ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនផ្តាច់ខ្លួន​ពី​កូរ៉េខាងជើង​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​វៀតណាម​សុំ​សិទ្ធិ​ជ្រកកោន​


រូបឯកសារ៖ ទង់ជាតិកូរ៉េខាងជើងនៅភូមិ Ki Jong Dong ។
រូបឯកសារ៖ ទង់ជាតិកូរ៉េខាងជើងនៅភូមិ Ki Jong Dong ។

ជន​ផ្តាច់ខ្លួន​ចំនួន​ ១១​នាក់​ពី​កូរ៉េខាងជើង​ ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​វៀតណាម​ កំពុង​ស្នើ​សុំ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ឲ្យផ្តល់​សិទ្ធិជ្រកកោន​ដល់​ពួកគេ​នៅ​ក្រុង​សេអ៊ូល ដើម្បី​ឲ្យ​ពួកគេ​អាច​គេច​ផុត​ពី​ការ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​វិញ នេះ​បើ​យោង​តាម​ក្រុម​សកម្មជន​កូរ៉េខាងត្បូង​មួយ។

​លោក Peter Jung ប្រធាន​ក្រុម​សកម្មជន​ «យុត្តិធម៌​សម្រាប់​កូរ៉េ​ខាងជើង» (Justice for North Korea) ដែល​ជា​ក្រុម​គាំពារ​សិទ្ធិ​មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​សេអ៊ូល បាន​ប្រាប់​ VOA ភាសា​កូរ៉េ ថា ជនផ្តាច់ខ្លួន​ម្នាក់​ក្នុង​ចំណោម​នោះ​ ដែល​មាន​ទូរសព្ទ​ដៃ បាន​ទាក់ទង​ស្ថានទូត​កូរ៉េខាងត្បូង នៅ​ប្រទេស​វៀតណាម ដើម្បី​សុំ​ជំនួយ។

លោក Jung បាន​និយាយ​ថា «ស្ថាន​ទូត​កូរ៉េខាងត្បូង​បាន​ប្រាប់​ពួកគេ​ថា ស្ថានទូត​នឹង​ចាត់​វិធានការ​សមស្រប​ដើម្បី​ជួយ​ពួកគេ។ ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​ឮ​ដំណឹង​អ្វី​ទៀត​ទេ​ពី​ស្ថានទូត​តាំង​ពី​ដើម​ខែ​ធ្នូ​មក»។

ស្រ្តី​ចំនួន​ ៨​នាក់​ ដែលមានអាយុ​រវាង ២០​ទៅ​៥០​ឆ្នាំ និង​បុរស​បី​នាក់​ទៀត​ដែល​មាន​អាយុ២០​ផ្លាយ បាន​ឆ្លង​ព្រំដែន​ពី​ចិន​ចូល​ទៅ​វៀតណាម​កាល​ពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា។ ឆ្នាំ​ល្បាត​ព្រំដែន​វៀតណាម​បាន​ឃុំខ្លួន​ពួកគេ​ពីរ​ថ្ងៃ​បន្ទាប់​មក​នៅ​ក្រុង Lang Son។

យោង​តាម​លោក Jung ជន​ផ្តាច់ខ្លួន​ទាំង​នោះ​កំពុង​ប្រឈម​នឹង​ការ​បញ្ជូន​ត្រឡប់​ទៅ​កូរ៉េ​ខាងជើង​វិញ ហើយ​បន្ទាប់​ពី​ស្រ្តី​មួយ​ចំនួន​បាន​សន្លប់ រដ្ឋាភិបាល​វៀតណាម​ក៏​សម្រេច​ចិត្ត​មិន​បញ្ជូន​ពួកគេ​ទាំង​បង្ខំ​ទៅ​ប្រទេស​ចិន​វិញ​។ បច្ចុប្បន្ន វៀតណាម​កំពុង​ឃុំខ្លួន​ជន​ផ្តាច់ខ្លួន​ពី​កូរ៉េខាងជើង​ទាំងអស់​នេះ។​

នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ ដែល​លោក Jung បាន​ផ្តល់​ឲ្យ​ VOA ស្រ្តី​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​អង្វរក​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ថា «សូម​ជួយ​យក​ពួកយើង​ផង»។ ​

​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដោយ​ឡែក​មួយ​ទៀត​ដែល​លោក Jung បាន​ផ្តល់​ឲ្យ ស្រ្តី​ម្នាក់​ទៀត​ដែល​កំពុង​តែ​មើល​ថែ​មនុស្ស​ដទៃ​ទៀត​ដែល​មើល​ទៅ​កំពុង​មាន​សុខភាព​ថមថយ បាន​និយាយ​ថា៖ «យើង​កំពុង​តែ​រត់​ភៀសខ្លួន​ជាមួយ​នឹង​អ្នក​មាន​ជំងឺ​ដូច​ម្នាក់​នេះ។​ សូម​ជួយ​ពួកយើង​ផង»។

ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​បាន​ប្រាប់ VOA ថា ខ្លួន​បាន​ដឹង​ពី​ក្រុម​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងនោះ។

អ្នកនាំពាក្យ​កូរ៉េខាងត្បូង​បាន​និយាយ​ថា៖ «យើង​កំពុង​តែ​ធ្វើការ និង​ពិភាក្សា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ (វៀតណាម)»។

VOA ​ព្យាយាម​ទាក់ទង​ទៅ​ក្រសួងការបរទេស​វៀតណាម​ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​មិន​ទទួលបាន​ការ​ឆ្លើយតប​នោះ​ទេ។​

​ប្រសិន​បើ​ជន​ផ្តាច់ខ្លួន​ទាំង ១១​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន ពួកគេ​ទំនង​ជា​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កូរ៉េខាងជើង​វិញ​ជា​មិនខាន ហើយ​នៅ​ទី​នោះ ​ពួកគេ​នឹង​ប្រឈមនឹង​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ដូចជា ការ​បង្ខំ​ធ្វើ​ពលកម្ម ការ​ធ្វើ​ទារុណកម្ម និង​សូម្បី​តែ​ការ​ប្រហារ​ជីវិត​ក៏​ថា​បាន។ ប្រទេស​ចិន​ធ្លាប់​បញ្ជូន​ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើង​ត្រឡប់​ទៅ​វិញ​។

ជន​កូរ៉េ​ខាងជើង​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​កូរ៉េខាងត្បូង​តែងតែ​ឆ្លង​ព្រំដែន​ភាគ​ខាងជើង​នៃ​ប្រទេស​កូរ៉េខាងជើង​ទៅ​កាន់​ប្រទេស​ចិន។ ពី​ប្រទេស​ចិន ពួកគេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទីបី​ដើម្បី​ចូល​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង ពីព្រោះ​ចិន​បាន​ពង្រីក​ការ​បង្រ្កាប​លើ​ក្រុម​ជនផ្តាច់ខ្លួន​កូរ៉េ​ខាងជើង​កាល​ពី​ដើម​ឆ្នាំ​នេះ។ ​

កាល​ពី​ខែ​មេសា វៀតណាម​បាន​បញ្ជូន​ជនផ្តាច់ខ្លួន​កូរ៉េ​ខាងជើង​បី​នាក់​ ដែល​ឆ្លង​កាត់​ពី​ព្រំដែន​ចិន​ចូល​វៀតណាម ត្រឡប់​ទៅ​ចិន​វិញ។

លោក Greg Scarlatoiu នាយកប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង​ និយាយ​ថា ចិន​មិន​គួរ​បញ្ជូន​ជនផ្តាច់ខ្លួន​កូរ៉េ​ខាងជើង​ទៅប្រទេស​កំណើត​របស់​ពួកគេ​វិញ​ទេ។

​លោក​បាន​និយាយ​ថា៖ «ប្រសិន​បើ​អ្នក​មើល​របាយការណ៍​របស់​គណៈកម្មាការ​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាងជើង​របស់​អ.ស.ប ជន​ផ្តាច់ខ្លួន​ពី​កូរ៉េ​ខាងជើង​អាច​ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់» ដោយ​រដ្ឋាភិបាល​របស់​ពួកគេ។ ​

ចិន​បាន​ចូលរូម​ក្នុង​អនុសញ្ញា​ជនភៀសខ្លួន​ឆ្នាំ ១៩៥១ របស់​អ.ស.ប និង​សន្ធិសញ្ញា​ឆ្នាំ ១៩៦៧ នៅ​ឆ្នាំ​១៩៨២ ដែល​កំណត់​និយមន័យ​សិទ្ធិ​ជនភៀស​ខ្លួន នឹង​ការ​ទទួលត្រូវ​របស់​បណ្តា​ប្រទេស​នានា​ដែល​ផ្តល់​សិទ្ធិ​ជ្រកកោន។

​យ៉ាងណាក្តី ចិន​មិនបាន​គោរព​តាម​និយមន័យ​ជនភៀសខ្លួន​កំណត់​ដោយ​អង្គការ​សហ​ប្រជាជាតិ​ទេ និង​មិនបាន​ទទួលស្គាល់​ជនផ្តាច់ខ្លួន​កូរ៉េខាងជើង​ជាជន​ភៀសខ្លួន​នោះ​ទេ ប៉ុន្តែ​ជា​ជន​ចំណាកស្រុក​រក​ការងារ​ធ្វើ​ខុសច្បាប់​ទៅ​វិញ។

ជន​ភៀសខ្លួន​កូរ៉េខាងជើង​នៅ​ប្រទេស​ចិន​ត្រូវ​គេ​កាក់​ស្មាន​ថា​មាន​ប្រមាណ​ពី ៣​ទៅ ៥​ម៉ឺននាក់។

ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើងប្រមាណ ៧៧១​នាក់​បាន​ចូល​ប្រទេស​កូរ៉េខាងត្បូង​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​នេះ។ ហើយ​មាន​ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើង​ ៣​ម៉ឺន៣នាក់​ទៀត​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា​

XS
SM
MD
LG