ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូពេទ្យ​ចម្លង​ជំងឺ​អេដស៍​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ


លោក យ៉ែម ជ្រិន អតីត​គ្រូពេទ្យ​គ្មាន​អាជ្ញាបណ្ឌ​អង្គុយ​នៅ​ក្នុង​រថយន្តអម​ដោយ​មន្ត្រី​ពន្ធនាគារ ក្រោយពេល​ការ​ប្រកាស​សាលក្រម​​នៅ​តុលាកា​រខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៣ ខែ​ធ្នូ ឆ្នាំ​២០១៥។ (AP Photo/Mai Vireak)
លោក យ៉ែម ជ្រិន អតីត​គ្រូពេទ្យ​គ្មាន​អាជ្ញាបណ្ឌ​អង្គុយ​នៅ​ក្នុង​រថយន្តអម​ដោយ​មន្ត្រី​ពន្ធនាគារ ក្រោយពេល​ការ​ប្រកាស​សាលក្រម​​នៅ​តុលាកា​រខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៣ ខែ​ធ្នូ ឆ្នាំ​២០១៥។ (AP Photo/Mai Vireak)

តុលាការ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ​បាន​សម្រេច​ផ្តន្ទាទោស​គ្រូ​ពេទ្យ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ពី​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

តុលាការ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ​បាន​សម្រេច​ផ្តន្ទាទោស​គ្រូ​ពេទ្យ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ «​ពី​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ទារុណកម្ម» ប្រព្រឹត្ត​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ បន្ទាប់​ពី​បាន​បើក​សវនា​ការ​ជា​ច្រើន​លើក​ចាប់​ពី​ថ្ងៃ​ទី​២១​ រហូត​ដល់​ថ្ងៃ​ទី​២៨​ខែ​តុលា​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​ទៅ​តាម​សាល​ក្រម​ព្រហ្មទណ្ឌ​ ដែល​ VOAទទួល​បាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

គ្រូ​ពេទ្យ​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​នោះ​គឺ​លោក​ យ៉ែម ជ្រិន​ អាយុ​៥៦​ឆ្នាំ​ អតីត​គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា​ ស្រុក​សង្កែ​ ដែល​ត្រូវ​បាន​តុលាការ​នៃ​សាលា​ដំបូង​ខេត្ត​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ដោយ​មានចេតនា​ចម្លង​ជំងឺ​អេដស៍​ទៅ​អ្នក​ដទៃ​ ពី​បទ​ឃាតកម្ម​ដ៏ឃោរឃៅ​ និង​បទ​បើក​កន្លែង​ពិគ្រោះ​ជំងឺ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៤។​

នៅ​ក្នុង​សាលក្រម ​ដែល​ប្រកាស​ដោយ​អ្នក​ស្រី​ យិច ឈាណាវី​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ​បាន​បញ្ជាក់​ថា​ តុលាការ​បាន​តម្រូវ​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ​យ៉ែម ជ្រិន​បង់​ប្រាក់​ពិន័យ​ចំនួន​៥​លានរៀល​ ចូល​ថវិកា​រដ្ឋ​ពី​បទ​ដែល​បាន​ចោទ​ដូចខាងលើ។

សាលក្រម​នេះ​បញ្ជាក់​ថា ​បទល្មើស​ដែល​ប្រព្រឹត្ត​នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង អំឡុង​ពី​ឆ្នាំ​១៩៩៦​ ដល់​ឆ្នាំ​២០១៤​នេះ​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​វា​បង្ក​ឲ្យ​ជន​រងគ្រោះ​បាន​ទទួល​មរណភាព។​

ជន​ជាប់​ចោទ​រូប​នេះ​ក៏ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ អម​វេជ្ជសាស្ត្រ​ និង​ជំនួយ​វេជ្ជ​សាស្ត្រ​ជា​ស្ថាពរ។​

មនុស្ស​ជា​ច្រើន​រយ​នាក់​នៅ​ក្នុង​ភូមិ​រកា ​ឃុំ​រកា ​ស្រុក​សង្កែ ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ​បាន​ពិនិត្យ​ឈាម​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ហើយ​មនុស្ស​ច្រើន​ជាង​១០០​នាក់​ត្រូវ​រក​ឃើញ​ថា ​មាន​ផ្ទុក​មេរោគ​អេដស៍។​

មនុស្ស​ភាគ​ច្រើន​បាន​អះអាង​ថា​ បាន​ទទួល​សេវា​ពិនិត្យ​ និង​ព្យាបាល​ដោយ​គ្រូ​ពេទ្យ ​យ៉ែម ជ្រិន​ ដែល​ជា​គ្រូ​ពេទ្យ​មាន​ប្រជាប្រិយ​ភាព​ម្នាក់​ប្រចាំ​ភូមិ។ នៅ​ក្រោយ​ការ​ចម្លង​មេរោគ​អេដស៍​ច្រើន​ករណី​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ ​មន្ត្រី​សុខា​ភិបាល​កម្ពុជា​បាន​ផ្តោត​ការ​សង្ស័យ​លើ​ការ​ប្រើ​ប្រាស់​ម្ជុល​រួម ដែល​ជា​កត្តា​ចម្បង​នៃ​ការ​ចម្លង​មេរោគ​នេះ៕

XS
SM
MD
LG