ​ការ​លើក​ឡើង​នោះ​ គឺ​ជា​ការ​វាយ​ប្រហារ​ក្នុង​ន័យ​នយោបាយ​ ​បង្អាប់​ដល់​ការ​សម្រេច​ចិត្ត​របស់​កូន​កម្លោះ​ កូនក្រមុំ»។

ទាក់ទិន​ទៅ​នឹង​ការ​រិះគន់​ដែល​ថា​ ប្រជាជន​កម្ពុជា​ទោមនស្ស​ក្នុង​ការ​រៀប​អាពាហ៍​ពិពាហ៍​ដ៏​ខ្ជះខ្ជាយ​របស់​កូន​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​ ​លោក​ ​ផៃ ស៊ីផាន​ បានថ្លែង​ការពារ​ថា​ ពិធី​អាពាហ៍​ពិពាហ៍​នោះ​អាច​ជា​កត្តា​ជួយ​ឱ្យ​មាន​ការ​ចំណាយ​ ​ដើម្បី​ឱ្យ​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ដំណើរ​ការ​ល្អ​ទៅ​មុខ៕

XS
SM
MD
LG