ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បញ្ឈប់បណ្តោះអាសន្នការធ្វើដំណើរមកពីប្រទេសប្រេស៊ីលដែលមានករណីឆ្លងមេរោគកូរ៉ូណាច្រើនទី២របស់ពិភពលោក។
សេតវិមានបានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីធ្វើការសម្រេចដោយមិនរារែកដើម្បីជួយធ្វើឲ្យប្រាកដថា ពលរដ្ឋបរទេសដែលបានស្ថិតនៅក្នុងប្រទេសប្រេស៊ីល មិនក្លាយជាប្រភពនៃការឆ្លងបន្ថែមនៅក្នុងប្រទេសរបស់យើង។ការបញ្ឈប់ការធ្វើដំណើរជាបណ្តោះអាសន្ននេះនឹងចូលជាធរមាននៅថ្ងៃយប់ព្រហស្បតិ៍។
ការសម្រេចនេះអនុវត្តដល់ជនបរទេសដែលចង់មកសហរដ្ឋអាមេរិកហើយបានស្ថិតនៅក្នុងប្រទេសប្រេស៊ីលក្នុងរយៈពេល១៤ថ្ងៃចុងក្រោយជារយៈពេលដែលពួកអ្នកជំនាញសុខាភិបាលនិយាយថា មនុស្សអាចមានជំងឺកូវីដ១៩ហើយឆ្លងទៅមនុស្សផ្សេងទៀតដោយមិនមានបង្ហាញរោគសញ្ញា។ លោកប្រធានាធិបតី ត្រាំ បានធ្វើការហាមឃាត់ស្រដៀងគ្នានេះដែរមកពីប្រទេសចិន ចក្រភពអង់គ្លេស និងអឺរ៉ុប។
អ្នកដែលមានទីលំនៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក និងក្រុមគ្រួសារជិតរបស់ពួកគេរួចផុតពីបម្រាមនេះ។
សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថារហូតមកទល់ថ្ងៃអាទិត្យម្សិលមិញ ប្រេស៊ីលមានជាង៣សែន៤ម៉ឺន៧ពាន់ករណីនៃមេរោគកូរ៉ូណា ដែលជាចំនួនករណីឆ្លងខ្ពស់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។
ប្រធានាធិបតីស្តាំនិយមប្រេស៊ីលលោក Jair Bolsonaro មិនអើពើពីភាពគ្រោះថ្នាក់នៃមេរោគនោះអស់រយៈពេលជាច្រើនខែដោយបានជំរុញឲ្យបើកឡើងវិញនូវពាណិជ្ជកម្មហើយបានច្រានចោលអនុសាសន៍ឲ្យស្ថិតនៅឃ្លាតឆ្ងាយពីគ្នាជាច្រើនដង។
លោកបានចាត់ទុកមេរោគនោះថាជា «គ្រុនផ្តាសាយតិចតួច» ហើយនិយាយថា ការខូចខាតសេដ្ឋកិច្ចនឹងសម្លាប់មនុស្សច្រើនជាងជំងឺនេះ៕