ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​អះអាង​ថា​ច្បាប់​អង្គការ​ធូរ​ជាង​ប្រទេស​ផ្សេងៗ


លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នេះ កាល​ពី​ថ្ងៃពុធ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៥​នេះ។ រូបនេះ​ថត​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​រដ្ឋសភា។ (ហ៊ុល រស្មី/VOA)​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បន្ត​ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការមិនមែន​រដ្ឋាភិបាល​ ដែល​មេ​ដឹកនាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បដិសេធ​មិន​ទទួល​យក​ប្រសិន​បើ​ចំណុច​រសើប​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​កែសម្រួល។​

ការ​ថ្លែង​ការពារ​របស់​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ ធ្វើឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ច្បាប់​នេះដែល​រៀប​ចំ​ឡើង​នៅ​ឯ​រដ្ឋសភា​ជាតិ​ដោយ​មាន​ការ​ចូលរួម​ពីមេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ មន្រ្តី​អង្គទូត ព្រមទាំង​តំណាង​សមាគម ​និង​អង្គការក្រៅ​រដ្ឋាភិបាល។​

លោក​ ប៉ុល លឹម ​រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ដែល​ជា​ក្រសួង​សាមី​រៀប​ចំ​តាក់តែង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ បាន​ប្រាប់​អ្នកចូលរួម​ថា​ មន្រ្តី​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជាបាន​ដកពិសោធន៍​ច្បាប់​ស្តី​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ពី​ប្រទេស​ចំនួន​៩​ ដើម្បី​ធ្វើការ​តាក់​តែង​ច្បាប់​នេះ។​

លោក​មាន​ប្រសាសន៍ថា​ច្បាប់​ស្តី​ពី​អង្គការ​នៃ​ប្រទេស​មួយ​ចំនួន​បាន​តម្រូវ​ឲ្យ​មេដឹកនាំ​ឬ​តំណាង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​នីមួយៗ​មាន​កាតព្វកិច្ច​ចុះ​បញ្ជី​ការ​ដើម្បី​បាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ទាំង​នោះមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​ជំនួយ​ពី​បរ​ទេស​ជា​ដាច់ខាត។ លោក​បាន​ពន្យល់​បញ្ជាក់​បន្ថែម​ថា​ ប្រទេស​ខ្លះ​ទៀត​បាន​ចាត់​ទុក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ទទួល​ជំនួយ​ពី​បរទេស​ថា​ជា​ភ្នាក់ងារ​បទេស​ទៅវិញ​ ហើយ​ថា​ភ្នាក់ងារ​បរទេស​ទាំង​នេះ​ត្រូវ​ផ្តល់​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​សកម្មភាព​ការងារ​ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ជូន​ដល់​រដ្ឋាភិបាល។

លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិធ្វើ​ជា​អធិបតី​ក្នុង​ការ​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​នៅ​រដ្ឋសភា​ជាតិ​នៅ​ថ្ងៃ​ពុធ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៥​នេះ។​ (ហ៊ុល រស្មី/VOA)
លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិធ្វើ​ជា​អធិបតី​ក្នុង​ការ​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​នៅ​រដ្ឋសភា​ជាតិ​នៅ​ថ្ងៃ​ពុធ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៥​នេះ។​ (ហ៊ុល រស្មី/VOA)

លោក​បាន​ថ្លែង​ពី​ជំហរ​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖

«ចំណែក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ មិន​បាន​ប្រកាន់​ជំហរ​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ខាង​លើ​នោះ​ទេ​ សេចក្តី​ព្រាងច្បាប់​នេះ​ផ្ដល់​លទ្ធភាព​ពេញលេញ​ដល់​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុកទទួល​យក​ជំនួយ​ពី​បរទេស​មក​បម្រើ​សកម្មភាព​របស់​ខ្លួន​ ដោយ​គ្រាន់​តែ​តម្រូវ​ឲ្យ​ចម្លង​របាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្តី​ពី​សកម្មភាព​និង​ស្ថានភាព​ហិរញ្ញ​វត្ថុប្រចាំ​តែ​ប៉ុណ្ណោះ»។​

លោក​ ប៉ុល លឹម​ បាន​បន្ត​ថា​ កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ដែល​តម្រូវ​មាន​ច្បាប់​នេះ​ជាចាំបាច់​ ដោយ​បានរៀបរាប់​ថា៖

«ភាព​ចាំ​បាច់​ពេលនេះ​ ឃើញ​ថា​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​គប្បី​ត្រូវ​មាន​ច្បាប់​គ្រប់គ្រង​ហើយ។​មាន​ន័យ​ថា​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាលនៅ​កម្ពុជា​នេះ​ច្រើន​ណាស់ ​រាប់​ទៅ​ចុះ​នៅ​ក្រសួង​មហាផ្ទៃ​ជាង​បួន​ពាន់​និង​អនុស្សរណៈ​នៅ​ក្រសួង​ការបរទេស​ជាង​បួន​រយ។​ អញ្ចឹង​ខ្ញុំ​បាទ​ដែល​ទៅ​ការពារ​របាយ​ការណ៍​ UPR នៅ​អង្គការ​សហប្រជាជាតិ​នៅ​ហ្សឺណែវ​ពីរ​លើក​ហើយ​ ក៏បាន​សួរ​អស់លោកឯកឧត្ដម​ដែល​ចូលរួម​ថា​តើ​នៅ​ប្រទេស​អស់លោក​មាន​សមាគម​ច្រើន​ដូច​កម្ពុជា? គេ​ថា​ហ៊ឺ​ខ្ញុំ​មិន​ឆ្លើយ​បាន​ទេ​ ប៉ុន្តែ​កម្ពុជា​ដូច​ជាច្រើន​ពេក»។​

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា​ សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​មាន​ចេតនា​រិត​ត្បិត​ដល់​សេរីភាព​ក្នុង​ការ​បង្កើត​និង​ការ​ធ្វើ​ប្រតិបត្តិការ​របស់​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ​ ពី​ព្រោះសេចក្ដី​ព្រាង​ច្បាប់​មាន​បំណង​គ្រប់គ្រង​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ ឲ្យ​ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យនិងនីតិរដ្ឋ។​

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​ លោក​ សឿង សារឿន​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ការពិគ្រោះ​យោបល់​នោះ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រកាន់​ជំហរ​មិន​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​នៅ​ក្នុង​ទម្រង់​បច្ចុប្បន្ន។ លោកស្នើ​ឲ្យ​មាន​ការ​កែប្រែ​មាត្រា​ចំនួន​ពីរ​ជា​បន្ទាន់​ក្នុង​ចំណោមមាត្រា​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​រិត​ត្បិត​លើ​សិទ្ធិ​សេរីភាព ​ហើយ​ដែល​ត្រូវបាន​សរសេរនៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ។​

​«មាត្រា​ពីរ​ទៀត​ដែល​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​មានការផ្លាស់​ប្តូរ​យ៉ាង​គំហុក​គឺ​មាត្រា​ទី​ប្រាំ​បួន​ ដែល​មាត្រា​ទី​ប្រាំ​បួន​នេះ គឺ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក អង្គការ​ជាតិ​ក្នុង​ស្រុក​ឬក៏​សមាគម​ក្នុង​ស្រុកត្រូវ​តែ​ចុះ​បញ្ជី។ បើ​អត់​ចុះ​បញ្ជី​គឺ​គាត់​អត់​អាច​ធ្វើ​សកម្មភាព​បាន​នោះ​ទេ។​ អញ្ចឹង​ចំណុច​នេះ​គឺ​មានការរំលោភ​ទៅ​លើសន្ធិសញ្ញា​ស្តី​អំពី​សិទ្ធិពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ក្នុង​មាត្រា​២២ដែល​អនុញ្ញាតឲ្យ​មនុស្ស​គ្រប់​រូប​បង្កើត​អង្គការ​សមាគមដោយ​សេរី»។

លោក​ សឿង​ សារឿន​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​និង​វីឡា​អ៊ីមផឺរៀល (Imperial Garden Villa and Hotel) នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៥ ​អំពី​ជំហរ​បដិសេដ​មិន​ទទួល​យក​ច្បាប់​ស្តី​ពី​សមា​គម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិលប្រសិន​បើ​អនុម័ត​ដោយ​រដ្ឋសភា​ជាតិ​ក្នុង​ទម្រង់​បច្ចុប្បន្ន។ (ហ៊ុល រស្មី/VOA)
លោក​ សឿង​ សារឿន​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​និង​វីឡា​អ៊ីមផឺរៀល (Imperial Garden Villa and Hotel) នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៥ ​អំពី​ជំហរ​បដិសេដ​មិន​ទទួល​យក​ច្បាប់​ស្តី​ពី​សមា​គម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិលប្រសិន​បើ​អនុម័ត​ដោយ​រដ្ឋសភា​ជាតិ​ក្នុង​ទម្រង់​បច្ចុប្បន្ន។ (ហ៊ុល រស្មី/VOA)

លោក​ឲ្យ​បន្ត​ថា​ មាត្រា​២៤​ ដែល​និយាយ​ពី​អព្យាក្រឹតភាព​នៃ​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំពោះ​គណបក្ស​នយោបាយ​បាន​រំលោភ​បំពាន​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ និង​សិទ្ធិ​នយោបាយ​ដែល​មាន​ចែង​ក្នុង​មាត្រា​៤១នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

«អញ្ចឹង​ជា​សរុប​ ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​គឺ​ច្បាប់​អង្គការសមាគម​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ទម្រង់​បច្ចុប្បន្ន​នេះ គឺ​ពួក​យើង​មិន​អាច​ទទួល​យក​បាន​ទេ»។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាលដែល​ VOA ​ទទួល​បាន​ពី​មន្រ្តី​នៅ​រដ្ឋសភា​នៅថ្ងៃនេះ​ មាន​៩​ជំពូក ​និង​៣៩មាត្រា។

សេចក្តី​ព្រាង​ច្បាប់​បានចែង​ពី​វិធាន​ការ​រដ្ឋបាល​និង​ទោសប្បញ្ញត្តិ​ផង​ដែរ។ នៅ​ក្នុង​មាត្រា​មួយ​ចំនួន​ចែង​ពី​វិធាន​ការ​រដ្ឋបាល​និង​ទោសប្បញ្ញត្តិ​នេះ​ បាន​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​ការ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សមាគម​ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ណា​ដែល​ធ្វើ​សកម្ម​ភាព​ដោយ​មិនបាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។​ ក្នុង​ករណី​មិន​រាង​ចាល​ សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​នោះ​ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥លានរៀល​ទៅ​១០​លាន​រៀល​ដោយ​ក្រសួង​មហាផ្ទៃ។​ ​

ទាក់​ទិន​នឹង​សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​វិញ​ មាត្រា​៣៤​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ចែង​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​បញ្ឈប់​ជាបន្ទាន់​ ចំពោះ​សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​បាន​ចុះ​បញ្ជី​ ឬ​ដែល​ត្រូវ​បាន​បញ្ចប់​ដោយ​សុពលភាព​អនុស្សរណៈ​ដោយ​ក្រសួង​ការបរទេស។ ​វិធានការ​បន្ថែម​ទាក់​ទង​នឹង​ការ​បណ្តេញ​ចេញ​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍​អាច​ត្រូវ​បានអនុវត្ត​ចំពោះ​ជនបរទេស​ណា​ដែល​បម្រើ​ការងារ​នៅ​ក្នុង​សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​ប្រព្រឹត្ត​ល្មើស​ខាង​លើ​ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត៕

XS
SM
MD
LG