លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សរាជានិយម បានសរសេរលិខិតថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ស្នើទ្រង់យាងត្រឡប់មកកម្ពុជាវិញ ដើម្បីប្រើព្រះរាជបុព្វសិទ្ធិជាអាជ្ញាកណ្តាល ដោះស្រាយទំនាស់រវាងគណបក្សនយោបាយធំៗទាំងពីរនៅកម្ពុជានាពេលបច្ចុប្បន្ន។
លិខិតចុះថ្ងៃទី២៤ ខែកញ្ញា ថ្វាយព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន លោក លឺ ឡាយស្រេងសរសេរថា លោក និងប្រជាពលរដ្ឋជាច្រើនមានសេចក្តីនឹករឭកដល់ព្រះមហាក្សត្រ ដែលកំពុងយាងគង់ឆ្ងាយពីមាតុភូមិអស់មួយរយៈកន្លងមក។ អតីតឧបនាយករដ្ឋមន្ត្រីរូបនេះបន្ថែមក្នុងលិខិតនោះថា ការនឹករំឭកនោះ ក៏មានលាយឡំដោយសេចក្តីក្រៀមក្រំ ភិតភ័យ និងបាត់បង់ភាពកក់ក្តៅ នៅពេលដែលប្រជាពលរដ្ឋត្រូវរស់នៅក្នុងបរិយាកាសអាប់អួរ ដោយសារមានការធ្វើវិសោធនកម្មច្បាប់រឹតត្បិតគណបក្សនយោបាយ ការបិទអង្គការអន្តរជាតិ និងសារព័ត៌មានឯករាជ្យ ពិសេសទំនាស់កាន់តែខ្លាំងរវាងគណបក្សធំៗទាំងពីរ រហូតដល់មើលមុខគ្នាមិនចំ។
លោក លឺ ឡាយស្រេង ប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ និងមានព្រះរាជសិទ្ធិក្នុងការបង្រួបបង្រួមជាតិទៅតាមរដ្ឋធម្មនុញ្ញ។ លោករំពឹងថា លិខិតដែលថ្វាយព្រះមហាក្សត្រដល់ទីក្រុងប៉េកាំងនោះ នឹងជួយឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាបានធូរស្រាល។
លោកមានប្រសាសន៍ថា៖
«ហៅគណបក្សទាំងពីរហ្នឹងមករួបរួមគ្នាទៅ ដោះស្រាយយ៉ាងម៉េចទៅណា ក្រែងលោលោកអាចជួយបាន។ ព្រះមហាក្សត្រមួយទាំងមូល មានព្រះរាជសិទ្ធិមួយខ្លាំងដែរ។ ក្នុងរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រជាអ្នកបង្រួបបង្រួមជាតិ អីចឹងចង់ឲ្យលោកបង្រួបបង្រួមជាតិចែងដោយរដ្ឋធម្មនុញ្ញ»។
លោក លី ឡាយស្រេង បានសរសេរបន្ថែមក្នុងសេចក្តីសន្និដ្ឋានបញ្ចប់នៃលិខិតនោះថា ទំនាស់ដែលកម្ពុជាកំពុងមានមិនបាននាំយកផលចំណេញដល់ភាគីនានា និងជាតិនោះទេ ផ្ទុយទៅវិញ មានតែការបែកបាក់ប្រេះឆារវាងខ្មែរ និងខ្មែរ និងការគាបសង្កត់ពីអន្តរជាតិ ពិសេសពីប្រទេសជិតខាង ដូចដែលកម្ពុជាធ្លាប់ទទួលរងក្នុងប្រវត្តិសាស្រ្តជាញឹកញយរួចមកហើយ។
ការសរសេរលិខិតស្នើអន្តរាគមន៍ពីព្រះមហាក្សត្រនេះ ធ្វើឡើងខណៈដែលស្ថានការណ៍នយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា មានការកើនកម្តៅយ៉ាងខ្លាំងជាបន្តបន្ទាប់ ចាប់តាំងពីលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា និងការបង្ក្រាបលើសារព័ត៌មានដែលមិនចំណុះរដ្ឋាភិបាល ការចោទសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយគម្រោងផ្តួលរំលំរដ្ឋាភិបាលជាដើម៕