អតីតមន្រ្តីជាន់ខ្ពស់ម្នាក់របស់ការិយាល័យការពារប្រទេសរបស់សហរដ្ឋអាមេរិក ចោទសួរអំពីក្រមសីលធម៌នៃសេចក្តីសម្រេចរបស់ក្រុមហ៊ុន Google ដែលមិនបន្តកិច្ចសន្យាជាមួយក្រសួងការពារប្រទេសរបស់សហរដ្ឋអាមរិក។
អតីតអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស លោក Bob Work បាននិយាយក្នុងសម្តីដើមកាលពីថ្ងៃអង្គារ ទី២៦ ខែមិថុនាថា៖
«ខ្ញុំជឿជាក់ថា បុគ្គលិករបស់ក្រុមហ៊ុន Google បានបង្កើតគ្រោះថ្នាក់សីលធម៌ លើខ្លួនឯង»។
ក្រុមហ៊ុន Google បានប្រកាសកាលពីដើមខែមិថុនានេះថា ខ្លួននឹងមិនបន្តកិច្ចសន្យាលើគម្រោង Maven ទេ បន្ទាប់ពីបុគ្គលិករបស់ខ្លួនចំនួន១៣នាក់ បានលាឈប់ និងបុគ្គលិកចំនួន ៤៦០០នាក់ទៀត បានចុះហត្ថលេខាលើញត្តិ ប្រឆាំងទៅនឹងការយកសមិទ្ធផលការងាររបស់ពួកគេទៅប្រើនៅក្នុងកិច្ចការសង្រ្គាម។
គម្រោង Maven បានព្យាយាមប្រើប្រាស់បញ្ញានិម្មិត ដែលជាភាសារអង់គ្លេសថា Artificial Intelligence ដើម្បីរុករក និងកំណត់អត្តសញ្ញាណរបស់រូបភាព ដែលបានថតដោយប្រើប្រាស់ Drone។
បុគ្គលិកក្រុមហ៊ុន Google ជាច្រើននាក់ ដែលប្រឆាំងទៅនឹងគម្រោងនេះ បានលើកឡើងពីគោលការណ៍ការពារផលិតផលរបស់ក្រុមហ៊ុនខ្លួន ពីការប្រើប្រាស់ដោយមិនបង្កគ្រោះភ័យ។ ប៉ុន្តែលោក Bob Work ដែលជាអតីតអនុរដ្ឋមន្រ្តីការពារប្រទេសរបស់សហរដ្ឋអាមេរិក ដែលបានបំពេញការងារពីចន្លោះឆ្នាំ២០១៤ ដល់ខែកក្កដាឆ្នាំ២០១៧ បានរៀបរាប់ថា ក្រុមហ៊ុន Google មិនបានគិតឲ្យវែងឆ្ងាយទេ។ លោកបានប្រាប់ទៅអ្នកចូលរួមនៅឯកិច្ចប្រជុំកំពូលស្តីពីកិច្ចការពារជាតិ និងបច្ចេកវិទ្យា Defence One Tech Summit នៅទីក្រុងវ៉ាស៊ីនតោនថា៖
«យើងនឹងអាចធ្វើកិច្ចការនេះដោយខ្លួនឯង ប៉ុន្តែវាអាចជួយសង្គ្រោះមនុស្សជាច្រើននាក់បាន»។
លោក Work ក៏បានពិពណ៌នាក្រុមហ៊ុន Googleថា លាក់ពុត ដោយលើកឧទាហរណ៍ពីកិច្ចការរបស់ក្រុមហ៊ុននេះ ជាមួយនឹងប្រទេសផ្សេងៗទៀត ដូចជា ប្រទេសចិនជាដើម។
លោកបានថ្លែងថា៖
«ក្រុមហ៊ុន Google បានបើកមជ្ឈមណ្ឌល បញ្ញានិម្មិតនៅក្នុងប្រទេសចិន។ អ្វីៗគ្រប់យ៉ាងដែលដាក់ឲ្យដំណើរការនៅឯមជ្ឈមណ្ឌល បញ្ញានិម្មិតក្នុងប្រទេសចិន គឺនឹងត្រូវបានទៅលើរដ្ឋាភិបាលរបស់ប្រទេសចិន ហើយនៅទីបញ្ចប់ វានឹងធ្លាក់ទៅលើដៃរបស់យោធាចិន»។
គម្រោង Maven របស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ត្រូវបានអនុម័តនៅក្រោមការគ្រប់គ្រងរបស់លោក Work នៅក្នុងឆ្នាំ២០១៦ ដែលមានថវិកាជាដំបូងឡើយប្រមាណជា ៧០លានដុល្លាសហរដ្ឋអាមេរិក។ មន្រ្តីក្រុមហ៊ុន Google បានប្រាប់ទៅកាន់បុគ្គលិករបស់ក្រុមហ៊ុនរបស់ខ្លួនថា ក្រុមហ៊ុននេះរកចំណូលបានមិនដល់១០លានដុល្លាអាមេរិកផង ប៉ុន្តែគម្រោងនេះអាចផ្តល់ការងារបន្ថែមដល់ពួកគេ។
មន្រ្តីយោធារបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក បានបដិសេធមិនផ្តល់អត្ថាធិប្បាយ ទៅលើការសម្រេចរបស់ក្រុមហ៊ុន Google ស្តីពីការមិនបន្តកិច្ចសន្យាគម្រោងនេះ ដោយពន្យល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ មិនមែនជាអ្នកម៉ៅការចម្បងឡើយ។
លោកស្រី Audricia Harris អ្នកនាំពាក្យរបស់ក្រសួងការពារប្រទេស បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចថា៖
