សកម្មជននយោបាយខ្មែរម្នាក់ដែលកំពុងភៀសខ្លួនរស់នៅប្រទេសថៃ លោក ផន ផាន់ណា ត្រូវបានមនុស្សមួយក្រុមវាយប្រហារ កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ដោយលោកចាត់ទុកនេះជាការគំរាមផ្នែកនយោបាយមួយលើរូបលោកដែលជាសកម្មជនគណបក្សភ្លើងទៀន។
លោក ផន ផាន់ណា អាយុ៣៦ឆ្នាំ អនុប្រធានយុវជនថ្នាក់ជាតិរបស់គណបក្សភ្លើងទៀនបានភៀសខ្លួនទៅរស់នៅប្រទេសថៃចាប់តាំងពីខែសីហា ឆ្នាំ២០២២ ដោយសារគេចពីការគំរាមកំហែងក្នុងប្រទេសកម្ពុជា នៅពេលលោកត្រូវបានកាត់ទោសជាប់ពន្ធនាគារ៥ឆ្នាំ ក្នុងសំណុំរឿងគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាក្រុមមនុស្សមិនស្គាល់មុខមានគ្នា៣នាក់ បានតាមដានរូបលោក ហើយបានព្យាយាមវាយប្រហាររូបលោក នៅវេលាម៉ោង១១និង៤៥នាទីព្រឹក។ ប៉ុន្តែលោកបានព្យាយាមគេច ហើយរងរបួសបន្តិចបន្តួចនៅលើមុខនិងដើមទ្រូង។ លោកបញ្ជាក់ថាមនុស្សទាំងនោះមានបំណងវាយប្រហាររូបលោក ហើយចាប់ដាក់ក្នុងរថយន្ត ដើម្បីបញ្ជូនមកប្រទេសកម្ពុជាវិញ។ ការប៉ុនប៉ងវាយប្រហារនោះត្រូវបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះរបស់ប្រជាពលរដ្ឋថៃ។
លោក ផន ផាន់ណា ចាត់ទុកការវាយប្រហារ នេះជាការគំរាមកំហែងផ្នែកនយោបាយមួយលើរូបលោក ដើម្បី«បំបាក់ស្មារតី»សកម្មជនគណបក្សជំទាស់ ដែលហ៊ានចេញមុខតវ៉ា។
លោកថ្លែងថា៖ «ខ្ញុំអត់ដែលមានទំនាស់ជាមួយអ្នកណាទេ ជារឿងបុគ្គល។ ហើយពាក់ព័ន្ធនឹងការដែលភៀសខ្លួនមកប្រទេសថៃនេះ ខ្ញុំមានតែជួយបងប្អូនពលករនៅទីនេះ ជួយសម្របសម្រួលការងារមួយចំនួនដែលខ្ញុំអាចជួយបាន ហើយខ្ញុំជួយបង្រៀន ហើយខ្ញុំជួយបង្រៀនក្មេងៗ កូនពលករនៅទីនេះ»។
លោកបន្ថែមថា៖ «ហើយអ្វីដែលខ្ញុំមានហ្នឹង គឺមានតែរឿងនយោបាយមួយគត់ ពីព្រោះកន្លងមកហ្នឹង ខ្ញុំរងការគំរាមកំហែងពីមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល។ ទាំងគំរាមកំហែងទាំងអូសទាញ រហូតដល់មានដីកាចាប់ខ្លួន»។
លោក ផន ផាន់ណា ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសថៃជាមួយភរិយានិងកូនប្រុសពីរនាក់របស់លោក បានទទួលសិទ្ធិជ្រកកោនក្នុងប្រទេសថៃ ដោយមានការទទួលស្គាល់ដោយស្ថាប័នទទួលបន្ទុករបស់អង្គការសហប្រជាជាតិ។ លោកបញ្ជាក់ថា វាមានការលំបាកសម្រាប់រូបលោកក្នុងការប្តឹងផ្តល់ករណីវាយប្រហារនេះទៅអាជ្ញាធរថៃ។
បើតាមលោក ផន ផាន់ណា លោកធ្លាប់ត្រូវបានអូសទាញឱ្យចុះចូលជាមួយគណបក្សកាន់អំណាចជាច្រើនលើកច្រើនសា ប៉ុន្តែលោកមិនទទួលយកការព្យាយាមបញ្ចុះបញ្ចូលឡើយ។
