លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋសម្រេចមិនដំឡើងថ្លៃអគ្គិសនី ដោយសុខចិត្តចំណាយលើថ្លៃខាតបង់រាប់រយលានដុល្លារអាមេរិក។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ កាលពីថ្ងៃទី ១៤ ខែមករា ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសបារាំង ក្នុងគ្រាដែលលោកកំពុងបំពេញទស្សនកិច្ចនៅទីនោះ។
លោក ហ៊ុន ម៉ាណែត ដែលកាន់តំណែងជាង ៤ ខែមកហើយ ថ្លែងថា រដ្ឋាភិបាលរបស់លោកសម្រេចរក្សាតម្លៃអគ្គិសនីនៅដដែល ខណៈប្រទេសអាស៊ាន និងបណ្តាប្រទេសដទៃទៀតដំឡើងថ្លៃ ដោយសារតែវិបត្តិសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
លោកថ្លែងថា៖ «នៅក្នុងប្រទេសអាស៊ានអំឡុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តម្លៃភ្លើងមានការឡើងថ្លៃ ដោយសារបញ្ហាសេដ្ឋកិច្ច ប៉ុន្ដែចំពោះប្រទេសកម្ពុជា ពុំមានការដំឡើងថ្លៃភ្លើងនោះទេ។ រដ្ឋសុខចិត្តខាតដើម្បីទប់ថ្លៃភ្លើងឲ្យប្រជាពលរដ្ឋ»។
បើតាមលោក ហ៊ុន ម៉ាណែត ៦២% នៃអគ្គិសនីរបស់កម្ពុជាទទួលបានពីថាមពលកកើតឡើងវិញ និងវារីអគ្គិសនី ដូច្នេះវាមិនពឹងផ្អែកទាំងស្រុងទៅលើថ្លៃប្រេងឡើយ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា រដ្ឋបានចំណាយប្រាក់រាប់រយលានដុល្លារចេញខាត កាលពីឆ្នាំមុន ក្នុងការធានាថា តម្លៃអគ្គិសនីមិនឡើងថ្លៃ៕
វេទិកាបញ្ចេញមតិ