ប្រធានាធិបតី Joko Widodo នៃប្រទេសឥណ្ឌូនេស៊ីនិយាយថា លោកបានសម្រេចចិត្តដកការតែងតាំង Budi Gunawam ពីបេក្ខភាពជាប្រធានប៉ូលិសបន្ទាប់ពីមានរឿងអាស្រូវពុករលួយ។
លោកប្រធានាធិបតី Joko បាននិយាយនៅឯសន្និសីទកាសែតកាលពីថ្ងៃពុធក្នុងរដ្ឋធានីហ្សាកាតាថា នៅក្នុងការពិនិត្យមើលការពិតឃើញថា បេក្ខភាពរបស់ឧត្តមស្នងការ Budi Gunawan ជាប្រធានប៉ូលិសនោះ បានធ្វើឲ្យមានការខ្វែងគំនិតគ្នានៅក្នុងសង្គម។ ដូច្នេះ ដើម្បីធ្វើឲ្យមានភាពស្ងប់ស្ងាត់ហើយនឹងផ្តោតលើសេចក្តីត្រូវការនៃកងកម្លាំងប៉ូលិសឥណ្ឌូនេស៊ី ដើម្បីឲ្យមានប្រធានដឹកនាំជាបន្ទាន់នោះ ថ្ងៃនេះយើងស្នើបេក្ខជនថ្មីគឺឧត្តមស្នងការ Badrodin Haiti។
លោកប្រធានាធិបតី ដែលគេស្គាល់ជាទូទៅថា Jokowi បានមានប្រសាសន៍ថា លោកកំពុងព្យួរការងារសមាជិក២នាក់របស់គណៈកម្មការជាតិប្រឆាំងនឹងអំពើពុករលួយដែលគេស្គាល់ថា KPK ដែលបានក្លាយជាប្រធានបទនៃការស៊ើបអង្កេតរបស់ប៉ូលិសបន្ទាប់ពីពួកគេបានចោទប្រកាន់ថា លោក Gunawan ជាជនសង្ស័យនៃអំពើពុករលួយ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា ពីព្រោះតែបញ្ហាផ្លូវច្បាប់ប្រឆាំងលោក Abraham Samad និងលោក Bambang Widjojanto ដែលជាមន្រ្តីនៃគណៈកម្មការប្រឆាំងអំពើពុករលួយ ហើយកន្លែងនៅក្នុងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការ KPK នៅទំនេរនោះ យោងទៅតាមច្បាប់ដែលមានស្រាប់ ខ្ញុំនឹងចេញក្រិត្យក្នុងនាមប្រធានាធិបតី ស្តីពីការផ្អាកការងារមន្រ្តីទាំង២នាក់នេះ។
លោក Refly Harunអ្នកជំនាញខាងរដ្ឋធម្មនុញ្ញបានប្រាប់វីអូអេថា ប្រធានាធិបតី មានអំណាចពេញលេញដើម្បីដកការតែងតាំងរបស់លោក Budi Gunawan ទោះបីលោកអាចប្រឈមបញ្ហានៅក្នុងរដ្ឋសភាក៏ដោយ ជាពិសេសមកពីគណបក្សតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យឥណ្ឌូនេស៊ី៕