ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកជំនាញ​សុំ​ឱ្យ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​បើ​ចង់​កាត់​បន្ថយ​ភាព​ក្រីក្រ

  • ម៉ែន​ គឹមសេង

លោកស្រី ​ម៉ាហ្វាល់​ដា ដូអាត ​ប្រធាន​គម្រោង​នៃ​មូលនិធិ​វិនិយោគ​លើ​អាកាស​ធាតុ។ (ម៉ែន គឹមសេង/វីអូអេ)

ទឹក​ជំនន់​លិចផ្ទះ​សម្បែង​ភូមិករ​ គ្រោះរាំងស្ងួត ​អាកាស​ធាតុ​កាន់​តែ​ក្តៅ ​និង​ខ្យល់ព្យុះ​ដែល​ប្រទេស​កម្ពុជា​ជួប​ប្រទះ​កន្លង​មក​ដែលបំផ្លាញ​ផលិតផល​កសិកម្ម​ ទាំងនេះ​ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ចាត់​ទុក​ថា​គឺ​ជា​ផ្នែក​មួយ​នៃ​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។

មិន​មែន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​រង​ផលប៉ះពាល់​ដូចនេះ​ប្រទេស​ខ្លះ​ទៀត​ក៏​រងការគំរាម​កំហែង​ពី​កម្ពស់​ទឹក​សមុទ្រ​កាន់​តែ​ឡើង​ដែល​អាច​នឹង​ពន្លិច​ផ្នែកខ្លះ​នៃ ​ប្រទេស​និង​ការ​បាក់​ដី​ចូល​សមុទ្រនិង​ទន្លេ​ជាដើម។ គ្រោះថ្នាក់​ទាំងអស់​នេះ​គឺ ​មនុស្ស​ជាអ្នក​បង្កើត។ នេះ ​បើតាម​ការអះអាង​របស់​អ្នក​វិទ្យាសាស្រ្ត។​

លោកស្រី​ម៉ាហ្វាល់​ដា ដូអាត ​ប្រធាន​គម្រោង​នៃ​មូលនិធិ​វិនិយោគ​លើ​អាកាស​ធាតុ​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី ​ជួបជាមួយ​នឹង​អ្នក​សារព័ត៌មាន​នៅ​ស្នាក់​ការ​របស់​វីអូអេ​កាលពីថ្ងៃ​សុក្រ​ថា៖

«ការប្រែប្រួល​អាកាសធាតុ​គឺ​ជា​ការគំរាម​កំហែង​ជាមូលដ្ឋាន​ដល់​ការអភិវឌ្ឍន៍​នៅ​ក្នុង​ជីវិត​របស់​យើង​និង​ជីវិត​របស់​កូនចៅ​យើង​និង​មនុស្ស​ជាច្រើន​ជំនាន់​ទៀត។​ប្រសិន​បើ​យើង​មិន​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ទេ​យើងនឹង​មិន​អាច​បញ្ចប់​ភាពក្រីក្រ​បាន​ទេ​ហើយ​យើង​នឹង​មិន​អាច​ជំរុញ​វិបុល​សុខ​សម្រាប់​មនុស្ស​ដែល​យើង​យក​ចិត្ត​ទុកដាក់​បំផុត​ហើយ​យើង​ដឹង​ថា​បើ​យើង​កាន់តែ​ពន្យាពេល​ក្នុង​ការ​ដោះស្រាយ​ការប្រែប្រួល​អាកាស​ធាតុ​តម្លៃ​នឹង​កាន់​តែ​ថ្លៃ‍»។​

ក្នុង​រយៈពេល​៤០ឆ្នាំ​ចុងក្រោយ​នេះ ​សីតុណ្ហភាព​មធ្យម​របស់​ប្រទេស​កម្ពុជា​បាន​កើន​ជិត​១​អង្សា​សេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញក្នុង​ពេល​កន្លង​មក។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ដំណើរការ​រៀបចំ​ផែនការ​សកម្មភាព​ឆ្លើយ​តប​នឹង​ការប្រែប្រួល​អាកាសធាតុ​តាម​វិស័យ​នីមួយៗ​ហើយ​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ក្រសួង​និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចំនួន​៨​បាន​អនុម័តផែនការ​សកម្មភាព​ឆ្លើយតបនឹង​ការប្រែប្រួល​អាកាសធាតុ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​គេហទំព័រ​ក្រសួង​បរិស្ថាន។

លោកស្រី​ម៉ាហ្វាល់​ដា​ ដូអាត​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​កម្ពុជា​សុំ​ឱ្យបញ្ជូល​គ្រប់​ភាគី​ទាំង​អស់​ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព​ឆ្លើយ​តប​ណាមួយ ​ដែល​ក្នុង​នោះ ​មាន​វិស័យឯកជន​ អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ដែល​អាច​នឹង​រងផលប៉ះពាល់​ជាដើម​ក្នុង​ការ​កំណត់​ថា​តំបន់​ណា​និង​វិស័យ​ណាដែល​ងាយ​រងគ្រោះ។

ការធ្វើ​«ការ​សាកល្បង‍»​ដើម្បី​ឱ្យ​ដឹង​ថា​វិធី​ណាមួយ​ដែល​ល្អ​ប្រសើរ​ដើម្បី​ជួយ​ដល់​កម្ពុជា​ជាកិច្ច​ការ​សំខាន់​និង​ត្រូវសំឡឹង​រក​មើល​ធនធាន​ណា​ដែល​មាន​ដើម្បី​យក​មក​ប្រើ​ប្រាស់។ ​

លោកស្រី ​បាន​បន្ថែម​ថា​មូលនិធិ​វិនិយោគ​លើ​ការ​ប្រែប្រួល​អាកាស​ធាតុ (Climate Investment Funds) ​នឹង​មាន​លទ្ធភាព​ជួយ​តាម​នោះ​ដែរ៖

«ដូច្នេះ​អី្វ​ដែល​ប្រទេស​ជាច្រើន​កំពុង​ធ្វើការ​ជាមួយ​នឹង​មូលនិធិ​វិនិយោគ​លើ​ការប្រែប្រួល​អាកាស​ធាតុ​ហើយ​ប្រាប់​យើង​មក​វិញ​យ៉ាងច្បាស់​គឺ​ថា​«យើង​កំពុង​ធ្វើ​ការ​សាកល្បង​និង​ពិនិត្យ​មើល​ដើម្បី​សាកល្បង​ដោយ​ប្រើ​វិធី​សាស្រ្ត​ផ្សេងៗ‍» ដូច្នេះ​គេ​នឹង​មើល​ថា​តើ​វិធីណា​នឹង​ដំណើរការ​ហើយ​បន្ទាប់​មក​យើង​បង្កើន​ប្រតិបត្តិការ​ទៅ​តាម​នោះ‍»។

ប្រទេស​កម្ពុជា​ទទួល​ថវិកា​ពី​មូលនិធិ​វិនិយោគ​លើ​ការប្រែប្រួល​អាកាស​ធាតុ​ដើម្បី​អនុវត្ត​លើ​កម្មវិធី សាកល្បង​សម្រាប់​ការស៊ូទ្រាំ​នឹង​ការប្រែប្រួល​អាកាស​ធាតុ​និង​បច្ចេកវិទ្យា​ស្អាត។

មូលនិធិ​វិនិយោគ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​មាន​ថវិកា​ចំនួន​៨ពាន់​លាន​ដុល្លារ​សម្រាប់​អនុវត្ត​ការងារនៅ​ទូទាំង​ពិភពលោក។​

XS
SM
MD
LG