ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អភិបាល​ខេត្ត​តាកែវ​ ដែល​ជាប់​ទោស​រឿង​ឃាតកម្ម​ស្រី​កំណាន់ ​ត្រូវ​លើក​លែង​ទោស ​ក្រោម​«សិទ្ធិ​ពិសេស»​


នេះ​ជា​រូបថត​មួយ​ក្នុង​រូប​ថត​ជា​ច្រើន​​ដែល​ត្រូវ​​បង្ហោះ​ជា​សាធារណៈ​​តាម​គណនី​ហ្វេសប៊ុក​លោក​ ​ឡាយ វណ្ណៈ​ ​អតីត​អភិបាល​ខេត្ត​តាកែវ​ ដោយ​មាន​ភ្ជាប់​សារ​ទទួល​ស្គាល់​ថា ​លោក​ធ្លាប់​មានទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ ​ចេវ សុវឌ្ឍនា។
នេះ​ជា​រូបថត​មួយ​ក្នុង​រូប​ថត​ជា​ច្រើន​​ដែល​ត្រូវ​​បង្ហោះ​ជា​សាធារណៈ​​តាម​គណនី​ហ្វេសប៊ុក​លោក​ ​ឡាយ វណ្ណៈ​ ​អតីត​អភិបាល​ខេត្ត​តាកែវ​ ដោយ​មាន​ភ្ជាប់​សារ​ទទួល​ស្គាល់​ថា ​លោក​ធ្លាប់​មានទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ ​ចេវ សុវឌ្ឍនា។

អតីត​អភិបាល​ខេត្ត​តាកែវ ​លោក ​ឡាយ វណ្ណៈ​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​៥​ឆ្នាំ​មុន​ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ព្រះ​រាជ​ទាន​លើក​លែង​ទោស ​ក្រោម​«សិទ្ធិ​ពិសេស» ​ដែល​មិន​តម្រូវ​ឱ្យទណ្ឌិត​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ចំនួនពីរ​ភាគ​បី​នៃ​ទោស​សិន ​មុន​នឹង​ត្រូវ​លើក​លែង​ទោស។ ​នេះ​បើ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ ​ចុះ​ថ្ងៃទី​៦ ​ខែ​មេសា ​ឆ្នាំ​២០២៣​ និង​ការ​អះអាង​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌។​

ការ​លើក​លែង​ទោស​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​លើក​លែង​ទោស​លោក​ ឡាយ វណ្ណៈ ​ជា​សិទ្ធិ​ពិសេស​មួយ​របស់​ព្រះ​មហាក្សត្រ​ ​តាម​រយៈ​សំណើ​របស់​នាយក​រដ្ឋមន្រ្តី ​ក្នុង​ការស្នើ​លើកលែង​ទោស​ដល់​ទណ្ឌិត​ណា​មួយ ​និងក្នុង​ពេល​ណាក៏​បាន​ ដោយ​មិន​ចាំបាច់​បំពេញ​តាម​លក្ខ​ខណ្ឌ​តម្រូវ​ឱ្យជាប់​ទោស​ពីរ​ភាគ​បី​ឡើយ។

លោក​ថ្លែង​ថា៖ ​«នេះ​ជា​ករណី​ដោយ​ឡែក​មួយ​ទៀត​ដែល​ជា​សិទ្ធិ​របស់​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ណា​មួយ​ តាម​ការ​ស្នើ​សុំ​របស់​នាយក​រដ្ឋមន្រ្តី ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ ​និង​ច្បាប់​ស្តីពីការគ្រប់គ្រង​ពន្ធនាគារ។ ​អាហ្នឹង​គឺ​ជា​សិទ្ធិ​ពិសេស​ដែល​ធ្វើ​ឡើង​នៅ​ពេល​ណា​ក៏​បាន​ដែរ ​ចំពោះ​ទណ្ឌិត​ណា​ក៏​បាន​ដែរ ដោយ​មូលហេតុ​ជាក់​ស្តែង ​តម្រូវការ​ចាំបាច់​ណាមួយ»។​

ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ហេតុ​អ្វី​បាន​ជា​លោក ​ឡាយ វណ្ណៈ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ឃាត​នារី​កំណាន់ ​ត្រូវ​បាន​លើក​លែង​ទោស ​ក្រោម​សិទ្ធិ​ពិសេស​នេះ។ ​

លោក ​ឡាយ វណ្ណៈ ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចំនួន​១៣​ឆ្នាំ ​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០២១​ ក្រោម​បទ​ចោទ​ «ឃាត​កម្ម»​ នៅ​ក្នុង​សំណុំ​រឿង​ស្រ្តី​ម្នាក់​ ដែល​គេ​ឃើញ​ស្លាប់ ​ដោយ​ចង​ក​ភ្ជាប់​នឹង​ចម្រឹង​បង្អួច​ក្នុង​ខេត្ត​តាកែវ ​កាល​ពីខែ​មករា​ ឆ្នាំ​២០១៨។ ​សមត្ថ​កិច្ច​បញ្ជាក់​ថា​ ការ​ស្លាប់​នេះ​មិន​មែន​ជា​ការ​ធ្វើ​អត្ត​ឃាត​ទេ ​ប៉ុន្តែ​ជា​ឃាត​កម្ម​លើ​ស្រ្តី​កំណាន់​របស់​លោក ​ឡាយ វណ្ណៈ ​ដែល​មាន​ឈ្មោះ​ថា ​ចេវ សុវឌ្ឍនា។

នៅ​មុន​ពេល​ចាប់​ខ្លួន ​លោក ​ឡាយ វណ្ណៈ ​ធ្លាប់​បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​រូប​ថត​ស្និទ្ធ​ស្នាល​ជា​ច្រើន​សន្លឹក​ជាមួយ​អ្នក​ស្រី​ ចេវ សុវឌ្ឍនា ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ដែល​បញ្ជាក់​ថា​ លោក​ពិត​ជា​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​ស្ត្រី​ឈ្មោះ ​ចេវ សុវឌ្ឍនា​ ​ពិត​មែន។ ​ទោះ​ជា​យ៉ាង​ណា ​លោក​បាន​បដិសេធ​ថា​ លោក ​និង​បង​ប្រុស​របស់​លោក ​មិន​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នោះ​ទេ​ និងថា ​ការ​ស្លាប់​របស់​អ្នកស្រី​ ​ចេវ សុវឌ្ឍនា​ ​គឺ​មកពី​ការ​ធ្វើ​អត្ត​ឃាត​ ក្រោយ​លោក​សុំ​ផ្តាច់​ទំនាក់​ទំនង​គ្នា។

បង​ប្រុស​របស់​លោក ​ឡាយ វណ្ណៈ ​គឺ​លោក ​ឡាយ ណារិទ្ធ ​អតីត​ស្នង​ការ​រង​នគរបាល​ខេត្ត​តាកែវ ​ក៏​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​ផង​ដែរ​ នៅ​ក្នុង​សំណុំ​រឿង​នេះ។​

ប្រសិន​បើ​មិន​មាន​សិទ្ធិ​ពិសេស​សម្រាប់​លើក​លែង​ទោស​នេះ​ទេ​ លោក​ ឡាយ វណ្ណៈ ​ត្រូវជាប់​ពន្ធនាគារ​យ៉ាង​តិច​៨​ឆ្នាំ​កន្លះ​សិន ​មុន​នឹង​ត្រូវ​លើក​លែង​ទោស​បាន។​ រហូត​មក​ដល់​ពេល​នេះ​ លោក​ជាប់​ពន្ធនាគារ​បាន​៥ឆ្នាំ ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មេសា ​ឆ្នាំ​២០១៨។​

មាត្រា​៧៧​នៃ​ច្បាប់​ស្តីពី​ពន្ធនាគារ​ចែង​ថា ​ក្នុង​ករណី​ចាំបាច់ ​ប្រមុខ​រាជរដ្ឋាភិបាល​មាន​បុព្វ​សិទ្ធិ​ធ្វើ​សំណើ​ថ្វាយ​ព្រះ​មហា​ក្សត្រ​សុំ​លើក​លែង​ទោស​ឱ្យ​ទណ្ឌិត​នៅ​ពេល​ណា​ក៏បាន។

លោក ​នុត សវនា ​អ្នក​នាំពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ​ដែល​ជា​ស្ថាប័ន​ស្ថិត​នៅ​ក្រោម​ក្រសួង​មហា​ផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​រង់​ចាំ​ដីកា​ដោះ​លែង​របស់​តុលាការ​ជា​មុន​សិន​ មុន​នឹង​អនុញ្ញាត​ឱ្យ​លោក ​ឡាយ វណ្ណៈ ​ចេញ​ពី​ពន្ធនាគារ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​លើក​លែង​ទោស​លោក ​ឡាយ វណ្ណៈ ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម ​អាច​រង​ការ​រិះ​គន់​ខ្លះ​ដែរ ​ខណៈ​អ្នក​ទោស​មនសិការ​ និង​អ្នក​នយោបាយ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ឃាំង ​មិន​ត្រូវ​បាន​លើក​លែង​ទោស ដូច​ទណ្ឌិត​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម៕​

XS
SM
MD
LG