ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង​អាស្រូវ​របស់​ពិធីករ​ល្បី​នៃ​កម្មវិធី NBC Nightly News នាំ​ឲ្យ​មាន​ការ​រិះគន់​លើ​ស្ថាប័ន​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍


លោក Brian Williams ពិធីករ​ល្បី​នៃ​កម្មវិធី NBC Nightly News ដែល​ត្រូវ​បាន​​ផ្អាក​ពី​ការងារ​ដោយសារ​ការនិយាយ​បំផ្លើស​របស់លោក។​
លោក Brian Williams ពិធីករ​ល្បី​នៃ​កម្មវិធី NBC Nightly News ដែល​ត្រូវ​បាន​​ផ្អាក​ពី​ការងារ​ដោយសារ​ការនិយាយ​បំផ្លើស​របស់លោក។​

កំណត់​និពន្ធ៖ បន្ទាប់ពី​ពិធីករ​លោក​ Brian William​ ត្រូវ​បាន​ផ្អាក​ពី​ការងារ​ក្នុង​កម្មវិធី​ព័ត៌មាន​ NBC Nightly News​ ដោយសារ​ការណ៍​ដែល​លោក​បាន​អះអាង​ថា​ លោក​បាន​រង​ការបាញ់​ប្រហារ​នៅ​អ៊ីរ៉ាក់​រួច​មក អ្នកស្រី​ Carolyn Weaver នៃ​ VOA បាន​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​អ្នក​វាយតម្លៃ​បណ្តាញ​ផ្សព្វផ្សាយ​លោក​ Jim Naureckas នៃ​ក្រុម​ឃ្លាំ​មើល​សេរីភាព​បណ្តាញ​ផ្សព្វផ្សាយ​ Fairness and Accuracy in Reporting (FAIR)។ កិច្ចសម្ភាសន៍​នោះ​ត្រូវ​កែតម្រូវ​ឲ្យ​ខ្លី​ល្មម​និង​មាន​ភាពជាក់​ច្បាស់។

Carolyn Weaver៖ នៅ​ក្នុង​អត្ថបទ​មួយ​ដែល​លោក​បាន​សរសេរ​ (នាថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥) លោក​បាន​ចង្អុល​បង្ហាញ​ថា នេះ​មិនមែន​តែ​មួយ​លើក​ទេ ដែល​លោក​ Brian Williams បាន​បំផ្លើស​តួនាទី​របស់​លោក​នៅ​ក្នុង​ស្ថានភាព​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​នោះ។

Jim Naureckas៖ ពិត​ណាស់។ យើង​បាន​សរសេរ​អត្ថបទ​មួយ​នៅ​ក្នុង​ឆ្នាំ​២០១០​ អំពី​លោក​ Brian William ធ្វើ​ការ​រំឭក​ពី​ការ​យក​ព័ត៌មាន​របស់​លោក​នា​ពេល​មាន​ព្យុះ​សង្ឃរា​ Katrina ដោយ​បាន​ទៅ​ទីក្រុង​ New Orleans​។ ការ​យក​ព័ត៌មាន​របស់​លោក​ពិតប្រាកដ​(នា​ពេល​នោះ) អំពី​ព្យុះ​ Katrina​ គឺ​មានលក្ខណៈ​ប្រសើរ ហើយ​ពន្យល់​ច្បាស់​ល្អ​អំពី​តួនាទី​ដែល​ការ​រើស​អើង​ពូជសាសន៍​មាន​នៅ​ក្នុង​ការ​ធ្វើ​ឲ្យសហគមន៍​មួយ​ចំនួន​មាន​ភាព​ងាយ​រង​ការ​ប៉ះពាល់​ជាង​សហគមន៍​ដទៃ​ទៀត​ ក៏​ដូច​ជា​ហេតុផល​ដែល​ជំនួយ​សង្រ្គោះ​ត្រូវ​បាន​ចែក​រំលែក​មិន​ស្មើ​គ្នា។ល។ ប៉ុន្តែ​នៅ​ក្នុង​ការ​ពិនិត្យ​មើល​ព្យុះ​ Katrina​ ប្រាំ​ឆ្នាំ​ក្រោយ​មក ស្រាប់​តែ​លោក​ធ្វើ​ការ​ពណ៌នា​ពី​កន្លែង​ដែល​មានក្រុម​ចោរ​ប្លន់​ប្រកប​ដោយ​ភាព​ហិង្សា​ ដែល​ប្រុង​សម្លាប់​លោក​ដើម្បី​យក​រថយន្ត​របស់​លោក​ បើ​សិន​គ្រា​នោះ​លោក​មិន​ទទួល​បាន​ការ​ការពារ​របស់​ក្រុម​មន្រ្តី​សហព័ន្ធ​ប្រដាប់​អាវុធ​នៅ​ជុំវិញ​លោក​ទេ​នោះ។ ហើយ​គ្មាន​រឿងរ៉ាវ​បែបនេះត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​រាយការណ៍​ដើម​របស់​លោក​ឡើយ។ វា​ជា​អ្វី​មួយ​ដែល​បានជ្រាប​ចូល​នៅ​ក្នុង​រឿង​ដើម​ នៅ​ខណៈ​ពេល​ដែល​លោក​បាន​ធ្វើ​ការ​រំឭក​រឿងរ៉ាវ​ទាំង​នោះ​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​មក។

