ភ្នំពេញ —
កម្ពុជាជាប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៣។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយជាផ្លូវការនៅថ្ងៃអង្គារនេះដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International)។
របាយការណ៍ស្តីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅឆ្នាំ២០១៣បង្ហាញថា ក្នុងចំណោម១៧៧ប្រទេសដែលស្ថិតក្នុងការសិក្សា កម្ពុជាស្ថិតក្នុងលេខរៀងទី១៦០ ដោយធ្លាក់ពីលេខរៀងទី១៥៧កាលពីឆ្នាំ២០១២។ កម្ពុជាទទួលបានត្រឹមតែ២០ពិន្ទុប៉ុណ្ណោះលើ១០០ពិន្ទុ ដែលធ្លាក់ពី២២ពិន្ទុកាលពីឆ្នាំមុន។
ដោយឡែកប្រទេសឡាវនិងប្រទេសភូមាដែលធ្លាប់តែមានចំណាត់ទាបជាងកម្ពុជា បានកើន៥និង៦ពិន្ទុរៀងខ្លួន ដែលនាំឱ្យប្រទេសទាំងពីរស្ថិតក្នុងលេខរៀងល្អជាងកម្ពុជាជាលើកដំបូង គឺក្នុងលេខរៀងទី១៤០និង១៥៧។
លទ្ធផលនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណាត់ថ្នាក់អាក្រក់ជាងគេបង្អស់ក្នុងចំណោម១០ប្រទេសដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
ដោយឡែកប្រទេសសិង្ហបុរីនៅតែនាំមុខគេក្នុងតំបន់ដោយមានលេខរៀងទី៥ តាមពីក្រោយដោយព្រុយណេក្នុងលេខរៀងទី៣៨ និងប្រទេសម៉ាឡេស៊ីក្នុងលេខរៀងទី៥៣។ ចំណែកឯប្រទេសដាណឺម៉ាក ណូវែលហ្សេឡង់ និងប្រទេសហ្វាំងឡង់នៅតែរក្សាបានចំណាត់ថ្នាក់នៃប្រទេសដែលស្អាតស្អំបំផុតក្នុងពិភពលោក។
លោក ឱក សេរីសុភ័ក្រក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា ថ្លែងថាចំណាត់ថ្នាក់ទាបជាងគេក្នុងតំបន់របស់កម្ពុជានេះ ជាកញ្ចក់ដែលកម្ពុជាគួរកែលម្អ។
«ពីឆ្នាំទៅយើងមានលេខ៨ ឆ្នាំនេះយើងឡើងដល់លេខ១០។ គឺយើងអន់ជាងឡាវនិងភូមាទៅទៀត។ ដូច្នេះយើងកុំគិតថាCPIហ្នឹងទិតៀនយើង ត្រូវគិតថានេះជាកញ្ចក់ដើម្បីបង្ហាញឱ្យយើងឃើញថាស្ថានការណ៍ដល់ហើយ ត្រូវតែកែប្រែ»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ជួយគូសបញ្ជាក់បន្ថែមថារដ្ឋាភិបាលកម្ពុជាគប្បីធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីកាត់បន្ថយអំពើពុករលួយក្នុងប្រទេសនេះ។
«រដ្ឋាភិបាលគួរអនុវត្តច្បាប់ឱ្យបានតឹងរឹង គឺគ្មានការលើកលែងទេ ដោយមានវិធានការទប់ស្កាត់។ ការពិនិត្យតាមដានការធ្វើសវនកម្ម និងធ្វើយន្តការដើម្បីឱ្យមានគណនេយ្យភាព។ ទីបីអប់រំសុច្ចរិតភាពទៅសង្គមឱ្យតម្លៃលើភាពស្អាតស្អំ រិះគន់និងដាក់សម្ពាធលើអ្នកប្រព្រឹត្តអំពើពុករលួយ។ បើត្រឹមតែឆន្ទៈនយោបាយ ការគំរាម ដោយគ្មានសកម្មភាពជាក់លាក់ណាមួយ យើងមិនរំពឹងថាមានការផ្លាស់ប្តូរច្រើនទេ»។
លោកព្រាប កុល បន្ថែមថាការធ្លាក់ចុះចំណាត់ថ្នាក់របស់កម្ពុជាប្រហែលជាបណ្តាលមកពីស្ថានការណ៍នយោបាយច្របូកច្របល់នៅកម្ពុជាក្រោយថ្ងៃបោះឆ្នោត ដែលធ្វើឱ្យអ្នកវិនិយោគមួយចំនួនបារម្ភនិងបាត់បង់ទំនុកចិត្ត។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) បានដាក់ពិន្ទុនិងចំណាត់ថ្នាក់ប្រទេសទៅតាមកម្រិតនៃការយល់ឃើញរបស់អ្នកវិនិយោគនិងពាណិជ្ជករឯកជនអំពីអំពើពុករលួយក្នុងវិស័យសាធារណៈរបស់រដ្ឋ។ របាយការណ៍នេះជាការសិក្សារួមគ្នារបស់អង្គការអន្តរជាតិចំនួន៧ ដូចជាធនាគារពិភពលោក និងវេទិកាសេដ្ឋកិច្ចពិភពលោកជាដើម។
លោក ឈាង វ៉ុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍នេះទេ ដោយបង្វែរសំណួរទៅលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល។
ប៉ុន្តែលោក ឱម យិនទៀង និងលោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
បើតាមស្ថាប័នយូអេសអេអាយឌី (USAID) របស់សហរដ្ឋអាមេរិក កម្ពុជាបានបាត់បង់ថវិកាយ៉ាងតិច៥០០លានដុល្លារជារៀងរាល់ឆ្នាំទៅលើអំពើពុករលួយ។
ប៉ុន្តែក្នុងអំឡុងពេលឃោសនាបោះឆ្នោត គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានបរិហារថា ការបាត់បង់ចំណូលជាតិដោយសារអំពើពុករលួយមានច្រើនជាងនេះ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា លោកស្រី Christine Lagarde នាយិកាគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងនៅថ្ងៃអង្គារនេះទៅកាន់និស្សិតនៅក្នុងសាលាភូមិន្ទរដ្ឋបាល ដោយស្នើឱ្យកម្ពុជាពង្រឹងអភិបាលកិច្ចល្អនិងតម្លាភាពបន្ថែមទៀតដើម្បីទាក់ទាញលំហូរវិនិយោគទុន។
លោកស្រីមិនបានបរិយាយចំៗអំពីអំពើពុករលួយនៅកម្ពុជាទេ ប៉ុន្តែលោកស្រីថ្លែងដោយប្រយោលថា៖ «កម្ពុជាត្រូវការស្ថាប័ននិងអភិបាលកិច្ចល្អជាងនេះ។ កម្ពុជាត្រូវការបរិយាកាសក្នុងការធ្វើពាណិជ្ជកម្មល្អប្រសើរជាងនេះ ដោយផ្អែកលើភាពអព្យាក្រឹត្យនិងភាពអាចទស្សន៍ទាយបាន»។
លោក ព្រាប កុល ព្រមានថាប្រសិនបើមិនមានចំណាត់ការលើបញ្ហាពុករលួយឱ្យបានសមស្របនិងទាន់ពេលវេលាទេ លំហូរវិនិយោគនិងការបណ្តាក់ទុនរកស៊ីនៅកម្ពុជាអាចនឹងមានការធ្លាក់ចុះ៕