អ្នកស្រី សុខ ចាន់ថៃ រំឭកពេលកំពុងបើកម៉ូតូនៅខេត្តកំពង់ធំ នៅលើផ្លូវដែលអ្នកស្រីបានប្រើវាជាញឹកញាប់តាំងពីពេលមុនមកហើយ។ នៅពេលនោះ អ្នកស្រីកំពុងធ្វើដំណើរទៅការិយាល័យរដ្ឋបាលមួយដើម្បីដោះស្រាយបញ្ហាច្បាប់បើកអាជីវកម្មរបស់អ្នកស្រី។
ស្រ្តីវ័យ៣៧ឆ្នាំ ដែលជាម្តាយរបស់កូនពីរនាក់ បានធ្វើអាជីវកម្មផលិតទឹកបរិសុទ្ធខ្នាតតូច ដែលចែកចាយដល់ពលរដ្ឋនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅពេលបើកម៉ូតូ គាត់ដឹងតែបើកប៉ុណ្ណោះ ប៉ុន្តែមិនដឹងថាតើ ត្រូវទៅផ្លូវណាទេ។ មានអ្វីម្យ៉ាងដែលមកហួងហែងចិត្តអ្នកស្រី។
អ្នកស្រីបានប្រាប់វីអូអេថា៖ «គិតចុះគិតឡើង ជិះវង្វេងខេត្តកំពង់ធំបងអើយ»។
ស្វាមីអ្នកស្រីសុខ ចាន់ថៃ ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ដោយការសង្ស័យថាលោកបានគាំទ្រលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួន នៅក្នុងគម្រោងមួយដែលគេចោទថា ជារដ្ឋប្រហារ។ អ្នកស្រីស្នើសុំមិនបញ្ចេញឈ្មោះស្វាមីអ្នកស្រីនៅក្នុងសេចក្តីរាយការណ៍នេះ ដោយភ័យខ្លាចថា វានឹងប៉ះពាល់ដល់រឿងក្តីរបស់ស្វាមីអ្នកស្រី។
លោក សម រង្ស៊ី បានប្រកាសកាលពីខែសីហាថា លោកនឹងវិលត្រឡប់ចូលមកប្រទេសកម្ពុជានៅខែវិច្ឆិកា ដែលជាផែនការមិនអាចធ្វើទៅរួច ដោយហេតុថា ប្រទេសជិតខាងមួយចំនួនបានរាំងខ្ទប់ដំណើរឆ្លងកាត់របស់លោកមកកាន់កម្ពុជា។
ស្វាមីរបស់អ្នកស្រី សុខ ចាន់ថៃ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេចាប់ខ្លួនជាច្រើននាក់។ បទឧក្រិដ្ឋដែលត្រូវបានគេចោទប្រកាន់មកលើបី្តអ្នកស្រីនោះ គឺដោយសារការបង្ហោះវីឌីអូមួយនៅលើគណនីហ្វេសប៊ុករបស់គាត់ ពណ៌នាអំពីផែនការវិលត្រឡប់មកកម្ពុជាវិញរបស់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា។
បន្ទាប់ពីបានចំណាយពេលជាងមួយខែនៅក្នុងពន្ធនាគារ ស្វាមីអ្នកស្រីសុខ ចាន់ថៃ ត្រូវបានគេដោះលែងឲ្យបានស្ថិតនៅក្រៅឃុំកាលពីខែវិច្ឆិកា ពោលគឺក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលមានចិត្តអាណិតអាសូរដល់អ្នកដែលត្រូវបានចាប់ខ្លួន ដោយលោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ពួកគេត្រូវបានលោកសម រង្ស៊ី បោកបញ្ឆោតឲ្យរៀបចំគម្រោងរដ្ឋប្រហារ។
ខណៈដែលស្វាមីអ្នកស្រីត្រូវបានដោះលែងនោះ ផលរំខាននៃការចាប់ខ្លួនរបស់គាត់នៅបន្ត។
គ្រួសាររបស់សកម្មជន និងមន្ត្រីគណបក្សប្រឆាំងរមែងតែនិយាយថា ការដោះលែងអ្នកដែលជាទីស្រឡាញ់របស់ពួកគេឲ្យបានស្ថិតនៅក្រៅឃុំនោះ គ្រាន់តែជាបន្ធូរបន្ថយភាពតានតឹងក្នុងចិត្តមួយផ្នែកតូចប៉ុណ្ណោះ ដោយសារពួកគេមានការតប់ប្រមល់ជាច្រើន ដែលភ្ជាប់ជាមួយនឹងបទចោទប្រកាន់ដែលមិនច្បាស់លាស់ និងការព្រួយចិត្តចំពោះការណ៍ដែលត្រូវបានចាប់ខ្លួនម្តងទៀត។
នៅពេលដែលពួកគេត្រូវប្រឈមនឹងរឿងអាម៉ាស់ផ្ទាល់ខ្លួន នៅក្នុងសហគមន៍ដែលពួកគេរស់នៅ ផលរំខានលើជីវិតប្រចាំថ្ងៃរបស់ពួកគេ ពេលខ្លះអាក្រក់ខ្លាំណាស់។
ភ្លាមៗក្រោយការចាប់ខ្លួន សិប្បកម្មផលិតទឹកបរិសុទ្ធរបស់អ្នកស្រីសុខ ចាន់ថៃ បានជួបបញ្ហា ដោយការតម្រូវឲ្យសុំច្បាប់ធ្វើអាជីវកម្មឡើងវិញ ជាបញ្ហាដែលអ្នកស្រីមិនដែលជួបអស់រយៈពេលបីឆ្នាំមកហើយ ចាប់តាំងពីអ្នកស្រីបានចាប់ផ្តើមអាជីវកម្មតូចមួយនេះ។
រឿងនេះមិនមែនប៉ះតែទៅលើប្រាក់ចំណូលប្រចាំថ្ងៃដែលត្រូវឲ្យកូនបង់ថ្លៃសាលានោះទេ វាថែមទាំងបានធ្វើឲ្យមានការពិបាកសម្រាប់សងបំណុលធនាគារផងដែរ។
ជាងនេះទៅទៀត កម្មករប្រាំមួយនាក់ដែលធ្វើការឲ្យអ្នកស្រី ឥឡូវនេះបដិសេធមិនធ្វើការឲ្យអ្នកស្រីទៀតទេ។ អ្នកស្រីចាំបាច់ត្រូវសុំឲ្យសាច់ញាតិមកជួយ។
អ្នកស្រីបញ្ជាក់ថា៖ «ចំណាយថវិកាសព្វគ្រប់ កូនទៅរៀនមួយថ្ងៃវា២ម៉ឺនបាត់ហើយ ហើយបើគេបិទទៅខ្ញុំបានអី? អ៊ីចុះលុយធនាគារ បានមកពីណា? គិតចុះ គិតឡើង ជិះវង្វេងខេត្តកំពង់ធំ»។
គ្រាដែលវាជារឿងពិបាករួចទៅហើយសម្រាប់គ្រួសារជាច្រើន ដើម្បីដោះស្រាយការចោទប្រកាន់ដែលមានជាប់ហេតុផលនយោបាយ ទៅលើអ្នកដែលជាទីស្រឡាញ់របស់ពួកគេនោះ ការខាតបង់មួយផ្សេងទៀតក៏បានធ្លាក់ទៅលើអ្នកដែលត្រូវបានគេចោទប្រកាន់ផងដែរ។
កញ្ញាយូ ចាន់ធានី វ័យ ២៥ ឆ្នាំ បានប្រឈមនឹងការជាប់ពាក់ព័ន្ធដោយអន្លើជាមួយគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ។ នាងមិនមែនជាមន្ត្រីជាប់ឆ្នោតរបស់បក្ស ហើយក៏មិនមែនជាអ្នកកាន់តំណែងជាន់ខ្ពស់ណានោះដែរ។
ប៉ុន្តែជារៀងរាល់ល្ងាច ប្រជាពលរដ្ឋខ្មែរនឹងអាចឃើញកញ្ញាយូ ចាន់ធានីនៅលើបណ្តាញសង្គមហ្វេសប៊ុកអានព័ត៌មានលើទំព័របណ្តាញសង្គមរបស់លោកសម រង្ស៊ី។ គណបក្សប្រឆាំងបានប្រឹងទាំងត្រដរដើម្បីបង្កើតទូរទស្សន៍ផ្ទាល់ខ្លួន និងបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ផ្សព្វផ្សាយដំណឹងជូនប្រជាពលរដ្ឋខ្មែរ។
ការផ្សព្វផ្សាយតាមវីឌីអូចុងក្រោយនោះ គឺធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាថ្ងៃដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលដោយតុលាការកំពូល។ តុលាការជាន់ខ្ពស់មួយនេះ បានហាមឃាត់មន្ត្រីជាន់ខ្ពស់ ១១៨នាក់របស់គណបក្សប្រឆាំងមិនឲ្យចូលរួមក្នុងឆាកនយោបាយផងដែរ។