Carolyn Weaver៖ តើ​លោក​និយាយ​រឿង​រ៉ាវ​នោះ​ឡើង​វិញ​នៅ​ក្នុង​បរិបទ​ជា​ពិធីករ​កម្មវិធី​ព័ត៌មាន​មួយ ឬ គ្រាន់​តែ​ការ​និយាយ​ពី​រឿង​រ៉ាវ​ទូទៅ​នៅ​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​ The Late Show with David Letterman ឬ​អ្វី​ដូចនោះ?

Jim Naureckas៖ ការ​និយាយ​របស់​លោក​ Williamsនោះ​ គឺ​នៅ​ក្នុង​កម្មវិធី​ Dateline Special​ ដោយ​ត្រឡប់​ទៅ​សម្លឹង​មើល​ព្យុះ​ Katrina​ ដូច្នេះ​នេះ​ជា​សេចក្តី​រាយការណ៍​ព័ត៌មាន​មួយ​ ហើយ​មិន​មែន​ជា​ការ​និយាយ​នៅ​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​ពេលយប់​ជ្រៅ​នោះ​ទេ។

Carolyn Weaver៖ ហេតុ​អ្វី​បាន​ជា​លោក​គិត​ថា​ លោក​ Brian Williams បាន​និយាយ​បំផ្លើស​តួនាទី​របស់​លោក?

Jim Naureckas៖ ខ្ញុំ​គិត​ថា ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ថា​ព្យុះ​ Katrina​ ជា​រឿង​មួយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​ថ្នាក់​ជាតិ​ និង​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​បុគ្គល​តំណាង​ជាតិ​មួយ​រូប​ ប៉ុន្តែ​ការ​រាយការណ៍​នៅ​គ្រា​នោះ​ពិត​ជា​ប្រកប​ដោយ​ភាព​អាណិត​អាសូរ​ដល់​ប្រជាជន​នៅ​ទីក្រុង​ New Orleans និង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​រើសអើង​ពូជសាសន៍​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ផ្តល់​ជំនួយ​ផ្សេងៗ។ ហើយ​នេះ​មិន​មែន​ជា​ប្រភេទ​នៃ​រូបភាព​មួយ​ដែល​ពិធីករ​កម្មវិធី​ព័ត៌មាន​ថ្នាក់​ជាតិ​ចង់​បង្ហាញ​នោះ​ទេ​ ដែល​ពួកគេ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទុក្ខ​លំបាក​របស់​ជន​ភាគ​តិច​ និង​បញ្ហា​វិសមភាព​សង្គម។ វា​ជា​ការ​ប្រសើរ​ជាង​នៅ​ក្នុង​ការ​ដាក់​ខ្លួន​ជា​ អ្នក​យក​ព័ត៌មាន​ប្រកប​ដោយ​ភាព​ក្លាហាន​មួយរូប​ ដែល​បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ពេល​ធ្វើ​ការ​រាយការណ៍​ព័ត៌មាន​ និង​ជា​អ្នក​ដែល​បាន​ទទួល​រង​ការ​បាញ់​ប្រហារ។ វា​មិនខុស​គ្នា​ឆ្ងាយ​ពី​ការ​ធ្វើ​ការ​រាយការណ៍​របស់​លោក​នៅ​អ៊ីរ៉ាក់​នោះ​ទេ ទី​ដែល​លោក​ចង់​សង្កត់​ធ្ងន់​ពី​ការណ៍​ដែល​លោក​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​ខ្លួន​ឯង​ផ្ទាល់​នៅ​ក្នុង​ស្ថានភាព​នា​គ្រា​នោះ។

Carolyn Weaver៖ តើ​រឿងរ៉ាវ​ពាក់​ព័ន្ធ​នឹង​លោក​ Brian Williams​ អាច​ឆ្លុះ​បញ្ចាំង​អ្វីខ្លះ​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទូទៅ?

Jim Naureckas៖ ខ្ញុំ​គិត​ថា​ វា​បញ្ជាក់​អំពី​ថា ​តើ​បុគ្គលិក​លក្ខណៈ​មាន​សារៈសំខាន់​ប៉ុណ្ណា និង​របៀប​ដែល​អ្នក​យក​ព័ត៌មាន​ អ្នក​សារព័ត៌មាន​ ព្យាយាម​បង្កើត​នូវ​រូបភាព​មួយ​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់​ ដើម្បី​ក្លាយជា​អ្នក​ព័ត៌មាន​បែប​ណា​មួយ។ ហើយ​រូបភាព​នោះ​ គឺ​មិន​ប្រាកដ​ថា​ស្រប​ជាមួយ​នឹង​ការ​ពិត​ទាល់​តែ​សោះ​ នៅ​ពេល​ដែល​អ្នក​ត្រឡប់​ក្រោយ​និង​ពិនិត្យមើល​អ្វី​ដែល​បាន​កើត​ឡើង​ពិត​ប្រាកដ។ ប៉ុន្តែ​វា​ជា​ការ​ដាក់​ឈ្មោះ​ឲ្យ​ខ្លួន​ឯង​ ដែល​ពួកគេ​ចង់​ឲ្យ​ទស្សនិកជន​យល់​ឃើញ​តាម​កញ្ចក់​ទូរទស្សន៍។

Carolyn Weaver៖ តើ​លោក​គិត​ថា​អ្វី​នឹង​កើត​ឡើង​ចំពោះ​លោក​ Brian Williams ប្រសិន​បើ​លោក​ Williams វិល​ត្រលប់​មក​វិញ? ហើយ​តើ​ទីភ្នាក់ងារ​ព័ត៌មាន​គួរ​ធ្វើ​អ្វី ដើម្បី​រារាំង​មិន​ឲ្យរឿងរ៉ាវ​ដូចនោះកើត​ឡើង​សារ​ជា​ថ្មី?

Jim Naureckas៖ ខ្ញុំ​គិត​ថា​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នោះ​ គឺ​ថា​ ការងារ​របស់​អ្នក​ជា​អ្នក​យក​ព័ត៌មាន​ដំបូង​បង្អស់​ គឺ​ប្រមូល​យក​ការ​ពិត​ឲ្យ​ច្បាស់​លាស់។ អ្វី​ដែល​លោក​ Brian Williams​ បាន​បន្សល់​ទុក​នៅ​ក្នុង​ការ​យល់​ឃើញ​របស់​សាធារណជន​ គឺ​ការ​បំផ្លើស​ព័ត៌មាន​និង​ការ​ប្រែ​ក្រឡាស់​ខ្លួន។ ហើយ​នេះ​ ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​ ជា​បញ្ហា​មួយ​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ NBC នៅ​ស្រប​ពេល​ដែល​ពួក​គេ​ព្យាយាម​ផ្សព្វផ្សាយ​ថា​ព័ត៌មាន​របស់​ពួកគេ​ ជា​ការ​រាយការណ៍​ដោយ​ផ្ទាល់​ផ្អែក​លើ​ការ​ពិត​និង​មិន​មាន​ការ​បំផ្លើស។ ចំពោះ​រឿង​នេះ ខ្ញុំ​គិត​ថា​ វា​ជា​ការ​ល្អ​មួយដែល​ទស្សនិកជន​មិន​ទុក​ចិត្ត​ទាំង​ស្រុង​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​តែ​ទទួល​បាន។ ខ្ញុំ​គិត​ថា​ នេះ​ជា​ការ​ប្រែក្រឡាស់​និង​ការ​ទទួល​យក​ការ​បំផ្លើស​ជាច្រើន​ មិន​តែ​អំពី​អ្នក​យក​ព័ត៌មាន​នោះ​ទេ​ ប៉ុន្តែ​គឺ​អំពី​អ្វីៗ​ដែល​អ្នក​យក​ព័ត៌មាន​បាន​រាយការណ៍។

Carolyn Weaver៖ មនុស្ស​ជា​ច្រើន​ចេះ​មាន​មន្ទិល​ចំពោះ​បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ដែល​រាយការណ៍​បំផ្លើស​ ប៉ុន្តែ​សម្រាប់​បណ្តាញ​ព័ត៌មាន​ដូច​ជា NBC ABC CBS យើង​តែង​តែ​ចាត់​ទុក​ពួកគេ​ថា មាន​លក្ខណៈ​វិនិច្ឆ័យ​និង​មាន​វិជ្ជាជីវៈ​ជាង​នៅ​ក្នុង​បែបបទ​ដែល​ពួក​គេ​រាយការណ៍​ពី​រឿងរ៉ាវ​ផ្សេងៗ។

Jim Naureckas៖ បើ​អ្នក​គិត​ពី​រឿង​រ៉ាវ​ដែល​លោក​ Brian Williams បាន​រៀបរាប់​អំពី​ការ​យក​ព័ត៌មាន​អំឡុង​ពេល​សង្រ្គាម​នៅ​អ៊ីរ៉ាក់​ ហើយ​អ្នក​អាច​និយាយ​ថា តើ​វា​ជា​រឿង​សំខាន់​ដែរ​ទេ​ដែល​ឧទ្ធម្ភាគចក្រ​របស់​លោក​ត្រូវ​បាន​រង​គ្រាប់​ RPG ឬអត់​នោះ? តើ​វា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ព័ត៌មាន​ដែល​មនុស្ស​ទូទៅ​ទទួល​បាន​ដែរ​ឬ​ទេ? (ចម្លើយ​គឺ) វា​ពិត​ជា​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ទូទៅ​នៅ​ពេល​ដែល​លោក​ Brian Williams និយាយ​អំពី​ការ​វាយ​លុក​ចូល​ប្រទេស​អ៊ីរ៉ាក់​ថា«វា​ត្រូវ​បាន​ហៅ​ថា​ជា​សង្រ្គាម​ដ៏​ស្អាតស្អំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​យោធា»។ នេះ​ជា​ការ​បំផ្លើស​មួយ​ដែល​មាន​សារៈសំខាន់​ជាង​ការ​ថា តើ​ឧទ្ធម្ភាគចក្រ​របស់​លោក​ត្រូវ​រង​គ្រាប់​ RPG ឬ​អត់​ ហើយ​វា​ពិត​ជា​បាន​លាប​ពណ៌​ទៅ​លើ​របៀប​អ្នក​ដែល​ទស្សនា​ព័ត៌មាន​ NBC News​ យល់​ឃើញ​ពី​ការ​វាយ​លុក​ចូល​ប្រទេស​អ៊ីរ៉ាក់។

Carolyn Weaver៖ អាជីវកម្ម​ព័ត៌មាន​ហាក់​ដូច​ជា​មាន​ទំនោរ​ទៅ​លើ​ការ​បង្កើត​នូវ​រឿង​ព្រេង​មួយ​ ជា​ជាង​សេចក្តី​លម្អិត​ផ្សេងៗ។

Jim Naureckas៖ ខ្ញុំ​គិត​ថា​ ការ​គិត​ពី​ព័ត៌មាន​ថា ​ជាសេចក្តី​រាយការណ៍​ច្រើន​ភាគ ពិត​ជា​កែប្រែ​របៀប​ដែល​ផ្សាយ​ព័ត៌មាន។ ពួកគេ​ចង់​ឲ្យ​ព័ត៌មាន​មាន​តួអង្គ​ល្អ​និង​តួអង្គ​អាក្រក់ ចង់​ឲ្យ​ព័ត៌មាន​មាន​សេចក្តី​ផ្តើម តួ​សេចក្តី ហើយ​បើ​សិន​ជា​អាច​ មាន​ការ​បញ្ចប់​ដ៏ស្រស់​បំព្រង​មួយ។ ហើយ​នេះ​ជា​រឿយៗ​ មិន​មែន​ជា​ទម្រង់​នៃ​ព្រឹត្តិការណ៍​នានា​ដែល​កើត​ឡើង​ពិត​ជាក់ស្តែង​នៅ​លើ​ពិភពលោក​នោះ​ទេ។ ដូច្នេះ​អ្នក​ត្រូវ​កាត់​ត និង​កែតម្រូវ​ដើម្បី​ផ្សែផ្សំ​ព្រឹត្តិការណ៍​នៃ​ជីវិត​ពិត​ឲ្យ​ចូលទៅ​ក្នុង​រឿង​រ៉ាវ​ដែល​ត្រូវ​បាន​ផលិតឡើង​សម្រាប់​អាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