«វាមិនសមរម្យទេសម្រាប់ក្រសួងការពារប្រទេស ក្នុងការប្រាប់អំពីទំនាក់ទំនងរវាង ភាគីកិច្ចសន្យាចំបង និងភាគីកិច្ចសន្យាបន្ទាប់បន្សំ»។
លោកស្រីបានបន្ថែមថា៖
«យើងឲ្យតម្លៃទៅលើទំនាក់ទំនងរបស់ពួកយើងជាមួយនឹងស្ថាប័នសិក្សាធិការ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់ដែលមានការពាក់ព័ន្ធនឹងគម្រោង Maven។ ការសហការជាមួយសាកលវិទ្យាល័យ និងក្រុមហ៊ុនពាណិជ្ជកម្មដ៏ល្អបំផុតនៅលើពិភពលោក នឹងជួយរក្សាការឈានមុខរបស់សហរដ្ឋអាមេរិកក្នុងវិស័យបញ្ញានិម្មិត»។
VOA បានសួរទៅក្រុមហ៊ុន Google ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។
នាយកប្រតិបត្តិនៃក្រុមប្រឹក្សានៃការបង្កើតថ្មីសម្រាប់កិច្ចការពារជាតិ លោក Josh Marcuseបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយផ្ទាល់ណាមួយ អំពីក្រុមហ៊ុន Google និង គម្រោងMavenទេ ប៉ុន្តែ លោកបានថ្លែងថា លោកសង្ឃឹមថា ការពិចារណាផ្នែកក្រមសីលធម៌ នឹងជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនធ្វើការជាមួយនឹងយោធា។
លោក Josh Marcuse បាននិយាយថា៖
«បញ្ញានិម្មិត គឺមានគ្រោះថ្នាក់ខ្លាំង។ យើងចង់ធ្វើការជាមួយនឹងក្រុមហ៊ុនទាំងនេះ និងវិស្វកររបស់ពួកគេ»។
លោក Josh Marcuse បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យាសម្រាប់វិស័យការពារជាតិថា៖
«យើងត្រូវតែការពារប្រជាធិបតេយ្យ ប្រឆាំងទៅនឹងសត្រូវ ឬក៏អ្នកប្រកួតប្រជែង ដែលមានទស្សនៈផ្សេង។ ខ្ញុំមិនចង់បង្ហាញពីអាវុធដ៏ល្ងង់ខ្លៅនៅលើទីលានប្រយុទ្ធបច្ចេកវិទ្យាឆ្លាតវ័យនេះទេ។
ប៉ុន្តែអ្នកជំនាញបាននិយាយថា សំណួរជាច្រើនពាក់ព័ន្ធទៅនឹងលទ្ធភាពជោគជ័យនៃការធ្វើជំនួញប្រកបដោយក្រមសីលធម៌ គឺទំនងជានឹងបន្តចោទសួរទៅក្រុមហ៊ុន Google និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដែលត្រូវបានស្នើឲ្យធ្វើការជាមួយនឹងក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិក។
លោកស្រី Heather Roff ដែលធ្វើការនៅ មជ្ឈមណ្ឌលLeverhulme សម្រាប់អនាគតនៃបញ្ញានិម្មិត នៅសាកលវិទ្យាល័យ Cambridge បាននិយាយថា៖ «អតិថិជនរបស់ពួកគេ មិនត្រឹមតែមានទីតាំងនៅសហរដ្ឋអាមរិកនោះទេ។ ការជួយវិស័យការពារប្រទេសរបស់សហរដ្ឋអាមេរិក អាចនាំឲ្យមានការរាំងស្ទះ ភាពជោគជ័យ ឬក៍លទ្ធភាពជោគជ័យរបស់បណ្តាប្រទេសផ្សេងៗ។
លោក Paul Scharre អតីតមន្រ្តីរបស់ក្រសួងការពារប្រទេស ទទួលបន្ទុករឿងបច្ចេកវិទ្យាថ្មីៗ លើកឡើងថា លោកខកចិត្តចំពោះការសម្រេចរបស់ក្រុមហ៊ុន Google។
លោក Scharre ដែលបច្ចុប្បន្ននេះកំពុងបម្រើការនៅឯមជ្ឈមណ្ឌលសម្រាប់សន្តិសុខរបស់អាមេរិកកាំងជំនាន់ថ្មីបាននិយាយក្នុងសម្តីដើមថា៖
«មានក្រុមហ៊ុនផលិតអាវុធជាច្រើនដែលកំពុងតែផលិតអាវុធ។ ដូច្នេះ ខ្ញុំអាចយល់បានថា ហេតុអ្វីបានជាក្រុមហ៊ុន Google មិនចង់ក្លាយជាផ្នែកមួយនៃវិស័យនេះ»។
លោកបានថ្លែងទៀតថា លោកមិនគិតថា គម្រោងMaven នឹងបង្កគ្រោះថ្នាក់នោះទេ។ ច្បាស់ណាស់វាមិនមែនជាអាវុធបច្ចេកវិទ្យានោះទេ។ វានឹងជួយមនុស្សឲ្យមាន ការយល់ដឹងកាន់តែប្រសើរឡើងអំពីការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា៕
ប្រែសម្រួលដោយ យូ សុធារី