ក្នុងវ័យ២៥ឆ្នាំ កញ្ញាចាន់ធី ជាពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញ បានរក្សាភាពស្ងាត់ស្ងៀមតាំងពីពេលនោះមក។ ប៉ុន្តែ ដំណើររបស់នាងមួយទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែសីហា បានធ្វើឲ្យភាពស្ងប់ស្ងៀមរបស់នាងប្រែប្រួលអស់។ នាងបាននិយាយថា នាងមានក្តីរំភើប ដើម្បីជួបលោកសម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ទីដែលមេដឹកនាំគណបក្សជំទាស់ បានកំពុងចូលរួមការជួបជុំគ្នាមួយ និងនៅពេលលោកជួបជុំសហការីដែលមានផែនការវិលមកកម្ពុជានៅខែវិច្ឆិកា។
នាងបានដឹងតិចណាស់ថា ជំនួបតែមួយលើកនោះ បានធ្វើឲ្យជីវិតរបស់នាងក្រឡាប់ចាក់នៅប្រទេសកម្ពុជា។ នៅពេលត្រឡប់មកទីក្រុងភ្នំពេញវិញ នាងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកញ្ញា ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ បន្ទាប់ពីបានចំណាយពេលជាងពីរខែក្នុងពន្ធនាគារ នាងត្រូវបានដោះលែងឲ្យបានស្ថិតនៅក្រៅឃុំកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។
VOA បានជួបសម្ភាសជាមួយកញ្ញាយូ ចាន់ធានី នៅឯហាងកាហ្វេមួយក្នុងខណ្ឌដូនពេញ ក្រុងភ្នំពេញកាលពីខែមុន។ អតីតអ្នកអានព័ត៌មានរូបនេះ បានទិញកាហ្វេមួយកែវមកហូប ប៉ន្តែនាងកម្រកាន់កែវកាហ្វេក្នុងពេលធ្វើបទសម្ភាសន៍នោះ។
នាងបាននិយាយថា បទពិសោធន៍ដែលបានស្ថិតនៅក្នុងពន្ធនាគារ ធ្វើឲ្យនាងមានការច្របូកច្របល់។ នាងចាប់យកក្រដាសមួយសន្លឹកយ៉ាងលឿន ដែលក្រដាសនោះជាឯកសារដីកាដែលបានដោះលែងនាង។
ក្នុងអំឡុងពេលនាងបង្ហាញខ្លួនលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី នាងច្បាស់ជាបានអានរឿងរ៉ាវជាច្រើនអំពីពន្ធនាគារជាច្រើននៅប្រទេសកម្ពុជាពីមុនមក ប៉ុន្តែនាងខ្លួនឯងផ្ទាល់បែរជាទទួលបានបទពិសោធន៍ជាប់ក្នុងបន្ទប់ពន្ធនាគារដែលមានមនុស្សប្រមាណ១០០នាក់ផ្សេងទៀតដែលជាស្ត្រី។
នាងបានប្រាប់វីអូអេថា៖
«និយាយទៅស្លុតដែរបង ទៅដល់ គ្រាន់តែថា ពេល ពេលហ្នឹង តាំងអារម្មណ៍កុំឲ្យខ្លួនឯងស្លុតបាក់ទៅតាមនេះអ៊ីចឹងទៅណា៎!»។
កញ្ញាចាន់ធានី និយាយទៀតថា នាងបានប្រើភាពរឹងប៉ឹងនៃបទពិសោធន៍របស់ឪពុកម្តាយនាងដែលធ្លាប់មានក្នុងសម័យខ្មែរក្រហម និងតែងតែរំឭកខ្លួននាងថា នាងនឹងត្រូវបានគេដោះលែងភ្លាមៗ។ ប៉ុន្តែរយៈពេលពីរខែក្នុងពន្ធនាគារ បានបន្សល់ទុកឲ្យនាងនៅភាពតក់ស្លត់ និងភ័យខ្លាចទៅវិញ។
«គេចាប់យកទៅហើយ គិតថា ស្អែកហ្នឹងគេលែងខ្ញុំវិញហើយ ប្រហែលជាមិនអីទេ ព្រោះដោយសារខ្ញុំ អត់មានអីខុសទេ ស្អែកហ្នឹង គេលែងខ្ញុំហើយ ខ្ញុំមិនអីទេ ខ្ញុំទៅធ្វើការវិញបានហើយ មានណ៎ាបង ពីរខែ ពីរថ្ងៃ ព្រៃស ម២»។