Carolyn Weaver៖ ហើយ​ខ្ញុំ​គិត​ថា​ ពួកគេ​ធ្វើ​ដូច្នេះ គឺ​ដោយ​សារ​តែ​វា​នាំ​ឲ្យ​មាន​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ ដូច្នេះ​ខ្ញុំ​គិត​ថា​ តាម​ការ​អនុវត្ត​ជាក់​ស្តែង រឿង​នេះ​នឹង​មិន​ផ្លាស់​ប្តូរ​នោះ​ទេ។ វា​គ្រាន់​តែ​ បុគ្គល​មួយ​រូប​ត្រូវ​បាន​គេ​ដេញ​ទាន់​ជាន់​កែង​ ដោយសារ​រូបគេ​បាន​ធ្វើ​ជ្រុល។

Jim Naureckas៖ រូប​លោក Williams ​បាន​ចំណាយ​កម្លាំង​ជា​ច្រើន​នៅ​ក្នុង​ការ​បង្កើត​នូវ​ «តួអង្គ​Brian Williams» តាម​រយៈ​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ David Letterman និង​ Jon Steward ។ល។​ ដើម្បី​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ខ្លួនសង្ឃឹម​ថា​ ទស្សនិកជន​នឹង​ចង់​ចំណាយ​ពេល​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ស្តាប់​នូវ​អ្វី​ដែល​លោកនិយាយ​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ​ប្រចាំ​ថ្ងៃ។ ហើយ​នៅ​ពេល​ដែល​អ្នក​មាន​ការ​សង្កត់​ធ្ងន់​បែប​នេះ​ទៅ​លើ​បុគ្គលិក​លក្ខណៈ​ វា​ហាក់​ដូច​ជា​ឃ្លាត​ចាក​ពី​គោល​បំណង​របស់​អ្នក​ដែល​ចង់​ទាក់​ទាញ​ទស្សនិកជន​ ពី​ព្រោះ​អ្នក​មាន​រឿងរ៉ាវ​សំខាន់ៗ​ដើម្បី​ប្រាប់​ពួក​គេ រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ក្នុង​បែប​បទ​មួយ​ដែល​ត្រឹម​ត្រូវ។ ប្រសិន​បើ​នោះ​មិន​មែន​ជា​អ្វី​ដែល​អ្នក​ចាត់​ទុក​ជា​អ្វី​ដែល​អ្នក​កំពុង​ផ្តល់​ឲ្យ​ទៅ​មនុស្ស​ទូទៅ​នោះទេ​ នោះ​តម្លៃ​នៃ​ភាពត្រឹមត្រូវ​ និង​សារៈសំខាន់​ផ្សេងៗ​នឹង​ត្រូវ​បាត់បង់។

Carolyn Weaver៖ ដូច្នេះ តើ​លោក​គិត​ថា​ នឹង​មាន​ការ​ផ្លាស់ប្តូរ​ណា​មួយ​ឬ​ទេ ឬ​តើ​លោក​ឃើញ​មានការ​ផ្លាស់ប្តូរ​អ្វី​ខ្លះ​ដែល​កំពុង​កើត​ឡើង​នោះ?

Jim Naureckas៖ ចំពោះ​ស្ថានីយ​ទូរទស្សន៍ NBC និង​លោក​ Brian Williams ខ្ញុំ​ជឿជាក់​ថា ពួកគេ​មាន​ក្រុម​ធ្វើ​តេស្ត​ទីផ្សារ​ ដែល​នឹង​ផ្តល់​ការ​យល់ឃើញ​របស់​ពួកគេ​មក​លើ​លោក​ Brian Williams ហើយ​ការណ៍​នេះ​ច្បាស់​ជា​នឹង​នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​អ្វី​មួយ​នៅ​ចុង​បញ្ចប់​រយៈពេល​ផ្អាក​ប្រាំមួយ​ខែ​នោះ។ ប្រសិន​បើ​ពួកគេ​ មាន​អារម្មណ៍​ថា​ រឿង​នោះ​ត្រូវ​បាន​បំភ្លេច​ចោល​ ឬ​លុប​បំបាត់​ចោល​ ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​លោក​ Brian Williamsបន្ត​ការងារ​ឡើង​វិញ។ ប្រសិន​បើ​ឈ្មោះ​របស់​លោក​ត្រូវ​បាន​រង​ការ​ខូចខាត​ ពួកគេ​ប្រហែល​នឹង​រក​អ្នក​ជំនួស ហើយ​ធ្វើ​ឲ្យ​បុគ្គល​នោះ​ជា​ឈ្មោះ​ថ្មី​មួយ​សម្រាប់​កម្មវិធី NBC Nightly News។

Carolyn Weaver៖ លោក​ Erik Wemple (នៃ​សារព័ត៌មាន​ Washington Post) បាន​សរសេរ​អត្ថបទ​មួយ​ ដែល​និយាយ​ថា​ អត្ថបទ​របស់​លោក​ Jon Steward ស្តី​ពី​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​លោក​ Brian Williams ជា​ការ​ព្យាយាម​មួយ​នៅ​ក្នុង​ការ​សង្រ្គោះ​លោក​ Brian Williams និង​កាត់​បន្ថយ​នូវ​ការ​ខូចខាត​ដែល​លោក​ Brian Williams បាន​បង្ក​ឡើង។​ លោក Erik Wemple ​បាន​លើក​ឡើង​ពី​ចំណុច​មួយ​ដែល​មនុស្ស​ជា​ច្រើន​នាក់​បាន​និយាយ​ គឺ​ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ម្នាក់​ព្យាយាម​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទទួល​ខុសត្រូវ​ចំពោះ​ការណ៍​ដែល​ពួកគេ​ចេះ​តែ​ផ្សាយ​តាម​គ្នា​នៅ​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នានា​ដែល​នាំ​ដល់​សង្រ្គាម​អ៊ីរ៉ាក់​នោះ?

Jim Naureckas៖ ពិតហើយ។​ មាន​ការ​សុខ​ចិត្ត​ពិនិត្យ​មើល​ការ​បំផ្លើស​របស់​បុគ្គល​មួយ​រូប​អំពី​ប្រវត្តិ​ផ្ទាល់​របស់​រូប​គេ​ ជាង​ការ​បំផ្លើស​យ៉ាង​ធំធេង​(របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ទូទៅ)​អំពី​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​លើ​ពិភពលោក​ និង​អ្វី​ដែល​បាន​ប៉ះពាល់​ទៅ​ដល់​ប្រជាជន​រាប់​លាន​នាក់។ ហេតុផល​នោះ​ គឺ​ដោយសារ​មាន​ការ​ចាត់​ទុក​ថា ​ការ​និយាយ​កុហក​នោះ​គឺ​ជា​កំហុស​របស់​សាមី​ខ្លួន​ម្នាក់​ប៉ុណ្ណោះ ហើយ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មានទាំង​មូល​ទេ។ ដូច្នេះ​មិន​មាន​ការ​ពិនិត្យ​មើល​គុណវិបត្តិ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទេ។ ដូច្នេះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិក ទទួល​បាន​កិច្ច​ការពារ។ ក៏​ប៉ុន្តែ​ ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ថា​ តើ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ទាំងអស់​នាំ​គ្នា​ជឿ​ថា​ អ៊ីរ៉ាក់​មានអាវុធ​ប្រល័យ​លោក​ ដែល​ក្រោយ​មក​គេ​ដឹង​ថាផ្អែក​ទៅ​លើ​ភស្តុតាង​ប្រឌិត​នោះ ហើយ​ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នៅ​ពេល​នោះ អ្នក​អាច​ដឹង​ថា​សេចក្តី​រាយការណ៍​ទាំង​នោះ​ជា​រឿង​គួរ​ឲ្យ​មន្ទិល​សង្ស័យ ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ និង​ដែល​មាន​ការ​មួល​បង្កាច់​ដើម្បី​ប្រឌិត​រឿង​ឡើង។ ភារកិច្ច​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ គឺ​ត្រូវ​ប្រាប់​មនុស្ស​ទូទៅ​ថា​អ្វី​ដែល​ជា​ការ​ពិត​ ហើយ​ប្រសិន​បើ​ពួកគេ​មិន​បាន​បំពេញ​កិច្ច​ការ​នេះ​បាន​ទេ ដោយមិន​អាច​ប្រាប់​ថា​ហេតុផល​នៅ​ក្នុង​ការ​បង្ក​ជា​សង្រ្គាម​មួយ មិន​មែន​ជា​ហេតុផល​ពិត​ប្រាកដ​នោះ​ វា​ពិត​ជា​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ទៅ​លើ​ស្ថាប័ន​ផ្សាយ​ព័ត៌មានទាំង​មូល៕

ប្រែសម្រួល​ដោយ នាង លី ម៉ូរីវ៉ាន់ និង​លោក សឹង សុផាត

XS
SM
MD
LG