នៅក្នុងប្រទេសថៃ លោក ផន ផាន់ណា តែងតែជួបកម្មករខ្មែរហើយប្រាប់ពួកគេមិនឱ្យទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្ន និងចាត់ទុកការបោះឆ្នោតកាលពីខែកក្កដា ក្លែងក្លាយ។ បច្ចុប្បន្ននេះ លោកជាអ្នកបច្ចេកទេសម្នាក់ក្នុងការរៀបចំវីដេអូ និងការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការវាយប្រហាររដ្ឋាភិបាលកម្ពុជា។
លោក ផន ផាន់ណា ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង។ ក្រោយមក លោកបានវិលត្រឡប់មកកម្ពុជាវិញ ដោយចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ក្នុងតួនាទីជាអនុប្រធានយុវជនថ្នាក់ជាតិ។
លោកឱ្យដឹងទៀតថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានចោទប្រកាន់លោកពីបទធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោត ហើយបានដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យរយៈពេល២០ឆ្នាំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើងថាមានការបញ្ជាពីគណបក្សកាន់អំណាចឱ្យវាយប្រហារប្រហារសកម្មជននយោបាយគណបក្សជំទាស់។ លោកចាត់ទុកថានេះគ្រាន់ ជាការប្រឌិតរឿងរបស់សកម្មជនដែលមាននិន្នាការប្រឆាំង ដើម្បីប្រើប្រាស់ជាហេតុផលអាចទៅរស់នៅប្រទេសទីបី។
លោកថ្លែងថា៖ «គ្មានអ្នកណាទៅតាមវ៉ៃគាត់ដល់បាំងកកដល់ប្រទេសថៃនោះទេ។នគរបាលយើង ឬមួយក៏សមត្ថកិច្ចយើងមានសិទ្ធិអីទៅចូលក្នុងដែនដីគេ ដើម្បីទៅបង្កើតបញ្ហា? អាហ្នឹងគាត់បង្កើតរឿងទេ ដើម្បីចោទប្រកាន់មកលើគណបក្សកាន់អំណាច ដើម្បីគាត់យកលេសទៅជួបUNHCR ដើម្បីគាត់សុំលិខិតស្នាម ដើម្បីទៅនៅប្រទេសទីបី។រឿងតែប៉ុណ្ណឹង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ទទូចឱ្យបញ្ឈប់រាល់ការគំរាមកំហែងណាមួយជាពិសេសលើសកម្មជនគណបក្សប្រឆាំងទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។
លោកថ្លែងថា៖ «ការប្រើប្រាស់អំពើហិង្សា វាជារឿងខុសច្បាប់ ហើយវានាំឱ្យមានការចោទប្រកាន់ផ្សេងៗទៀតទាក់ទងនឹងរឿងនយោបាយជាដើម ក៏ប៉ុន្ដែជារឿយៗឃើញសកម្មជនគណបក្សប្រឆាំងមួយចំនួន ក្រៅតែពីរងការគំរាមកំហែងបំភិតបំភ័យនៅក្នុងស្រុកហើយ នៅក្រៅប្រទេសដូចជាប្រទេសថៃ ក៏ត្រូវបានទទួលនិងរងអំពើហិង្សាដែរ»។
លោក អំ សំអាត រំពឹងថារដ្ឋាភិបាលអាណត្តិថ្មីនឹងពង្រឹងការអនុវត្តច្បាប់ ហើយស្វែងរកជនល្មើសមកផ្ដន្ទាទោសឱ្យខាងតែបានចំពោះករណីវាយប្រហារសកម្មជនគណបក្សជំទាស់៕