កញ្ញាយូ ចាន់ធានី ធ្លាប់បម្រើការងារនៅឯធនាគារមួយឈ្មោះ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ឬហៅថា ABA) ប៉ុន្តែនាងបានបាត់បង់ការងារ បន្ទាប់ពីនាងត្រូវបានគេចាប់ខ្លួន។ ហើយនៅពេលនាងត្រូវបានគេអនុញ្ញាតឲ្យនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យរបស់តុលាការនោះ វារឹតតែធ្វើឲ្យនាងមានការពិបាកដើម្បីរកការងារធ្វើ។ នាងក៏ត្រូវរាយការណ៍ទៅប៉ុស្តិ៍ប៉ូលិសមូលដ្ឋាន ជារៀងរាល់ខែ និងមិនអាចធ្វើដំណើរក្រៅប្រទេសបានទេ។
អ្វីដែលប្រឈមបំផុតសម្រាប់នាងនៅពេលនេះ គឺការរកការងារធ្វើថ្មី។ ហើយវាមិនងាយស្រួលនោះទេ ដែលត្រូវរកការងារថ្មី នៅពេលដែលនាងត្រូវបានគេចោទថា រៀបគម្រោងផ្តួលរំលំរដ្ឋាភិបាល ជាបទចោទដែលអាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំនោះ។
«ខ្ញុំទៅកន្លែងការងារខ្ញុំ គឺគេអត់អាចទទួលយកខ្ញុំវិញបានទេ ប៉ុន្តែហេតុផលរបស់គេ គឺត្រឹមត្រូវ ត្រង់ថា បទចោទហ្នឹង គឺចងខ្ញុំ គឺចងខ្ញុំ អត់អាចរកការងារធ្វើ ត្រង់អី? ត្រង់ថា គឺខ្ញុំត្រូវបង្ហាញខ្លួន រៀងរាល់មួយខែម្តង ដើមខែអ៊ីចឹងណ៎ា! ហើយហាមមិនឲ្យខ្ញុំទៅក្រៅប្រទេស ក្រៅអី។ អ៊ីចឹងធម្មតា បទចោទហ្នឹង គឺមានន័យថា យើងនៅក្រោមការគ្រប់គ្រងរបស់តុលាការនៅឡើយទេ»។
ជាច្រើនឆ្នាំកន្លងមកនេះ អ្នកទោសនយោបាយ ជាពិសេសអ្នកដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បាននិយាយថា វាពិបាកសម្រាប់ឲ្យពួកគេវិលទៅរកជីវិតរស់នៅធម្មតាវិញ ដោយសារតែបទចោទប្រកាន់ មិនត្រឹមតែបានបង្អាក់ទឹកចិត្តថៅកែ តែវាថែមទាំងបានបង្កើនស្ថានភាពតប់ប្រមល់លើទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។
អ្នកវិភាគនយោបាយលោកបណ្ឌិតមាស នី បានមានប្រសាសន៍ថា ភាពតានតឹងខាងនយោបាយនាពេលថ្មីៗនេះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្កឲ្យមានការចាប់ខ្លួនជាច្រើន ហើយមនុស្សជាច្រើនត្រូវបានចាប់ខ្លួនយ៉ាងអកុសលដោយសារតែការផ្ចាញ់ផ្ចាលគ្នាទៅវិញទៅមករវាងអ្នកនយោបាយ។
ជាងនេះទៀត លោកថា ដើម្បីឲ្យការផ្ចាញ់ផ្ចាលកាន់តែអាក្រក់នោះ ការទម្លាក់បទចោទប្រកាន់ទាំងឡាយទៅបាននោះ គឺអាស្រ័យលើ កត្តាពីខាងក្រៅ ដូចជា ថាតើត្រូវទុកឲ្យ ឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ EBAត្រូវព្យួរដោយសហភាពអឺរ៉ុប ឬក៏ផ្តល់បន្ទុកនៃភស្តុតាងបន្ថែមដើម្បីប្រឆាំងពួកអ្នកដែលត្រូវគេចាប់ខ្លួនទាំងនោះ។
«របៀបដែលដោះស្រាយទៅលើករណី ដូចការចាប់ ទាំងអស់ហ្នឹង គឺយើងមើលទៅ វាចាប់តាមរបៀបទិដ្ឋាភាពនយោបាយនេះច្រើនជាងផ្លូវច្បាប់បាទ។ កន្លែងខ្លះមិនទាំងប្រើច្បាប់ផង គឺទៅចាប់សិន ហើយធ្វើច្បាប់តាមក្រោយអីចឹងទៅណ៎ា»។
សម្រាប់អ្នកខ្លះទៀត ការចាប់ខ្លួនទាំងនេះ បានក្លាយជាទម្លាប់ដ៏គួរឲ្យក្រៀមក្រំសម្រាប់ពួកគេ។អ្នកស្រី សុខ ស្រីនិច្ច ទើបតែក្លាយជាម្តាយម្នាក់ ហើយគាត់គឺជាប្រពន្ធរបស់សកម្មជនគង់ រ៉ៃយ៉ា។
លោកគង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួន មួយថ្ងៃ មុនពេលការធ្វើពិធីរំឭកដល់អ្នកវិភាគនយោបាយលោកបណ្ឌិតកែម ឡី ដែលត្រូវបានគេបាញ់ស្លាប់។ លោកគង់ រ៉ៃយ៉ា បានបង្ហោះលើទំព័រហ្វេសប៊ុកលក់អាវយឺត ដែលមានរូបលោកកែម ឡី ព្រមទាំងបានផ្តល់លេខទៅអ្នករត់ឡានឈ្នួល ដែលអាចនាំមនុស្សមកចូលរួមពិធីរំឭកនោះមកកាន់ទីក្រុងភ្នំពេញ។
ប៉ុន្តែគាត់ត្រូវបានចាប់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមបទចោទថា «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជាបទចោទប្រកាន់ទូទៅដែលជាញឹកញាប់ត្រូវបានប្រើដោយអាជ្ញាធរដើម្បីបំបាត់មតិរិះគន់។ ការចាប់ខ្លួនលើកនេះ មិនមែនជាលើកដំបូងទេសម្រាប់លោករ៉ៃយ៉ា។
កាលពីខែសីហា ឆ្នាំ២០១៥ លោកត្រូវបានចាប់ខ្លួន និងបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៨ខែក្រោមបទចោទសម្រាប់ការបង្ហោះមួយផ្សេងទៀតលើនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្រុមអង្គការសិទ្ធិមនុស្សបានហៅការចាប់ខ្លួនលោករ៉ៃយ៉ា ថា គ្មានមូលដ្ឋាន និងជាការវាយប្រហារលើសិទ្ធិសេរីភាពបញ្ចេញមតិដោយសន្តិវិធីរបស់គាត់។
លោកគង់ រ៉ៃយ៉ា ត្រូវបានដោះលែងម្តងទៀត កាលពីថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានបន្ធូរបន្ថយបន្ទុកខ្លះដល់អ្នកស្រីសុខ ស្រីនិច្ច។ ការចាប់ឃុំខ្លួនចុងក្រោយរបស់លោករយៈពេលបួនខែនោះ បានធ្វើឲ្យអ្នកស្រីមានការលំបាកជាពន់ពេក ទាំងផ្នែកហិរញ្ញវត្ថុ និងស្មារតី។
អ្នកស្រីបានបញ្ជាក់ថា៖«ការលំបាកខ្ញុំខ្លាំងមែនទែន ព្រោះអីរ៉ាប់រងខ្លួនឯងទាំងអស់ហ្មង អីក៏ដោយ នៅក្នុងផ្ទះ ការហូបចុក ចំណាយទៅលើប្តី។ នៅពន្ធនាគារដូចដឹងស្រាប់ហើយអី អីគឺចំណាយមួយទ្វេជាពីរអីហ្អោះ! អ៊ីចឹងហើយ គឺថ្លៃខ្លាំងមែនទែន»។
ការដោះលែងលោកគង់ រ៉ៃយ៉ា បានសម្រាលបន្ទុកខ្លះ ប៉ុន្តែដរាបណា បទចោទប្រកាន់នៅតែមាននោះ វាពិបាកសម្រាប់គូស្វាមីទាំងពីរត្រឡប់ទៅជីវិតធម្មតាវិញ។ អ្នកស្រីស្រីនិច្ចនិយាយថា សេរីភាពរបស់ស្វាមីអ្នកស្រី គឺមានត្រឹមពាក់កណ្តាល ហើយជាងនេះទៅទៀត វាបានបន្ថែមនៅកម្រិតច្របូកច្របល់ក្នុងចិត្ត និងសម្ពាធលើទំនាក់ទំនងគ្រួសារ៕