ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​អ្នក​ជំនាញ៖ ចិន​បន្ថែម​វត្តមាន​យោធា​នៅ​កោះ​សិប្បនិមិត្ត​ក្នុង​ដែន​ទឹក​មាន​ជម្លោះ


រូបភាព​ពី​លំហអាកាស​របស់​អង្គការ CSIS Asia Maritime Transparency Initiative ​បង្ហាញ​ឲ្យ​ឃើញ​​អ្វី​ហាក់​ដូច​ជា​កាំភ្លើង​ប្រឆាំង​យន្ត​ហោះ និង​ប្រហែល​ជា​ប្រព័ន្ធ​អាវុធ​នៅ​លើ​កោះ​សិប្បនិមិត្ត Subi Reef។ រូបថត​នេះ​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។

អង្គការ​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា​ នៅ​ពេល​ដែល​ស.រ.អា.ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង​ ប្រទេស​ចិន​បាន​បង្កើន​វត្តមាន​យោធា​របស់​ខ្លួននៅ​លើ​កោះ​សិប្បនិមិត្ត​មួយ​ចំនួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

អង្គការ​ការ​ផ្តើម​គំនិត​អំពី​តម្លាភាព​ក្នុង​សមុទ្រ​អាស៊ី​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Asia MaritimeTransparency Initiative បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​រូប​ថត​តាម​ផ្កាយ​វិទ្យាសាស្ត្រ​បង្ហាញ​ឱ្យ​ឃើញ​ការ​ធ្វើ​ការ​ងារ​នៅ​លើ​ផ្ទៃ​ដី​២៩​ហិកតា​នៅ​ក្នុង​ប្រជុំ​កោះ​ Spratly ​និង​កោះ ​Paracel ​ដែល​ជា​កោះ​ត្រូវ​ទាមទារ​ជា​ផ្នែក​ដែរ​ដោយ​ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់ និង​ប្រទេស​វៀតណាម។​

រូបថត​ទាំង​នេះបង្ហាញ​ឱ្យ​ឃើញ​អាគារដាក់​យន្តហោះ បន្ទប់​ដាក់​អីវ៉ាន់​នៅក្រោម​ដី គ្រឿង​ឧបករណ៍រ៉ាដា​ និង​ការស្ថាបនាឯទៀតៗដែលអាចត្រូវប្រើប្រាស់​បានក្នុង​វិស័យ​យោធា។​

ក្នុង​សប្តាហ៍​នេះ​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​Rex Tillerson បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ឱ្យ​ផ្អាក​ការ​កសាង​នៅ​លើ​កោះ​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ពេល​ដែល​ស.រ.អា.​គ្មាន​ការ​ដណ្តើម​ទឹកដី​នៅ​ក្នុង​ដែន​សមុទ្រ​នេះ​ក៏​ដោយ​ក៏​ប្រទេស​អាមេរិក​បាន​ប្រកាន់​គោល​ជំហរ​អព្យាក្រិត​នៅ​ក្នុង​ជម្លោះ​នេះ។​ ស.រ.អា.​បាន​និយាយ​ថា​ ខ្លួន​ខ្វល់​ខ្វាយ​អំពី​ប្រទេស​ចិន​ដែល​ខិតខំ​ព្យាយាម​ធ្វើ​ឱ្យ​មាន​លក្ខណៈ​យោធា​នៅ​ក្នុង​អ្វី​ដែល​គួរ​ជា​ដែន​សមុទ្រ​អន្តរជាតិសេរី​និង​បើក​ចំហ៕

XS
SM
MD
LG