នៅក្រោយពេលដែលសាលាដំបូងខេត្តបាត់ដំបងកាត់ទោសឲ្យលោក យ៉ែម ជ្រិន អាយុ៥៦ឆ្នាំ អតីតគ្រូពេទ្យប្រចាំភូមិរកា ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ឲ្យជាប់ក្នុងពន្ធនាគារមក យុត្តិធម៌ត្រូវបានចោទសួរពីភាគីទាំងសងខាងគឺភាគីជនរងគ្រោះ ដែលជាដើមបណ្តឹង និងភាគីរបស់ក្រុមគ្រួសារជនជាប់ចោទ។
បើយោងទៅតាមសាលក្រមប្រកាសដោយអ្នកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលបានធ្វើឡើងនៅក្នុងបន្ទប់តុលាការនៃសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ លោក យ៉ែម ជ្រិន ត្រូវបានផ្តន្ទាទោស«ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល ចូលថវិការដ្ឋពីបទបើកកន្លែងពិគ្រោះព្យាបាលជំងឺ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល បទប្រព្រឹត្តក្នុងចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃ និងបទ ទារុណកម្ម ដែលមានស្ថានទម្ងន់ទោស»។
សាលក្រមនេះបញ្ជាក់ថា បទល្មើសដែលប្រព្រឹត្តនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង អំឡុងពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០១៤នេះ មានស្ថានទម្ងន់ទោស ហើយវាបង្កឲ្យជនរងគ្រោះបានទទួលមរណភាព។
លោក សុក សំអឿន ជាមេធាវីការពារសិទ្ធិមនុស្ស ថ្លែងប្រាប់ VOA ថា ការសម្រេចផ្តន្ទាទោស ដាក់ជនជាប់ចោទឲ្យស្ថិតក្នុងពន្ធនាគារយូរឆ្នាំ អាចនឹងទទួលយកបាន បើសិនជាជនជាប់ចោទពិតជាមានចេតនាក្នុងការបង្កឲ្យមានការស្លាប់ តាមរយៈការចម្លងមេរោគនេះ។ លោកថា ទម្ងន់ទោសដែល គ្រូពេទ្យរូបនេះបានទទួលហាក់ដូចជាធ្ងន់បន្តិច ដោយលោកបានថ្លែងថា៖
«តើគាត់ដែលប្រព្រឹត្តហ្នឹងដោយសារគាត់មានចេតនា ចេតនាដូចថា ចង់ឲ្យគេស្លាប់ ឬក៏គាត់ដោយធ្វេសប្រហែសអញ្ចឹងណ៎ា? បើសិនជាដោយធ្វេសប្រហែស វាមិន វាមិនមែនដល់ថ្នាក់ឃាតកម្ម មានទោសដល់ឃាតកម្មគ្រោងទុកជាមុនទេ យ៉ាងច្រើនត្រឹមតែមនុស្ស មនុស្សឃាតដោយអចេតនា ហើយទោស ទោះបីជាមានការស្លាប់ ក៏នៅតែជាមនុស្សឃាតអចេតនាដដែល តែគ្រាន់តែខិតទៅអតិបរមាតែប៉ុណ្ណោះ»។
ការផ្តន្ទាទោសទៅលើគ្រូពេទ្យនោះកើតមាន បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះបានកែប្រែបទចោទប្រកាន់ពីបទឃាតកម្មដោយអំពើឃោរឃៅ ដែលបានចោទប្រកាន់ដោយតុលាការកាលពីខែធ្នូ ឆ្នាំ ២០១៤ មកជាបទទារុណកម្មដែលមានស្ថានទម្ងន់ទោស។
