មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថាកម្ពុជានឹងប្រឈមការបាត់បង់បន្ថែមទៀតនូវប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ Everything But Arms (EBA) លើសពី២០%ដែលបានបាត់បង់កាលពីកន្លងទៅ។
ការលើកឡើងបែបនេះ ក្រោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសលោកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្ស មិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសកម្ពុជា ដោយសាររដ្ឋាភិបាលកម្ពុជាមិនបានផ្តល់សុពលភាពលិខិតឆ្លងដែនខ្មែរនិងទិដ្ឋាការពិសេសឲ្យលោកស្រី មូរ សុខហួរ ដើម្បីចូលប្រទេសកម្ពុជាវិញ កាលពីពាក់កណ្តាលខែមករា។
លោកស្រី មូរ សុខហួរ ដែលថាលោកស្រីបានទាក់ទងជាមួយមន្ត្រីសហភាពអឺរ៉ុប លើកឡើងថាការមិនអនុញ្ញាតឲ្យលោកស្រីវិលត្រឡប់ចូលប្រទេសវិញ ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ថែមទៀត ហើយសហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត ដែលនាំឲ្យកម្មករកាត់ដេររាប់ម៉ឺននាក់បាត់បង់ការងារ។
លោកស្រីប្រាប់VOAនៅថ្ងៃពុធនេះថា៖ «EU[សហភាពអឺរ៉ុប] គេមិនអាចនៅស្ងៀម ហើយទុកត្រឹមតែ២០%ទេ។ វាអាចលើសពីហ្នឹង ៥០%, ៨០%, ១០០% យើងមើលមិនដឹង ប៉ុន្តែនឹងមិននៅ២០%ទេ។ អាហ្នឹងច្បាស់ណាស់»។
លោកស្រីបន្តថាស្ថានភាពកាន់តែអាក្រក់ក្នុងប្រទេសកម្ពុជា ដែលលោកស្រីលើកឡើងអំពីការកាត់ក្តីរបស់តុលាការរាជធានីភ្នំពេញទៅលើសមាជិកគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ ប្រមាណ១៤០នាក់ ទាក់ទងនឹងសំណុំរឿង«ក្បត់ជាតិ»។
បើតាមលោកស្រី មូរ សុខហួរ ការកាត់EBAបន្ថែមទៀតនេះ អាចនឹងធ្វើឡើងក្នុងរយៈពេល៣ខែទៅ៦ខែខាងមុខ។
លោកស្រីបញ្ជាក់បន្ថែមថា៖ «គេអត់មានអត់ធ្មត់បានទៀតទេ។ មានឲ្យគេអត់ធ្មត់អីទៀត។ មិនដឹងអត់ធ្មត់អីទៀត។ ហើយហេតុអី? យើងសួរមើល។ បើថាធ្វើសម្បទាន តើលោក ហ៊ុន សែន មានធ្វើសម្បទានអីឲ្យសហភាពអឺរ៉ុបទេ? មានទេ? វាអត់»។
VOAមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប និងតំណាងស្ថានទូតអឺរ៉ុបប្រចាំនៅកម្ពុជា តាមរយៈអ៊ីមែលបានទេនៅថ្ងៃពុធនេះ។
កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានបន្ថយការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ដោយចាប់ផ្ដើមយកពន្ធចំនួន២០%លើទំនិញកម្ពុជា ជាការឆ្លើយតបនឹង«ការរំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី នៅថ្ងៃពុធនេះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាជំនឿចិត្តរបស់ពួកគេ ទោះប្រឈមនឹងការចាប់ចង និងការវាយដំយ៉ាងណាក៏ដោយ។ នេះបើតាមវីដេអូដែលបង្ហោះលើហ្វេសប៊ុករបស់លោក សម រង្ស៊ី។
លោកថ្លែងថា៖ «ទោះជាបងប្អូនឈឺចាប់យ៉ាងណា សូមបងប្អូនកុំអស់ជំនឿ ត្រូវតែមានជំនឿលើជាតិយើង។ បើយើងគ្មានជំនឿលើជាតិយើង គ្មានអ្នកណាអាចមានជំនឿជំនួសយើងបានទេ»។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថាសហភាពអឺរ៉ុបនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនមានលក្ខណៈល្អប្រសើរ។
លោកមានប្រសាសន៍ថា៖ «ចំណាត់ការរបស់គេមិនមានលក្ខណៈជាការច្របាច់កឲ្យខ្មែរយើងលៀនអណ្តាត ឬក៏ដាច់ខ្យល់ប៉ិតទេ។ ក៏ប៉ុន្តែគេទុកឱកាសឲ្យរដ្ឋាភិបាលយើង មានការកែប្រែ ធ្វើឲ្យស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យហ្នឹងបានប្រសើរទៅវិញ»។
លោកបន្តថាការដាក់ទណ្ឌកម្មបន្តទៀតនឹងធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋដែលធ្វើការក្នុងវិស័យកាត់ដេរ និងក្រុមគ្រួសាររបស់ពួកគេនៅតាមជនបទ។
លោកបន្ថែមថា៖ «ក្នុងស្ថានភាពបែបនេះ វាមិនមែនជារឿងល្អសម្រាប់កម្ពុជាទេ ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្តទៀត ដោយសារតែស្រុកយើង ក៏ដូចជាប្រទេសដទៃទៀតហ្នឹង កំពុងតែប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩»។
លោក ប៉ា ចន្ទរឿន ជំរុញឲ្យអ្នកនយោបាយខ្មែរបន្តចរចាគ្នា និងផ្តល់សម្បទានគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសមាជិកមួយរូប លោក សុខ ឥសាន មានប្រសាសន៍ថាការលើកឡើងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលលោកចាត់ទុកជា«ក្រុមឧទ្ទាមក្រៅច្បាប់» គ្រាន់តែជាការគិតបែប«អវិជ្ជមាន»តែប៉ុណ្ណោះ។
លោកបន្តថាអ្វីៗជាការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប ហើយកម្ពុជាក៏មិនដោះដូរជាមួយ«ឯករាជ្យភាព និងអធិបតេយ្យ»របស់ខ្លួន បើទោះការកាត់នោះប៉ះពាល់ប្រជាជនកម្ពុជាក៏ដោយ។
លោកបញ្ជាក់ថា៖ «អាហ្នឹង យើងយល់ថាវាពិតជាប៉ះពាល់ហើយ។ ក៏ប៉ុន្តែយើងមិនអាចទៅលុតជង្គង់ហើយយកឯករាជ្យភាព អធិបតេយ្យភាពទៅដោះដូរជាមួយការរក្សាទុកEBAហ្នឹងទេ»។
លោកបន្ថែមថា៖ «ក្នុងនាមគណបក្សប្រជាជន ដឹកនាំអំណាចនេះ ខ្ញុំមានសុទិដ្ឋិនិយមថាគណៈកម្មការអឺរ៉ុបនឹងមានសុភនិច្ឆ័យក្នុងការសម្រេចកិច្ចការEBAពាក់ព័ន្ធនឹងកម្ពុជាប្រកបដោយសីលធម៌ ហើយនិងមានវិជ្ជាជីវៈច្បាស់លាស់ ហើយនិងស្របទៅតាមសភាពការណ៍ពិតជាក់ស្តែងរបស់កម្ពុជា»។
លោក សុខ ឥសាន បន្តថាកម្ពុជាក៏ត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀតផងដែរ។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ មានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជាពិតជាបានដឹងយ៉ាងច្បាស់ថាអ្វីក្តីបារម្ភនិងការចង់បានរបស់សហភាពអឺរ៉ុប។
លោកបញ្ជាក់ថាកម្ពុជាត្រូវបង្ហាញឆន្ទៈនៃការធ្វើឲ្យប្រសើរស្ថានភាពនយោបាយ ប្រសិនបើចង់បានEBAមកវិញ និងកុំឲ្យបាត់បង់បន្ថែមទៀត។
លោកមានប្រសាសន៍ថា៖«វិធានការជាក់លាក់ ជាក់ស្តែងសរឲ្យឃើញឆន្ទៈរបស់មេដឹកនាំរបស់ប្រទេសកម្ពុជាក្នុងការឆ្លើយតបជាវិជ្ជមាន អាចទុកចិត្តបានហ្នឹង ទើបមានឥទ្ធិពលណាមួយទៅលើការសម្រេចចិត្តថាត្រូវផ្តល់ឲ្យវិញ ឬក៏នៅតែបន្តការសម្រេចចិត្តរបស់ខ្លួននៅក្នុងការបន្តនៅដក២០%នៃក្របខណ្ឌនៃការអនុគ្រោះទំនិញនាំចូលទៅសហភាពអឺរ៉ុប»។
កាលពីខែកក្កដា ឆ្នាំ២០២០ មុនពេលសហភាពអឺរ៉ុបកាត់EBA លោក វង្សី វិស្សុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថាការកាត់EBAអស់២០% ប៉ះពាល់ការងារកម្មករជាង៣ម៉ឺននាក់ ហើយថារដ្ឋាភិបាលមិនមែនមិនបារម្ភទេ តែក៏មិនបារម្ភពេកនោះដែរ។ លោកបន្តថារដ្ឋាភិបាលក៏បានត្រៀមសម្រាប់ការកាត់EBAនេះទៅដល់១០០%ឯណោះ៕