ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ខាង​សារព័ត៌មាន សម្ដែង​កង្វល់​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​អនុវត្ត​ក្រមសីលធម៌​របស់​អ្នក​សារព័ត៌មាន


 រូប​សម្រោល​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​រួម​ជាមួយ​ស្លាក​សញ្ញា ​Facebook។
រូប​សម្រោល​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​រួម​ជាមួយ​ស្លាក​សញ្ញា ​Facebook។

លោក ​មឿន ឈានណាឫទ្ធិ​ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន ​ថា ​ការ​ប្រាសចាក​ក្រម​សីលធម៌​នេះ​ មាន​លក្ខណៈ​ស្រាល​ពី​ដំបូង ​ប៉ុន្តែ​នៅ​ពេល​ដែល​ព័ត៌មាន​នោះ​ក្លាយ​ជា​រឿង​បម្រើ​ផល​ប្រយោជន៍​នយោបាយ​នោះ​ ​វា​នឹង​ក្លាយ​ជា​កំហុស​ដ៏​ធំ​មួយ។

ការ​ផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)ដែល​មិន​មាន​ឈ្មោះ​ពិត​ប្រាកដ​ និង​មិនមែន​ជា​ប្រភព​ព័ត៌មាន​អាច​ទុក​ចិត្ត​បាន​នោះ​ ត្រូវ​បណ្ដាញ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ ដក​ស្រង់​យក​មក​ចុះ​ផ្សាយ​ជាទូទៅ។

អ្នក​ជំនាញ​និយាយ​ថា ​ការ​ដក​ស្រង់​សំឡេង​សាសង​ស្នេហា ​ដែល​គេ​ចោទ​ដោយ​សង្ស័យ​ថា​ ជា​សំឡេង​របស់​លោក ​កឹម សុខា ​និង​នាង ​ខុម ចាន់តារ៉ាទី ​នោះ​ គឺ​ប្រាស​ចាក​ពី​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​សារ​ព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ​ ព្រោះ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា«ធាតុ​ពិត​នៃ​CNRP» ​នោះ​ មិនមែន​ជា​ប្រភព​ព័ត៌មាន​អាច​ទុកចិត្ត​បាន​ និង​មិន​មែន​ជា​ឈ្មោះ​ពិត​ប្រាកដ​ឡើយ។

លោក ​មឿន ឈានណាឫទ្ធិ​ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន បាន​ប្រាប់​ VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ប្រាសចាក​ក្រម​សីលធម៌​នេះ​ មាន​លក្ខណៈ​ស្រាល​ពី​ដំបូង ​ប៉ុន្តែ​នៅ​ពេល​ដែល​ព័ត៌មាន​នោះ​ក្លាយ​ជា​រឿង​បម្រើ​ផល​ប្រយោជន៍​នយោបាយ​នោះ​ ​វា​នឹង​ក្លាយ​ជា​កំហុស​ដ៏​ធំ​មួយ។

«ហើយ​អ្វី​ដែល​យើង​ព្រួយ​បារម្ភ​នោះ​គឺ​អ្នក​សារ​ព័ត៌មាន​នោះ ​មិន​ដឹង​ជា​គាត់​ដឹង​ខ្លួន​ឬ​អត់​ទេ​ថា ​នៅ​ពេល​ដែល​គាត់​ស្រង់​ព័ត៌មាន​ណា​មួយ​មាន​លក្ខណៈ​ ឬ​ក៏​មាន​ភាព​ជា​នយោបាយ​នោះ គាត់​អាច​ក្លាយ​ខ្លួន​ទៅ​ជា​ឈ្នាន់​ ក្លាយ​ខ្លួន​ទៅ​ជា​ឈ្នាន់​បម្រើ​ឲ្យ​ផល​ប្រយោជន៍​គណបក្ស ​ឬ​ក៏​អ្នក​នយោបាយ​ណា​ម្នាក់»។

ជាក់​ស្តែង​ ការ​ផ្សព្វផ្សាយ​សំឡេង​សាសង​ស្នេហា ​ដែល​សង្ស័យ​ជា​សំឡេង​របស់​លោក ​កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​នាង ខុម ចាន់តារ៉ាទី​ នោះ មិន​ត្រឹមតែ​ប៉ះពាល់​កិត្តិយស​ជន​រងគ្រោះ​ដែល​ត្រូវ​គេ​លួច​ថត​សំឡេង​ប៉ុណ្ណោះ​ទេ ​តែ​វា​បាន​ក្លាយ​ជា​ព័ត៌មាន​នយោបាយ ដែល​ជាហេតុ​នាំ​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​៤​នាក់​ និង​មន្ត្រី​គ.ជ.ប.​ម្នាក់ ​ត្រូវ​ជាប់​ឃុំឃាំង ​ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​កោះ​ហៅ​សាក​សួរ​មនុស្ស​៨នាក់ ​ដែល​រួម​មាន​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ការពារ​កិត្តិយស​ស្ត្រី ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

លោក​ មឿន ឈានណាឫទ្ធិ បាន​បន្ត​ថា​ ​ការ​ប្រាស​ចាក​ក្រម​សីលធម៌​ដោយ​សារ​មោហាគតិ​(លំអៀង​ដោយ​ល្ងង់)​នោះ​ អាច​នាំ​ទៅ​រក​ការ​លំអៀង​ផ្សេងៗ​ទៀត​ រួម​មានឆន្ទាគតិ (លំអៀង​ដោយ​ស្រឡាញ់) ​ ទោសាគតិ ​(លំអៀង​ដោយ​ស្អប់) ​និង​ភយាគតិ ​(លំអៀង​ដោយ​ភ័យ​ខ្លាច)។

លោក​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន ​បាន​លើក​ពី​តួនាទី​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន។

«ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន ​ចំណុច​មួយ​សម្រាប់​ជន​រងគ្រោះ​ យើង​ជា​អ្នក​សារព័ត៌មាន គឺ​យើង​មាន​តួនាទី​មួយ កាត់​បន្ថយ​នូវ​ភាព​រងគ្រោះ​ចំពោះ​ជន​រងគ្រោះ។ ​អញ្ចឹង​ បើ​យើង​ដឹង​ថា ​ការ​ផ្សាយ​ព័ត៌មាន​ទៅ ​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​រងគ្រោះ​ដោយសារ​យើង​ យើង​គួរ​តែ​ចៀសវាង។​ ហើយ​យើង​មាន​តួនាទី​មួយ​ទៀត ​គឺ​យើង​មាន​តួនាទី​ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​សង្គម។ ​អញ្ចឹង​ បើ​សិន​ជា​យើង​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​អសន្តិសុខ ​អា​ហ្នឹង​ជា​កំហុស​ក្រម​សីលធម៌​វិជ្ជាជីវៈ​មួយ​ដែរ»។

លោក​ ប៉ែន បូណា ​ប្រធាន​ក្លឹប​អ្នក​សារព័ត៌មាន​កម្ពុជា បាន​ពន្យល់​ថា​ ស្រប​ពេល​ដែល​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​កំពុង​មាន​សន្ទុះ​ខ្លាំងក្លា​នោះ ​ការ​ប្រកួត​ប្រជែង​ខាង​ព័ត៌មាន​បាន​នាំ​ឲ្យ​មាន​ឆក​ល្វែង​ខាង​វិជ្ជាជីវៈ​សារព័ត៌មាន​ ទោះ​ជា​បណ្ដាញអង្គភាព​ព័ត៌មាន ​បាន​ព្យាយាម​បង្កើន​គុណភាព​បុគ្គលិក​ និង​មាន​វគ្គ​បណ្តុះ​បណ្តាល​ខាង​វិស័យ​នេះ​ច្រើន​ក៏ដោយ។

«ប៉ុន្តែ​គ្រាន់តែ​ថា ​ការ​ប្រឡង​ប្រណាំង​គ្នា​ខាង​ល្បឿន​នោះ​ ក៏​វា​ខ្លាំង​ណាស់​ដែរ​ ធ្វើ​ម៉េច​ឲ្យ​លឿន​ ឲ្យ​អី​ហ្នឹង​ ​ហើយ​ជា​ធម្មតា​ការ​ណា​វា​លឿន​ ជួន​កាល វា​ប្រឈម​មុខ ​ដែល​យើង​មិន​បាន​ផ្ទៀងផ្ទាត់​អី​ត្រឹមត្រូវ​ គឺ​វា​អាច​នឹង​លឿន​ពេក ​ខុស​ក៏​ថា​បាន។​ អញ្ចឹង​គ្រប់​សារព័ត៌មាន​ទាំងអស់​ ត្រូវតែ​ប្រយ័ត្ន​អា​ហ្នឹង ​បាទ»។

ម៉្យាង​វិញ​ទៀត​ ​លោក​និយាយ​ថា​ ភាគ​ច្រើន​អ្នក​យក​ព័ត៌មាន​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​ប្រភព​ព័ត៌មាន​ ដែល​អាច​ជា​ជន​រងគ្រោះ​ដើម្បី​ការពារ​ខ្លួន ​ឬ​រក្សា​កិត្តិយស​ តែ​មិន​អាច​ទាក់​ទង​បាន ​ដែល​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​គេ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ។

លោក​និយាយ​ថា ​អង្គភាព​ព័ត៌មាន​មិន​អាច​ចាំ​បាន​ទេ​ ព្រោះ​ការ​ផ្សាយ​ព័ត៌មាន​ មិន​មែន​ជា​វេទិកា​សមធម៌​ទេ។

«ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ទាំង​មន្ត្រី​រាជ​រដ្ឋាភិបាល ​ទាំង​អ្នក​នយោបាយ​ឬ​ទាំង​ស្ថាប័ន​ផ្សេងៗ​ទៀត​ហ្នឹង​គឺ​ថា ​ធ្វើ​យ៉ាង​ម៉េច​ក្ដាប់​ព័ត៌មាន​ឲ្យ​បាន​លឿន ហើយ​ត្រៀម​ឆ្លើយ​តប​ឲ្យ​បាន​រហ័ស​បំផុត​ជាមួយ​អ្នក​សារព័ត៌មាន។​ បើ​សិន​ជា​យឺតយ៉ាវ ​ជួនកាល​ ព័ត៌មាន​មាន​ទៅ​មួយ​ជំហាន​ទៅមុខ​ហើយ​បាទ»។

ក្រៅពី​អ្នក​ជំនាញ​ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន ​ក៏​បាន​សម្ដែង​ក្ដី​បារម្ភ​អំពី​ការ​ប្រាសចាក​ពី​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន​ដែរ។

លោក​ អ៊ុក គឹមសេង ​អនុ​រដ្ឋលេខាធិការក្រសួង​ព័ត៌មាន និង​មន្ត្រី​មួយ​ចំនួន​ទៀត បង្ហាញ​ក្ដី​បារម្ភ​នេះ​ក្នុង​កិច្ចប្រជុំ​ណែ​នាំ​ឲ្យ​អ្នក​សារព័ត៌មាន​ប្រើ​គោរមងារ​សម្ដេច​ ដែល​ព្រះ​មហាក្សត្រ​ប្រទាន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​កំពូលៗ។

ទោះ​ជា​យ៉ាង​ណា​ក្តី ​ការ​រំលោភ​ក្រម​សីលធម៌​សារព័ត៌មាន​ ដែល​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ក្តី​បារម្ភ​នោះ គឺ​មិន​ដូច​គ្នា​នឹង​អ្វី​ដែល​អ្នក​ជំនាញ​លើក​ឡើង​ទេ។

លោក​អនុរដ្ឋលេខាធិការ ​មាន​ប្រសាសន៍​ថា​ ការ​ដែល​អង្គភាព​ព័ត៌មាន​មិន​ព្រម​ធ្វើ​ការ​កែតម្រូវ​តាម​សំណើ​របស់​ស្ថាប័នចំពោះ​អ្វី​ដែល​ខ្លួន​បាន​ផ្សាយ​កន្លងមក​នោះ ​គឺ​ជា​ការ​រំលោភ​ក្រម​សីលធម៌​វិជ្ជាជីវៈ ​និង​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ប្រទេស​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត។

ក្រៅ​ពី​នេះ​លោក អ៊ុក គឹមសេង​ ក៏​លើក​ពី​បញ្ហា​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌មាន​ ស្រដៀង​អ្វី​ដែល​អ្នក​ជំនាញ​បាន​លើក​ឡើង​ដែរ។

លោកបាន​បន្ត​ថា ​មាន​អ្នក​សារព័ត៌មាន​សរសេរ​អត្ថបទ​ដែល​មាន​ខ្លឹមសារ​ថា «អ្នកនេះ​ខុស ​អ្នកនោះ​ត្រូវ»​ ដែល​ខុស​ពី​តួនាទី​សារព័ត៌មាន​ដែល​គ្រាន់​តែ​ជា​អ្នក​ផ្ដល់​ព័ត៌មាន។

ក្រៅ​ពី​នេះ ​អ្នក​សារព័ត៌មាននៅ​កម្ពុជា​មួយ​ចំនួន​ មាន​តួនាទី​ជា​នគរបាល​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ជាដើម ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ មិន​អាច​ប្រកាន់​ជំហរ​តាម​ក្រមសីលធម៌​វីជ្ជាជីវៈ​សារព័ត៌មាន​បាន។

អ្នក​សារព័ត៌មាន​ខ្លះ​ទៀត ក៏​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ជំរិត​ទារ​ប្រាក់ ​ជា​ថ្នូរ​នឹង​ខ្លឹមសារ​ព័ត៌មាន​ដែរ។​ មិន​តែ​ប៉ុណ្ណោះ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ក្លាយ​ជា​សហចារី​ ឬ​អ្នក​រួម​គំនិត​នៃ​បទ​ល្មើស ​ដោយសារ​ការ​ប្រាសចាក​ពី​ក្រម​សីលធម៌​នេះ។

អ្នក​ជំនាញ​មើល​ឃើញ​ថា ​ការ​ប្រកួត​ប្រជែង​រវាង​ស្ថាប័នព័ត៌មាន ​និង​ការ​រីក​ដុះដាល​ព័ត៌មាន​គ្មាន​វិជ្ជាជីវៈ​តាម​បណ្ដាញ​សង្គម បាន​ធ្វើ​ឲ្យ​អង្គភាព​ព័ត៌មាន​មួយ​ចំនួន ​មើល​រំលង​ក្រម​សីលធម៌​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ៕

XS
SM
MD
LG