លោក អំ សំអាត ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងថា ការសម្រេចទៅតាមអំណាចឆន្ទានុសិទ្ធិរបស់តុលាការពិបាកនឹងធ្វើឲ្យភាគីដើមបណ្តឹង និងក្រុមគ្រួសារជនជាប់ចោទទួលយកបានដោយស្ងប់ចិត្ត ដោយហេតុថា វិនាសកម្មដែលពិរុទ្ធជនបានបង្កឡើងវាមានទំហំធំធេង ដែលភាគីដើមបណ្តឹមអាចនឹងទទួលយកមិនបាន ខណៈដែលភាគីដើមចោទយល់ថា ការផ្តន្ទាទោសនេះគឺធ្ងន់ធ្ងរ និងអយុត្តិធម៌ទៅវិញ។
«ជាធម្មតាក្រុមគ្រួសារ ជនរងគ្រោះ គាត់នៅតែគិតថា ប៉ុណ្ណឹង វាមិនយុត្តិធម៌សម្រាប់គាត់ ប៉ុន្តែអានេះ គ្រាន់ថាវាជាឆន្ទានុសិទ្ធិរបស់ចៅក្រមក្នុងការសម្រេច។ ទីមួយ បើទៅលើជនរងគ្រោះទាំង១០០នាក់ហ្នឹង គាត់ថា វាមិនមានយុត្តិធម៌សម្រាប់គាត់ទេ ក៏ប៉ុន្តែ មើលទៅលើជនជាប់ចោទ ក៏ដូចជាក្រុមគ្រួសារជនជាប់ចោទ គាត់ថា ហាក់បីដូចជាមិនយុត្តិធម៌»។
លោកមានប្រសាសន៍បន្ថែមថា អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីជំនាញសុខាភិបាល ក៏មានចំណែកនៅក្នុងសោកនាដកម្ម ដោយសារតែការធ្វេសប្រហែស ដែលបានអនុញ្ញាតឲ្យលោក យ៉ែម ជ្រិន បើកការពិគ្រោះគ្មានការទទួលស្គាល់ពីក្រសួងរដ្ឋាភិបាល។
«នេះជាបទពិសោធន៍ ឬក៏ជាមេរៀន សម្រាប់ក្រសួងសុខាភិបាល ក្នុងការត្រួតពិនិត្យ និងតាមដានរាល់ការប្រកបវិជ្ជាជីវៈរបស់គ្រូពេទ្យ ហើយរាល់ការបើកទាំងអស់វាត្រូវតែមាននេះ មានអាជ្ញាប័ណ្ណ។ ប៉ុន្តែ យើងមិនចេះតែបណ្តោយឲ្យមានអញ្ចឹងទៀតទេ។ អញ្ចឹងហើយ អានេះ វាទីមួយ យើងគិតទៅថា កំហុសទាំងអស់គ្នា។ ប៉ុន្តែ បើនៅមានតទៅទៀត វាជាកំហុសរបស់មន្ត្រីជំនាញ ឬក៏សុខាភិបាលហ្នឹងហើយ»។
យ៉ាងហោចណាស់មានពលរដ្ឋក្នុងឃុំរកាចំនួន២៨០នាក់ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍នៅក្នុងការឆ្លងមួយ ដែលគេចោទថាបង្កឡើងដោយគ្រូពេទ្យឯកជនមិនមានច្បាប់អនុញ្ញាតនៅក្នុងឃុំម្នាក់ ដែលប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នាក្នុងពេលព្យាបាលអ្នកជំងឺ។ មនុស្សចំនួន១១នាក់ដែលបានឆ្លងមេរាគនេះ បានស្លាប់បាត់បង់ជីវិត។ នេះបើយោងទៅតាមការបញ្ជាក់ពីលោក ប៊ី បេងសោ ប្រធានមណ្ឌលសុខភាពឃុំរការ។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា ថ្លែងប្រាប់ VOA ថា លទ្ធភាពក្នុងការទទួលបានសេវាថែទាំសុខភាពពីរដ្ឋាភិបាល ដែលមានសភាពយ៉ាប់យ៉ឺន គឺជាដើមចមនៃការនាំឲ្យមានការផ្ទុះឡើងនៃការឆ្លងមេរោគនេះ ពីព្រោះប្រជាពលរដ្ឋខ្មែរបានងាកទៅរកសេវាព្យាបាលឯកជន ដែលមិនមានការត្រួតពិនិត្យច្បាស់លាស់។
អ្នកស្រីថា ការផ្តន្ទាទោសទៅលើ គ្រូពេទ្យដែលប្រកបវិជ្ជាជីវៈដោយគ្មានការទទួលស្គាល់ពីរដ្ឋាភិបាលនេះ គ្រាន់តែជាការគំរាមដល់អ្នកដែលកំពុងប្រកបវិជ្ជាជីវៈស្រដៀងគ្នានេះ ដែលអ្នកស្រីយល់ថា អាចនៅមានច្រើន ហើយគ្រូពេទ្យទាំងនោះគួរតែទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងត្រូវមានការស្រង់ស្ថិតិច្បាស់លាស់នៃចំនួនគ្រូពេទ្យនោះ ដើម្បីបញ្ជៀសវិបត្តិនេះទៅថ្ងៃអនាគត។
«ដាក់ទោសរបស់គាត់ អាចថា ជាការគំរាមទៅដល់ពេទ្យដទៃទៀតដែលអាចមានគ្រោះថ្នាក់ ក៏ប៉ុន្តែវិធានការក្នុងការត្រួតពិនិត្យ ពេទ្យអស់នេះឯង ដើម្បីឲ្យគាត់មានការអប់រំត្រឹមត្រូវ ហើយនឹងឲ្យមានការអប់រំ ឲ្យមានការត្រួតពិនិត្យត្រឹមត្រូវនៅក្នុងការអនុវត្ត វិជ្ជាជីវៈរបស់គាត់ ហើយនឹងការអប់រំដល់ប្រជាពលរដ្ឋគឺជារឿងមួយសំខាន់។ ហើយនេះចប់ទៅ គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលដដែល។ ហេតុអីបានជាបណ្តោយឲ្យរឿងនេះកើតមានឡើង ហើយយើងដឹងហើយថាមានដល់ប៉ុន្មានពាន់ ប៉ុន្មានម៉ឺននាក់ទៀតឯណោះដែលផ្តល់សេវានៅគ្រប់កន្លែងទាំងអស់នៅទូនៅក្នុងប្រទេសយើងនេះ សួរថាឥឡូវយើងត្រូវធ្វើយ៉ាងម៉េច ដើម្បីទប់ស្កាត់កុំឲ្យមានរឿងដូចអញ្ចឹងកើតមានឡើងទៀត»។
លោកស្រីសង្កត់ធ្ងន់ ព្រឹត្តិការណ៍ដែលបានកើតឡើងនៅភូមិរកា បានធ្វើឲ្យសាធារណៈជនបាត់បង់ទំនុកចិត្តលើប្រព័ន្ធសុខាភិបាលកម្ពុជា ហើយការណ៍នេះបានធ្វើឲ្យខូចដល់កិត្យានុភាពនៃប្រជាជាតិខ្មែរ។
កម្ពុជាធ្លាប់ជាប្រទេសដែលមានការឆ្លងរាលដាលមេរោគអេដស៍យ៉ាងខ្លាំង ដែលមានអត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍រហូតដល់២,៦ភាគរយនៅឆ្នាំ២០០២ ប៉ុន្តែបានខិតខំទប់ស្កាត់ និងបានទម្លាក់មកដល់០,៧ភាគរយនៅឆ្នាំ២០១០ ដែលសម្រេចបានលឿនជាងគោលដៅដែលដាក់នៅក្នុងឆ្នាំ២០០៣ថា នឹងទម្លាក់មកត្រឹមតែ១,៨ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលពុំធ្វើការអធិប្បាយចំពោះការផ្តន្ទាទោសរបស់តុលាការសាលាដំបូងខេត្តបាត់ដំបងនោះទេ តែលោកអះអាងថា ក្រសួងបានចាប់ផ្តើមពង្រឹងវិធានការត្រួតពិនិត្យទៅលើការប្រកបវិជ្ជាជីវៈឯកជនរបៀបនេះ ដោយក្រសួងថែមទាំងបានចាត់វិធានការតាមផ្លូវតុលាការ ប្រសិនបើមានការល្មើសច្បាប់ណាមួយក្នុងវិស័យសុខាភិបាលកើតឡើងនោះ។
«យើងបានពង្រឹងនូវការគ្រប់គ្រងវិស័យឯកជនហ្នឹងហើយ ហើយយើងក៏បានប្តឹងទៅតុលាការមានករណីខ្លះ ដែលមិនមានគោរពឲ្យមានទោសទណ្ឌ បន្ទាប់មកទៀតក៏យើងលើកកម្ពស់នូវសេវាថែទាំ សាធារណៈរបស់យើងឲ្យមានប្រសិទ្ធភាពថែមទៀត»។
អ្នកជំនាញខាងមេរោគអេដស៍មើលឃើញថា ករណីនៅភូមិរកាជាការអាម៉ាស់មុខមួយសម្រាប់រដ្ឋាភិបាលកម្ពុជា ដោយសារតែខេត្តនេះជាខេត្តដែលកម្ពុជាយកធ្វើជាគំរូក្នុងការបង្ហាញពីភាពជោគជ័យនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍៕