ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកសារបង្ហាញថា ក្រុមហ៊ុនរបស់ឧកញ៉ាមួយរូបចាប់ផ្តើមដំណើរការសុំការអនុញ្ញាតសាងសង់ទំនប់វារីអគ្គិសនី


រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

ក្រុមហ៊ុន​ដឹកនាំ​ដោយ​ឧកញ៉ា​ល្បី​ឈ្មោះ​មួយ​រូប​បាន​ចាប់ផ្តើម​ដំណើរការ​សុំការ​អនុញ្ញាត​ធ្វើ​ប្រតិបត្តិការ​សាងសង់ទំនប់វារីអគ្គិសនីចំនួន​ពីរ​ ដែល​ត្រូវ​បាន​ផ្អាក​មួយ​រយៈ នៅ​ខេត្ត​រតនគិរី។ នេះ​បើ​យោង​តាម​ឯកសារ​ពិនិត្យ​ដោយ​វីអូអេ។ ការណ៍​នេះ​បាន​បង្ក​ការ​ព្រួយបារម្ភ​ដល់​អ្នក​ការពារ​បរិស្ថាន​ដែល​និយាយ​ថា គម្រោង​ទំនប់​វារីអគ្គិសនី​នេះ​អាច​បង្អាក់​ជីវភាព​ជនជាតិ​ដើម​ភាគតិច និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ទន្លេ​មេគង្គ។

ទំនប់​វារីអគ្គិសនី​ស្រែពក​ក្រោម​ ៣ និង​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម ៣ ជា​ដៃ​ទន្លេ​មេគង្គ ទីដែល​ទំនប់វារីអគ្គិសនី​ទាំងនេះ​គ្រោង​នឹង​ត្រូវ​សាងសង់​ឡើង និង​ជា​ផ្នែក​មួយ​ប្រព័ន្ធ​ទំនប់វារីអគ្គិសនី​នៅ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ ២០០៣ ​មក នៅពេល​ដែល​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​បាន​ព្យាយាម​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់​ទំនប់វារីអគ្គិសនី​កាល​ពី​ប្រមាណ​មួយ​ទសវត្សរ៍​កន្លងទៅ ប៉ុន្តែ​គម្រោង​ទាំង​នោះ​មិន​បាន​វិវត្ត​ទៅ​មុខ​នោះ​ទេ។

ឥឡូវ​នេះ ការងារ​វាយតម្លៃ​នៅ​ទំនប់​វារីអគ្គិសនី​ស្រែពក​ក្រោម ៣ កំពុង​ត្រូវ​បាន​ធ្វើ​ឡើងម្តងទៀត ដោយ​ផែនការ​នឹង​មាន​ដូចគ្នា​សម្រាប់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ៣ ដែល​នា​ពេល​នេះស្ថិត​ក្រោម​ក្រុមហ៊ុនចំនួន​ពីរ​គ្រប់គ្រង​ដោយ​ឧកញ៉ា គិត ម៉េង។ លិខិត​មួយ​បញ្ជូន​ទៅ​កាន់​សាលា​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​រតនគិរី រូបថត​បង្ហាញ​ពី​របាយការណ៍​សិក្សា​ពី​សមិទ្ធិ​លទ្ធភាព​ និង​កំណត់ត្រា​របស់​ក្រុមហ៊ុន​បង្ហាញ​ថា ក្រុមហ៊ុន China (Cambodia) Rich International Co. និង​ក្រុមហ៊ុន Royal Group របស់​លោក​ គិត ម៉េង កំពុង​ធ្វើការ​ដើម្បី​បញ្ចប់​ការ​សិក្សា​ពី​សមិទ្ធិ​លទ្ធភាព​នៃការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ឯ​ទំនប់វារីអគ្គិសនី​ស្រែពក​ក្រោម ៣ និង​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម ៣។ ការ​សិក្សា​នេះនឹង​ត្រួសត្រាយផ្លូវ​ឱ្យ​មាន​ការ​អនុញ្ញាត​ឱ្យសាងសង់​ទំនប់វារីអគ្គិសនី​ទាំងនេះ។

លោក លាង ប៊ុនលាភ នាយក​អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី (3S Rivers Protection Network) ប្រចាំ​ខេត្ត​រតនគិរី បាន​និយាយ​ថា ​ប្រជាជនប្រមាណ ១ម៉ឺនគ្រួសារ ​អាច​រង​ការ​ប៉ះពាល់​ដោយ​ទំនប់វារីអគ្គិសនី​តាម​បណ្តោយ​ដៃទន្លេ​មេគង្គ​ទាំង​បី។

​ដោយ​សំដៅ​លើ​រដ្ឋាភិបាល​និង​អ្នក​វិនិយោគ​ លោក ប៊ុនលាភ បាន​ប្រាប់​វីអូអេ​ថា៖ «ពួកគេ​ប្រយ័ត្នប្រយែងខ្លាំង​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​ថា ​តើ​ពួកគេ​កំពុង​រៀបចំ​គម្រោង​ទំនប់វារីអគ្គិសនី ឬ​យ៉ាង​ណានោះ។ ពួកគេ​មិន​បើក​ចំហ​នោះ​ទេ។ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​មិន​បាន​ដឹង​ពី​រឿង​នេះ​នោះ​ទេ»។

​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ស្រុក​ចំនួន​បី​ក្នុង​ខេត្ត​រតនគិរី រួម​មាន ស្រុក​វើនសៃ ស្រុក​តាវែង និង​ស្រុក​អណ្តូង​មាស បាន​ទទួល​លិខិត​ពី​អាជ្ញាធរ​ខេត្ត​ស្វែងរក​ការ​សហការ​ក្នុង​ការ​សិក្សាសមិទ្ធិ​លទ្ធភាព​សម្រាប់​ទំនប់វារីអគ្គិសនី​សេសាន ៣។

លិខិត​ដែលវីអូអេបាន​ពិនិត្យ​មើល​បាន​លើកឡើង​ថា ក្រុមហ៊ុន China (Cambodia) Rich International Co. ដែល​មាន​មូលដ្ឋាន​នៅទី​ក្រុង​ភ្នំពេញ​ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​មួយ​កាល​ពី​ឆ្នាំ ២០២០ ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​ ដើម្បី​សិក្សា​ពី​ទីតាំង​របស់​ទំនប់វារីអគ្គិសនី។ កំណត់ត្រា​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ឈ្មោះប្រធាន​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ ក្រៅ​ពី​លោក គិត ម៉េង​ ​រួម​មាន​លោក Thomas Pianka និង​លោក Mark Hanna ដែល​មាន​តំណែង​ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន Royal Group របស់​លោក​ គិត​ ម៉េង។ ទាំង​លោក Thomas Pianka និង​លោក Mark Hanna មិន​បាន​ឆ្លើយតប​សំណើ​សុំ​ការ​អធិប្បាយ​នោះ​ទេ។

ដំណាល​គ្នា​នេះ ​រូបថត​បង្ហាញ​ពី​របាយការណ៍​សមិទ្ធិ​លទ្ធភាព​នៃ​ទំនប់​វារីអគ្គិសនី​ស្រែពក​ក្រោម ៣ នៅ​ស្រុក​លំផាត់ ដែល​វីអូអេ​បាន​ពិនិត្យ​មើល​ បាន​សំដៅ​ទៅ​លើ «គម្រោង​ទំនប់​វារីអគ្គិសនី​ស្រែពក ៣អា ទំហំ​ ៣០០ មេហ្កាវ៉ាត់»។ គម្រោង​នេះ​ជា​រឿយៗ​ត្រូវ​បាន​សំដៅ​ជា​ «ទំនប់​វារីអគ្គិសនី​ស្រែពក ក្រោម​ ៣» ប៉ុន្តែ​ពេល​ខ្លះក្រោម​ឈ្មោះ​ជា «ទំនប់វារីអគ្គិសនី​ស្រែពក ៣អា»។

ជាការ​ឆ្លើយតប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ក្រុមហ៊ុន China (Cambodia) Rich International Co. នៅ​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម ៣ អភិបាល​ខេត្ត​រតនគិរី​លោក ញ៉ែម សំអឿន បាន​ឆ្លើយតប​អំពី​ទំនប់​វារីអគ្គិសនី​ស្រែពក​ក្រោម ៣ ដោយ​ប្រាប់​វីអូអេ​តាមរយៈ​សារ​ជា​លាយលក្ខណ៍​អក្សរ​ថា «ក្រុមហ៊ុន​នេះ» បាន​បញ្ចប់​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​ចំពោះ​ទំនប់វារីអគ្គិសនី​ស្រែពកក្រោម​៣ និង​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត ហើយ​ឥឡូវ​នេះ ​ក្រុមហ៊ុន​មាន​គម្រោង​បញ្ចប់​ដំណាក់កាល​បន្ទាប់​នៃ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​លើ​បរិស្ថាន។ លោក ​សំអឿន​បាន​បន្ត​ថា គម្រោង​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម ៣ នឹង​ទទួល​បាន​ការ​សិក្សា​បន្ទាប់។ ក្រោយ​ពី​នេះ​មក លោក​មិនបាន​លើកទូរសព្ទ​ចំពោះ​ការ​ទាក់ទងសុំ​ការ​អធិប្បាយ​បន្ថែម​នោះ​ទេ។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រឹងប្រែង​ដើម្បី​សើរើ​គម្រោង​ទំនប់​វារីអគ្គិសនីខាង​លើ​ឡើងវិញ​បាន​ធ្វើ​ឡើង ស្របពេល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ដាក់​ខ្លួន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​គម្រោង​ទំនប់វារីអគ្គិសនី​ដទៃ​ទៀត។ កាល​ពី​ចុង​ខែ​វិច្ឆិកា លោកនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត បាន​និយាយ​ថា រដ្ឋាភិបាលនឹង «មិនសាងសង់​ទំនប់វារីអគ្គិសនី​ណា​មួយ​តាម​ដងទន្លេ​មេគង្គ​នោះ​ទេ» ដោយសារ​ផលប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ ដោយ​លើកឡើង​ពី​ការ​ផ្អាក​បណ្តោះអាសន្ន​រយៈពេល​ ១០​ឆ្នាំ ដែល​ត្រូវ​បាន​ប្រកាស​ឡើង​កាល​ពី​ឆ្នាំ ២០២០។

ការ​សន្យា​នេះ​ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​ជំនាញ​ក្នុង​ស្រុក​ និង​អន្តរជាតិ ដែល​និយាយ​ថា នេះ​នឹង​ជួយ​ការពារ​ទន្លេ​មេគង្គ​ និង​បឹង​ទន្លេ​សាប ដែល​ជា​ប្រភព​ជលផល​ចម្បងមួយ​នៅ​លើ​ពិភពលោក។

​លោក Ian Baird សាស្រ្តាចារ្យសាកលវិទ្យាល័យ Wisconsin ដែល​សិក្សា​ពី​ការ​អភិវឌ្ឍ​ទំនប់វារី​អគ្គិសនី​នៅ​តំបន់​ទន្លេ​មេគង្គ​ បាន​និយាយ​ថា គម្រោង​ទំនប់វារីអគ្គិសនី ដែល​ត្រូវ​បាន​គ្រោង​លើ​ដងទន្លេ​មេគង្គ ​នៅ​ស្រុក​សំបូរ និង​នៅ​ខេត្ត​ស្ទឹងត្រែង អាច​នឹង «បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ» ទៅ​លើ​ធនធាន​ជលផល ជលវិទ្យា​និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​នេះ។

លោក Baird បាន​ថ្លែងថា៖ «ទំនប់វារីអគ្គិសនី​ទាំង​ពីរ​នេះ​នឹង​មាន​ផលប៉ះពាល់​ខ្លាំង ដូច្នេះ​ជារឿង​ល្អ​មួយ​ ដែល​មាន​ [ការ​ប្រកាស] ឡើង។ នេះ​មិនមែន​ត្រឹមតែ​ពាក់ព័ន្ធ​នឹងកម្ពុជា​ប៉ុណ្ណោះ​ទេ។ វា​ពាក់ព័ន្ធ​នឹងតំបន់​ទាំង​មូល ហើយ​ខ្ញុំ​គិត​ថា កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​ណែនាំអំ​ពី​រឿង​នេះ»។ ​

ប៉ុន្តែ​សេចក្តីប្រកាស​ពី​ផ្អាក​ជា​បណ្តោះអាសន្ន​មិន​អនុវត្ត​លើគម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​តាម​ដៃ​ទន្លេ ដូចជា គម្រោង​ទំនប់វារីអគ្គិសនី​ទាំងពីរ​នៅ​ខេត្ត​រតនគិរីនោះ​ទេ។

អ្នកស្រី ហ្វៃ សុត ពលរដ្ឋ​កម្ពុជា​កាត់ឡាវ​វ័យ ៦៨​ឆ្នាំ និង​ជាតំណាង​ក្រុម​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ស្រុក​វើនសៃ បាន​និយាយ​ថា អ្នកស្រី​បាន​ដឹង​កាល​ពី​ឆ្នាំ​មុន​ថា ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម ៣ នឹង​បន្ត​ទៅ​មុខ។ ដូច​អ្នក​ជិត​ខាង​របស់​អ្នកស្រី អ្នកស្រី​រស់នៅ​ចម្ងាយ ១០ ម៉ែត្រ​ពី​ទន្លេ ហើយ​ពឹងផ្អែក​លើ​ទន្លេ​សម្រាប់​ការ​នេសាទប្រចាំ​ថ្ងៃ​និង​ការ​ធ្វើ​កសិកម្ម។

កាល​ពី​ជាង​ ១០​ឆ្នាំ​មុន ​នៅ​ពេល​ទំនប់វារីអគ្គិសនីត្រូវ​បាន​សិក្សា​លើកដំបូង​សម្រាប់​ការ​អភិវឌ្ឍ ពលរដ្ឋ​ក្នុង​ស្រុក​វើនសៃបាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ។

អ្នកស្រី សុត បាន​ថ្លែង​ថា៖ «នៅ​ពេល​ទំនប់វារី​អគ្គិសនី​ត្រូវ​បាន​សង់​ឡើង បរិមាណ​ទឹក​ទន្លេ​នឹង​ថយ​ចុះ ហើយ​វា​នឹង​មាន​ការ​លំបាក​សម្រាប់​ពួកយើងក្នុង​ការ​ធ្វើ​ស្រែចម្ការ នេសាទ ឬ​សូម្បី​តែ​ប្រើប្រាស់​ទឹកទន្លេ​សម្រាប់​ផឹក»។

​អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​មិន​ចង់​ត្រូវរង​ការ​បង្ខំ​ឱ្យ​ចាកចេញ​ពី​ទី​នេះ​នោះ​ទេ។ ប្រសិន​បើ​យើង​ចាកចេញ យើង​នឹង​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ឡើង​វិញ»។

មេដឹកនាំ​មូលដ្ឋាន​និយាយ​ថា ពួកគេ​មិន​ទាន់​ទទួល​បាន​សេចក្តីលម្អិត​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​ឡើយ​ទេ។ អភិបាល​ស្រុក​វើនសៃលោក ហេង សាវឿន បាន​និយាយ​ថា គ្មាន​តំណាង​ណា​ម្នាក់​ពី​ក្រុមហ៊ុន​បាន​មក​ទាក់ទង​សាលា​ស្រុក​ដើម្បី​ពិភាក្សា​ពី​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​នោះ​ទេ។ មន្រ្តី​ស្រុក​លំផាត់ បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ ឬ​បាន​និយាយ​ថា ពួកគេ​មិនដឹង​ថា ក្រុមហ៊ុន​ណា​មួយ​ជាប់​ពាក់ព័ន្ធ​នោះ​ទេ។

ក្រុមហ៊ុនចិន Sinohydro Group ​ពី​មុនមក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អភិវឌ្ឍ​ទំនប់វារី​អគ្គិសនី​សេនសាន​ក្រោម ៣។ ក្រុមហ៊ុន​កូរ៉េ KTC Cable Co. ក៏​បាន​សិក្សា​ពី​គម្រោង​នេះ​ផង​ដែរ ស្រប​ពេល​ក្រុមហ៊ុន​ចិន Huadian Hong Kong Co. Ltd ត្រូវ​បាន​ផ្សារភ្ជាប់នឹង​គម្រោង​ទំនប់វារី​អគ្គិសនី​ស្រែពក​ក្រោម ៣។ នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក។ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល​មិន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អធិប្បាយ​នោះ​ទេ។

​ក្រៅ​ពី​ផ្នែក​ទូរគមនាគមន៍ ធនាគារ និង​អចលនទ្រព្យ ក្រុមហ៊ុន Royal Group ត្រូវ​បាន​គេ​ដឹង​ថា បាន​សហការ​អភិវឌ្ឍ​គម្រោង​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម ២ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ (Human Rights Watch) ចាត់ទុក​ថា​ជា «គ្រោះមហន្តរាយ» បន្ទាប់​ពី​ការ​សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០១៨។ ប្រជាជន​ប្រមាណ ៥.០០០​នាក់ ដែល​ភាគច្រើន​ជា​សមាជិក​ក្រុម​ជនជាតិ​ដើម​ភាគតិច​ ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញ ឬ​បាត់បង់​ជីវភាព​របស់​ខ្លួន ស្រប​ពេល​គម្រោង​នេះ​បាន​បំផ្លាញ​ទិន្នផល​ត្រី និង​ប្រព័ន្ធ​អេកូឡូស៊ី។

រូបឯកសារ៖ បុរស​ពីរនាក់ នេសាទត្រី​នៅ​ទន្លេមេគង្គ ក្នុង​ភូមិសាស្រ្ត​ខេត្តក្រចេះ កាលពី​ខែមិថុនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ បុរស​ពីរនាក់ នេសាទត្រី​នៅ​ទន្លេមេគង្គ ក្នុង​ភូមិសាស្រ្ត​ខេត្តក្រចេះ កាលពី​ខែមិថុនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

ក្រុមហ៊ុន​នេះ​ក៏​ត្រៀម​នឹង​អភិវឌ្ឍ​គម្រោង​ទំនប់វារីអគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង មុន​ពេល​ការ​ប្រកាសពី​សំណាក់​លោក ហ៊ុន ម៉ាណែត អំពី​ការ​ផ្អាក​មួយ​រយៈ។

​លោក ម៉ក់ ប៊ុនធឿន ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រចាំ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា (NGO Forum) ដែល​ធ្វើ​ការ​គាំពារ​សិទ្ធិ​សហគមន៍​នៅ​ក្នុង​ការ​រៀបចំ​ផែនការ​គម្រោង​ទំនប់វារីអគ្គិសនី​ បាន​និយាយ​ថា លោក​ជឿ​ថា ការ​សោកស្តាយ​ជុំវិញ​ផលប៉ះពាល់​ពី​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម ២ បាន​ជះឥទ្ធិពល​មក​លើ​សេចក្តីសម្រេច​កាល​ពី​ពេល​ថ្មីៗ​របស់​រដ្ឋាភិបាល​ដើម្បី​បញ្ឈប់​ការ​សាងសង់​ទំនប់វារីអគ្គិសនី​លើ​ដងទន្លេ​ធំ។

លោក​បាន​ថ្លែង​ថា៖ «ពួកគេ​ព្យាយាម​រក្សា​ភាព​ស្ងប់ស្ងាត់ និង​លើកឡើង​ពី​រឿង​ល្អតែប៉ុណ្ណោះ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​បាន​រៀន​មេរៀន​ពី​ការ​អភិវឌ្ឍ​នេះ និង​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន ​ឬជា​ភស្តុតាង ដើម្បី​សម្រេច​ថា​តើគម្រោង​ទំនប់វារីអគ្គិសនីលើ​ដងទន្លេ​ធំគួរ​តែ​បន្ត​ទៅ​មុខ​ ឬ​ទេ»។

ចំនួននៃគម្រោង​ទំនប់វារីអគ្គិសនីដែល​មាន​សក្តានុពល​នៅ​កម្ពុជា​គឺ ​មិនមាន​ភាព​ច្បាស់លាស់​នោះ​ទេ។ គម្រោង​ «តាមដាន​ទំនប់វារីអគ្គិសនី​តំបន់​ទន្លេ​មេគង្គ» របស់​មជ្ឈមណ្ឌល Stimson បាន​តាមដាន​គម្រោងទំនប់វារីអគ្គិសនី​ដែល​ត្រូវ​បាន​កំណត់​ឡើង​ចំនួន ៦០ ​គម្រោង​ចាប់​ពី​ទសវត្សរ៍​ឆ្នាំ ២០០០​មក។ ការ​ស្រាវជ្រាវ​ពី​អង្គការ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ជាមួយ​នឹង​ផែនការ​អភិវឌ្ឍ​វិស័យ​ថាមពល​ឆ្នាំ ២០៤០ របស់​រដ្ឋាភិបាល​កាល​ពី​ដើម​ឆ្នាំ​នេះ​បង្ហាញ​ថា មាន​គម្រោង​ទំនប់វារីអគ្គិសនី​ប្រហែល ១៧​គម្រោង៕

ប្រែសម្រួលដោយ​លោក ណឹម សុភ័ក្ត្របញ្ញា

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG