ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ការពារ​នយោបាយ​ការបរទេស​​​​កម្ពុជា​និង​ប្រជាធិប​តេយ្យ ក្នុង​គ្រា​មាន​ការចោទ​ប្រកាន់​លម្អៀង​ទៅ​ចិន


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ការ​ពារ​នយោបាយ​ការ​បរ​ទេសកម្ពុជា​ក្នុង​រូប​ភាព​នៃ​ទំនាក់​ទំនង​ជិត​ស្និទ្ធិ​ជាមួយ​ប្រទេសចិន និង​ប្រជាធិបតេយ្យ​ក្នុង​រូបភាព​ជា«រដ្ឋ​ឯក​រាជ្យ​និង​អធិបតេយ្យ» បើ​ទោះ​មាន​ការរិះ​គន់​ថា​រដ្ឋាភិ​បាល​របស់​លោក​បាន​រំលោភសិទ្ធិ​មនុស្សធ្ងន់​ធ្ងរ​ និង​គាប​សង្កត់​សំឡេង​ជំទាស់។

នេះជាការ​លើក​ឡើង​របស់​មេដឹកនាំ​កម្ពុជា ដែល​កាន់​អំណាច​៣៦​ឆ្នាំ​មក​ហើយ នៅក្នុងសន្និសីទ​អន្តរ​ជាតិ​លើកទី​២៦ ស្តី​ពី​អនាគត​របស់អាស៊ី ក្រោម​ប្រធាន​បទ​«ការ​រៀបចំ​សម័យ​កាល​ថ្មី ក្រោយ​វិបត្តិ​កូវីដ តួនាទី​របស់​អាស៊ី​ក្នុង​ការ​ស្តា​ពិភព​លោក​ឡើង​វិញ» ដែល​ធ្វើ​តាម​ប្រព័ន្ធ​អនឡាញ។

ក្នុង​ការ​សួរ​ដោយ​ផ្ទាល់ ប៉ុន្តែ​ទំនង​ជា​មាន​ការ​ផ្តល់​សំណួរ​ឲ្យ​មុន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​ចោទ​សួរ​អំពី​ការ​ចោទ​ប្រកាន់​ថា​លម្អៀង​ទៅ​កាន់​ប្រទេស​ចិន ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ​២០% ​របស់​សហភាព​អឺរ៉ុប កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ និង​ការ​យល់​ឃើញអំពី​ការ​ប្រកួតប្រជែង​រវាង​មហា​អំណាច​សហរដ្ឋ​អាមេរិក​និង​ចិន។

មេដឹកនាំ​កម្ពុជា​បាន​ថ្លែង​ថា​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ បាន​ជះ​ឥទ្ធិ​ពល​«អវិជ្ជ​មាន​បន្តិច​បន្តួច​»មក​លើ​សេដ្ឋកិច្ច​កម្ពុជា ឬពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប។ ប៉ុន្តែ​ដោយ​សារ​ពិភព​លោក ក៏​ដូច​ជា​កម្ពុជា​ជួ​ប​ប្រទះនឹងវិបត្តិ​ជំងឺ​កូវីដ​១៩​ ដែល​បាន​ប៉ះពាល់​សេដ្ឋកិច្ច​ទំហំ​ធំធេង​ ដូច្នេះ​ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ ​២០% របស់​សហភាពអឺរ៉ុប លោក ហ៊ុន សែន បញ្ជាក់​ថា ​«លែង​មាន​ទម្ងន់»។

លោក​បន្ត​ថា ​រដ្ឋាភិបាល​របស់​លោក​មិនសុំ​ការ​ចរចា ​ដើម្បីបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះមក​វិញ​ទេ បើ​ទោះ​លោក​ថា​ ការ​សម្រេច​នោះ​អយុត្តិធម៌​សម្រាប់កម្ពុជា​ក៏​ដោយ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​មិន​ជំទាស់​ហើយ​ក៏​មិន​ទាម​ទារ​ត្រឡប់​មក​វិញ នូវ​ភាព​អនុគ្រោះ​២០%​ នោះ​ទេ។ កម្ពុជាបាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​មិន​វិល​ត្រឡប់​មក​វិញ​នូវ​ភាព​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប ​ដោយ​មិន​ធ្វើ​ការ​ចរចា ​មិន​ប្រឆាំង​តវ៉ា​ ឬ​ជំទាស់​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​ពួកគេ​ទេ»។

ត្រង់​នេះ លោក ហ៊ុន សែន បញ្ជាក់​ថា​ កម្ពុជា​មិន​យក​អធិប​តេយ្យ​ភាព​ទៅ​ដោះដូរ​នឹងការ​អនុគ្រោះ ​និង​ជំនួយអ្វី​ទាំង​អស់។

លោក ហ៊ុន សែន បន្ត​ថា​ កម្ពុជា ​នឹង​បន្ត​ដំណើរ​ការ​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស ដោយ​នឹង​មាន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​នៅ​ឆ្នាំ​២០២២ ​និងការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​នៅ​ឆ្នាំ២០២៣ ដែល​មាន​បក្ស​ច្រើន​ចូល​រួម។

ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​លម្អៀង​ទៅ​កាន់​ប្រទេស​ចិន ដែល​ជា«មិត្ត​ដែក​ថែប»​របស់​កម្ពុជា លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ​នេះ​ជា​ការ​ផ្តល់​ផល​ប្រយោ​ជន៍​ដល់​ប្រជាជន​ ដើម្បី​ទទួល​បាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​បន្ត​ថា​ កម្ពុជា​ក៏​មិនបដិសេធ​ជំនួយ​ពី​ប្រទេស​ផ្សេង​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​គួរ​តែ​និយាយ​ដោយត្រង់​ៗ​ថា ​បើ​ខ្ញុំ​មិន​ពឹងចិន តើ​ឲ្យ​ខ្ញុំ​ទៅ​ពឹង​អ្នក​ណា? និយាយ​ឲ្យ​ពិត និយាយ​ការ​ពិត​នៅ​ទី​នេះ»។

លោក​បន្ថែម​ថា៖ «ខ្ញុំគិត​ថា​គួរ​ពិនិត្យ​ឡើង​វិញ​អំពី​ គេ​ហៅ​ថា​ពាក់​វ៉ែនតា​ឲ្យ​បាន​ប្រសើរ សំឡឹង​ឆ្ពោះ​មកលើ​នយោបាយ​ការបរទេស​របស់​កម្ពុជា។ តើ​គេ​គួរ​មាន​ឥរិយា​បថ​យ៉ាង​ណា​ចំពោះ​កម្ពុជា?»។

លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល តាម​បណ្តឹង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ផ្ទុយ​ពី​ទង្វើ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ ហើយបណ្តា​ប្រទេស​លោក​ខាង​លិច​មើល​ឃើញ​ច្បាស់​ថា ​មាន​ភាព​លម្អៀង​ទៅ​រក​ចិន ហើយ​បាន​សម្លាប់លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «តាំង​តែ​ពី​គាត់​ដែល​មាន​ទី​បង្អែក​ជាមួយ​ចិន​ហ្នឹង​ហើយ បាន​គាត់​ចាប់​ផ្តើម​បង្រ្កាប​កម្លាំង​អ្នក​ប្រជាធិប​តេយ្យ​រហូត​ដល់​ឈាន​មក​ដល់​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តែ​ម្តង​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង​ គឺ​ទទួល​រង​នូវ​សម្ពាធ​នយោបាយ​ពី​ប្រទេស​លោក​ខាង​លិច»។

លោក អេង ឆៃអ៊ាង ដែល​កំពុង​និរទេស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក និង​ត្រូវ​បាន​កាត់​ទោសដោយ​តុលាការ​កម្ពុជា​ឲ្យ​ជាប់​ពន្ធនាគារ​ជាង​២០​ឆ្នាំ បន្ថែម​ថា​ លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣៦​ឆ្នាំ​មក​ហើយ មាន​គោល​បំណង​បន្ត​កាន់​អំណាច​មួយ​ជីវិត​របស់​លោក ហើយ​បន្ត​ដល់​កូន​របស់​លោក ដែល​ជា​ទម្រង់​នៃ​ការ​ដឹកនាំ​មួយ​ដែល​លោក​ហៅ​ថា ​«ផ្តាច់​ការ»។

លោក​ប្រាប់ ​VOA ​ថា​៖ «បើ​គាត់​ចុះ​ចេញ​ពី​តំណែង ហើយ​គាត់​រៀបចំ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​ល្អ​ប្រសើរ គាត់​នឹង​ក្លាយ​ជា​វីរ​បុរស​ ប៉ុន្តែ​ពេល​ឥឡូវ​នេះ យើង​ឃើញ​គាត់​ប្រើ​កណ្តាប់​ដៃ​ដែក​ គាត់​ប្រើ​អំណាច មិន​មែន​អំណាច​ទៅ​ជួយ​ដោះ​ស្រាយបញ្ហា​ប្រទេស​ជាតិ​ទេ គាត់​ទៅ​បង្រ្កាប​អ្នក​ណា​ដែល​មានទស្សនៈ​ផ្ទុយ​ពី​គាត់»។

កាល​ពី​ឆ្នាំ​២០​១៩ សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា ​ខ្លួន​មាន​ព័ត៌​មាន​ច្បាស់​ការ​ថា​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន​ក្នុង​ការ​បើក​ឲ្យ​មាន​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​កម្ពុជា។ ប៉ុន្តែ​កម្ពុជា​បាន​បដិ​សេធ​ហើយ​បដិសេធ​ទៀត​ថា​ការណ៍​នោះ​មិន​ពិត​នោះ​ទេ។

នៅ​ក្នុងសន្និសីទ​អន្តរ​ជាតិ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ លោក ហ៊ុន សែន បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ថា ​«អយុត្តិ​ធម៌​ពេក»​សម្រាប់​កម្ពុជា​ និង​«អយុត្តិធម៌»​សម្រាប់​ចិន​ផង​ដែរ។

ទាក់​ទង​នឹង​ការ​ប្រជែង​គ្នា​ និង​ភាព​តាន​តឹង​រវាង​អាមេរិក​និង​ចិន លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​ខិត​ខំ​រក​វិធី​«គ្រប់​គ្រង»​ទំនាក់​ទំនង ដើម្បី​បង្កើត​នូវ​សហប្រតិបត្តិការ​ដែល​បំពេញ​ឲ្យ​គ្នា​ទៅ​វិញទៅ​មក។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ និង​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប​ មាន​ប្រសា​សន៍​ថា មាន​ចំណុច​ពីរ​ដែល​នៅ​តែជា​ចម្ងល់​របស់​សហរដ្ឋ​អាមេរិក គឺ​ទីមួយ ​គឺជំហរ​អព្យាក្រឹត​របស់​កម្ពុជា ដែល​លោក​ថា​ឥរិយា​បថ​របស់​កម្ពុជា មិន​ដូច​អ្វី​ដែល​បាន​កំណត់​នោះ​ទេ គឺ​លម្អៀង​ទៅ​កាន់​ប្រទេស​ចិន។ ចំណែក​ទីពីរ​ គឺ​ជំហរ​ប្រជា​ធិប​តេយ្យ ដែល​កម្ពុជា​ថា ​ខ្លួន​មាន​ជំហរ​ប្រជាធិបតេយ្យ ដែល​មាន​«ស្តង់​ដារ​កម្ពុជា» ប៉ុន្តែ​អាមេរិក​និង​សហ​ភាព​អឺរ៉ុប​មិន​ដែល​គិត​ថា ​ប្រជា​ធិបតេយ្យ​មាន​ស្តង់​ដារ​កម្ពុជា ​ឬ​ស្តង់​ដារ​ប្រទេស​ណា​នោះ​ទេ។

លោក​យល់​ថា ​កម្ពុជា​គួរ​ផ្លាស់​ប្តូរ ដើម្បី​ចំណេញ​ពី​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​ទាំង​អស់។

លោក​បញ្ជាក់​ថា​៖ «អញ្ចឹង​ទេ ទស្សនៈ​នយោបាយ កម្ពុជា​គួរ​តែ​ឈរ​លក្ខណៈ​យ៉ាង​ម៉េច​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​មហា​អំណាច​ទាំង​អស់​នៅ​ក្នុង​តំបន់​និង​ក្នុង​សាកល​លោក​ ទើប​កម្ពុជា​អាច​ឈរ​ជំហរ​មួយ​ល្អ​ក្នុង​ទំនាក់​ទំនងអន្តរ​ជាតិ»។

លោក​បណ្ឌិ​ត អ៊ា សុផល​ ដែល​ជា​សាស្ត្រាចារ្យខាង​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៃ​មហា​វិទ្យា​ល័យ ​Occidental College ​ក្នុង​ទីក្រុង ​Los Ange​les​ រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា ​ការ​ថ្លែងការ​ការ​ពារ​របស់​លោក ហ៊ុន សែន ជា​រឿង​ធម្មតាទៅ​ហើយ ដែលលោក​ចាត់​ទុក​ថា ​វា​ជា​រឿង«ខ្មៅ​ក្លាយ​ជា​ស ហើយ​ស​ក្លាយ​ជា​ខ្មៅ» ទាក់ទង​នឹង​ការ​លើក​ឡើង​ថា ​កម្ពុជា​មិន​លម្អៀង​ទៅ​ចិន ហើយ​ប្រជាធិបតេយ្យ​កម្ពុជា​រីក​ចម្រើន។

លោក​បញ្ជាក់​ក្នុង​សារ​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា «រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញបង្ក​ជា​បញ្ហា​នាំ​ឲ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ ធ​EBA ហើយ​បានបដិ​សេធ​ក្នុង​ការ​ផ្លាស់​ប្តូរ»៕

XS
SM
MD
LG