អ្នកជំនាញមើលឃើញពីសក្តានុពលរបស់កម្ពុជានៅក្នុងការអភិវឌ្ឍគម្រោងថាមពលខ្យល់ ដែលជាប្រភេទថាមពលស្អាត ខណៈរដ្ឋាភិបាលគ្រោងនឹងដំណើរការគម្រោងថាមពលខ្យល់នៅក្នុងខេត្តមណ្ឌលគិរីនាពេលខាងមុខ។
កាលពីខែមករា លោក ហ៊ុន ម៉ាណែត បានជួបថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Blue Circle របស់បារាំង ហើយលោកបានលើកឡើងថា ក្រុមហ៊ុននេះបានជ្រើសរើសខេត្តមណ្ឌលគិរី ដើម្បីអនុវត្តគម្រោងទីមួយរបស់ក្រុមហ៊ុនលើគម្រោងទាញយកថាមពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ ២០២៦។ នេះបើយោងតាមព័ត៌មានដែលបង្ហោះលើហ្វេសប៊ុកនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។
ឆ្លើយតបទៅនឹងសំណួររបស់វីអូអេ លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍ និងកម្មវិធីថាមពលធនធានទឹក និងចីរភាព នៅមជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លើកឡើងថា ប្រទេសកម្ពុជាមានសក្តានុពលល្អក្នុងការអភិវឌ្ឍសមត្ថភាពខ្យល់ និងថាមពលពន្លឺព្រះអាទិត្យដែលជាមធ្យោបាយ ដើម្បីបញ្ចៀសពីថាមពលធ្យូងថ្មនិងគម្រោងវារីអគ្គិសនីដែលបង្កផលប៉ះពាល់ផ្សេងៗ។ លោកបន្តថា កម្ពុជាប្តេជ្ញាការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ដោយផ្តល់សារៈសំខាន់នៃជលផលមេគង្គដល់សន្តិសុខស្បៀងរបស់កម្ពុជា ហេតុនេះបានកម្ពុជាផ្អាកការសាងសង់ទំនប់វារីអគ្គិសនីនៅលើតួទន្លេមេគង្គ។ លោកហៅថានេះជា «វិធានការដ៏ឈ្លាសវៃមួយ»។
លោកប្រាប់វីអូអេតាមសារអ៊ីម៉ែលថា៖ «ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងគម្រោងផ្សេងទៀតដូចជាគម្រោងខ្យល់ ១០០ មេហ្គាវ៉ាត់ កម្ពុជាគួរតែរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារបរិស្ថាន និងស្វែងយល់ឱ្យបានពេញលេញអំពីផលវិបាកនៃផលប៉ះពាល់បរិស្ថាន មុនពេលឆ្ពោះទៅមុខ»។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Blue Circle ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ នៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Blue Circle និងក្រុមហ៊ុន Royal Group ដែលគ្រប់គ្រងដោយឧកញ៉ា គិត ម៉េង បានសហការក្នុងការអភិវឌ្ឍគម្រោងខ្យល់ដំបូងរបស់កម្ពុជាដែលមានកម្លាំង ១០០ មេហ្គាវ៉ាត់នៅខេត្តមណ្ឌលគិរី។ សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា គម្រោងមួយនេះត្រូវបានវាស់ខ្យល់ចាប់តាំងពីឆ្នាំ ២០១៩ ដោយមានបង្គោលប្រវែង១២០ម៉ែត្រ និងឧបករណ៍ SPIDAR ផ្សេងៗ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ ខេត្តមណ្ឌលគិរី គឺជាទីតាំងដែលមានខ្យល់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា និងក្នុងចំណោមតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «គំរូខ្យល់ពិសេសនៃផ្នែកនៃតំបន់ទន្លេមេគង្គក្រោមនេះ នឹងជំរុញការផលិតថាមពលដែលមានសក្តានុពលជាចម្បងក្នុងរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែមេសា។ ខ្យល់មូសុងតាមរដូវនេះនឹងបំពេញបន្ថែមនូវឧត្តមភាពផលិតកម្មថាមពលវារីអគ្គីសនីដែលតំណាងឱ្យជាង ៤៥% នៃល្បាយថាមពលរបស់ប្រទេសកម្ពុជា ហើយទំនប់វារីអគ្គិសនីផលិតថាមពលជាចម្បងក្នុងរដូវវស្សា ចាប់ពីខែឧសភាដល់ខែតុលា»។
ការសហការគ្នារវាងក្រុមហ៊ុន Blue Circle និង Royal Group នឹងរួមចំណែកដល់គោលដៅអព្យាក្រឹតកាបូនឆ្នាំ ២០៥០ របស់កម្ពុជា ដែលកំណត់ដោយក្រសួងបរិស្ថាន កាលពីឆ្នាំ ២០២២ និងថាការបន្ថែមថាមពលខ្យល់ទៅក្នុងល្បាយថាមពលរបស់ប្រទេសកម្ពុជានឹងមិនត្រឹមតែកាត់បន្ថយថ្លៃដើម និងការប្រែប្រួលតម្លៃ ប្រភពផ្គត់ផ្គង់ដល់អគ្គិសនីកម្ពុជាដែលជាស្ថាប័នថាមពលរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រឹងឯករាជ្យភាពថាមពលរបស់ប្រទេសជាមួយនឹងថាមពលផលិតក្នុងស្រុកផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន Blue Circle និងក្រុមហ៊ុន Royal Group បាននៅឡើយទេ។
ទោះជាយ៉ាងណា មន្រ្តីកម្ពុជាមិនទាន់មានព័ត៌មានអំពីការអភិវឌ្ឍថាមពលខ្យល់នៅក្នុងខេត្តមណ្ឌលគិរីនេះនៅឡើយទេ។
អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល លោក ហេង គុណលាង ប្រាប់វីអូអេថា លោកនៅមិនទាន់ទទួលបានព័ត៌មានអ្វីពីគម្រោងផលិតថាមពលខ្យល់ក្នុងខេត្តមណ្ឌលគិរីនេះនៅឡើយទេ។
អភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង ប្រាប់វីអូអេថា សាលាខេត្តនៅមិនទាន់ទទួលបានព័ត៌មានជាផ្លូវការណាមួយទេ ប៉ុន្តែលោកថាកន្លងមកធ្លាប់មានក្រុមហ៊ុនសិក្សានៅក្នុងស្រុកអូររាំងនិងស្រុកសែនមនោរម្យ។
លោកថ្លែងថា៖ «ខ្ញុំមិនច្បាស់ដែរចាំមើលមានព័ត៌មានអីថ្មី យើងនឹងជូនព័ត៌មានតាមក្រោយ ប៉ុន្តែឥឡូវនេះវាថ្មីម៉ងថ្មីចែស។ អត់ទាន់ដឹងថាតើក្រុមហ៊ុនណាឬមួយស្អី គ្រាន់តែដឹងថាមានក្រុមហ៊ុនធ្លាប់សិក្សាពីប្រភពខ្យល់អីហ្នឹងដែរ ប៉ុន្តែយើងអត់ច្បាស់ដែរ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា លើកឡើងថា គម្រោងអភិវឌ្ឍថាមពលកន្លងមកធ្លាប់មានការសិក្សាពីគ្រោងថាមពលខ្យល់នៅកម្ពុជា ដែលភាគច្រើនថាមពលខ្យល់អាចមានសក្តានុពលនៅតំបន់ជាប់មាត់សមុទ្រប្រទេសមានដូចជាខេត្តកំពតជាដើម។ ទោះជាយ៉ាងណា លោកបន្តថា គម្រោងអភិវឌ្ឍថាមពលខ្យល់ខ្នាតធំនៅមិនទាន់មាននៅឡើយទេនៅក្នុងប្រទេសកម្ពុជា។
លោកប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមជាអក្សរថា៖ «គម្រោងថាមពលខ្យល់គឺជាគម្រោងថាមពលស្អាតដែលកម្ពុជាកំពុងយកចិត្តទុកដាក់និងលើកទឹកចិត្តក្នុងការផលិតថាមពលស្អាតនៅក្នុងប្រទេស ដែលជាប្រភេទថាមពលកកើតឡើងក្នុងថាមពលកើតឡើងវិញផ្សេងទៀត ដែលកម្ពុជាបានអភិវឌ្ឍរួមមានថាមពលពន្លឺព្រះអាទិត្យ និងថាមពលវារីអគ្គិសនី។ ថាមពលកកើតឡើងវិញទាំងនេះក៏ស្ថិតនៅក្នុងផែនមេសម្រាប់អភិវឌ្ឍថាមពល»។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង ប្រាប់វីអូអេថា លោកសាទរចំពោះការវិវឌ្ឍថ្មីមួយនេះ ដែលលោកថា កម្ពុជាអាចឈានទៅរកការប្រើប្រាស់ថាមពលស្អាតជំនួសឱ្យប្រភេទថាមពលកើតចេញពីទំនប់វារីអគ្គីសនី ដែលនៅតែជាក្តីបារម្ភនៃការបង្កផលប៉ះពាល់ទឹកទន្លេ។ លោកបន្តថា ខណៈរដ្ឋាភិបាលគ្រោងកសាងថាមពលខ្យល់ រដ្ឋាភិបាលក៏គួរតែលុបចោលវិញចំពោះគម្រោងទំនប់វារីអគ្គីសនីនានាផងដែរ។
លោកថ្លែងថា៖ «ហើយយើងសង្ឃឹមថា គម្រោងនេះនឹងដំណើរការឆាប់ៗ ហើយទន្ទឹមនឹងការអភិវឌ្ឍគម្រោងនេះ ក៏អាចធ្វើឱ្យរដ្ឋាភិបាលដែលគ្រោងកំពុងសិក្សាអំពីគម្រោងកសាងទំនប់វារីអគ្គីសនីតាមបណ្តោយទន្លេស្រែពកហ្នឹងគួរតែពិចារណាលុបចោលគម្រោងនេះវិញ ដើម្បីបញ្ចៀសនូវគ្រោះមហន្តរាយធ្ងន់ធ្ងរទៅដល់អេកូឡូស៊ីទន្លេ ហើយនិងប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើនៃទន្លេ»។
បើតាមលោក ហេង គឹមហុង រដ្ឋាភិបាលគួរតែជំរុញនូវការអភិវឌ្ឍថាមពលខ្យល់នេះឱ្យបានលឿន ខណៈកម្ពុជាប្តេជ្ញាចិត្តនៅក្នុងការកាត់បន្ថយឬក៏លុបចោលនូវគម្រោងធ្យូងថ្ម។
ក្រៅពីក្រុមហ៊ុនបារាំង ក៏មានក្រុមហ៊ុនចិនឈ្មោះ China Datang Corporation Ltd បង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគផលិតថាមពលខ្យល់នេះផងដែរ។ កាលពីខែតុលា ឆ្នាំមុន លោក ហ៊ុន ម៉ាណែត បានជួបតំណាងក្រុមហ៊ុននេះ «ហើយក្រុមហ៊ុនបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០លានដុល្លារអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ថ្មីនេះ»។ នេះបើយោងតាមព័ត៌មានដែលបង្ហោះលើហ្វេសប៊ុកនាយករដ្ឋមន្រ្តី។
បើតាមយោងតាម Global Energy Monitor ប្រទេសសមាជិកអាស៊ានទាំង ១០ មានតែប្រទេសវៀតណាម ថៃ ហ្វីលីពីន និងឥណ្ឌូណេស៊ី តែប៉ុណ្ណោះដែលកំពុងដំណើរការការថាមពលខ្យល់ ខណៈប្រទេសជាសមាជិកផ្សេងទៀតមិនទាន់មាននោះទេ រួមទាំងកម្ពុជាផងដែរ៕
វេទិកាបញ្ចេញមតិ