ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​គំរាម​បិទ​ហ្វេសប៊ុក​ បើ​ក្រុមហ៊ុន​នេះ​មិន​ព្រម​ធ្វើ​តាម​​សំណើ​ត្រួត​ពិនិត្យ​ខ្លឹមសារ


រូបឯកសារ៖ អ្នកប្រើប្រព័ន្ធអ៊ីនធឺណិតម្នាក់កំពុងមើលទំព័រហ្វេសប៊ុករបស់រដ្ឋាភិបាលវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥។

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រុមហ៊ុនបណ្តាញ​សង្គម​ហ្វេសប៊ុកដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា.​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ​ប្រទេស​វៀតណាម​បាន​គំរាម​បិទ​ហ្វេសប៊ុក​នៅ​ក្នុង​ប្រទេស ប្រសិន​បើ​ក្រុមហ៊ុន​នេះ​មិនធ្វើ​តាម​សម្ពាធ​របស់​រដ្ឋាភិបាល​វៀតណាម ​ក្នុង​ការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​នយោបាយ​ក្នុង​ស្រុក​បន្ថែម​ទៀតដែល​មាន​ផ្សាយ​តាមហ្វេសប៊ុក។​

មន្ត្រី​នោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ជាបញ្ហា​រសើប​ បាន​និយាយ​ថា​ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​អនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​វៀតណាម​ កាល​ពី​ខែ​មេសា​ ដើម្បី​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ការ​បង្ហោះ​ខ្លឹមសារ​ ដែល ​«ប្រឆាំង​នឹង​រដ្ឋ»​ ដោយ​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​វៀតណាម​ ប៉ុន្តែនៅ​ខែ​សីហា​ អាជ្ញាធរ​វៀតណាម​បាន​ស្នើ​សុំ​ម្តង​ទៀត​ឲ្យ​ក្រុមហ៊ុន​នេះ​បង្កើន​ការ​រឹតត្បិត​លើ​ការ​ផ្សាយ​រិះគន់។​

មន្ត្រី​រូប​នោះ​បាន​និយាយ​ថា ​ការ​គំរាម​កំហែង​រួមមាន​ការ​បិទ​ហ្វេសប៊ុក​ទាំងស្រុង​នៅ​វៀតណាម ​ដែល​ជា​ទីផ្សារ​ដ៏​ធំមួយ​សម្រាប់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ ​ដែល​ជា​កន្លែង​រក​ចំណូល​បាន​ជិត ​១​ ពាន់​លាន​ដុល្លារ។​ នេះ​បើ​យោង​តាម​ប្រភព​ចំនួន​ពីរ​ដែល​ដឹង​ពី​តួលេខ​នេះ។​

ហ្វេសប៊ុក​ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ​៦០ ​លាន​នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយផ្តល់​សេវា​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​តាមអនឡាញ​ និង​ជា​វេទិកា​សម្រាប់​ទស្សនៈនយោបាយប្រឆាំង​នោះ កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យពិច័យ​ជាប្រចាំ​ដោយ​រដ្ឋាភិបាល។​

នៅ​ប្រទេស​វៀតណាម​ ទោះបី​មាន​ការ​កំណែ​ទម្រង់​សេដ្ឋកិច្ច​និង​បង្កើន​ការ​បើក​ចំហ​ចំពោះ​ការ​ផ្លាស់ប្តូរ​សង្គម​ក៏ដោយ ​ក៏​បក្ស​កុម្មុយនិស្ត​ដែល​កំពុង​កាន់​អំណាច​នៅ​តែ​រក្សា​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​អត់ធ្មត់​តិចតួច​ចំពោះ​ការ​ប្រឆាំង។ ប្រទេស​នេះ​ឈរ​នៅ​លំដាប់​ទី ៥ ​ពី​បាត​តារាង​នៃ​ចំណាត់​ថ្នាក់​ពិភពលោក​អំពី​សេរីភាព​សារព័ត៌មាន ​ដែល​ចងក្រង​ដោយ​អង្គការអ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន។​

ក្រសួង​ការ​បរទេស​វៀតណាម​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់ Reuters ថា​ ហ្វេសប៊ុក​គួរតែ​គោរព​តាម​ច្បាប់​ក្នុង​ស្រុក​និង​បញ្ឈប់ ​«ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​រំលោភ​លើ​ទំនៀមទម្លាប់​ប្រពៃណី​របស់​វៀតណាម​ និង​រំលោភ​លើ​ផល​ប្រយោជន៍​រដ្ឋ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG