ខ្មែរអាមេរិកាំង ដែលបានរស់រានមានជីវិតឆ្លងកាត់សង្គ្រាម និងអំពើហិង្សារបស់របបខ្មែរក្រហម ត្រូវការការព្យាបាលខាងសុខភាពផ្លូវចិត្តឲ្យបានឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កាបញ្ហាតានតឹងផ្លូវអារម្មណ៍ដែលអាចបណ្តាលឲ្យពួកគេមានជំងឺរុំារៃ។ ក៏ប៉ុន្តែ ខ្មែរអាមេរិកាំងមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានការព្យាបាលនេះ ដោយសារពួកគេជួបនឹងកត្តាប្រឈមជាច្រើន។
បើទោះបីជាអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហមបានកន្លងទៅបីទសវត្សរ៍ហើយក្តី ក៏អតីតជនភៀសខ្លួនខ្មែរមកកាន់សហរដ្ឋអាមេរិកជាច្រើននាក់នៅតែជួបបញ្ហា«ទុក្ខព្រួយខាងសតិអាម្មរណ៍ និងផ្លូវចិត្ត»។
ទុក្ខព្រួយទាំងនេះរួមមាន ជំងឺបាក់ស្បាត ជំងឺតានតឹងអាម្មរណ៍ និងភាពតក់ស្លុតខាងផ្លូវចិត្ត ដែលអាចបណ្តាលឲ្យមានជំងឺរុំារៃ ដូចជា ជំងឺលើសឈាម ជំងឺដុះខ្លាញ់ក្នុងសរសៃឈាម និងជំងឺទឹកនោមផ្អែមប្រភេទទី២។ នេះបើយោងតាមការស្រាវជ្រាវមួយចំនួនកន្លងមកនេះ។
អ្នកស្រីពីន ម៉ារ៉ែនជាអ្នករស់រានមានជីវិតផុតពីរបបខ្មែរក្រហម ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ អ្នកស្រីមានជំងឺលើសឈាម ជំងឺដុះខ្លាញ់ក្នុងសរសៃឈាម ហើយថ្មីៗនេះគឺជំងឺទឹកនោមផ្អែមប្រភេទទី២។
«ជួនកាលខ្ញុំនៅតែមានសុបិនអាក្រក់ ដោយយល់សប្តិថា ពួកខ្មែរក្រហមតាមចាប់ខ្ញុំ»។
អ្នកស្រីម៉ារ៉ែនបានបាត់បង់ឪពុកនៅក្នុងរបបខ្មែរក្រហម ហើយបានឆ្លងកាត់បទពិសោធន៍ជាច្រើន ដូចជាភាពអត់ឃ្លានជាដើម។ ស្លាកស្នាមអតីតកាលទាំងនេះនៅតែតាមលងបន្លាចអ្នកស្រី។
«អតីតកាលនេះនៅតែដក់ជាប់ក្នុងខ្លួនខ្ញុំជានិច្ច ហើយខ្ញុំមិនអាចលុបបំបាត់វាបានទេ»។
លោកស្រី Julie Wagner សាស្ត្រាចារ្យខាងសុខភាពសហគមន៍ និងអាកប្បកិរិយានៅសាកលវិទ្យាល័យ Connecticut បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងកម្មវិធីស្តាប់បញ្ហាសុខភាពដែលត្រូវបានរៀបចំឡើងនៅរដ្ឋ Connecticut កន្លងទៅនេះ។
«បញ្ហាទាំងអស់នេះវាពាក់ព័ន្ធគ្នា។ បើសិនជាអ្នកមានជំងឺតានតឹងផ្លូវអារម្មណ៍ ឬក៏បានឆ្លងកាត់បទពិសោធន៍ដែលបណ្តាលឲ្យអ្នកមានភាពតានតឹងផ្លូវអារម្មណ៍ នោះអ្នកទំនងជាងាយរងគ្រោះទ្វេដងដោយសារជំងឺទឹកនោមផ្អែកប្រភេទទី២»។
ការខ្វះអាហារូបត្ថម្ភក្នុងអំឡុងរបបខ្មែរក្រហម ភាពឯកោក្នុងសង្គម និងកត្តាសង្គមដែលប៉ះពាល់ដល់សុខភាព រួមមានស្ថានភាពសេដ្ឋកិច្ចក្នុងសង្គម និងការមិនសូវចេះនិយាយភាសាអង់គ្លេស អាចរួមចំណែកជំរុញឲ្យមានជំងឺរុំារៃទាំងនេះ។
លោកស្រី Megan Berthold អ្នកជំនាញខាងសង្គមកិច្ច និងសុខភាពផ្លូវចិត្ត ដែលបានធ្វើការជាមួយនឹងសហគមន៍ខ្មែរអាមេរិកាំងអស់រយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ បានឲ្យដឹងថា បើធៀបនឹងពលរដ្ឋអាមេរិកទូទៅ ខែ្មរអាមេរិកាំងអាចមានអត្រាជំងឺទឹកនោមផ្អែមប្រភេទទី២ទ្វេដង មានអត្រាភាពតានតឹងផ្លូវអារម្មណ៍ប្រាំពីរដង និងមានអត្រាជំងឺបាក់ស្បាត១៥ដងខ្ពស់ជាងពលរដ្ឋអាមេរិកទូទៅ។
«ការរកឃើញនេះគឺគួរឲ្យព្រួយបារម្ភ ហើយនេះជាបញ្ហាដ៏ធំមួយ ជាពិសេសនៅពេលដែលពួកគេមានបញ្ហាទាំងអស់នេះកម្រិតខ្ពស់ ក៏ប៉ុន្តែពួកគេមិនអាចនិយាយប្រាប់អ្នកផ្តល់សេវាសុខភាពដល់ពួកគេឲ្យបានក្បោះក្បាយ»។
ក្នុងវប្បធម៌អាស៊ី បើបុគ្គលណានិយាយអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់ខ្លួន អ្នកដទៃយល់ថា បុគ្គលនោះបង្ហាញពីភាពទន់ខ្សោយ ភាពអាម៉ាស់មុខ និងស្លាកស្នាមអាស្រូវរបស់ខ្លួន។ ការយល់ឃើញបែបនេះ រួមជាមួយនិងការមិនទទួលបានសេវាថែទាំសុខភាពសមរម្យដោយសារតែឧបសគ្គខាងវប្បធម៌ និងឧបសគ្គខាងភាសារបស់ពលរដ្ឋខ្មែរអាមេរិកាំង អាចនឹងរារាំងពួកគេមិនឲ្យស្វែករកការព្យាបាលសុខភាពផ្លូវចិត្ត នៅពេលពួកគេមានជំងឺនេះក្នុងដំណាក់កាលដំបូង។
«ការខ្វះសមត្ថភាពក្នុងការទាក់ទងជាមួយនឹងអ្នកផ្តល់សេវាសុខភាពរបស់ពួកគេគឺជាកត្តាប្រឈមដ៏ធំមួយដែលពួកគេកំពុងតែជួបប្រទះ»។
យ៉ាងណាមិញ លោកស្រីមានប្រសាសន៍ថា ការទទួលបានការគាំទ្រក្នុងសង្គម ការមានជំនាញ និងការអប់រំពីមុននៅប្រទេសកំណើតរបស់ពួកគេ អាចធ្វើឲ្យជនភៀសខ្លួន ក៏ដូចជាអតីតជនភៀសខ្លួន ដូចជាពលរដ្ឋខ្មែរអាមេរិកាំង ធ្វើសមាហរណកម្មក្នុងសង្គមថ្មីដោយងាយស្រួល និងឆាប់រហ័ស។
«ការមានការងារធ្វើដើរតួនាទីសំខាន់ណាស់ក្នុងការងើបឡើងវិញ ក្នុងការផ្សះផ្សារ និងក្នុងការពង្រឹងសមត្ថភាពរបស់សហគមន៍អាស៊ីអាគ្នេយ៍ប្រឈមនឹងបញ្ហានានា»។
ក៏ប៉ុន្តែ លោកស្រី Berthold បានទទួលស្គាល់ពីភាពរឹងមាំរបស់សហគមន៍ខ្មែរអាមេរិកាំង ក្នុងការតស៊ូក្នុងជីវិត។
លោកស្រី Berthold ទទួលស្គាល់ពីភាពរឹងមាំ និងការតស៊ូក្នុងជីវិតរបស់សហគមន៍ខ្មែរអាមេរិកាំង។
«ពួកគេទាំងនេះជាអ្នករស់រានមានជីវិតឆ្លងផុតអំពើហិង្សា ដូច្នេះពួកគេជាមនុស្សរឹងមាំ។ តែបើពួកគេមិនមានសុខភាពល្អទេនោះ វាពិតជាពិបាកណាស់ក្នុងការធ្វើឲ្យខ្លួនគេមានភាពរឹងមាំ បើទោះបីជាពួកគេទទួលបានការគាំទ្រច្រើន ឬមានគោលដៅក្នុងជីវិតដ៏ច្បាស់លាស់ ដែលនាំឲ្យពួកគេស្គាល់ដួងព្រលឹងខ្លួនឯងយ៉ាងណាក្តី»។
ជាមធ្យម ពលរដ្ឋខ្មែរអាមេរិកាំងមាន«អត្រាមានការងារធ្វើខ្ពស់ល្មម» បើទោះបីជាអត្រាទទួលការអប់រំកម្រិតបរិញ្ញាប័ត្រ និងខ្ពស់ជាងនេះ មានត្រឹមតែ១៨ភាគរយក្តី។
ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើននាក់ ពួកគេត្រូវតែគិតគូរយ៉ាងដិតដល់ថា តើពួកគេគួរតែចំណាយថវិកាដើម្បីជីវភាពប្រចាំថ្ងៃ និងបញ្ជូនកូនឲ្យទៅរៀន ឬក៏គួរតែចំណាយលើថ្លៃថែទាំសុខភាពតាមប្រព័ន្ធសុខភាពរបស់សហរដ្ឋអាមេរិកដ៏ថ្លៃ ហើយដែលមិនផ្តល់សេវាសុខភាពដ៏សមរម្យដោយសារតែឧបសគ្គខាងវប្បធម៌ និងឧបសគ្គខាងភាសានោះ៕