ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​បារម្ភ​ពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព ក្រោយ​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​បាន​ផ្លាស់​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង


រូបឯកសារ៖ រថយន្តដឹកអ្នកទោសជាច្រើននាក់ ដែល​រួមមានទាំង​សមាជិកគណបក្សសង្គ្រោះជាតិ​ផង បានទៅ​ដល់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (Photo by TANG CHHIN Sothy / AFP)
រូបឯកសារ៖ រថយន្តដឹកអ្នកទោសជាច្រើននាក់ ដែល​រួមមានទាំង​សមាជិកគណបក្សសង្គ្រោះជាតិ​ផង បានទៅ​ដល់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (Photo by TANG CHHIN Sothy / AFP)

ក្រុម​គ្រួសារ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភអំពី​ការ​គំរាម​កំហែង និង​ការ​រឹត​ត្បិត​មិន​ឱ្យ​និយាយ​អំពី​ទុក្ខ​លំបាក ក្រោយ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ត្រពាំង​ផ្លុង​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជាប់​ព្រំដែន​ប្រទេស​វៀតណាម។

អ្នក​ស្រី សេង ចាន់ថន ភរិយា​របស់​លោក ស៊ុន ធន់ ដែល​ជា​អតីត​ក្រុម​ប្រឹក្សា​ម្នាក់​របស់​គណបក្ស​ប្រឆាំង​ក្នុង​ខេត្ត​កំពង់​ធំ ប្រាប់​វីអូអេ​ថា​ ស្វាមី​របស់​អ្នកស្រី​មិន​ហ៊ាននិយាយ​ស្តី​អ្វី​ឡើយ​ នៅ​ពេល​អ្នក​ស្រី​ព្យាយាម​សួរ​អំពី​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ ដែល​អ្នកស្រី​ថា វា​ខុស​ប្លែក​ពី​ធម្មតា។

អ្នក​ស្រី​ថ្លែង​ថា៖ «ហើយ​ការ​និយាយ​ស្តី​អី​ គឺ​គាត់​អត់​ហ៊ាន​ហ្មង។ អ៊ីចឹង​គឺ​បិទ​សិទ្ធិ​សេរីភាព​គាត់។ ចំណុច​អស់​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក»។

អ្នក​ស្រី​បន្ត​ថា ​អ្នក​ស្រី​ចង់​ឱ្យ​អាជ្ញាធរ​បញ្ជូន​ខ្លួន​ស្វាមី​ និង​សកម្មជន​ផ្សេង​ទៀត​មក​កាន់​ពន្ធនា​គារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ​វិញ ដោយ​សារ​វា​មាន​ការ​ពិបាក​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ ជាពិសេ​ស​ត្រូវ​ចំណាយ​ថវិកា​ច្រើន។

អ្នកស្រី​បន្ថែម​ថា៖ «ដោយ​សារ​ហេតុ​អ្វី​បាន​ជាខ្ញុំ​អត់​ចង់​ឱ្យ​នៅ​ហ្នឹង។ ព្រោះ​កន្លែង​ហ្នឹង​មាន​ការ​រឹត​ត្បិត​សេរីភាព​ពួក​គាត់ រឹត​ត្បិត​សេរីភាព​ពួក​ខ្ញុំ គ្រាន់​តែ​ទៅ​សួរ​សុខ​ទុក្ខ​ក៏​មាន​ការ​លំ​បាក​ដែរ ខ្វះ​អី​តិច​តួច​ត្រូវ​បាន​សំឡុត គំរាម​កំហែង»។

អ្នកស្រី សេង ចាន់ថន និង​ស្រ្តី​ផ្សេង​ទៀត​ ដែល​ជា​ភរិយា​របស់​សកម្មជន​ជាប់​ពន្ធនាគារ តែង​តែ​ចេញ​មុខ​តវ៉ា​នៅ​ខាង​មុខ​តុលាការ និង​កន្លែង​ផ្សេង​ទៀត ដើម្បី​សុំ​អន្តរាគមន៍​ពី​ភាគី​ពាក់​ព័ន្ធ​ឲ្យ​ជួយ​ស្វាមី​របស់​ពួក​គេ។

ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ អាជ្ញាធរ​បាន​សម្រេច​បញ្ជូន​ស្វាមី​របស់​ពួក​គេ​ដែល​ជា​សកម្មជន​នយោបាយ​ចំនួន​ ១៤ នាក់ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​វិញ ដែល​ជា​ទី​កន្លែង​លោក កឹម សុខា មេដឹក​នាំ​បក្ស​ប្រឆាំង ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទីនោះ​ផង​ដែរ។ នេះ​បើ​តាម​ក្រុម​គ្រួសារ​របស់​សកម្មជន។

អ្នកស្រី ផល ជឿន កូន​ស្រី​របស់​លោក ឡុង ផារី អតីត​ប្រតិបត្តិ​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​សួរ​សុខ​ទុក្ខ​ឪពុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ។ អ្នកស្រី​បាន​លើក​ឡើង​ថា ​ឪពុក​របស់​ខ្លួន​មិន​និយាយ​អ្វី​ប្រាប់​ឡើយ ហើយ​ថា ​ស្ថាន​ភាព​របស់​លោក​ល្អ​ធម្មតា។ ប៉ុន្តែ​អ្នក​ស្រី​កត់​សម្គាល់​ថា ឪពុក​មិន​បាន​និយាយ​អ្វី​ដែល​លោក​ចង់​និយាយ​ឡើយ។

