ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​មាន​វិធានការ​សីលធម៌​ចំពោះ​អំពើ​ហិង្សា​ពី​កង​សន្តិសុខ​​ខណ្ឌ​ដូនពេញ​លើ​​គរុនិស្សិត​ម្នាក់​​​


រូប​ឯកសារ៖ ទិដ្ឋភាពក្រសួង​អប់រំ​​ យុវជន​និង​កីឡាកាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា​។ (ទុំ ម្លិះ/VOA)
រូប​ឯកសារ៖ ទិដ្ឋភាពក្រសួង​អប់រំ​​ យុវជន​និង​កីឡាកាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា​។ (ទុំ ម្លិះ/VOA)

កម្លាំង​សន្តិសុខ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​គរុ​និស្សិត​កម្រិត​មូលដ្ឋាន​ឯក​ទេស​អប់រំ​កាយ ​និង​កីឡា​ម្នាក់​ អំឡុង​ពេល​នៃ​ការ​តវ៉ា​ជំទាស់​នឹង​ការ​លុប​ឈ្មោះ​ចេញពី​ការ​បណ្តុះ​បណ្តាល​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា។ ​

លោក កែវ សុវណ្ណឫទ្ធិ ​អាយុ​២០ឆ្នាំ​ ត្រូវ​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ចាប់​អូស​ទាញចូល​ក្នុង​រថ​យន្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ​ខែ​សីហា ​នៅពេល​លោក​កំពុង​ឈរ​លើកបដា​ទាមទារ​យុត្តិធម៌​ពី​ក្រសួង​អប់រំ​ ដែល​លោក​ចោទ​ថា​ បាន​កាត់​ឈ្មោះ​គាត់​ចេញ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ​ ឆ្នាំ​២០២១។ ​

នេះ​បើ​តាម​ឃ្លីប​វីដេអូ​ខ្លី​មួយ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ក្រសួង​អាង​លើ​ហេតុផល​ដែល​លោក​មាន​កម្ពស់​មិន​ត្រូវ​នឹង​លក្ខណៈ​សម្បត្តិ​សម្រាប់​ការ​បណ្តុះ​បណ្តាល​គរុនិស្សិត ទោះ​បី​លោក​រៀន​បាន​មួយ​ខែ​ទៅ​ហើយ​ក្តី។​

ជុំវិញ​ការ​ចាប់​ខ្លួន​លោក​ទៅ​កាន់​សាលា​ខណ្ឌ​ដូនពេញ លោក សុវណ្ណឫទ្ធិ ​អះអាង​ថា​ កម្លាំង​សន្តិសុខបាន​បំពាន​សិទ្ធិ​របស់​លោក​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​ ព្រោះ​លោក​មិន​បាន​បង្ក​ចលាចល​អំឡុង​ពេល​តវ៉ា​នោះ​ទេ។ ​លោក​ត្រូវ​បាន​ដោះ​លែង​មក​វិញ​ ក្រោយ​សន្យា​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា​នឹង​មិន​ធ្វើ​កា​រតវ៉ា​បែប​នេះទៀត។​

លោក​ថ្លែង​ថា៖​ «ពេល​ពួក​គាត់​អូស​ពួក​ខ្ញុំ​ដោយ​កំរោល​ គាត់​មិន​បាន​សុំ​សិទ្ធិ​ខ្ញុំ។ ​គាត់​អូស​ហ្នឹង​គឺ​ធ្វើ​យ៉ាង​ណា​ក៏ដោយ​ធ្វើ​ឱ្យ​ចាប់​ខ្ញុំ​ប្រៀប​ដូច​នឹង​ចោរ​ ឬ​ក៏​អ្នក​ដែល​ធ្វើ​ចារ​កម្ម​អី​ផ្សេងៗ​អ៊ីចឹង។​ គាត់​ចាប់​ខ្ញុំ​របៀប​ហ្នឹង។​ អ៊ីចឹង​ធ្វើឱ្យ​ពួក​ខ្ញុំ​ត្រូវ​រង​គ្រោះ ​មាន​របួស​ អ៊ីចឹង។​ ពេល​ហ្នឹង​មិត្ត​ភក្តិ​ខ្ញុំ ​គាត់​ឃើញ​រឿង​រ៉ាវ​បែប​នេះ​ គាត់​ភ័យ​ខ្លាច​ គាត់​ក៏​គេច​ខ្លួន​ទៅ។​ គាត់​រត់​បាន​ឆ្ងាយ​ដែរ។​ ពួក​ខណ្ឌ​ប៉ូលិស​សណ្តាប់​ធ្នាប់​អីហ្នឹង​គឺចោទ​ថា​ គាត់​ចោរ ​ស្រែក​ថា ​ចោរៗ​ ហើយ​វ៉ៃ​គាត់»។​

