ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាប្តេជ្ញាបង្កើនថាមពលកកើតឡើងវិញ ខណៈសង្គមស៊ីវិលជំរុញឱ្យផ្តោតលើថាមពលព្រះអាទិត្យនិងខ្យល់ឱ្យបានច្រើន


រូបឯកសារ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់សម្ភាសន៍ដល់វីអូអេ ក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬ COP28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់សម្ភាសន៍ដល់វីអូអេ ក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬ COP28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

កម្ពុជា​ប្រកាស​បង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ដែល​ភាគ​ច្រើន​មាន​ប្រភព​មកពី​វារី​អគ្គិសនីឱ្យ​បាន៧០​ភាគរយ ត្រឹមឆ្នាំ​២០៣០ ខណៈ​សកម្មជន​បរិស្ថាន​ចង់​ឱ្យ​រដ្ឋាភិបាលបង្កើន​ការ​ផលិត ​និង​ប្រើប្រាស់​ថាមពល​ពី​ពន្លឺព្រះអាទិត្យ និង​ខ្យល់​។ ​ ​ ​

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​កម្ពុជា បាន​ឡើង​អាន​សេចក្តី​ថ្លែងការណ៍ពីការ​ប្តេជ្ញាចិត្តរបស់​កម្ពុជាក្នុងការ​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​សន្និសីទ​ពិភព​លោកលើកទី​២៨ ​ស្តីពីការ​ប្រែប្រួល​អាកាសធាតុ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣​។​ ចំណុច​ទី ​៤​ ក្នុងសេចក្តី​ថ្លែងការណ៍​នោះ លោក អ៊ាង សុផល្លែត លើកឡើង​ថា កម្ពុជា​សម្រេច​បាន​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ចំនួន​ ៦២​ភាគ​រយ​ ហើយ​ប្តេជ្ញា​ក្នុង​ការ​បង្កើន​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ឱ្យ​បាន ​៧០​ភាគ​រយ​ ត្រឹម​ឆ្នាំ​២០៣០។

​លោក​ អ៊ាង សុផល្លែត បាន​អាន​បន្ត​សេចក្តី​ថ្លែងការណ៍​នោះ​ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «ថ្មីៗ​នេះ យើង​បាន​លុបចោល​គម្រោង​ថាមពល​ធ្យូងថ្ម​ក្នុង​ស្រុក​ទំហំ ៧០០​មេហ្គាវ៉ាត់​ ហើយ​មាន​បំណង​បង្កើនថាមពល​ដែល​អាច​កកើតឡើង​វិញ​របស់​យើង​ដល់ ៧០​% នៅឆ្នាំ២០៣០​ ដែល​ជា​ទ្វេដង​នៃ​ស្តង់ដារ​អាស៊ាន​ដែល​បាន​កំណត់​សម្រាប់​ឆ្នាំ ​២០៥០»។

ការថ្លែង​របស់​លោក អ៊ាង​ សុផល្លែត ធ្វើ​ឡើង​ខណៈ​ដែល​ប្រទេស​យ៉ាង​ហោច​ណាស់​ជាង​១២០ ក្នុង​សន្និសីទ​លើកទី​២៨ ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ទីក្រុង​ឌូបៃ បាន​ប្រកាស​ប្តេជ្ញា​បង្កើនសមត្ថភាព​ថាមពល​កកើត​ឡើងវិញ​បី​ដង​នៅ​ឆ្នាំ​ ២០៣០​។

លោក​ អ៊ាង សុផល្លែត​ បាន​ប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន​ថា ថាមពល​កកើត​ឡើង​វិញ​ដែល​កម្ពុជា​ប្តេជ្ញា​បង្កើន គឺជា​ថាមពលពី​បន្ទះស្រូប​ពន្លឺ​ព្រះអាទិត្យ ថាមពល​វារី​អគ្គិសនី និង​ថាមពល​ខ្យល់។ ទោះយ៉ាងណា ​លោក​មិន​បាន​បញ្ជាក់​ថា តើ​កម្ពុជា​គ្រោង​នឹង​បង្កើន​ថាមពល​កកើត​ឡើង​វិញ​នីមួយៗ​នេះ​ប៉ុន្មាន​ភាគ​រយ​នោះទេ។​

លោក ណត្តារុណ ង៉ោសឺន នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​អេននឺជីឡេប (EnergyLab) ប្រាប់​វីអូអេ​ថា លោក​សាទរ​គម្រោង​ដែល​កម្ពុជា​ប្រកាសថា​នឹង​បង្កើន​ការ​ប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ឱ្យ​បាន ៧០​ភាគរយ​ក្នុ ង​រយៈពេល​៧​ឆ្នាំ​ខាងមុខ។ លោក​ថា រដ្ឋាភិបាល​បាន​បង្កើន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​សរុប​ដល់​ទៅ ២​ជីហ្គាវ៉ាត់ ដែល​នឹង​ត្រូវ​ដំឡើង​នៅ​ឆ្នាំ​ ២០៣០​ ដែល​ជា​ចំនួន​ទ្វេដង​ដែល​នឹង​ត្រូវ​សាងសង់​ក្រោម​ផែនការពី​មុន​របស់​រដ្ឋាភិបាល ដើម្បី​ពង្រឹង​សន្តិសុខ​ថាមពល​របស់​កម្ពុជា។​

រូបឯកសារ៖ ផ្ទាំងសូឡា​ដែល​ត្រូវ​បាន​តម្លើង​ដោយ​ក្រុម​ហ៊ុនសូឡាសូជី (SOGE) ស្ថិត​ក្នុង​ឃុំ​កោះចិន ស្រុកពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ផ្ទាំងសូឡា​ដែល​ត្រូវ​បាន​តម្លើង​ដោយ​ក្រុម​ហ៊ុនសូឡាសូជី (SOGE) ស្ថិត​ក្នុង​ឃុំ​កោះចិន ស្រុកពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

គិត​ត្រឹម​ឆ្នាំ​ ២០២២ ថាមពល​កកើត​ឡើង​វិញ​ដែលកម្ពុជា​កំពុង​ប្រើប្រាស់​ភាគ​ច្រើន​គឺបាន​មកពី​ប្រភពវារីអគ្គិសនី ​ចំនួន​ ៣៤.៧៥ភាគរយ ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ៥.៥១​ភាគរយ​ និង​ថាមពល​ជីវម៉ាស​ ០.៤៧​ភាគរយ។ ក្រៅ​ពីនេះ​កម្ពុជា​កំពុង​ប្រើប្រាស់ថាមពល​ពីប្រភព​ដុត​ធ្យូងថ្ម​ចំនួន ៥៩.២៧​ភាគ​រយ ដុតប្រេង​ចំនួន ​៥.១១ភាគ​រយ និង​នាំចូល​ពីក្រៅ​ប្រទេស​ចំនួន ​២៨.៩៩​ភាគ​រយ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និងថាមពល និង​អគ្គិសនីកម្ពុជា។​

ខណៈ​ថាមពល​អគ្គិសនី​កកើត​ឡើង​វិញ​ដែល​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ភាគច្រើន​បាន​មកពីវារី​អគ្គិសនី ​សកម្មជនបរិស្ថាន​បារម្ភ​ថា ទំនប់​វារី​អគ្គិសនី​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់ប្រជាពលរដ្ឋ​ក្នុង​សហគមន៍។​

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) ប្រាប់​វីអូអេថា លោក​គាំទ្រ​ចំពោះ​ការប្រកាស​ប្តេជ្ញា​បង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ដូចជា​ថាម​ពល​ពន្លឺព្រះអាទិត្យ និង​ថាមពល​ខ្យល់​។

ទន្ទឹម​នឹងការ​គាំទ្រ លោក ហេង គឹមហុង ក៏​បារម្ភ​ថា ការបន្ត​បង្កើន​ថាមពល​មាន​ប្រភព​មក​ពីវារី​អគ្គិសនី​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវៈចម្រុះ ព្រមទាំងការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ប្រសិន​បើការ​សាងសង់​នោះ​ធ្វើ​ឡើង​ដោយ​មិន​មានការ​គិត​គូរ​គ្រប់​ជ្រុងជ្រោយ។​

លោកថ្លែងថា៖ «បើសិនជា​យើង​កសាង​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​តាម​តួ​ទន្លេមេគង្គ ឬ​ក៏​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ហ្នឹង វាអាចបង្កការ​រំខាន ឬក៏​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ ដែល​ត្រូវ​បានទប់​ដើម្បីកសាងទំនប់​វារីអគ្គិសនី អាចនឹង​ត្រូវ​ទទួល​រងគ្រោះ​ពីការ​អភិវឌ្ឍ​រោងចក្រ​ថាមពលអគ្គិសនី​នោះ។ ទន្ទឹមហ្នឹង​នឹង ​ខ្ញុំក៏​មានការ​ចាប់​អារម្មណ៍​ដែរ ត្រង់​ថា បើសិនជា​យើង​អត់​សាងសង់​ឱ្យបាន​ត្រឹមត្រូវ​នៅ​តំបន់​មួយចំនួនហ្នឹង​ ក៏​រំខាន​ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​ផង​ដែរ»។

លោក​ ហេង គឹមហុង បន្ថែម​ថា រដ្ឋាភិបាលគួរ​ងាក​មកម​ក​បង្កើន​ការ​ផលិត និង​ប្រើប្រាស់​ថាម​ពលពី​ពន្លឺ​ព្រះ​អាទិត្យ និង​ខ្យល់​ឱ្យ​បាន​ច្រើន​ជំនួស​វិញ ដើម្បី​កសាងប្រភព​ថាមពលស្អាត​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​។​ លោក​ថា ការ​តំឡើង​កង្ហារ​គួរ​ធ្វើ​ក្នុង​ខេត្តមណ្ឌលគិរី ខណៈ​បន្ទះសូឡា​គួរ​មាន​តម្លៃ​ទាប និង​គួរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​លទ្ធភាព​តំឡើង​ដោយ​ខ្លួនឯង។

​លោក អ៊ាង សុផល្លែត មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​ពាក់ព័ន្ធនឹង​ការ​លើកឡើង​របស់​សកម្ម​ជន​បរិស្ថាន ដោយ​លោក​គ្រាន់តែ​ប្រាប់​វីអូ​អេយ៉ាង​ខ្លីតាម​រយៈ​បណ្តាញ​សង្គម​តេឡេក្រាម​ថា៖ «ការអនុវត្ត​ច្បាប់ ១០០% គឺ​គោលការណ៍​របស់​ខ្ញុំ»។​

ថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​លែង​សាងសង់​ទំនប់​វារី​អគ្គិសនី​លើ​តួ​ទន្លេ​មេគង្គ​ ប៉ុន្តែ​រដ្ឋាភិបាលនៅបន្ត​ស្ថាបនា​ទំនប់​វារី​អគ្គិសនីតាម​ដង​ស្ទឹង ​និង​តំបន់​ទឹក​ធ្លាក់​មួយ​ចំនួន។​

ក្នុង​រយៈពេល​ប្រមាណ​ជា​ ១០​ឆ្នាំ​មក​នេះ ការ​សាងសង់​ទំបន់វារី​អគ្គិសនី​នៅ​កម្ពុជា​និងបណ្តា​ប្រទេសមួយ​ចំនួន​ទៀត​នៅ​ដង​ទន្លេ​មេគង្គ បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ជាច្រើន​លើកច្រើន​សារ ដោយសារ​តែ​ទំនប់​ទាំង​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ​ធ្វើ​ឱ្យ​កម្ពស់​ទឹក​មិនមាន​តុល្យភាព ​ទិន្នផល​ត្រី​ថយ​ចុះ ធ្វើ​ឱ្យប្រជាជន​ត្រូវ​ជម្លៀសចេញ និង​ប៉ះពាល់​ដល់​ជីវៈចម្រុះ​ផ្សេងៗ​ជាច្រើន​ទៀត​៕​

(អត្ថបទ​នេះ​ត្រូវ​បាន​ផលិតឡើង​ជា​ផ្នែក​មួយ​នៃ​ភាព​ជាដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធនឹង​ការប្រែប្រួល​អា​កាស​ធាតុឆ្នាំ​២០២៣​ ដែល​ជា​អាហារូបករណ៍​ផ្នែកសារ​ព័ត៌មាន​រៀបចំ​ដោយ ​Earth Journalism Network របស់អង្គការ​ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)

XS
SM
MD
LG