ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ «មិន​ធម្មតា» លើ​ទីក្រុង​កៀវ


មីស៊ីល​មួយ​ផ្ទុះ​នៅ​ពី​លើ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​មាន​ការ​វាយប្រហារ​ពី​រុស្ស៊ី។
មីស៊ីល​មួយ​ផ្ទុះ​នៅ​ពី​លើ​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​មាន​ការ​វាយប្រហារ​ពី​រុស្ស៊ី។

លោក Serhiy Popko ប្រធាន​រដ្ឋបាល​យោធា​ទីក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​រុស្ស៊ី​បាន​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង​កៀវ​ដោយ​ប្រើ​ដ្រូន​និង​មីស៊ីល។ លោក​បាន​ហៅ​ការ​បាញ់​ស្រោច​នេះ​ថា​មាន «កម្រិត​មិន​ធម្មតា»។

លោក Popko បាន​បង្ហោះ​សារ​នៅ​លើ Telegram ថា ការ​វាយ​ប្រហារ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី «ចំនួន​អតិបរមា​នៃ​មីស៊ីល​វាយ​ប្រហារ​នៅ​ក្នុង​រយៈពេល​ខ្លី​បំផុត​មួយ»។

កងទ័ព​ជើង​អាកាស​របស់​អ៊ុយក្រែន​បាន​លើកឡើង​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​មួយ​ចំនួន​និង​មីស៊ីល​ទាំង ១៨ គ្រាប់​ដែល​រុស្ស៊ី​បាន​បាញ់​ដាក់​ទីក្រុង​កៀវ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មីស៊ីល​លឿន​ជាង​សំឡេង​(hypersonic) ​ប្រភេទ Kinzhal ​ចំនួន ​៦ ​គ្រាប់​ផង​ដែរ។

លោក Popko បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​លើក​ទី ៨ សំដៅ​លើ​ទីក្រុង​កៀវ​តាំងពី​ដើម​ខែ​ឧសភា​នេះ​មក។

អភិបាល​ក្រុង​កៀវ​លោក Vitali Klitschko បាន​រាយការណ៍​ថា​កម្ទេចកម្ទី​មីស៊ីល​និង​ដ្រូន​ដែល​ធ្លាក់​ចុះ​ពី​លើ​អាកាស​បាន​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​ដល់​សង្កាត់មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​កៀវ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សង្កាត់​ Solomyanskyi ផង​ដែរ ដែល​នៅ​ទីនោះ​មនុស្ស ​៣ ​នាក់​បាន​រង​របួស។

ទាក់ទិន​នឹង​រឿង​ដោយ​ឡែក​មួយ​ទៀត ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​បញ្ជូន​មីស៊ីល​និង​ដ្រូន​វាយ​ប្រហារ​រាប់​រយ​គ្រឿង​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​ក្នុង​ក្ដី​សង្ឃឹម​ថា​អាច​ពង្រឹង​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អរគុណ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Rishi Sunak ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្មោះត្រង់ សម្រាប់​សព្វាវុធ​ថ្មី​ទាំង​នេះ នៅ​ពេល​លោក​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​វិមាន Chequers ដែល​ជា​វិមាន​សម្រាក​លំហែ​កាយ​ជនបទ​ផ្លូវការ​របស់​លោក Sunak។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​ចាត់ទុក​ជំនួយ​បន្ថែម​របស់​ចក្រភព​អង់គ្លេស​ដល់​អ៊ុយក្រែន​នេះ​ថា​មាន​លក្ខណៈ «អវិជ្ជមាន​ខ្លាំង​បំផុត» ប៉ុន្តែ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​ថា រុស្ស៊ី​មិន​ជឿ​ថា​សព្វាវុធ​ថ្មី​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ធំ​ដុំ​ណា​មួយ​លើ​សង្គ្រាម​នោះ​ទេ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG