ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមគ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំខ្លួន ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក និង​ហៅ​ការចាប់ខ្លួន​«ជារឿង​នយោបាយ»


រូបឯកសារ៖ ក្រុមអ្នកតវ៉ា​លើក​បដានៅ​មុខ​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០២០ ស្នើឲ្យ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់​សាច់​ញាតិ​របស់​ពួកគេ​ ដែល​ជា​​អតីត​មន្ត្រី​គណបក្សប្រឆាំង​​។ (ហ៊ុល រស្មី​/វីអូអេ)
រូបឯកសារ៖ ក្រុមអ្នកតវ៉ា​លើក​បដានៅ​មុខ​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០២០ ស្នើឲ្យ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់​សាច់​ញាតិ​របស់​ពួកគេ​ ដែល​ជា​​អតីត​មន្ត្រី​គណបក្សប្រឆាំង​​។ (ហ៊ុល រស្មី​/វីអូអេ)

បើ​តាម​ញត្តិ​នោះ​ ពួក​គេ​ទាំង​១៥​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ​២០២០។ ​ពួក​គេ​លើក​ឡើង​ថា​ គ្រួសារ​របស់​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ខុស​ច្បាប់​ជាតិ​ និង​អន្តរជាតិ​នោះ​ទេ។

នៅថ្ងៃ​សុក្រនេះ​ ​ក្រុម​គ្រួសារ​របស់​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ស្វាមី ​និង​ឪពុក​របស់​ពួក​គេ។​

ញត្តិ​ចុះ​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ដែល​ដាក់​ទៅ​ស្ថានទូត​អាមេរិក​ ហើយ​ដែល​មាន​ស្នាម​មេដៃ​ពួកគេ​លើក​ឡើង​ថា​ សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​សរុប​ចំនួន​១៥​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ភ្នំពេញ។ ​ពួក​គេ​ស្នើ​សុំ​ឲ្យ​ស្ថានទូត​អាមេរិក ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ដោះ​លែង​សកម្មជន​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​

បើ​តាម​ញត្តិ​នោះ​ ពួក​គេ​ទាំង​១៥​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ​២០២០។ ​ពួក​គេ​លើក​ឡើង​ថា​ គ្រួសារ​របស់​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ខុស​ច្បាប់​ជាតិ​ និង​អន្តរជាតិ​នោះ​ទេ។​ ញត្តិ​បញ្ជាក់​ថា៖ ​

«ពួក​យើង​ខ្ញុំ​ជឿ​ជាក់​ថា ​ប្តី​របស់​ពួក​យើង​ខ្ញុំ​ជា​ប្តី​ល្អ​ជា​ឪពុកល្អ​ជា​មេគ្រួសារ ​និង​ពលរដ្ឋ​ល្អ»។

ពួកគេ​បន្ត​ថា៖​ «បន្ទាប់​ពី​ការ​ចាប់ខ្លួន​នេះ​ គ្រួសារ​យើង​ខ្ញុំ​កំពុង​រង​ការ​លំបាក​យ៉ាង​ខ្លាំង​លើ​បញ្ហា​ដោះស្រាយ​ជីវភាព​ គ្រសារ​បាត់បង់​មុខ​របរ​ ប៉ះពាល់​សតិ​អារម្មណ៍ ​ប៉ះពាល់​សុខភាព​…»។​

អ្នកស្រី ​សំ ចិន្តា ​អាយុ​៥១ ​ឆ្នាំ ​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ស្វាមី​របស់​អ្នកស្រី​ឈ្មោះ ​កែវ ថៃ ​ជា​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ ​ខេត្ត​កំពង់ឆ្នាំង ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០២០​ នៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ឃុំ​ពពេល ​ស្រុក​បរិបូរណ៍ ​ខេត្ត​កំពង់ឆ្នាំង។ ​អ្នកស្រី​ថា​ ការ​ចាប់​ខ្លួន​នេះ​មិន​មាន​ដីកា ហើយ​ក្រុម​គ្រួសារ​មិន​ដឹង​ថា​ លោក ​កែវ ថៃ​ បាន​ប្រព្រឹត្ត​អ្វី​ខុស​ រហូត​ដល់​ថ្នាក់​ចាប់​ខ្លួន​នោះ​ទេ។ ​អ្នកស្រី​ចាត់​ទុក​ថា​ នេះ​ជា​រឿង​នយោបាយ​សុទ្ធ​សាធ​ ដោយ​សារ​ស្វាមី​របស់​អ្នកស្រី​ គឺ​ជា​មនុស្ស​សកម្ម​ម្នាក់។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​យល់​ថា​ ការ​ចាប់​ខ្លួន​ប្តី​ខ្ញុំ​ គ្មាន​យុត្តិធម៌​សោះ​ឡើយ ព្រោះ​មនុស្ស​អត់​ធ្វើ​អី​ខុស ​មក​ចាប់​អ៊ីចឹងៗ។​ បើ​និយាយ​ទៅ​បំណង​គេ ​បម្រុង​ចាប់​ប្តី​ខ្ញុំ​តាំង​ពី​២០១៩​ម្ល៉េះ»។​

លោក ​ធន់ ធានី ​អាយុ​២៨ ​ឆ្នាំ ​មាន​ប្រសាសន៍​ថា​ ឪពុក​របស់​លោក​ គឺ​លោក ​ស៊ុន ធន់​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មិថុនា។ ​លោក​ថា ​ការ​ចាប់​ខ្លួន​នេះ​ ធ្វើ​ឡើង​ទាំង​បង្ខំ​ និង​អយុត្តិធម៌ ​ហើយ​ជា​រឿង​នយោបាយ ​ដោយសារ​តែ​លោក​សកម្ម​នៅ​តាម​មូលដ្ឋាន។​

លោក​មាន​ប្រសាសន៍​ថា៖​ «គាត់​ជួយ​នៅ​មូលដ្ឋាន។ ​គាត់​ជួយ​រក​យុត្តិធម៌​អី​ផ្សេងៗ។ ​គាត់​ជា​សកម្មជន​នយោបាយ​តាម​មូលដ្ឋាន​ដ៏​ធំ​ ដល់​អ៊ីចឹង​អាជ្ញាធរ​ខាង​គណបក្ស​កាន់​អំណាច ​គេ​មិន​ពេញ​ចិត្ត ​ដល់​អ៊ីចឹង​គេ​ចង់​បំបិទ​មាត់ ​បំបិទ​សិទ្ធិ​សេរីភាព​យើង»។​

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​ សំ សុគង់​ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំង​នោះ មាន​ប្រសាសន៍​ថា​ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ចោទ​ប្រកាន់ ​«រួម​គំនិត​ក្បត់​ ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ​និង​ញុះញង់​ឲ្យ​យោធា​មិន​ស្តាប់​បង្គាប់»។​ ពួកគេ​ត្រូវ​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ​ភ្នំពេញ ​ដោយសារ​សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ​ ជា​អ្នក​បើក​ការ​ស៊ើបសួរ។​

បើ​តាម​លោក​ សំ សុគង់ ​ការ​ចាប់​ខ្លួន​នេះ​ ទាក់ទង​នឹង​អង្គហេតុ​កាល​ពី​ឆ្នាំ​២០១៨ និង​ទាក់ទង​នឹង​ការ​បង្ហោះ​ និង​ចែក​រំលែក​ព័ត៌មាន​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។​

លោក​មេធាវី​ចាត់​ទុក​ថា​ ករណី​នេះ​ជា​រឿង​នយោបាយ ​ខណៈ​ការ​សុំ​នៅក្រៅ​ឃុំ​កាល​ពី​កន្លង​ទៅ ​ក៏​ត្រូវ​បាន​តុលាការ​បដិសេធ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​យល់​ថា​ ការ​ចោទ​ប្រកាន់​ពួក​គាត់​ទាក់ទង​នឹង​បទ​ល្មើស​ទាំង​បី​ខាង​លើ​នេះ​ មិន​ទាន់​ត្រឹម​ត្រូវ​ទេ ​ទាក់ទង​នឹង​ការ​ផុស ​ឬ ​ការ​ដែល​គាត់​ Share ​(ចែក​រំលែក) ​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី​ ក៏ដូច​ជា​សារ​ព័ត៌មាន​ផ្សេងៗ។ ​ខ្ញុំ​គិត​ថា ​មិនមែន​ជា​បទ​ល្មើស​រហូត​ដល់​រួម​គំនិត​ក្បត់​ទេ។ ​គាត់​ប្រើប្រាស់​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ»។​

លោក ​ជិន​ ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​មាន​ប្រសាសន៍​ថា​ ការ​សុំ​អន្តរាគមន៍ពី​ស្ថាប័ន​ណា​មួយ​ជាសិទ្ធិ​របស់​ពួក​គេ ​ប៉ុន្តែ​លោក​ថា ​ពុំ​មាន​ស្ថាប័ន​ណា​អាច​ទៅ​បំពាន​ច្បាប់​របស់​កម្ពុជា​នោះ​ទេ។​ លោក​ថា ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ អាច​រក​មេធាវី​ដើម្បី​ដោះ​បន្ទុក​ក្នុង​រឿង​ទាំង​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «រឿង​នយោបាយ​ ឬ ​មិន​នយោបាយ​ វា​មិន​សំខាន់​ទេ។ ​សំខាន់​ផ្លូវ​ច្បាប់ ​មាន​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​កើត​ឡើង។​ មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​បង្កើត​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​បញ្ញត្តិ​ក្នុង​ច្បាប់។ ​អ៊ីចឹង​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ ធ្វើ​ការ​ការពារ​ខ្លួន​ ដោះ​បន្ទុក​តាម​ផ្លូវ​ច្បាប់»។​

លោក​ ​Phil Robertson​ ​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(Human Rights Watch) ​មាន​ប្រសាសន៍​ថា​ សមាជិក​គណបក្ស​សង្រ្គោះ​ជាតិយ៉ាងហោចណាស់​៣២ ​នាក់​ត្រូវ​បាន​ឃុំ​ឃាំង​ ​ខណៈ​ប្រមាណ​៨០​នាក់​ទៀត​ ​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន តែ​បន្ត​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ដដែល។ ​លោក​បន្ថែម​ថា​ ការ​ចាប់​ខ្លួន ​ការ​បំភិត​បំភ័យ​ ការ​យាយី​ការ​ចោទ​ប្រកាន់​ ដាក់​ពន្ធនាគារ​ «គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​បំផ្លាញ​ការ​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​តាម​រយៈ​វិធាន​ការ​គាប​សង្កត់»៕​

XS
SM
MD
LG