ក្រសួងព័ត៌មានចេញសេចក្តីណែនាំឲ្យបណ្តាញព័ត៌មានទាំងអស់ដែលសរសេរជាភាសាខ្មែរ ត្រូវប្រើគោរមងារដែលព្រះមហាក្សត្រប្រទានឲ្យមន្ត្រីរដ្ឋាភិបាល ជាពិសេសងារ«សម្តេច» សម្រាប់មន្ត្រីរដ្ឋាភិបាលកំពូលៗ។ ក្រសួងនឹងមានវិធានការប្រឆាំងអង្គភាពព័ត៌មានដែលមិនគោរពតាមការណែនាំនេះ។
ក្រសួងព័ត៌មានបានកោះហៅក្រុមអ្នកសារព័ត៌មានដើម្បីណែនាំឲ្យបណ្តាញព័ត៌មានប្រើគោរមងាររបស់មន្ត្រីរដ្ឋាភិបាល ជាពិសេសគោរមងារ «សម្តេច»។ មន្ត្រីក្រសួងព័ត៌មានបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការណែនាំនេះគឺជាជាការរំឭកចុងក្រោយ។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានព្រមានថា ក្រសួងនឹងមានវិធានការចំពោះអង្គភាពព័ត៌មានដែលមិនធ្វើតាមការណែនាំនេះ។ វិធានការទាំងនេះរួមមាន ការមិនបន្តអាជ្ញាប័ណ្ណ និងមិនចេញប័ណ្ណព័ត៌មានសម្រាប់អង្គភាព និងអ្នកកាសែតដែលមិនគោរពតាមការណែនាំនេះ។ ក្រៅពីនេះ ក្រសួងនឹងណែនាំមិនឲ្យស្ថានីយវិទ្យុ ទូរទស្សន៍ក្នុងស្រុក និងរោងពុម្ពផ្សព្វផ្សាយព័ត៌មានដែលមិនប្រើគោរមងារនេះ។
ក្រោយពីធ្វើការណែនាំ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រាប់អ្នកសារព័ត៌មានថា នេះជាសេចក្តីណែនាំចុងក្រោយ ហើយវាមិនប៉ះពាល់សិទ្ធិសេរីភាពព័ត៌មានទេ។
លោក អ៊ុក គឹមសេង ថ្លែងថា៖
«ពេលនេះលើសពីកម្រិតសម្របសម្រួល ស្នើសុំហើយ។ យើងចូលរួមទាំងអស់គ្នា។ ហើយអ្វីដែលក្រសួងសំណូមពរនេះ វាហាក់ដូចជាមិនប៉ះពាល់សេរីភាពព័ត៌មានទេ»។
លោកអនុរដ្ឋលេខាធិការបានបន្តថា សំណើនេះមិនហួសហេតុពេកទេ។ ការមិនធ្វើតាមសេចក្តីណែនាំនេះគឺជាការមិនគោរពព្រះរាជក្រឹត្យ ហើយវាជាសេរីភាពពុំមានព្រំដែន ពុំមានការទទួលខុសត្រូវចំពោះទំនៀមទម្លាប់ ប្រពៃណីខ្មែរ។
លោក អ៊ុក គឹមសេង បន្តថា៖
«គ្រាន់តែចូលស្ទឹងតាមបថ ចូលស្រុកតាមប្រទេសនេះ យើងធ្វើមិនបាន ហើយយើងចង់ធ្វើការងារនៅប្រទេសមួយដែលមានអធិបតេយ្យភាព មានច្បាប់ទម្លាប់ មានប្រពៃណីគ្រប់យ៉ាង យើងគិតថា យើងនាំគ្នាធ្វើអត់បាន អ្នកម្ចាស់ស្រុកក៏មិនអាចទទួលបានដូចគ្នា។ កាលណាយើងធ្វើការងារប៉ុណ្ណឹងមិនបាន បានន័យថា យើងក៏មិនចាំបាច់នៅទីនេះ។ យើងត្រូវប្រើពាក្យមួយថា បើមិនពេញចិត្តទេ ដើរចេញ!»
លោក អ៊ុក គឹមសេង បានឲ្យអ្នកសារព័ត៌មានមកពីស្ថាប័ន ដែលមិនប្រើគោរមងារនេះ ដូចជាកាសែតភ្នំពេញប៉ុស្តិ៍ កាសែត The Cambodia Daily វិទ្យុអាស៊ីសេរី វិទ្យុ VOA និងអង្គភាពព័ត៌មានផ្សេងទៀត ធ្វើការឆ្លើយតប។
ទោះជាយ៉ាងណាក្ដី អ្នកសារព័ត៌មានមកពីអង្គភាពដែលមិនទាន់ប្រើគោរមងារនេះ បានលើកហេតុផលថា ពាក្យ«លោក»គឺជាពាក្យសមរម្យ និងស្មើភាពសម្រាប់ទាំងអស់គ្នា។
លោក អ៊ុក គឹមសេង ឆ្លើយតបថា មនុស្សក្នុងសង្គមមិនអាចស្មើគ្នាទាំងអស់ទេ គឺត្រូវមានអ្នកតូច អ្នកធំ ដែលជាអ្នកដឹកនាំប្រទេសទៅរកភាពរុងរឿង។
ម៉្យាងវិញទៀត ក្រុមអ្នកសារព័ត៌មានលើកឡើងថា គោរមងារទាំងនេះភាគច្រើនវែង ដែលផ្ទុយពីគោលការណ៍ព័ត៌មានដែលត្រូវសរសេរខ្លី តែជាព័ត៌មានដែលមានន័យវែង។ ក្រុមអ្នកសារព័ត៌មានដែលចូលរួម បានប្រាប់មន្ត្រីក្រសួងព័ត៌មានថា គេនឹងពាំនាំសេចក្តីណែនាំនេះប្រាប់ប្រធានអង្គភាពដែលត្រូវធ្វើការពិភាក្សា។ ក្រៅពីនេះ និពន្ធនាយកកាសែតក្នុងស្រុកលើកឡើងថា ពាក្យ«សម្តេច» «ឯកឧត្តម»នេះ បានសាបរលាបអត្ថន័យរបស់វាទៅហើយ។
លោក មឿន ឈានណាឫទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ការណ៍ដែលអ្នកសារព័ត៌មានប្រើ ឬមិនប្រើពាក្យ«សម្តេច» «ឯកឧត្តម»ជាដើមនោះ មិនមែនជារឿងធ្ងន់ស្រាលអ្វី។ រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានក៏មិនបានដាក់កំហិតឲ្យប្រើគោរមងារទាំងនេះដែរ។
លោក មឿន ឈានណាឫទ្ធិ បញ្ជាក់ប្រាប់ VOA ថា៖
«ខ្ញុំថា គួរជាជម្រើសរបស់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានទៅវិញទេ ថាតើគាត់គួរតែប្រើ ឬមិនប្រើ? អញ្ចឹងទុកឲ្យសាធារណជនវាយតម្លៃ។ បើសាធារណជនយល់ថា កាសែតមួយ វិទ្យុមួយ ឬទូរទស្សន៍មួយ មិនប្រើគោរមងារ អញ្ចឹងគេអត់ចូលចិត្ត អញ្ចឹងគេលែងអានកាសែត គេលែងស្តាប់វិទ្យុ ឬមើលទូរទស្សន៍ហ្នឹង។ អញ្ចឹងអង្គភាពសារព័ត៌មានហ្នឹងត្រូវដួលរលំដោយខ្លួនឯង។ អាហ្នឹងបើសិនយើងនិយាយអំពីគោលការណ៍វិជ្ជាជីវៈនិងសេរីភាពសារព័ត៌មាន»។
ម៉្យាងវិញទៀត ក្រុមអ្នកសារព័ត៌មាននៃអង្គភាពដែលមិនបានប្រើគោរមងារ«សម្តេច» បានសុំឲ្យក្រសួងធ្វើអន្តរាគមន៍ ទប់ស្កាត់ការរើសអើងអ្នកយកព័ត៌មាន ដែលត្រូវស្ថាប័នរដ្ឋាភិបាលមិនឲ្យចូលយកព័ត៌មាន ខណៈដែលស្ថាប័នទាំងនេះអនុញ្ញាតឲ្យអ្នកយកព័ត៌មានមកពីស្ថាប័នស្និទ្ធនឹងរដ្ឋាភិបាល ចូលយកព័ត៌មានកន្លែងតែមួយនោះ។
ក្រុមអ្នកយកព័ត៌មានដែលបានចូលរួមស្តាប់ការណែនាំនេះបង្ហាញចំណាប់អារម្មណ៍ច្រើនលើប្រធានបទទី២ គឺក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
លោក អ៊ុក គឹមសេង បន្តថា មានអ្នកសារព័ត៌មានសរសេរអត្ថបទដែលមានខ្លឹមសារថា «អ្នកនេះខុស អ្នកនោះត្រូវ» ដែលខុសពីតួនាទីសារព័ត៌មានដែលគ្រាន់តែជាអ្នកផ្តល់ព័ត៌មាន។
លោក មឿន ឈានណាឫទ្ធិ ដែលមានការយល់ដឹងច្បាស់លាស់អំពីក្រមសីលធម៌ព័ត៌មាន បានសង្កេតឃើញថា ក្រមសីលធម៌ព័ត៌មានមានការធ្លាក់ចុះ នៅពេលមានការប្រកួតប្រជែងខ្លាំងឡើងៗប្រឈមនឹងព័ត៌មានលឿនៗតាមបណ្តាញសង្គម។
លោកពន្យល់ថា៖
«យើងជាអ្នកសារព័ត៌មាន យើងមានតួនាទីមួយកាត់បន្ថយនូវភាពរងគ្រោះចំពោះជនរងគ្រោះ។ អញ្ចឹង បើយើងដឹងថា ការផ្សាយព័ត៌មានទៅ ធ្វើឲ្យបុគ្គលណាម្នាក់រងគ្រោះដោយសារយើង យើងគួរតែចៀសវាង។ ហើយយើងមានតួនាទីមួយទៀត គឺយើងមានតួនាទីដើម្បីជំរុញឲ្យមានសន្តិភាពនៅក្នុងសង្គម។ អញ្ចឹង បើសិនជាយើងផ្សព្វផ្សាយព័ត៌មានឲ្យមានអសន្តិសុខ អាហ្នឹងជាកំហុសក្រមសីលធម៌វិជ្ជាជីវៈមួយដែរ»។
លោកសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនបានលុះដោយអគតិបួនយ៉ាងគឺ ឆន្ទាគតិ (លម្អៀងដោយស្រឡាញ់) ទោសាគតិ (លម្អៀងដោយស្អប់) មោហាគតិ (លម្អៀងដោយល្ងង់) និងភយាគតិ (លម្អៀងដោយភ័យខ្លាច)៕