ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការផ្ទុះ​​ជា​ច្រើន​ធ្វើ​ឲ្យ​រញ្ជួយ​អ៊ុយក្រែន ហើយ​មាន​​សាកសព​ជា​ច្រើន​​​​នៅ​តាម​ដង​​ផ្លូវ​ក្នុង​ទីក្រុង​Mariupol


ក្រុម​ការងារ​ពន្លត់​អគ្គីភ័យ​កំពុង​ពន្លត់​ភ្លើង​ដែល​ឆាបឆេះ​អគារ​នានា​ដោយសារ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ទីក្រុង​ Lviv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ (REUTERS/Pavlo Palamarchuk)
ក្រុម​ការងារ​ពន្លត់​អគ្គីភ័យ​កំពុង​ពន្លត់​ភ្លើង​ដែល​ឆាបឆេះ​អគារ​នានា​ដោយសារ​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ទីក្រុង​ Lviv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ (REUTERS/Pavlo Palamarchuk)

អាជ្ញាធរអ៊ុយក្រែន​និយាយ​ថា ការបាញ់កាំជ្រួច​មីស៊ីលទៅ​លើ​ទីក្រុង Lviv នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ និង​ការ ផ្ទុះ​យ៉ាង​ខ្លាំង​ជា​ច្រើន​កន្លែង បានធ្វើឲ្យ​រញ្ជួយ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ ខណៈ​ដែល​កងទ័ព​រុស្ស៊ី​ កំពុង​បន្តការ​បាញ់​ផ្លោងបន្ទាប់​ពី​ខ្លួន​បាន​អះអាង​ថា ជិត​បាន​គ្រប់គ្រង​ទីក្រុង Mariupol ទាំង​ស្រុង​ដែល​ជា​ទីក្រុង​កំពង់​ផែយុទ្ធសាស្ត្រ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ហើយ។ នេះបើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​ត្រូវ​ទទួល​ការរុញ​ច្រាន​ដោយ​ការតស៊ូ​របស់​អ៊ុយក្រែន​នៅ​ភាគ​ខាង​ជើង​នោះ កង​កម្លាំង​រុស្ស៊ី​នៅ​ពេល​នេះ បាន​ផ្តោត​ការវាយ​ប្រហារ​របស់​ខ្លួន​លើតំបន់ Donbas ស្របពេល​ដែល​ធ្វើ​ការវាយ​ប្រហារពី​ចម្ងាយ​ទៅ​លើគោលដៅ​មួយ​ចំនួន​ទៀតដែល​ក្នុង​នោះ​ក៏​មានរដ្ឋធានី​កៀវ​ផង​ដែរ។

អភិបាល​ទីក្រុង Lviv លោក Andriy Sadoviy បាន​និយាយ​ថា កាំជ្រួច​មីស៊ីលចំនួន៥គ្រាប់ ត្រូវ​បាន​វាយប្រហារ​ទៅ​លើ​ទីក្រុង​ភាគ​ខាង​លិច​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់នៅ​ឡើយទេ​ថា តើ​ការវាយ​ប្រហារ​នោះ​ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រងរបួស​ប៉ុន្មាន​នាក់​នោះ។

នៅក្នុងរដ្ឋធានី​កៀវ​វិញ អ្នក​យក​ព័ត៌មានរបស់ទីភ្នាក់ងារ​ព័ត៌មាន Reuters មួយ​រូបបានឮ​សំឡេង​ផ្ទុះ​មួយ​ចំនួននៅ​ជិតទន្លេ Dnipro។ អាជ្ញាធរ​មូលដ្ឋាន​នៅ​មិន​ទាន់​អាច​ផ្តល់ព័ត៌មានផ្លូវការ​ណា​មួយ​ជុំវិញ​ការ​ផ្ទុះ​នោះនៅ​ឡើយ​ទេ។

បើតាម​សារព័ត៌មាន Suspilne បាន​ឲ្យ​ដឹង​ថា មនុស្ស២នាក់​បាន​រង​របួស​នៅ​ក្នុង​ការវាយ​ប្រហារ​នៅតំបន់ Dnipropetrovsk ភាគ​ខាង​ត្បូងអ៊ុយក្រែន។

មនុស្ស​ប្រមាណ១៨នាក់ត្រូវ​បាន​សម្លាប់​និង​ជាង១០០នាក់​ផ្សេង​ទៀត​បាន​រងរបួស​នៅ​ក្នុង​រយៈ​ពេល​៤ថ្ងៃ​ចុង​ក្រោយ​នេះនៅ​ក្នុងទីក្រុង Kharkiv ភាគ​ឦសាន្ត​ប្រទេស​អ៊ុយក្រែនក្នុង​រយៈពេល៤​ថ្ងៃកន្លង​ទៅ​នេះ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ លោកVolodymyr Zelenskyy។ ​

លោក Zelenskyy បាន​ថ្លែងកាល​ពី​យប់​ថ្ងៃ​អាទិត្យម្សិលមិញ​ថា៖ «វា​គ្មាន​រឿង​អ្វី​ក្រៅ​ពីអំពើ​ភេរវកម្ម​ដោយ​ចេតនា​ដោយ​ការបាញ់​ផ្លោងទៅលើពលរដ្ឋ​សាមញ្ញ​និង​ជនស៊ីវិល​អ៊ុយក្រែន​នោះ​ឡើយ»។

រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួនមិន​បាន​បាញ់​ផ្លោងទៅ​លើ​គោលដៅ​ជន​ស៊ីវិល​នោះឡើយ​ និង​បាន​បដិសេធ​នូវអ្វី​ដែល​អ៊ុយក្រែន​បាន​លើក​ឡើងធ្វើ​ជា​ភស្តុតាង​នៃ​អំពើ​ព្រៃផ្សៃ​របស់​រុស្ស៊ី​ថា​ជា​ការរៀបចំ​ទុក​ជា​មុន​ដើម្បីបំផ្លាញ​ការចរចា​សន្តិភាព​តែ​ប៉ុណ្ណោះ។ រុស្ស៊ី​បាន​ចាត់ទុក​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​មាន​រយៈពេល​ជិត​២​ខែ​កន្លង​ទៅ​នេះ​ថាជាប្រតិបត្តិការ​យោធា​ពិសេស​មួយ​ដើម្បីបំផ្លាញ​កម្លាំង​យោធា​អ៊ុយក្រែន​និង​លុបបំបាត់អ្វី​ដែល​រុស្ស៊ី​ហៅ​ថា ជាក្រុមជាតិ​និយម​ដ៏​គ្រោះ​ថ្នាក់។

ប្រទេស​លោក​ខាង​លិច​និងរដ្ឋាភិបាលអ៊ុយក្រែន បាន​ចោទប្រកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថា បាន​បង្ក​ការឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ដោយ​គ្មាន​ហេតុផល៕

XS
SM
MD
LG