ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងដ៏សំខាន់មួយនៅឯស្ថានីយ៍បាញ់គ្រាប់រ៉ុក្កែត Sohae។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។
ការសាកល្បងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅឯស្ថានីយ៍បាញ់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយនៅតំបន់ Tongch'ang-ri ក្នុងខេត្ត Pyongan ខាងជើង ដែលស្ថិតនៅក្បែរព្រំប្រទល់ប្រទេសចិន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Korean Central News របស់រដ្ឋាភិបាលកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មាននោះបានឲ្យដឹងទៀតថា លទ្ធផលនៃការសាកល្បងនេះ «នឹងជះឥទ្ធិពលដ៏សំខាន់ទៅលើការផ្លាស់ប្ដូរគោលជំហរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងម្ដងទៀតក្នុងពេលឆាប់ៗនេះ»។
សេចក្ដីរាយការណ៍នោះមិនបានបញ្ជាក់អំពីប្រភេទនៃការសាកល្បងដែលត្រូវបានធ្វើនោះទេ។
សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីបណ្ដាញសារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមហ៊ុន Planet Labs ដែលជាក្រុមហ៊ុនផ្ដល់រូបភាពពីផ្កាយរណបមួយ បានរកឃើញថាមានការធ្វើសកម្មភាពមួយនៅឯស្ថានីយ៍បាញ់រ៉ុក្កែត Sohae និងមានរូបភាពមួយបង្ហាញពីកុងតឺណឺដ៏ធំមួយនៅឯស្ថានីយ៍នោះផងដែរ។
ឆ្នាំនេះ កូរ៉េខាងជើងបានចំណាយពេលវេលាច្រើនបំផុតដើម្បីធ្វើការសាកល្បងគ្រាប់មីស៊ីល៕