ពួកអ្នកវិភាគទស្សន៍ទាយថា ក្រមប្រតិបត្តិមួយដែលមានគោលដៅបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់អកុសលណាមួយនៅក្នុងសមុទ្រចិនខាងត្បូង ទំនងជានឹងអាចបញ្ចៀសកង្វល់ដែលមានផលប៉ះពាល់មិនល្អដល់រដ្ឋាភិបាលក្រុងប៉េកាំង ដែលរដ្ឋាភិបាលចិននេះជាអ្នកទាមទារច្រើនជាងគេនៅក្នុងដែនសមុទ្រនោះ។
ប្រទេសចិននិងប្រទេសជាតិ១០ក្នុងទ្វីបអាស៊ីអាគ្នេយ៍បានយល់ស្របគ្នានៅក្នុងសន្និសីទកំពូលក្នុងក្រុងម៉ានីល ក្នុងខែនេះថា ពួកគេចាប់ផ្តើមធ្វើកិច្ចចរចាគ្នាអំពីក្រមប្រតិបត្តិសម្រាប់សមុទ្រនេះដែលសំបូរធនធានធម្មជាតិដែលនៅទីនោះរដ្ឋាភិបាល៦បានដណ្តើមអធិបតេយ្យភាពរៀងៗខ្លួន។
រដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារ៩០ភាគរយនៃដែនសមុទ្រនេះ ចាប់តាំងពីឆ្នេរសមុទ្រខាងត្បូងរបស់ខ្លួនរហូតដល់កោះ Borneo។ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឱ្យប្រទេសឯទៀតៗជាគូប្រជែងក្នុងសមុទ្រនេះមានការភ្ញាក់ផ្អើល ដែលគូប្រជែងទាំងនេះរួមមានកោះតៃវ៉ាន់និងរដ្ឋបួនទៀតក្នុងទ្វីបអាស៊ីអាគ្នេយ៍។ ពួកគេភ្ញាក់ផ្អើលដោយសាររដ្ឋាភិបាលនេះបានកសាងកោះសិប្បនិមិត្តសម្រាប់កងយន្តហោះប្រតិកម្មប្រយុទ្ធនិងប្រព័ន្ធរ៉ាដារបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១០មក។
ប្រទេសឯទៀតៗដែលទាមទារដែនសមុទ្រនេះដែរនោះ ក៏ឱ្យតម្លៃទៅលើជំនួយវិនិយោគនិងជំនួយអភិវឌ្ឍន៍ពីសេដ្ឋកិច្ចនៃប្រទេសចិន ដែលមានទឹកប្រាក់១១,២លានលានដុល្លារ ហើយការណ៍នេះនាំឱ្យប្រទេសទាំងនេះមានការពិបាកក្នុងការនិយាយខ្លាំងៗប្រឆាំងនឹងប្រទេសចិន៕