ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ​រួច​បញ្ជូន​មក​ភ្នំពេញ​


លោក ​ស៊ុន ធន់ ​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ក្នុង​រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មិថុនា ឆ្នាំ​២០២០។ (screenshot)
លោក ​ស៊ុន ធន់ ​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ក្នុង​រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មិថុនា ឆ្នាំ​២០២០។ (screenshot)

មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​គឺ​លោក ​ស៊ុន ធន់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​រួច​បញ្ជូន​មក​រាជធានី​ភ្នំពេញ​ខណៈ​ក្រុម​គ្រួសារ​មិន​ដឹង​ថាពាក់ព័ន្ធ​នឹង​មូលហេតុ​អ្វី។​

លោក​គ្រី សារិទ្ធ ​មេ​បុស្តិ៍​រដ្ឋបាល​ឃុំទ្រាល​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថាសមត្ថកិច្ច​បាន​អនុវត្ត​ដីកា​ចាប់​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ លោក​បញ្ជាក់​ថា លោក​ស៊ុន ធន់​ត្រូវ​បាន​បញ្ជូន​មក​ភ្នំពេញ។​លោក​បង្វែរ​សំណួរ​នេះ​មក​តុលាការ​ភ្នំពេញ​វិញ​ដោយ​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ។​

លោក​ធន់ ធានី​ អាយុ​២៨​ឆ្នាំ​កូន​ប្រុស​របស់​លោក ​ស៊ុន ធន់ ​មាន​ប្រសាសន៍​ថា​ ឪពុក​របស់​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​ក្នុង​ភូមិ​ថ្មី​ឃុំ​ទ្រាល ​ ស្រុក​តាំងគោក​ខេត្ត​កំពង់ធំ ​វេលា​ម៉ោង​ជាង​១០​ព្រឹក។​លោក​មិន​បាន​ដឹង​អំពី​មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន​នោះ​ទេ។​ លោក​បន្ត​ថា ​ក្រុម​គ្រួសារ​បាន​ព្យាយាម​សាកសួរ​នគរបាល​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ តែ​មិន​ទាន់​ទទួល​ព័ត៌មាន​អ្វី​នោះ​ទេ។​

លោក​ធន់ ធានី​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដោយសារ​ឪពុក​របស់​លោក​ជា​មនុស្ស​សកម្ម​ម្នាក់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល។​

VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​គុជ គឹមឡុង​អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

លោក​ស៊ុន ធន់​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​របស់​គណបក្ស​សង្រ្គោះ​ជាតិ។​កន្លង​ទៅ ​លោក​ធ្លាប់​អះអាង​ថា​លោក​ត្រូវ​បាន​តាម​ដាន​និង​ឃាត់​ខ្លួន​សាកសួរ​ជា​បន្ត​បន្ទាប់។​

មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ កាល​ពី​សប្តាហ៍​មុន​អាជ្ញាធរ​ខេត្ត​សៀមរាប​ក៏​បាន​ចាប់​ខ្លួន​លោក​ពៀត ម៉ាប់​អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ខេត្ត​សៀមរាប​និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​ផង​ដែរ។​ លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​ឧសភា ​ក្នុង​ឃុំ​ដំដែក​ស្រុកសូទ្រ​និគម​ ហើយ​បច្ចុប្បន្ន​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។​

លោក​សំ សុគង់​មេធាវី​ការពារ​ក្តី​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​អះអាង​ថា ​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​លោក​បាន​ការពារ​ក្តី​ឲ្យ​មន្រ្តី​គណបក្ស​ប្រមាណ​១០០​នាក់​ដែល​ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​ដោយ​មាន​ដីកា​ខ្លះ​និង​មិន​មាន​ដីកា​ខ្លះ។​លោក​បន្ត​ថា ​បច្ចុប្បន្ន​នេះ​លោក​កំពុង​ការពារ​ក្តី​ឲ្យ​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១៦​នាក់​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ហើយ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ​រួម​គំនិត​ក្បត់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​និង​ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់៕

XS
SM
MD
LG