ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុ​អ្វី​​បានជា​ហ្វេសប៊ុក​បាន​បិទ​ ១៥៥ ​គណនី​ដែល​មាន​គោល​ដៅលើ​ហ្វីលីពីន​​ភ្លាមៗ?


រូបឯកសារ៖ ក្រុម​អ្នក​តវ៉ា​ពាក់​ម៉ាស់​មុខ​ឈរ​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន Facebook ដែល​រង​ការ​ចោទប្រកាន់​ថា មិន​បាន​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ និង​មតិ​ស្អប់ខ្ពើម នៅ​ក្រុង Taguig ប៉ែក​ខាង​កើត​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ ក្រុម​អ្នក​តវ៉ា​ពាក់​ម៉ាស់​មុខ​ឈរ​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន Facebook ដែល​រង​ការ​ចោទប្រកាន់​ថា មិន​បាន​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ និង​មតិ​ស្អប់ខ្ពើម នៅ​ក្រុង Taguig ប៉ែក​ខាង​កើត​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

ការ​លុប​គណនី​ហ្វេសប៊ុក​ជនជាតិ​ហ្វីលីពីន​ក្នុងប្រទេស​ចិនបានបង្ហាញ​ថាក្រុមហ៊ុនអ៊ីនធឺណិត​យក្ស​របស់សហរដ្ឋ​អាមេរិក​មួយ​នេះ​ចង់​ស្តារ​កេរ្តិ៍ឈ្មោះ​ឲ្យ​បាន​ប្រសើរជា​ងមុន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បន្ទាប់​ពី​បណ្តែត​បណ្តោយ​សកម្មភាព​ពីមុនៗ នេះ​បើ​យោង​តាម​អ្នកវិភាគ​ដែល​តាមដាន​ករណីនេះ។​

កាលពីថ្ងៃទី​២២ កញ្ញា ក្រុមហ៊ុន​ហ្វេសប៊ុក​បាននិយាយ​ថា ​ខ្លួន​បាន​លុប​ចោល​១៥៥គណនី​ហ្វេសប៊ុកនិង​គណនី Instagramចំនួន​៦ ដោយ​សារ​តែ​បាន​ល្មើស​នឹង​គោលនយោបាយ​ផ្ទៃក្នុង​មួយ​ប្រឆាំង​នឹង​«ការជ្រៀតជ្រែក​ពីបរទេស​ឬ​រដ្ឋាភិបាលដែល​ជា​ឥរិយាបទ​មិន​ពិតប្រាកដបែប​សម្របសម្រួល​ជំនួស​ឲ្យ​អង្គភាព​បរទេស​ឬ​រដ្ឋាភិបាល»។​ ក្រុម​ហ៊ុន​ហ្វេសប៊ុក​និយាយ​ថា គណនី​ទាំង​នោះ​មានប្រភព​ចេញពី​ប្រទេស​ចិន​ហើយ​ផ្តោត​«សំខាន់​លើប្រទេស​ហ្វីលីពីននិង​ផ្តោត​ទូលំទូលាយ​លើ​តំបន់​អាស៊ីអាគ្នេយ៍» រួមទាំង​សហរដ្ឋ​អាមេរិកផង​ដែរ។

ក្រុម​បញ្ញវ័ន្ត​និយាយ​ថា យុទ្ធសាស្ត្រ​របស់​ហ្វេសប៊ុក​នឹង​ទាក់ទាញ​ពលរដ្ឋ​ហ្វីលីពីន​ដែល​ប្រើ​បណ្តាញ​នេះយ៉ាង​ក្លៀវក្លា​រហូត​ដល់​មាន​គេហទំព័រ​ផ្លូវការ​សម្រាប់​ភ្នាក់ងារ​អាជីវកម្មនិង​ទីភ្នាក់ងារ​រដ្ឋាភិបាល ប៉ុន្តែ​ក៏​បារម្ភ​ថា​វា​មាន​លក្ខណៈ​បើកចំហ​ពេក។

លោក James Gomez នាយក​ប្រចាំ​តំបន់​របស់​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អាស៊ី​នៅ​ទីក្រុង​បាងកក​និយាយ​ថា សម្រាប់​ក្រុមហ៊ុន ហ្វេសប៊ុក «ចំណាត់ការ​នេះ​ទំនងមាន​លក្ខណៈបែបទំនាក់ទំនង​សាធារណៈឬ​ PR ជាង។ ក្រុមហ៊ុន​ហ្វេសប៊ុក​ចង់​បង្ហាញ​ថា ខ្លួន​ធ្វើបែប​នេះ​នៅ​ក្នុង​ពេល​ជាក់លាក់​ណា​មួយ ហើយ​គេ​យល់​ឃើញ​ថា​ជា​ទង្វើ​វិជ្ជមាន ​ហើយ​ក្រុមហ៊ុន​នេះ​អាច​និយាយ​ថា នេះជា​អ្វី​ដែលខ្លួន​បានធ្វើ»។ ​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​និយាយ​ថា ម្ចាស់​គណនី​ដែល​ត្រូវបាន​លុប​ បាន​បង្ហោះសារ​ជាភាសា​ចិន អង់គ្លេស និង​ហ្វីលីពីន​អំពី​សកម្មភាព​នាវាចរណ៍​របស់​កងទ័ព​ជើង​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក៏​ដូចជា នយោបាយ​របស់​ប្រទេស​ហ្វីលីពីន​និង​បាន​ព្យាយាម​លាក់​បាំង​អត្តសញ្ញាណ​របស់​ពួកគេ។

​ប្រទេស​ចិន​និងហ្វីលីពីនប្រជែង​គ្នាលើ​អធិបតេយ្យ​ភាព​ដែនសមុទ្រ​ដែល​សម្បូរ​ដោយ​មច្ឆជាតិ​និង​ថាមពល​បម្រុង​ក្រោមបាត​សមុទ្រ។ ប្រទេស​ចិន​មាន​ប្រៀប​ផ្នែក​យោធា ដែល​ធ្វើ​ឲ្យ​មន្ត្រី​នៅ​ទីក្រុង​ម៉ានីលមិន​សប្បាយចិត្ត​ហើយជំរុញ​ឲ្យមានការ​តស៊ូមតិ​គ្នា​ថា​តើ​ហ្វីលីពីន​គួរ​សុំ​ជំនួយ​បន្ថែម​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឬទេ។

រូបឯកសារ៖ រូប​មេដៃ ដែល​ជា​និមិត្ត​សញ្ញា Like របស់​ក្រុមហ៊ុន Facebook ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ក្រុង Menlo Park រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ រូប​មេដៃ ដែល​ជា​និមិត្ត​សញ្ញា Like របស់​ក្រុមហ៊ុន Facebook ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ក្រុង Menlo Park រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

ទំនាក់​ទំ​នងជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក​គឺមានតាំង​ពីឆ្នាំ​២០១៥​ នៅពេល​ដែល​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​មួយ​នេះ​បាន​ចូលរួមជាមួយ​នឹង​ក្រុមហ៊ុន​ផ្តល់សេវាកម្ម​ទូរស័ព្ទ​ក្នុង​ស្រុក​ Smart Communications ដើម្បី​ផ្តល់ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យចូល​ទៅ​គេហទំព័រ​ទូរស័ព្ទ​ដែលមាន​អ្នក​ប្រើប្រាស់​ច្រើន​ចំនួន​២៤គេហទំព័រ​ដោយសេរី។

ប៉ុន្តែ​ហ្វេសប៊ុក​បានមិន​ខ្វល់ខ្វាយ​នឹង​ប្រទេស​ហ្វីលីពីន​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​អាស៊ីអាគ្នេយ៍​ដោយ​អនុញ្ញាត​ឲ្យអ្នក​នយោបាយ អ្នក​ចែកចាយ​ពាក្យ​សម្តី​ស្អប់ខ្ពើម និងអ្នក​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ ​ចូល​ប្រើប្រាស់​ដោយ​សេរី។ នេះ​បើ​យោង​តាម​លោក Gomez ។ ​

លោក Ramon Casiple នាយកប្រតិបត្តិ​នៃ​ក្រុមតស៊ូ​មតិ​ដែលមាន​មូលដ្ឋាន​នៅរដ្ឋធានី​ម៉ានីល​គឺ​វិទ្យាស្ថាន​សម្រាប់​កំណែ​ទម្រង់​នយោបាយ​និង​ការ​បោះឆ្នោត​បាន​និយាយថា៖ «យើង​នឹង​ស្វាគមន៍​ការធ្វើ​អភិបាលកិច្ច​ខ្លួន​ឯង​ពី​ហ្វេសប៊ុក។ ក្នុង​បណ្តាញ​ហ្វេសប៊ុកមាន​បញ្ហា​ជាច្រើន​តាំង​ពី​មុន​រហូត​មក​ដល់​បច្ចុប្បន្ន»។

​បណ្តាញ​ព័ត៌មាន​អាស៊ីអាគ្នេយ៍ New Mandala​ បាន​រាយការណ៍​កាលពី​ឆ្នាំ២០១៧​ មួយ​ឆ្នាំ​បន្ទាប់ពី​លោក Duterte ​បានកាន់​តំណែង​ថា ប្រធានាធិបតី​ហ្វីលីពីន​លោកRodrigo Duterte ​រក្សា «ទ័ព​អនឡាញ​»​ មួយ​ដែល​ត្រូវបាន​រាយការណ៍​ថា​បាន​ត្រូវបានជួល​ឲ្យ​បញ្ចូល​ព័ត៌មាន​គាំទ្រ​ក្នុងនាម​ជា​«សកម្មជនមូលដ្ឋាន»។

ពលរដ្ឋ​ហ្វីលីពីន​កំពុង​ចាប់ផ្តើម​តាមដានការបោះឆ្នោត​ប្រធានាធិបតីឆ្នាំ​២០២២​ ដែល​ជំរុញ​ឲ្យ​ហ្វេសប៊ុក​ធ្វើការ​បោស​សម្អាត​ដើម្បី​គេចពី​ការ​រិះគន់។ នេះ​បើ​យោងតាម​លោក Eduardo Araral សាស្ត្រាចារ្យរង​ជនជាតិ​ហ្វីលីពីន​នៅសាលា​គោលនយោបាយ​សាធារណៈ​នៃសាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។

ហ្វេសប៊ុក​និយាយ​ថា គណនី​ដែល​ត្រូវបាន​បិទ​មួយ​ចំនួន​មាន«មាតិកាដែល​គាំទ្រ​លោក​ប្រធានាធិបតី Rodrigo Duterte និងកូនស្រី​របស់​លោក​គឺ​អ្នក​ស្រី Sara Duterte ដែល​ទំនង​នឹង​ឈរ​ឈ្មោះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២២» ។ ប្រធានាធិបតី​អាច​បម្រើការ​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​ក្នុង​ប្រទេស​ហ្វីលីពីន។

លោក Araral ​និយាយ​ថា៖ «ពួកគេ​ត្រូវ​តែ​សកម្ម​ក្នុង​ការបង្ហាញ​ថា​ ហ្វេសប៊ុក​មិន​ត្រូវបាន​ប្រើ​ឬ​មិន​អាចប្រើ​ជា​វេទិកា​មួយ​សម្រាប់​ឥរិយាបថ​មិន​ត្រឹមត្រូវ​ទៀត​ទេ»។​

លោកDuterte ​បាន​បន្តមិត្ត​ភាព​ជាមួយ​ចិន​ទោះបី​ជាមាន​ជម្លោះ​ផ្លូវទឹក​ជាមួយគ្នា ប៉ុន្តែ​ពលរដ្ឋ​ហ្វីលីពីន​ធម្មតា​នៅ​តែប្រុងប្រយ័ត្ន​ជាមួយ​នឹងគម្រោង​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​នៅ​ដែន​សមុទ្រ​ជុំវិញ​នោះ។

មនុស្ស​ប្រហែល​៧៤លាន​នាក់​ប្រើ​ហ្វេសប៊ុក​ក្នុងប្រទេស​ហ្វីលីពីន​ដែល​មាន​ចំនួន​ប្រជាជន​សរុប​ជិត​១០៩លាននាក់។ ​សេចក្តីថ្លែងការណ៍​របស់​ហ្វេសប៊ុក​និយាយ​ថា​មាន​គណនី​ចំនួន​២៧៦.០០០​គណនី​បាន​តាមដាន​ទទួល​ព័ត៌មាន​ឬ follow ទំព័រ​ហ្វេសប៊ុកដែល​ត្រូវបាន​លុប​ពី​១​ឬ​១១​ទំព័រ។ ក្រុម​ហ៊ុន​នេះ​បាន​លុប​ទំព័រ​ហ្វេសប៊ុក​ទាំង​នោះ​ជាមួយ​នឹង​គណនី​ធម្មតា​ចំនួន​១៥៥​គណនី។ ហ្វេសប៊ុក​បាន​និយាយថាមានមនុស្ស​ប្រហែល​៥.៥០០​នាក់​បាន​តាម​គណនី Instagram​មួយ​ក្នុង​ចំណោម​គណនី​ដែល​ត្រូវបាន​លុបចោល​ទាំង​នោះ។​

លោក​Gomez បាន​និយាយ​ថា ហ្វេសប៊ុក​បាន​លុប​គណនី​ក្នុង​ប្រទេស​សិង្ហបុរី​និង​មីយ៉ាន់ម៉ា​ផងដែរ ដោយសារ​តែប្រទេស​ទាំង​ពីរ​ឈាន​ដល់​ដំណាក់​កាល​នយោបាយ។​

ឧទាហរណ៍​កាលពី​ឆ្នាំ​២០១៨​ ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សនៃ​អង្គការ​សហប្រជា​ជាតិបាន​រក​ឃើញ​ថា​ហ្វេសប៊ុក​បាន​ជួយ​ចែកចាយពាក្យសម្តី«ស្អប់ខ្ពើម» ប្រឆាំង​នឹង​ជន​រ៉ូហ៊ីងយ៉ា ដែលជា​ជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ពិបាក​ចុះ​សម្រុង​នឹង​រដ្ឋាភិបាល​ក្នុង​ប្រទេស។ បន្ទាប់​ពីការ​រកឃើញ​របស់អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​ ហ្វេសប៊ុក​បាន​លុប​ចោល​ទំព័រ​មួយ​ដែលកាន់កាប់​ដោយ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ជាន់​ខ្ពស់ និង​ជា​សត្រូវ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​យូរ​មក​ហើយ​នោះ៕

ប្រែស​ម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG