ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវកម្ម​នៅ​​អឺរ៉ុបធ្វើការ​​បន្ថែម​ម៉ោង ក៏​ប៉ុន្តែ​តើពួក​គេ​អាច​មាន​ប្រាក់​ចំណូល​ច្រើន​ឬទេ?


បុគ្គលិកធ្វើការ​រៀបចំ​​នៅ​ក្នុងភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូឡង់ដើម្បី​ត្រៀម​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

នៅ​ពេល​ដែល​​ហាង​លក់​ទំនិញ ហាង​ធ្វើ​សក់​និង​កន្លែង​ឯទៀតៗ​បានបើក​ទ្វារ​ជា​ថ្មីឡើង​វិញ​នៅ​ទូទាំង​​ទ្វីប​អឺរ៉ុប​​ ក្រុម​អ្នក​ជំនួញធ្វើការ​បន្ថែម​ម៉ោង​​ដើម្បីធ្វើឱ្យ​​ប្រាកដ​ប្រជា​ថា​ពួក​គេនឹង​ទូទាត់​ជា​មួយ​ការ​​ខាត​ប្រាក់​ចំណូល​នៅ​ក្រោយ​ការ​បិទ​ទ្វាររពីរ​ខែ​មក​នោះ។​

លោក Wils Wolvers មានហាងធ្វើ​សក់មួយ​នៅ​ខាងក្រៅក្រុង​ឡាអេ​នៃប្រទេសហូឡង់​ដែល​លោក​បាន​បើក​ទ្វារ​ប្រកប​អាជីវកម្ម​១៤​ឆ្នាំ​មក​ហើយ។​មាន​មនុស្ស​១,៥០០​នាក់​បានកក់​ពេលសម្រាប់​ទៅធ្វើ​សក់​នៅហាង​លោក​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​បានប្រកាស​ថាលោក​អាចបើក​ទ្វារ​ធ្វើការ​ជា​ថ្មី​វិញ​បាន។ នៅ​ក្រោយ​បិទទ្វារ​ពីរ​ខែ​លោក​និង​ក្រុម​របស់​លោក​បានធ្វើការ​ពេញ​២៤​ម៉ោង​ក្នុងមួយ​ថ្ងៃ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់អតិថិជន​។​លោក​ Wolvers បាននិយាយថា៖

«យើងត្រូវ​តែ​ដាក់របាំង​នៅ​ចន្លោះកន្លែងកក់សក់​ដើម្បី​ឱ្យ​យើង​អាច​កក់​សក់​អតិថិជន​បាន​ហើយ​បើ​យើងមិន​ធ្វើ​ដូច្នេះទេពួក​អតិថិជន​នឹង​អង្គុយ​ជិត​គ្នា។​ហើយ​នៅ​ចន្លោះ​កន្លែងយើង​កាត់សក់​និង​កន្លែង​យើង​លាប​សក់ យើង​ក៏​មានរបាំង​ដែរ។ ជា​ធម្មតា​យើង​អាចមានអតិថិជន​៥​ឬ​៦នាក់​នៅ​ពេល​តែ​មួយ។​ក៏​ប៉ុន្តែ​យើង​អាច​បំពេញ​ការងារ​ជា​មួយ​ពាក់កណ្តាល​នៃ​ចំនួន​នេះ។​ដូច្នេះ​ហើយ​បាន​ជា​យើងបើក​ទ្វារ​ទាំង​៧​ថ្ងៃ​ដោយធ្វើការ​ទាំង​ពេល​យប់ផង​ដែរ‍‍»។

លោក​Wolvers សប្បាយចិត្ត​ដោយមាន​អតិថិជន​បាន​កក់ពេល​សម្រាប់​ទៅធ្វើ​សក់ក្នុង​ពេល​អនាគតតទៅ​ទៀត ក៏​ប៉ុន្តែ​លោក​សង្ស័យ​ថា​ការ​កក់​ទាំង​នេះ​នឹងមិន​អាចទូទាត់​ជា​មួយ​ការ​ខាតប្រាក់​ចំណូលនៅ​ពេល​ហាងលោកបានបិទ​ទ្វារទេ។

ប្រាក់​ជំនួយ​របស់​រដ្ឋាភិបាល​បានជួយ​លោក​ឱ្យ​បង់ប្រាក់បៀវត្សរ៍សម្រាប់​ពួក​បុគ្គលិក​នៅពេល​បិទ​ប្រទេស ក៏​ប៉ុន្តែលោក​នៅ​តែ​ត្រូវ​ចំណាយផ្នែក​មួយ​នៃប្រាក់​សន្សំ​របស់លោក​សម្រាប់​បង់​សោហ៊ុយ​ទៀងទាត់​ដូច​ជា​ការធានារ៉ាប់​រង​និងថ្លៃ​ជួល​កន្លែង​ជា​ដើម។​

នៅទូទាំង​ទ្វីប​អឺរ៉ុប ហាង​លក់​ទំនិញ​និងភោជនីយដ្ឋាន​បានបើក​ទ្វារ​ហើយ​ឬ​មួយ​ប្រុងប្រៀប​នឹងបើក​ទ្វារ​ប្រកប​អាជីវកម្ម​ជា​ថ្មីឡើងវិញ។​ភោជនីយ​ដ្ឋាន​បានទទួល​ការកក់​កន្លែងជា​ច្រើន​ហើយមនុស្ស​បានឈរ​បន្ត​គ្នា​ដើម្បី​ចូល​ទិញឥវ៉ាន់​នៅ​ក្នុងហាង​ទំនិញ​មិន​ចាំបាច់។​ក៏​ប៉ុន្តែ​វិធានការ​នៃ​ការនៅ​ឃ្លាតពី​គ្នា​ខាង​សង្គម​មានន័យ​ថា​អាជីវកម្ម​អាច​បើក​លក់​ដូរ​បាន​តិច​ជាង​កម្រិតធម្មតា។

លោក Bruegel Simone Tagliapietra ជា​អ្នក​ស្រាវ​ជ្រាវជាន់​ខ្ពស់​នៅ​ឯ​អង្គការ​ស្រាវជ្រាវខាង​សេដ្ឋកិច្ច​អឺរ៉ុប។​លោក​និយាយ​ថា​ទោះ​ណា​មានការ​បន្ធូរ​បន្ថយវិធានការបិទ​ប្រទេស​ក៏ដោយ​ក៏អ្នកប្រើ​ប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ចាយ​វាយ​តិច​ជាង​មុន។ លោក Tagliapietra និយាយ​ថា៖

«​ទិន្នន័យថ្មី​មួយ​ដែល​ចេញ​ផ្សាយដោយ​ធនាគារ​កណ្តាល​អឺរ៉ុប​បង្ហាញ​ថាការ​សន្សំ​ប្រាក់​កាស​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​ខែ​មីនា​មាន​លើស​ពី​កម្រិត​ប្រាក់​សន្សំ​ជា​មធ្យមភាគកាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។​មនុស្ស​គិត​តែ​ពី​សន្សំប្រាក់​ទុក។​ពួក​គេ​មិន​ដឹង​ទេ​ថា​តើ​រលកទីពីរ​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដនឹងកើតមាន​ឡើងនៅ​ពេល​ណា​ទេ។​ពួក​គេ​មិន​ប្រាកដប្រជា​អំពី​សុវត្ថិភាពនៃ​ការងារពួក​គេទេ។​ដូច្នេះពួក​គេ​មិន​ចាយ​វាយ​ទេ‍»។

អាជីវកម្មខ្នាតតូចនិងខ្នាត​កណ្តាល​មាន​ចំនួន​៩៩ភាគ​រយ​នៃសហគ្រាស​ទាំង​អស់ក្នុង​សហភាព​អឺរ៉ុប។​មានអាជីវកម្ម​ទាំង​អស់២៥​លាន​ហើយមាន​អ្នក​ធ្វើការ​ជាង២ភាគ​៣​នៃក្រុមអ្នក​ធ្វើការងារ​ទាំងអស់នៃសហភាព​អឺរ៉ុប។​ពួក​គេ​ជា​កម្លាំង​មាំ​នៃ​សេដ្ឋកិច្ចសហភាព​អឺរ៉ុប ក៏ប៉ុន្តែ​ពួក​គេជា​ជន​អាចរង​គ្រោះ​ដោយ​ងាយ​ដោយសារ​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​ដូច​ជាការ​រាត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩​ជា​ដើម។​

ការស្ទង់​មតិ​មួយ​ដោយ​អង្គការSMEunited ដែល​ជា​អង្គការធំមួយ​គ្រប​ដណ្តប់លើ​សហគ្រាស​ខ្នាត​តូច​និង​ខ្នាត​មធ្យម​នៃ​ទ្វីប​អឺរ៉ុបបង្ហាញ​ថា​ចំនួន​ពាក់​កណ្តាល​នៃ​អាជីវកម្ម​ទាំង​នេះ​បានខាតបង់​ប្រាក់​ចំណូល​៥០ភាគ​រយ។​ចំនួន​នេះ​កើន​ឡើងដល់​៨០ភាគ​រយនៅ​ក្នុង​ប្រទេស​នានា​ដែលបានរង​គ្រោះ​ខ្លាំង​ដោយសារ​ការ​រាត្បាត​ជា​សាកល​នៃវីរុសកូរ៉ូណា​ដូច​ជា​នៅ​ក្នុង​ប្រទេស Espagne និង​ប្រទេស​អ៊ីតាលី​ជា​ដើម។​

អ្នក​ស្រី Veronica Willems ជា​អគ្គលេខាធិការិនី​នៃ​អង្គការ SMEunited។​អ្នក​ស្រីនិយាយថា ម្ចាស់​អាជីវកម្មជាច្រើន​ខិតខំ​រក​វិធី​ដោះ​ស្រាយ​នៅ​ពេលមានការ​បិទប្រទេស​ដោយសារ​ការរាតត្បាត​ជា​សាកល​នៃជំងឺនេះ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​បាន​ក៏ប៉ុន្តែ​ពួក​គេ​នៅ​តែត្រូវ​ការ​ការគាំទ្រ​ដែរ។ អ្នកស្រី Willems បាននិយាយ​ថា៖

«អ្វី​ដែល​យើងបានកត់​សម្គាល់​គឺ​ថា​កញ្ចប់​ជំនួយ​របស់​ជាតិ​និង​វិធានការ​ជំនួយ​របស់​អឺរ៉ុប​មិន​បានទៅ​ដល់​ពួក​សហគ្រិន​ឱ្យ​បានឆាប់​រហ័ស​ដូចដែល​ពួក​គេ​បាន​សង្ឃឹមនោះទេ។ យើងមាន​អារម្មណ៍ថា​ជា​ការ​មានសារៈសំខាន់​ណាស់​ដែល​ត្រូវតែ​មានការបន្ត​វិធានការគ្រា​មានអាសន្ន​នៅ​កន្លែង​ដែល​គេ​ត្រូវការ‍»។

សហភាពអឹរ៉ុបជជែកដេញ​ដោល​គ្នា​អំពី​ផែនការសម្រាប់​បង្កើត​មូលនិធិមួយដើម្បីធ្វើឱ្យ​សេដ្ឋកិច្ច​រើប​ឡើង​វិញ​ដែល​មានរួម​បញ្ចូលការ​ផ្តល់​ប្រាក់​ជំនួយ​ប្រាក់កម្ចី​និងការធានារ៉ាប់រង​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង២លានលានដុល្លារ។​ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់​បានបង្ហាញផែន​ការ​របស់ពួក​គេផ្ទាល់​កាលពីសប្តាហ៍ទី​បី​នៃខែ​ឧសភា។

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG