ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Facebook បិទ​ខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​អូស្ត្រាលី​អាច​មើល ឬ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន​បាន


រូបឯកសារ៖ បុរស​ម្នាក់ ដើរកាត់​ផ្ទាំងគំនូរ​មួយ​ដែល​ស្ថិត​នៅក្នុង​បរិវេណ​នៃ​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅក្រុង Menlo Park ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤។

ក្រុមហ៊ុន Facebook បាន​រាំងខ្ទប់​គណនី​ហ្វេសប៊ុក​របស់​ពលរដ្ឋអូស្ត្រាលី​ មិន​ឲ្យពួក​គេ​អាច​មើល​ ឬ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន​ទាំងអស់​ ដោយ​សារ​ក្រុមហ៊ុន​នេះ​ កំពុង​មាន​ជម្លោះជាមួយ​រដ្ឋាភិបាល​អូស្ត្រាលីដែល​ស្នើ​ឲ្យ​មហាក្រុមហ៊ុន​ឌីជីថល​នោះ​ បង់ប្រាក់​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ចំពោះ​ខ្លឹមសារ​ព័ត៌មានដែល​ពួក​គេ​បាន​ផលិត។

ចំណាត់ការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ក្រុមហ៊ុន​បណ្តាញ​សង្គម​អាមេរិក​នេះ បាន​ធ្វើ​ឡើង​ថ្វី​បើ​ការ​ចរចាកំពុង​មាន​ជា​បន្ត​រវាង​ក្រុមហ៊ុន Facebook និងគូប្រជែង ​គឺ​ក្រុមហ៊ុន​ Google ​ជាមួយ​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន​អូស្ត្រាលី។ ស្ថាប័ន​ព័ត៌មាន​ទាំង​នេះ បាន​ឃើញ​ប្រាក់​ចំណូលពី​ការ​ផ្សាយពាណិជ្ជកម្ម​របស់​ខ្លួន​ត្រូវ​បានប្រមូល​ដោយក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Google និង Facebook ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ​

លោក Will Easton នាយក​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន Facebook បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ច្បាប់​ដែល​ស្នើ​ឡើង​នោះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Facebook ប្រឈម​នូវ​ជម្រើស​២​គឺ «ការ​ប៉ុនប៉ង​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​មិន​អើ​ពើ​ពី​ភាព​ជាក់ស្តែង​នៃទំនាក់ទំនង​[វិស័យ​ចែកចាយ​ព័ត៌មាន] ​នេះ ឬ​ត្រូវ​បញ្ឈប់លែង​ឲ្យ​ខ្លឹមសារព័ត៌មាន​នៅ​លើ​សេវាកម្ម​របស់​យើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ យើង​គ្មាន​ជម្រើស​ហើយ​ត្រូវ​សម្រេច​យក​ជម្រើស​ទី​២»។

ប៉ុន្តែ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​រាយការណ៍​ថា ចំណាត់ការដ៏​លឿន​របស់ ​Facebook នេះ​ ត្រូវ​បាន​រិះគន់​ភ្លាមៗ​ដោយ​អ្នក​ផលិត​ព័ត៌មាន អ្នក​នយោបាយ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​ពេល​គេ​បាន​ឃើញ​ថា ព្រម​ជាមួយ​នឹង​ទំព័រ​ព័ត៌មាន សូម្បី​ទំព័រ​ Facebook របស់​ស្ថាប័ន​សុខភាព​ផ្លូវការ និងសេវាកម្ម​សង្គ្រោះ​បន្ទាន់​ជា​ច្រើន ក៏ត្រូវ​បាន​បិទ​ខ្ទប់នៅ​លើ Facebook ដែរ រួម​មាន​គេហទំព័រ​ដែល​ចែកចាយ​ព័ត៌មាន​ថ្មី​អំពីជំងឺ​កូវីដ១៩ អគ្គីភ័យ ​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ។​

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បានសរសេរនៅ​លើ​ទំព័រ​ Facebook របស់​លោក ដោយ​រិះគន់​នូវ​អ្វី​ដែល​លោក​ថា សកម្មភាព​ Facebook «unfriend» អូស្ត្រាលី​ ថា​ជា​ឫកពារ​មិន​ល្អ​និង​គួរ​ឱ្យ​ខក​ចិត្ត​ដោយ​លោក​និយាយ​ថា៖ «សកម្មភាព​ទាំង​នេះ នឹងកាន់​តែ​បញ្ជាក់​ពី​ការ​បារម្ភ​របស់​ប្រទេស​កាន់​តែ​ច្រើន ដែល​ថា​សកម្មភាព​របស់​មហាក្រុមហ៊ុន​បច្ចេកវិទ្យា Big Tech ដែល​គិត​ថា​ ខ្លួន​ធំ​ជាង​រដ្ឋាភិបាល​នានា ហើយ​ច្បាប់​ទាំង​ឡាយ​មិន​អនុវត្ត​ចំពោះ​ពួក​គេ​ទេ»។

លោក Josh Frydenberg រដ្ឋមន្ត្រីសេដ្ឋកិច្ច​អូស្ត្រាលីបាន​សរសេរ​តាមTwitter នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា លោក​និង​ប្រធាន​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​ពិភាក្សា​ប្រកប​ដោយផ្លែផ្កា​អំពី​បញ្ហា​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG