ខ្យល់ព្យុះឈ្មោះ Typhoon Hagupit កំពុងបក់បោកកាត់ប្រទេសហ្វីលីពីនភាគកណ្តាល ក្រោយពីបានធ្វើឲ្យមានការបាក់ដីឆ្នេរភាគខាងកើតអស់ពេលមួយយប់។ ព្យុះដ៏ធំនេះមានល្បឿនខ្យល់ដល់ទៅ២១០គ.ម.ក្នុងមួយម៉ោង។ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុក្នុងស្រុកឈ្មោះ Pagasa ផ្សាយនៅថ្ងៃអាទិត្យនេះថា ព្យុះនោះបានបក់បោកបំផ្លាញសហគមន៍អ្នកនេសាទនៅតំបន់ដាច់ស្រយាលមួយនៅកោះ Samar ដោយបានបំផ្លាញអគារហើយបក់បោកយកម្ទេចបាក់បែកចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ភ្លើងអគ្គិសនីត្រូវដាច់ទូទាំងតំបន់នោះ ហើយដើមឈើ និងដំបូលផ្ទះបាន បាក់ប៉ើងទៅលើដងផ្លូវ។ រីឯលោក ALEXANDER PAMA អ្នកនាំពាក្យទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយនិយាយថា នៅពេលផ្លូវហោះហើរលែងមានបញ្ហា ប្រតិបត្តិការតាមផ្លូវអាកាសនឹងចាប់ផ្តើម ព្រោះថា នៅតំបន់ខ្លះដូចនៅកោះ Samar នៅពេលនេះ គេរង់ចាំអាកាសធាតុស្រឡះសម្រាប់យន្តហោះធ្វើដំណើរ បន្ទាប់មកប្រតិបត្តិសង្គ្រោះនឹងចាប់ផ្តើម។
លោក REYNALDO MORALES មន្ត្រីអាជ្ញាធរមូលដ្ឋាននិយាយថា នៅទីនេះមានការខូចខាតច្រើនណាស់។ ផ្ទះភាគច្រើនត្រូវរងការខូចខាត។ កាលពីយប់មិញ មានទឹកជំនន់។
ទីភ្នាក់ងារព្យាករណ៍អាកាសធាតុនិយាយថា ព្យុះ Hagupit អាចនឹងបក់បោកកាត់ភាគកណ្តាលប្រទេសហ្វីលីពីនរយៈពេល៣ថ្ងៃ។ មនុស្សជាង១លាននាក់ត្រូវបានជម្លៀសចេញពីភូមិនានានៅតាមមាត់សមុទ្រ និងពីតំបន់ដែលអាចនឹងមានការបាក់ដី ហើយពួកគេត្រូវបានដាក់ឲ្យនៅជម្រកបណ្តោះអាសន្ន។
ទីភ្នាក់ងារព្យាករណ៍អាកាសធាតុនិយាយថា ព្យុះ Hagupit គឺជាព្យុះធំបំផុតដែលបានបក់បោកលើប្រទេសហ្វីលីពីននៅឆ្នាំនេះ តែមិនខ្លាំងដូចព្យុះ Typhoon Haiyan កាលពីឆ្នាំកន្លងទៅ ដែលបានសម្លាប់មនុស្ស៧ពាន់៣រយនាក់នោះទេ៕