អ្នក​ស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ជូន​ឪពុក​ត្រឡប់​មក​កាន់​មន្ទីរ​ឃុំ​ឃាំង​ព្រៃ​ស​ ក្នុង​រាជធានី​ភ្នំពេញ​វិញ។

អ្នក​ស្រី​ថ្លែង​ថា៖ «ដូច​ជា​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ម្តងៗ គឺ​ចំណាយ​ច្រើន ទាំង​ពេល​វេលា ថវិកា ហើយ​និយាយ​ទៅ​លំបាក លំបាក​ច្រើន​ពេល​ដែល​គាត់​នៅ​ទីនោះ​ (ពន្ធនាគារ​ត្រពាំង​ផ្លុង)។ បើ​សិនជា​គេ​យក​មក​នេះ​វិញ​ទៅ វា​បាន​ជិត»។

បើ​តាម​អ្នក​ស្រី ផល់ ជឿន សកម្ម​ជន​ចំនួន​ ១៤​ នាក់​ ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ព្រៃស ទៅ​កាន់​មណ្ឌល​ឃុំ​ឃាំង​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ កា​លពី​ថ្ងៃ​ទី​ ២១​ ខែសីហា ឆ្នាំ ២០២២។ សកម្មជន​ទាំង​នោះ​រួម​មាន​ លោក ស៊ុន ធន់ លោក កែវ ថៃ លោក យឹម សារ៉េត លោក សុខ ចាន់ថា លោក ញ៉ែម វាន លោក ថៃ គន្ធា និង​លោក ឃឹម ភាណា​ជាដើម។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា​ ការ​ផ្លាស់​ប្តូរ​អ្នក​ទោស​ពី​ពន្ធនាគារ​មួយ​ទៅ​ពន្ធនា​គារ​មួយ​ទៀត​ ជា​រឿង​ធម្មតា នៅ​ពេល​ណា​ដែល​មាន​កក​ស្ទះ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ណា​មួយ។ លោកបដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ​ ដែល​ថា​ សកម្មជន​នយោបាយ​ជាប់​ទោស​ទាំង​នោះត្រូវ​បាន​រឹត​ត្បិត​មិន​ឱ្យ​និយាយ​ស្តី។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ខ្ញុំ​សុំ​បដិ​សេធ​នូវ​អ្វី​ ដែល​គាត់​ថា​ មិន​ហ៊ាន​និយាយ»។

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ ថ្លែង​ថា ​តាម​ច្បាប់ បុគ្គល​ដែល​ជាប់​ពន្ធនាគារ ត្រូវ​ដក​ហូត​តែ​សិទ្ធិ​ដើរ​ហើរ​តែ​ប៉ុណ្ណោះ ខណៈ​សិទ្ធិ​ដទៃ​ទៀត​ គឺ​នៅ​ដដែល។ អ្នក​ឃ្លាំ​មើល​រូប​នេះ​បន្ត​ថា ​ករណី​ដែល​បាន​កើត​ឡើង​លើ​សកម្មជន​ទាំង​ ១៤ នាក់​នោះ ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ​ឃាំង។

លោក​ថ្លែង​ថា៖ «កាល​ណា បើ​សិន​ជា​មាន​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​និយាយ​ស្តី ហើយ​និង​ការ​ជួប​ប្រាស្រ័យ​ទាក់​ទង​រវាង​អ្នក​ជាប់​ឃុំ និង​ក្រុម​គ្រួសារ អាហ្នឹង​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ពួក​គាត់»។

បើ​តាម​លោក អំ សំអាត ករណី​ចុង​ក្រោយ​មាន​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។ ការណ៍​នេះ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរត្រួត​ពិនិត្យ​ក៏​ដូច​ជា​ស៊ើប​អង្កេត​ករណី​នេះ។

លោក​ថ្លែង​ថា៖ «គឺ​យើង​មាន​ការ​សោក​ស្តាយ​ទៅ​លើ​ករណី​នេះ​ ហើយ​យើង​ទទូច​ឱ្យ​មាន​ការ​ស្រាវ​ជ្រាវ​និងការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជា​តម្លាភាព និង​ស្វែង​រក​យុត្តិធម៌»។

អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ១០ ​នាក់​ដែល​កំពុង​ជាប់​ឃុំ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ ចំនួន​ ៥ ​ឆ្នាំ​ ពី​បទ​ «រួម​គំនិត​ក្បត់ និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»​ ដោយ​ក្នុង​នោះ​ទោស​ត្រូវ​អនុវត្ត​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន​ ៣ ​ឆ្នាំ​ ៨​ ខែ សល់​ពីនោះ​ត្រូវ​ព្យួរ។ សំណុំ​រឿង​នេះ​មាន​ជាប់​ទាក់​ទង​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ​សម​ រង្ស៊ី​ កាល​ពី​ឆ្នាំ​ ២០១៩ ​និង​ចលនា​សង្គ្រោះ​ជាតិ។ ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​ ២០២០។

គួរ​បញ្ជាក់​ថា​ សំណុំ​រឿង​សកម្ម​ជន​ទាំង​នេះ ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជំនុំ​ជម្រះ កាលពី​ថ្ងៃ​ទី​ ១៦ ខែ​សីហា ឆ្នាំ ២០២២ ហើយ​សាលដីកា​នឹង​ត្រូវ​ប្រកាស​នៅ​ទី​ ១៣ ខែ​កញ្ញា ឆ្នាំ​ ២០២២។ នេះ​បើ​តាម​ក្រុម​គ្រួសារ​របស់​សកម្មជន៕

XS
SM
MD
LG