លោក​បន្ថែម​ថា​ កម្លាំង​សន្តិសុខ​គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវមក​ចាប់​ខ្លួន​គាត់​ ចំពោះ​ការ​តវ៉ា​ដែល​មិន​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​នោះ​ទេ។

លោករៀបរាប់​ថា៖​ «អត់​មាន​ហេតុ​ផល​អី​ត្រូវ​ចាប់​ខ្ញុំ​ទេ​ ព្រោះ​ដោយសារ​តែ​ខ្ញុំ​លើក​បដា​ឈរ​ម្នាក់​ឯង​ ហើយ​នឹង​អ្នក​កាន់​កាំមេរ៉ា​២​នាក់។ ​ អ៊ីចឹង​ខ្ញុំ​គិត​ថា ​ខ្ញុំ​មិន​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​អី​ទេ។ ​ហើយ​ពួក​គាត់​ថា ​ខ្ញុំ​ហ្នឹង​បំពុល​សង្គម ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ប្រទេស​ជាតិ»។​

លោក​ពន្យល់​ទៀត​ថា ការ​តវ៉ា​របស់​លោក​មាន​បំណង​ស្នើឱ្យក្រសួង​អប់រំ​ចេញ​មុខ​ចូល​មក​បំភ្លឺ​បន្ថែម​ជុំវិញ​ការ​លុប​ឈ្មោះ​របស់​លោក​ ដោយអះ​អាង​ថា​ លោក​មិន​បាន​ក្លែង​បន្លំ​ឯកសារ​អ្វី​ ដូច​ទៅ​នឹង​សេចក្តី​បំភ្លឺ​របស់​ក្រសួង​អប់រំកាល​ពី​ថ្ងៃ​ទី​១៩ ​សីហា​នោះ​ឡើយ។​

លោក​បញ្ជាក់​ថា៖ ​«ពី​ដំបូង​វាស់​ខ្ញុំ​ឃើញ​១ម៉ែត្រ​៦២​ហើយ​ឱ្យ​ខ្ញុំ​ទៅ​ផ្ទះ ​ក៏​ខ្ញុំ​ទៅ​ផ្ទះ​ទៅ​ហើយ​២ ​ទៅ​៣​ថ្ងៃ​ក្រោយ​មក​បាន​ខល​ឱ្យ​ខ្ញុំដាក់​ពាក្យ​ចូល​រៀន​វិញ​ ប្រហែល​ជា​បាន​១​ខែ​ក៏​មាន​ការ​លុប​ឈ្មោះ​ហ្នឹង​ ហើយ​ដើម​ចម​ដំបូង​ដោយសារ​តែ​ខ្ញុំ​បាន​រៀន​រយៈ​ពេល​១ខែ​ហើយ»។​

ដើម្បី​អាច​រៀន​យក​ឯកទេស​អប់រំ​កាយ ​និង​កីឡា​កម្រិត​មូលដ្ឋាន​បាន​ គរុនិស្សិត​ត្រូវ​មានកម្ពស់​ ១,៦៥​ម៉ែត្រ។ ​នេះ​បើ​តាម​លោក ​កែវ សុវណ្ណឫទ្ធិ ​ដែល​បាន​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​មាន​ការ​ពិនិត្យ​មើល​បញ្ហា​ទាំង​អស់​ឡើង​វិញ ​ដើម្បី​ជា​ការ​ដោះ​ស្រាយ​មួយ​មាន​ភាព​យុត្តិធម៌​សម្រាប់​លោក។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត ​យល់​ឃើញ​ថា ​ករណី​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​ សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ដែល​មិន​ស្រប​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ។ ​លោក​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​សម្រប​សម្រួល​ ឬ​ការ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ជា​ជាង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​ប្រទេស​ជាតិ។​

លោក​បញ្ជាក់​ថា៖​ «គួរ​ណាស់​តែ​មាន​ការ​សម្រប​សម្រួល​ណា​មួយ​ ជា​ពិសេស​ក្រសួង​អប់រំ​ជា​ក្រសួង​សាមី​ខ្លួន​ឯង​គួរតែ​មាន​ការ​ជជែក​គ្នា​ដើម្បី​ឱ្យ​មាន​ការ​យល់​ ឱ្យ​មាន​ការ​ពន្យល់​អំពី​បញ្ហា​ទាំង​អស់​ហ្នឹង​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដោយ​សន្តិវិធី​ ជា​ជាង​ការ​ដែល​ទៅ​បង្រ្កាប​មនុស្ស​ម្នាក់​ ២​នាក់​ហ្នឹង​ គឺ​វា​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​ទៅ​នឹង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ឬ​ក៏​រឿង​សិទ្ធិ​មនុស្ស​ទៅ​វិញ»។​

បើតាម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នោះ​ មន្រ្តី​ ឬ​កម្លាំង​សន្តិសុខដែល​ចុះ​ទៅ​អនុវត្ត​ច្បាប់​គួរ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​អប់រំ​ត្រឹម​ត្រូវ​ទាំង​ផ្នែក​សីលធម៌​ និង​ជំនាញ​ទំនាក់​ទំនង និង​សម្រប​សម្រួល​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ផ្សេងៗ​ទៅ​លើ​ប្រជា​ពលរដ្ឋ។​

លោក​បន្ថែម​ថា៖​ «ករណី​ហ្នឹង​ហើយ​ដែល​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ យើង​គិត​ថា​ ទោះបី​ជា​សន្តិសុខ​ក៏ដោយ​ ក៏ត្រូវ​តែ​មាន​ការ​ហ្វឹកហ្វឺន​ខ្លះ​អំពី​សីលធម៌​ ក៏ដូច​ជា​ជំនាញ​ដើម្បី​បង្ការ​អំពើ​ហិង្សាកើត​មាន​ឡើង​ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់»។​

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ស៊ឹង​ សែន​ករុណា លើក​ឡើង​ថា ​ ភាគី​ក្រសួង​អប់រំ​គួរ​តែកោះ​ហៅ​យុវជន​រូប​នោះ​ទៅ​ពិភាក្សា​ និង​សម្រប​សម្រួល​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​នឹង​សកម្ម​ភាព​មិ​ន​សមរម្យ​របស់​សមត្ថកិច្ចនៅ​ពេល​មាន​ការ​តវ៉ា។ ​

វីអូអេ​ពុំទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​លោក​ រស់ សុវាចា ​និង​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ លោក​ គឹម វុត្ថា ​បាន​នៅ​ឡើយ​ទេ។​

គួរ​រំឭកថា​ កាល​ពី​ថ្ងៃ​ទី​១៩ខែ​នេះ ​ក្រសួង​អប់រំ​បាន​សេចក្តី​បំភ្លឺ​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លុប​ឈ្មោះ​របស់​គរុនិស្សិត​ឈ្មោះ ​កែវ សុវណ្ណឫទ្ធិ​ ដែល​បាន​ជ្រើស​រើស​ប៉ុស្តិ៍​បម្រើ​ការងារ​នៅ​វិទ្យាល័យ​ហ៊ុនសែន​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំថា​ ​មក​ពី​កម្ពស់​ជាក់​ស្ដែង​របស់​កែវ សុវណ្ណឫទ្ធិ​គឺ ​១,៦២ម​ខុស​នឹង​កម្ពស់​ដែល​បេក្ខជន​បាន​បំពេញ​ក្នុង​ពាក្យ​ស្នើសុំ​ប្រឡង​គឺ​១,៦៥ម៉ែត្រ៕

XS
SM
MD
LG