ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ​កឹម  សុខា ​ថា​ សេរី​ភាព ​និង​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​ប្រទេស​នៅ​អឺរ៉ុប


រូបឯកសារ៖​ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ មុន​នឹង​ចេញ​​ដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ​ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

មេដឹកនាំ​នយោបាយ​ជំទាស់ ​លោក​ កឹម សុខា​ បាន​ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​របស់​លោក​នា​សប្តាហ៍​នេះ​ថា​ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចង់​ឃើញ​លោក​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​ ខណៈ​លោក​កំពុង​ជាប់​ក្តីក្តាំ​ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​នៅ​តុលាការ​ប្រទេស​កម្ពុជា។​

ការ​អតា្ថធិប្បាយ​របស់​លោក ​កឹម សុខា​ យ៉ាង​ដូច្នេះ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​ មុន​ការ​ឡើង​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ផ្តល់​សក្ខីកម្ម​ ក្នុង​ការចោទ​ពី​បទ​សន្ទិដ្ឋិភាព ​ឬ​ឃុប​ឃិត​ជាមួយ​បរទេស ​ក្រោយ​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចូល​ចាប់​ខ្លួន​ទាំង​កណ្តាល​អធ្រាត្រ​ កាល​ពី​យប់​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧។ ​ លោក​ត្រូវ​បាន​ដោះ​លែង​វិញ​ប៉ុន្តែ​ត្រូវ​បាន​ដាក់​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ ​និង​មិន​អាច​ធ្វើ​នយោបាយ​បាន​ឡើយ។​

ក្នុង​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ កឹម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧ ​បាន​លើក​ឡើង​ថា​អ្នកស្រី ​Sibille de Cartier ​ឯកអគ្គ​រាជទូត​ថ្មី​នៃ​ប្រទេស​ប៊ែលហ្ស៊ិក​ប្រចាំ​បួន​ប្រទេស​គឺ​កម្ពុជា​ ថៃ​ ឡាវ​ និង​ភូមា ​ដែល​មាន​ស្ថានទូត​នៅ​ទីក្រុង​បាងកក ​បាន​ផ្តល់​នូវ​ការ​កត់​សម្គាល់​អំពី​សេរី​ភាព​ធ្វើ​នយោបាយ​របស់​លោក​ឡើង​វិញ​ នៅ​មុន​ការ​បោះ​ឆ្នោត​ដើម្បី​បញ្ជាក់​ថា​កម្ពុជា​មាន​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។​

លោក ​កឹម សុខា ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖ ​«ក្នុង​ជំនួប​ដ៏​មាន​សារៈ​សំខាន់​នេះ ​ លោក​ជំទាវ​ឯក​អគ្គ​រាជទូត​បាន​បញ្ជាក់​ថា​ រាជ​រដ្ឋាភិបាល​ប៊ែលហ្ស៊ិក ​ក៏ដូច​ជា​សហភាព​អឺរ៉ុប​ចង់​ឃើញ​កម្ពុជា​ធ្វើ​ដំណើរ​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ ​សេរី​ ពហុបក្ស​ស្របតាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ចង់​ឃើញ​ខ្ញុំ​មាន​សិទ្ធិ​ពេញ​លេញ​ មាន​សេរីភាព​នយោបាយ ​ដែល​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។​

លោក ​កឹម សុខា ​បន្ថែម​ថា​ រដ្ឋាភិបាល​ប៊ែលហ្ស៊ិក​នឹង​បន្ត​តាម​ដាន​មើល​នូវ​ស្ថានភាព​នយោបាយ​របស់​លោក​ផង​ដែរ។​

កាល​ពី​ឆ្នាំ​២០២០ ​ សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​ លើក​លែង​សព្វាវុធ» ​ឬ​ Everything But Arms ​(EBA)​ចំនួន​២០%​ពី​កម្ពុជា ​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប។ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​មួយ​ផ្នែក​ នេះ​កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​កឹម សុខា ​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ជាង​១០០​នាក់​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ លោក​បាន​រៀប​គម្រោង​ប៉ុនប៉ង​ផ្តួល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​ ទាំង​លោក​កឹម សុខា​ និង​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ។​

នៅ​ក្នុង​បន្ទប់​សវនាការ​របស់​លោក ​កឹម សុខា​ កាលពី​ព្រឹក​ថ្ងៃពុធ​វិញ​តុលាការ​បន្ត​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​មួយ​ចំនួន​ទៀត​ ដែល​ត្រូវ​បាន​ដាក់​ជូន​ដោយ​មេធាវី​ការពារក្តី​ឲ្យ​លោក​កឹម សុខា​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​ខាង​លើ។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​អំ សំអាត​ យល់​ថា នីតិ​វិធី​កាត់​ក្តី​នៅ​តុលាការ​ ទំនង​ជា​មិន​អាច​បញ្ចប់​បាន​ឆាប់​នូវ​សំណុំ​រឿង​ដែល​លោក​ថា​ មាន​ជាប់​នឹង​រឿង​នយោបាយ​នោះ​ទេ។​

«អ៊ីចឹង​ អ្វី​ដែល​សំខាន់​ ខ្ញុំ​គិត​ថា​ បើ​សិន​ជា​មាន​ដំណោះ​ស្រាយ​ចរចា​ផ្នែក​នយោបាយ​ណា​មួយ​កើត​ឡើង​នោះ​ករណី​ឯកឧត្តម​កឹម សុខា​ ហ្នឹង​ នឹង​ងាយ​អាច​បញ្ចប់​ទៅ​លឿន​បាន​ បើ​សិន​ជា​មាន​ការ​ចរចា​ផ្នែក​នយោបាយ​ណា​មួយ​រវាង​អ្នក​នយោបាយ​ និង​អ្នក​នយោបាយ ។​ អ៊ីចឹង​បើ​សិន​ជា​ពឹង​ផ្អែក​ទៅ​លើ​នីតិវិធី​របស់​តុលាការ​ យើង​ឃើញ​ថា​អាច​នឹង​អូស​បន្លាយ​កាន់​តែ​វែង​តទៅ​ទៀត»។​

បើតាម​លោក​ អំ សំអាត​ លោក ​កឹម សុខា​ អាច​ទទួល​បាន​សេរីភាព​ធ្វើ​នយោបាយ​ឡើង​វិញ​ បើ​សិន​ជា​មាន​ការ​ផ្តល់​សម្បទាន​នយោបាយ​ណា​មួយ​ ពី​ភាគី​ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​លោក​កឹម សុខា។​

ប៉ុន្តែ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ផ្អែក​លើ​សំណុំ​រឿង​ស្មុគស្មាញ​របស់​លោក​កឹម សុខា​រយៈ​ពេល​នៃ​ការ​ជំនុំ​ជម្រះ​នឹង​មិន​អាច​កំណត់​ឲ្យ​បាន​ជាក់​លាក់​នោះ​ឡើយ។​ លោក​ថា​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គ្មាន​ជម្រើស​ណា​ផ្សេង​ ក្រៅ​តែ​ពី​ការ​បន្ត​ចូល​រួម​នីតិវិធី​របស់​តុលាការ ​ដើម្បី​តតំាង​ក្តី​តែ​ប៉ុណ្ណោះ។ ​

លោក​ថ្លែង​ថា៖​ «ជា​ធម្មតា​ គឺ​ថា​ វា​ត្រូវការ​ពេល ​គ្មាន​នរណា​...​ មិន​អាច​មាន​នរណា​កំណត់​បាន​ព្រោះ​អី​ភាគី​មួយៗ​ត្រូវ​ការពារ​ខ្លួន​ឲ្យ​អស់​លទ្ធភាព​តាម​ផ្លូវ​ច្បាប់។​ហើយ​ទោះ​បី​ជា​គាត់​ជួប​ជាមួយ​អង្គទូត​ប៉ុន្មាន​ក៏​ដោយ​ ក៏​វា​មិន​មាន​ឥទ្ធិពល​អី​ទៅ​លើ​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​បាន​ដែរ​ គឺ​អ្វីៗ​ត្រូវ​អនុលោម​ទៅ​តាម​ទិដ្ឋភាព​ច្បាប់​ និង​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន»។​

ក្នុង​ពេល​ឡើង​សវនាការ​ម្តងៗ​ តុលាការ​ជា​ញឹកញាប់​បាន​ផ្អែក​លើ​ភស្តុតាង​សំខាន់​មួយ​ គឺ​ខ្សែ​អាត់​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​ ដែល​គេ​ឃើញ​លោក ​កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​ នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ អំពី​ការ​ទទួល​បាន​យុទ្ធសាស្ត្រ​នយោបាយ​ពី​សំណាក់​សាស្ត្រាចារ្យ​នៅ​ប្រទេស​លោក​សេរី ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ស្ថិត​ក្រោម​ការ​ក្តោប​ក្តាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៣​ទសវតរ្ស៍​មក​ហើយ។​នេះ​ជា​ភស្តុតាង​មួយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រើ​ប្រាស់​ផង​ដែរ​ដើម្បី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។​

មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក​កឹម សុខា​ គឺ​លោក​ផែង ហេង​ ថ្លែង​ថា​ដំណើរ​ការ​នីតិវិធី​កាត់ក្តី​លោក​កឹម សុខា​ អាច​ប្រព្រឹត្ត​ទៅ​បាន​ឆាប់​រហ័ស​ឬ​យ៉ាងណា​នោះ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ថា​ ការ​បកស្រាយ​ណា​មួយ​ថា ​រឿង​ក្តី​លោក​កឹម សុខា​ ជា​រឿង​នយោបាយ​នោះ​ គឺ​អាច​ទទួល​បាន​ ដោយ​ស្របតាម​ស្ថានភាព​នៃ​សំណុំ​រឿង​លោក​កឹម សុខា​ ដែល​កំពុង​តទល់​ក្តី​នៅ​តុលាការ​ថា ​ លោក​គ្មាន​ចេតនា​បង្ក​ហិង្សា ​ការ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ​ឬ​ការ​ព្យាយាម​ឲ្យ​កើត​មាន​បដិវត្តន៍​ពណ៌​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ទេ។​

លោក​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​ពុធ​ថា៖​«រឿង​ដែល​ថា​ រឿង​នយោបាយ​ទាល់​តែ​អ្នក​ដោះស្រាយ​តាម​នយោបាយ ​ អា​ហ្នុង​យើង​យល់​ឃើញ​ថា​ការ​លើក​របស់​អ្នក​ដែល​យល់​ឃើញ​បែប​នោះ​ជា​ការ​ត្រឹម​ត្រូវ​ហើយ​ព្រោះ​ថា​ ចង់​មិន​ចង់​តំណាង​អយ្យការ​ក៏​ជា​តំណាង​ភាគី​រដ្ឋ​មួយ។ ​ អ៊ីចឹង​បើ​រដ្ឋាភិបាល​គាត់​សម្រេច​ថា​រឿង​ហ្នឹង​ជារឿង​នយោបាយ​ ហើយ​សម្រប​សម្រួល​គ្នា​តាម​ផ្លូវ​នយោបាយ​ អ៊ីចឹង​កិច្ចការ​ទាំង​ឡាយ​វា​ទៅ​រលូន​តាម​ហ្នឹង»។​

បន្ទាប់​ពី​បាន​បញ្ចប់​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​សវនាការ​លើ​សំណុំ​រឿង​លោក​កឹម សុខា​នៅ​ថ្ងៃទី​២៣ ​ខែ​កុម្ភៈ​ខាង​មុខ៕

XS
SM
MD
LG