រឿងអាស្រូវពាក់ព័ន្ធនឹងការចេញសញ្ញាប័ត្រអប់រំក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក ព្រមទាំងមានជាប់ពាក់ព័ន្ធទៅនឹងសាកលវិទ្យាល័យក្លែងក្លាយតាមបណ្ដាញអ៊ីនធឺណិតរាប់រយស្ថាប័ន បានធ្វើឲ្យមានការរង្គោះរង្គើក្នុងប្រទេសប៉ាគីស្ថាន និងឈានទៅដល់ការបង្អាក់ដំណើរការរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយដែលគេគ្រោងនឹងបើកសម្ពោធជាផ្លូវការឆាប់ៗនេះ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនេះ ត្រូវគេគិតថានឹងអាចធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងវិស័យឧស្សាហកម្មព័ត៌មានតាមកញ្ចក់ទូរទស្សន៍របស់ប្រទេសនេះ។
ការស៊ើបអង្កេតជាច្រើនទៅលើក្រុមហ៊ុន Axact ដែលជាក្រុមហ៊ុនមួយអះអាងថាខ្លួនជាអ្នកនាំចេញកម្មវិធីកុំព្យូទ័រធំជាងគេបំផុតក្នុងប្រទេសប៉ាគីស្ថាននោះ ត្រូវបានធ្វើឡើងបន្ទាប់ពីអត្ថបទសារព័ត៌មានមួយរបស់កាសែត The New York Times បានចោទប្រកាន់ថា ក្រុមហ៊ុន Axact បានលក់សញ្ញាប័ត្រក្លែងក្លាយរាប់លានច្បាប់ឲ្យនិស្សិត ដែលរស់នៅរាប់ចាប់តាំងពីសហរដ្ឋអាមេរិក រហូតដល់មជ្ឈិមបូព៌ា។
កាសែត The New York Times បានសរសេរនៅក្នុងអត្ថបទមួយដែលទើបតែចេញផ្សាយនាពេលថ្មីៗនេះថា៖ «កាសែត The Times បានធ្វើការវិភាគលើគេហទំព័រជាង៣៧០ រាប់បញ្ចូលទាំងគេហទំព័ររបស់សាលារៀន អង្គភាពដែលគាំទ្រដល់ការស្រាវជ្រាវលើបណ្ដាញអ៊ីនធឺណិត អង្គភាពទទួលស្គាល់សញ្ញាប័ត្រក្លែងបន្លំ ទីភ្នាក់ងារជ្រើសរើសបុគ្គលិក សាលាភាសា និងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់។ អង្គភាពទាំងនេះមានស្នាមផ្តិតម្រាមដៃរបស់ក្រុមហ៊ុន Axact» ដែលត្រូវបានរក្សាទុកក្នុងទម្រង់ឌីជីថល។
នៅដើមសប្ដាហ៍នេះ ក្រុមស៊ើបអង្កេតនៅក្នុងក្រុង Karachi ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់បាគីស្ថាន បានវាយសម្រុកចូលទៅក្នុងការិយាល័យរបស់ក្រុមហ៊ុន Axact ហើយបានរកឃើញបន្ទប់ជាច្រើនមានពោរពេញទៅដោយក្រដាសសញ្ញាប័ត្រមិនទាន់បោះពុម្ភ គរផ្អែកនឹងជញ្ជាំង។
ប្រភពពីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់បាគីស្ថានបានប្រាប់កាសែត Dawn ដែលជាកាសែតភាសាអង់គ្លេសដ៏ល្បីមួយក្នុងប្រទេសប៉ាគីស្ថានថា កំណត់ត្រានានាដែលរឹបអូសបាននោះ បង្ហាញថា ភាគច្រើននៃអតិថិជនរបស់ក្រុមហ៊ុន Axact គឺជាប្រជាជនអាមេរិក ហើយរឿងរ៉ាវលម្អិតនានាត្រូវបានបញ្ជូនទៅកាន់ស្ថានទូតអាមេរិករួចរាល់ហើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Chaudhry Nisar Ali Khan បាននិយាយថា បាគីស្ថាននឹងស្វែងរកជំនួយពីសំណាក់ក្រុមស៊ើបអង្កេត FBI និងប៉ូលិសអន្តរជាតិ Interpolដើម្បីស៊ើបអង្កេតរឿងនេះ។
កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ អ្នកនាំពាក្យក្រសួងកិច្ចការបរទេសបាគីស្ថាន លោក Qazi M. Khalilullah បាននិយាយថា៖ «ស្ថាប័នព្រមទាំងសាកលវិទ្យាល័យមួយចំនួនរបស់អាមេរិក ក៏ជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ហើយក្រសួងមហាផ្ទៃរបស់យើងបានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការពីសំណាក់អាជ្ញាធរអាមេរិករួចជាស្រេចហើយ»។
នៅពេលសួរថា តើមានការស្នើសុំជំនួយជាផ្លូវការក្នុងរឿងនេះហើយឬយ៉ាងណា លោក Steve Castonguay អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំរដ្ឋធានី Islamabad និយាយថា៖ «យើងកំពុងតែធ្វើការជាមួយមន្ត្រីប៉ាគីស្ថានលើបញ្ហានេះ» ដោយលោកមិនបានពន្យល់ពីស្ថានភាពលម្អិតណាមួយឡើយ។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Axact លោកShoaib Ahmed Shaikh ក៏ដូចជានាយកផ្នែកផ្សេងៗនៃក្រុមហ៊ុនមួយនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋមួយចំនួន បូករួមទាំងការឆបោក និងការលាងលុយកខ្វក់។
លោក Shaikh ធ្លាប់និយាយថា លោកចង់មានទ្រព្យសម្បត្តិច្រើនជាងលោក Bill Gates ដែលជាស្ថាបនិកនៃក្រុមហ៊ុន Microsoft ទៅទៀត។
«ក្រុមហ៊ុន Axact មានទិសដៅបង្កើនតម្លៃនាំចេញផលិតផលព័ត៌មានវិទ្យារបស់ប៉ាគីស្ថានក្នុងតម្លៃ ៥០ពាន់លានដុល្លារ ដោយពង្រីកកម្លាំងពលកម្មរហូតដល់១សែននាក់»។ នេះបើតាមការលើកឡើងក្នុងគេហទំព័ររបស់ក្រុមហ៊ុន។
ការរៀបរាប់ផ្សេងៗទៀត ដែលមាននៅលើគេហទំព័រដដែលបានគូសបញ្ជាក់ថា លោក Shaikh មើលឃើញតួនាទីរបស់ខ្លួនក្នុងប្រទេសប៉ាគីស្ថាន លើសពីសហគ្រិនសាមញ្ញម្នាក់។
ទំព័រដំបូងនៃគេហទំព័រក្រុមហ៊ុននេះបានប្រកាសជាសាធារណៈថា៖ «សូមមើលការថ្លែងសុន្ទរកថាដ៏គួរឲ្យចាប់អារម្មណ៍របស់លោក Shoaib Ahmed Shaikh ដើម្បីស្វែងយល់អំពីវិធីដែលក្រុមហ៊ុន Axact នឹងធ្វើឲ្យវិស័យនានាដូចជា វិស័យចំណីអាហារ វិស័យទីជម្រក វិស័យសុខុមាលភាព វិស័យជំនួយការយុត្តិធម៌ ព្រមទាំងវិស័យអប់រំឲ្យ អាចបានដល់ដៃជនជាតិប៉ាគីស្ថានគ្រប់ៗគ្នានៅត្រឹមឆ្នាំ២០១៩»។
លោកក៏បានរៀបចំគម្រោងបើកសម្ពោធជាផ្លូវការនៃបណ្ដុំប្រព័ន្ធផ្សព្វផ្សាយមួយដែលមានឈ្មោះថា BOL ដែលមានន័យថា «និយាយ» ក្នុងភាសាអ៊ូឌូ (Urdu)។ បណ្ដុំប្រព័ន្ធផ្សព្វផ្សាយមួយនេះរួមមានបុស្ដិ៍ទូរទស្សន៍ព័ត៌មាន និងកំសាន្ដ កាសែតជាភាសាអ៊ូឌូ និងជាភាសាអង់គ្លេស វិទ្យុអេហ្វអឹម ព្រមទាំងសាលមហោស្រពសម្រាប់ប្រារព្ធពិធីនានាផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយនេះបានជួលពិធីករព័ត៌មានល្បីៗកម្រិតកំពូលនៅក្នុងប្រទេសប៉ាគីស្ថាន ដោយផ្ដល់ប្រាក់កម្រៃបន្ថែមយ៉ាងក្រាស់ក្រែល ព្រមទាំងផ្ដល់នូវប្រយោជន៍ផ្សេងៗតាមបែបលោកខាងលិចរួមមាន ក្លឹបហាត់ប្រាណក្នុងផ្ទះ អាងហែលទឹក កន្លែងលេងល្បែងកំសាន្ដនានា ព្រមទាំងអត្ថប្រយោជន៍ក្រោយពេលចូលនិវត្តន៍ដ៏ល្អប្រសើរផងដែរ។
ការដាក់ទុនដ៏ធំបែបនេះហើយ បានធ្វើឲ្យមានពាក្យចចាមអារ៉ាមអំពីក្រុមហ៊ុន BOL និងម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនមួយនេះ។
អ្នកខ្លះជឿថា ភ្នាក់ងារតាមដានរបស់រដ្ឋាភិបាលប៉ាគីស្ថានឈ្មោះ Inter-Services Intelligence ឬឈ្មោះសាមញ្ញថា ISI ស្ថិតនៅពីក្រោយនៃការដាក់សម្ពោធដ៏ធំមួយនេះ។ អ្នកខ្លះទៀតគិតថា មហាសេដ្ឋីជំនួញអចលនទ្រព្យដ៏ល្បីល្បាញម្នាក់គឺជាអ្នកផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់ការសម្ពោធនេះ។ ទោះជាយ៉ាងណា ក៏មានអ្នកផ្សេងទៀតអះអាងថា គឺលោក Dawood Ibrahim មេក្លោងអង្គភាពឧក្រិដ្ឋកម្មគ្រោងទុកជាមុនសញ្ជាតិឥណ្ឌាដែលប្រហែលកំពុងរស់នៅក្នុងប្រទេសបាគីស្ថានទេ ដែលជាអ្នកផ្តល់ប្រាក់លើរឿងនេះ។
លោក Shaikh បាននិយាយថា បុស្ដិ៍ទូរទស្សន៍ជាដៃគូប្រកួតប្រជែង បានចែកចាយពាក្យចចាមអារ៉ាមព្រោះគេភ័យខ្លាចនឹងការប្រឈមមុខក្នុងការប្រកួតប្រជែង។ លោកថែមទាំងនិយាយទៀតថា អត្ថបទរបស់កាសែត The New York Times គឺជាផ្នែកមួយនៃការរួមគំនិតជួយដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Express ដែលមានជាប់ពាក់ព័ន្ធជាមួយកាសែតអន្តរជាតិ New York Times និងជាដៃគូប្រកួតប្រជែងរបស់លោក។
សេចក្តីថ្លែងការណ៍មួយនៅក្នុងគេហទំព័រក្រុមហ៊ុន Axact សរសេរថា៖ «អត្ថបទបរិហាកេរ្ដិ៍ ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ បង្ហាញពីព្រឹត្តិការណ៍ថ្ងៃនេះ ព្រមទាំងបង្ហាញបែបប្រមាថតាមប្រព័ន្ធផ្សព្វផ្សាយនោះ បង្ហាញថា នេះគឺជាការផ្សំគំនិតដ៏ធំមួយដែលធ្វើឡើងដោយក្រុមអ្នកជំនួញក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន BOL និងក្រុមហ៊ុន Axact ព្រមទាំងបង្អាក់ដំណើរការសម្ពោធក្រុមហ៊ុន BOL»។
វីដេអូមួយបង្ហោះលើគេហទំព័ររបស់ក្រុមហ៊ុន Axact បានបង្ហាញពីការនិយាយការពារក្រុមហ៊ុនយ៉ាងមុតមាំ។ តែវាមិនទាន់គ្រប់គ្រាន់នៅឡើយដើម្បីបញ្ឈប់បុគ្គលល្បីៗបម្រើការក្នុងប្រព័ន្ធផ្សព្វផ្សាយមិនឲ្យចាកចេញពីក្រុមហ៊ុន BOL នេះ។
អនាគតនៃបុស្ដិ៍ទូរទស្សន៍នេះ ស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជានៅឡើយ នៅពេលដែលរដ្ឋាភិបាលបានបញ្ជាឲ្យអាជ្ញាធររៀបចំប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិចបាគីស្ថាន បញ្ឈប់ការចាក់ផ្សាយជាបណ្ដោះអាសន្នរហូតដល់ការស្រាវជ្រាវលើក្រុមហ៊ុន Axact ដែលជាក្រុមហ៊ុនធំរបស់ BOL ត្រូវបានបញ្ចប់។
លោក Shaikh ត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន ហើយតុលាការ ក្រុង Karachi បានដាក់លោកក្នុងការឃុំឃាំងបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៤ ខែមិថុនា៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង